
ក្រសួងសុខាភិបាលបង្ហាញវិធីបង្ការបញ្ហាសុខភាពក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ


យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ បានបង្ហាញឲ្យដឹងថា សម្រាប់ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌចន្លោះថ្ងៃទី៦ ដល់ថ្ងៃទី២០ ខែកញ្ញានេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់សាធារណជនទាំងអស់ឲ្យចូលរួមអនុវត្តវិធានការបង្ការ ដើម្បីចូលរួមបង្កាបញ្ហាសុខភាពដែលបណ្តាលមកពីការពុលចំណីអាហារ និងពុលស្រា ព្រមទាំងជំងឺឆ្លងផ្សេងៗដែលអាចបង្កឡើងដោយចំណីអាហារគ្មានអនាម័យ ឬទឹកកខ្វក់ដែលមានមេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត និងសារធាតុគីមី។
គួរបញ្ជាក់ផងដែរថា មានចំណុចខ្លះៗដែលសាធារណជណគួរយល់ដឹងរួមមានដូចជា ៖
-មូលហេតុនៃការពុលចំណីអាហារ ៖ ការរៀបចំអាហារមិនមានអនាម័យល្អ ទាំងក្នុងចំណីអាហារ និងអ្នករៀបចំទុកដាក់ និងការចែកចាយចំណីអាហារ និងការពិសាស្រា ដែលបានផលិត ឬបានបិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ
-រោគសញ្ញានៃការពុលចំណីអាហារ ៖ ក្អួត ចង្អោរ រាក រាកមូល ដែលអាចគ្រោះថ្នាក់ដល់អាយុជីវិតបាន។
-រោគសញ្ញានៃការពុលស្រា ៖ ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម និងអាចវិវត្តទៅស្លាប់បាន។
-សារធាតុដែលធ្វើឲ្យពុលស្រា ៖ តាមរយៈលទ្ធផលវិភាគសំណាកបានបង្ហាញថា សារជាតិមេតាណុលកម្រិតខ្ពស់ នៅក្នុងស្រាស ឬស្រាថ្នាំជាដើមហេតុនៃការពុល ដូចនេះ គួរបញ្ឈប់ជាបន្ទាន់នូវការបរិភោគស្រាស ឬស្រាថ្នាំដែលមិនមានប្រភព និងមិនបានផលិតត្រឹមត្រូវ។
ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលមានប្រសាសន៍ថា «គ្រប់ៗគ្នា ចាប់តាំងពីអ្នកបរិភោគរហូតដល់អ្នកបម្រើអាហារ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់សុវត្ថិភាពអាហារ ចាប់តាំងពីការអនុវត្តអនាម័យ ដើម្បីសុវត្ថិភាពអាហារ រហូតដល់ការរៀនពីរបៀបថែរក្សា ពេលចម្អិនអាហារជាក់លាក់» ។
ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានលើកឡើងពីវិធីមួយចំនួនដែលប្រជាពលរដ្ឋគ្រប់រូបគួរប្រតិបត្តិ នៅពេលកាន់ និងរៀបចំម្ហូបអាហារដែលអាចការពារអ្នក និងក្រុមគ្រួសារពីការឈឺដែលរួមមានដូចខាងក្រោម៖
១ ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាត និងឆ្អិនជានិច្ច
២ ត្រូវលាងដៃនឹងសាប៊ូ មុនពេល និងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោយបន្ទោរបង់
៣ លាងសំអាតបន្លែ ផ្លែឈើឲ្យបានស្អាតមុនបរិភោគ
៤ សំអាតសម្ភារៈប្រើប្រាស់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ
៥ ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ
៦ ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា
៧ កុំរក្សាទុកអាហារក្នុងកំដៅធម្មតាលើសពី២ម៉ោង
៨ មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ
ក បើយើងរក្សទុកអាហារក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព៥អង្សាសេ
ខ បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកំដៅ គឺត្រូវឲ្យលើសពីសីតុណ្ហភាព៦០អង្សាសេ
៩ កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់។
ក្រសួងសុខាភិបាលក៏សូមណែនាំឲ្យមានការពិសាគ្រឿងស្រវឹងក្នុងកម្រិតតិចតួច និងហាមពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ ឬបញ្ជាគ្រឿងម៉ាស៊ីន។ ក្នុងករណីមានរោគសញ្ញានៃការពុលស្រា សូមស្វែងរកមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះលោកអ្នក។
ដើម្បការពារអ្នក និងក្រុមគ្រួសារ ក្រសួងសុខាភិបាលសូមលើកទឹកចិត្តឲ្យមានការងនុវត្តតាមដំបូន្មានខាងលើ។
សម្រាប់ព័ត៌មានបន្ថែមពីបញ្ហាសុខភាពផ្សេង ក្រសួងសុខាភិបាល បានបង្ហាញថាប្រជាពលរដ្ឋអាចទទួលបានតាមគេហទំព័ររបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង www.cdcmoh.gov.kh។
ជាចុងក្រោយ ក្រសួងក៏សូមជូនពរអ្នកទាំងអស់គ្នាឲ្យមានសុខភាពល្អក្នុងអំឡុងពេលបុណ្យនេះ និងគ្រប់ពេលវេលា។
សម្រាប់ព័ត៌មានបន្ថែម ឬចង់រាយការណ៏ សូមទូរស័ព្ទទៅលេខ 115 ដោយមិនគិតថ្លៃពីទូរស័ព្ទគ្រប់ប្រព័ន្ទ។
(អត្ថន័យខ្លឹមសារទាំងស្រុងមាននៅក្នុងរូបភាពខាងលើ)
ប្រភព ៖ ទំព័រហ្វេសប៊ុក មន្ទីរសុខាភិបាលរាជធានីភ្នំពេញ