2017-08-26 · 21,303 ដងមើល
ជំងឺរលាកក្រពះរ៉ាំរ៉ៃភាគច្រើន បណ្តាលមកពីបាក់តេរី (Helicobacter Pylori) និងការប្រើប្រាស់ពពួកថ្នាំAINS រយៈពេលយូរ
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
នាពេលបច្ចុប្បន្ននេះ ប្រជាជនកម្ពុជាយើងភាគច្រើន កើតនូវជំងឺរលាកក្រពះកម្រិតរ៉ាំរ៉ៃ និងជំងឺរលាកក្រពះស្រួចស្រាវ ដែលបណ្តាលឲ្យរលាកក្រពះនេះជះឥទ្ធិពលអវិជ្ជមានដល់ជីវិតប្រចាំថ្ងៃ និងបង្កផលវិបាកក្នុងការបំពេញការងារ។ ជំងឺតនេះពិតជាបង្កក្តីរំខានដល់ការប្រព្រឹត្តទៅនៃជីវិតប្រចាំថ្ងៃដូចជា ការរកទទួលការសិក្សា ឬបំពេញកាតព្វកិច្ចផ្សេងៗ ដូច្នេះការរក្សារាងកាយឲ្យមានសុខភាពល្អគឺជាប្រការអាទិភាពដែលយើងចាំបាច់ដោះស្រាយដើម្បីញ៉ាំងជីវិតឲ្យចៀសផុតពីជំងឺនេះ។
ដើម្បីឆ្លើយតបនឹងបញ្ហារលាកក្រពះរ៉ាំរ៉ៃនេះ និងជាការផ្តល់ជាគំនិតយោបល់ដល់ប្រជាពលរដ្ឋទូទៅស្តីស្ថានភាពទូទៅនៃបញ្ហារលាកក្រពះ លោកវេជ្ជបណ្ឌិត អ៊ុក សារ៉ម ឯកទេសក្រពះ ពោះវៀន និងថ្លើម និងជាប្រធានផ្នែកជំងឺប្រដាប់រំលាយអាហារនៃមន្ទីរពទ្យ ព្រះកុសុមៈ ផ្តល់បទសម្ភាសសន៍បកស្រាយប្រធានបទមួយតាក់ទងទៅនឹង ជំងឺរលាកក្រពះរ៉ាំរ៉ៃ ដូចខាងក្រោម៖
ជំងឺរលាកក្រពះរ៉ាំរ៉ៃ ដែលហៅថា «ជំងឺរលាកក្រពះរ៉ាំរ៉ៃ» គឺជាការរលាករទៅលើភ្នាសក្រពះ ក្នុងកម្រិតរ៉ាំរ៉ៃ ដែលភាសាបារាំងហៅថា (Inflammation chronique de la muqueuse gastrique)។
មូលហេតុបណ្តាលឲ្យរលាកក្រពះរ៉ាំរ៉ៃ ជំងឺនេះបង្កឡើងដោយ ៖ -បាក់តេរី (Helicobacter Pylori) -ការប្រើប្រាស់ថ្នាំប្រភេទបំបាត់ការឈឺចុកចាប់ក្នុងរយៈពេលយូរ ដូចជាថ្នាំ (Aspirin ឬ AINS) -ម៉្យាងទៀត ការរលាកក្រពះរ៉ាំរ៉ៃនេះ អាចកើតពីកត្តាពូជក្នុងកម្រិត ២០% ដែលយើងហៅថា (Gastrite Chronique atrophique auto-immune) ។
ការរលាកក្រពះរ៉ាំរ៉ៃភាគច្រើនមិនមានរោគសញ្ញាអ្វីនោះទេ ប៉ុន្តែជួនកាលមនុស្សដែលមានជំងឺនេះ អាចជួបបញ្ហាមួយចំនួនដូចជា៖ -ឈឺចុកចុងដង្ហើម (របៀបក្រហាយ នៅមួយកន្លែង ឬចាក់មកឆ្អឹងខ្នង ឬស្មាខាងស្តាំ) -ហើមពោះ ឬពិបាករំលាយអាហារ ក្នុងករណីធ្ងន់ធ្ងរអ្នកអាចមានការហូរឈាមក្រពះ ឬមានលាមកពណ៌ខ្មៅ។ សូមទៅជួបគ្រូពេទ្យជាបន្ទាន់ ជាពិសេសគ្រូពេទ្យឯកទេស ប្រសិនបើអ្នកមានលាមកខ្មៅ ក្អួតមានឈាម ឬមានអាការៈឈឺក្រពះយូរអង្វែង។
អ្នកជំងឺត្រូវមកមន្ទីរពេទ្យ ជួបវេជ្ជបណ្ឌិតឯកទេសក្រពះ និងពោះវៀន ដើម្បីឆ្លុះក្រពះ និងយកសាច់ក្រពះទៅវិភាគ។
ការវិវឌ្ឍរបស់អ្នកជំងឺ ជំងឺរលាកក្រពះរ៉ាំរ៉ៃនេះ ប្រសិនបើមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ វាអាចវិវឌ្ឍទៅជាជំងឺមហារីកក្រពះ។
វិធីព្យាបាល ជំងឺរលាកក្រពះរ៉ាំរ៉ៃនេះ ត្រូវព្យាបាលតាមវិធីផ្សេងៗដូចជា៖ -ការហូបចុកឲ្យមានអនាម័យ និងទៀងទាត់ពេលវេលា -ឈប់ប្រើថ្នាំ Aspirin ឬ AINS -តមបារី ស្រា កាហ្វេ អាហារហឹរ និងអាហារផ្អាប់ -ប្រើថ្នាំ PPI + Antibiotic រយៈពេល ១០-១៤ថ្ងៃ ក្នុងករណីរលាកក្រពះរ៉ាំរ៉ៃដោយ HP (Hhelicobacter Pylori) -ការព្យាបាលតាមរោគសញ្ញា (បើជាតិអាស៊ីដឡើង យើងត្រូវប្រើ Pancement, Anti Acid។ -បើឈឺចុកចាប់យើងត្រូវប្រើថ្នាំបំបាត់ការចុកចាប់។