៨ អាថ៌កំបាំងដែលឮតៗគ្នាអំពីស្រ្តីហាត់ប្រាណពេលមានផ្ទៃពោះ
ពេលមានផ្ទៃពោះ អ្នកមិនគួរហាត់ប្រាណ ជាការពិតទេ? នៅមានការលើកឡើងជាច្រើនទៀតអំពីការហាត់ប្រាណពេលមានផ្ទៃពោះនេះ ដែលអ្នកមិនដឹងថាជារឿងពិត ឬគ្រាន់តែជាអាថ៌កំបាំង។ ទោះបីមានការយល់ដឹងច្រើនរួចមកហើយអំពីអត្ថប្រយោជន៍នៃការហាត់ប្រាណចំពោះស្ត្រីមានផ្ទៃពោះ ការចែករំលែកនូវបទពិសោធន៍ខុសៗគ្នាជាច្រើនកន្លងមករបស់ស្ត្រីជាច្រើនរូបទៀតនៅតែធ្វើឲ្យមានការយល់ច្រឡំនឹងអាថ៌កំបាំងខ្លះៗដែលយើងតែងតែឮតៗគ្នា។តើអាថ៌កំបាំងទាំងនោះជាការពិតឬទេ?
អាថ៌កំបាំងទី 1៖ ស្ត្រីមានផ្ទៃពោះមិនគួរធ្វើលំហាត់ប្រាណក្បាលពោះឡើយ។
ការពិត ៖ វាមិនត្រឹមតែមិនមានបញ្ហាតែវាថែមទាំងមានអត្ថប្រយោជន៍ចំពោះស្ត្រីមានផ្ទៃពោះទៀតផង។ មិនថាតំបន់ពោះ និងគ្រប់កន្លែងនៃរាងកាយ រួមទាំងត្រគាក សុទ្ធតែត្រូវធ្វើឲ្យមានភាពរឹងមាំនៅអំឡុងពេលនេះ ដើម្បីជាជំនួយពេលសម្រាលកូន និងការសះស្បើយឡើងវិញក្រោយសម្រាល។
អាថ៌កំបាំងទី 2 ៖ ប្រសិនបើស្ត្រីមានផ្ទៃពោះហាត់ប្រាណច្រើនពេកនោះនឹងអាចស្រូបយកសារធាតុចិញ្ចឹមពីកូនវិញ ដែលនឹងធ្វើឲ្យកូនលូតលាស់មិនពេញលេញ។
ការពិត ៖ ការប៉ះពាល់នេះអាចទាក់ទងនឹងការស្តុកទុកសារធាតុចិញ្ចឹមរបស់ស្ត្រីខ្លួនឯងផ្ទាល់ប៉ុណ្ណោះ តែមិនមែនជាសារធាតុចិញ្ចឹមរបស់កូនអ្នកឡើយ។ ទោះយ៉ាងណា ដើម្បីចៀសវាងបញ្ហានេះ អ្នកត្រូវគ្រប់គ្រងកម្រិតជាតិស្ករឲ្យបានល្អ ដោយញ៉ាំអាហារតិចៗ តែច្រើនដង។
អាថ៌កំបាំងទី 3៖ ការមានទម្ងន់ធ្វើឲ្យស្ត្រីងាយប្រឈមនឹងការរងរបួសនៅពេលហាត់ប្រាណ។
ការពិត៖ ពេលមានផ្ទៃពោះ រាងកាយរបស់ស្ត្រីបង្កើតនូវអ័រម៉ូន relaxin ដែលជួយឲ្យសន្លាក់មានភាពរអិល និងជួយឲ្យការសម្រាលកូនបានស្រួល។ ប៉ុន្តែ នៅពេលសន្លាក់រអិល ឬធូរពេក ធ្វើឲ្យស្ត្រីបង្កើនការធ្វើចលនាដែលនាំឲ្យប្រឈមនឹងការរងរបួសទៅវិញ។ ដូចនេះ ស្រ្តីគួរចៀសវាងនូវសកម្មភាពដែលត្រូវប្រើសាច់ដុំខ្លាំង ឬចលនាសន្លាក់ច្រើន។
អាថ៌កំបាំងទី 4៖ បើអ្នកមិនធ្លាប់ហាត់ប្រាណពីមុន អ្នកក៏មិនគួរចាប់ផ្តើមហាត់ពេលមានផ្ទៃពោះដែរ។
ការពិត ៖ បើអ្នកមិនដែលហាត់ប្រាណពីមុន អ្នកមិនគួរក្លាយជាអ្នកហាត់យ៉ាងសកម្មអំឡុងពេលពពោះឡើយ។ អ្នកអាចចាប់ផ្តើមបានសន្សឹមៗដោយគ្រាន់តែជាការដើរ ឬហែលទឹកធម្មតាក៏អាចជួយឲ្យអ្នកមានការធូរស្រាលពីសម្ពាធនៃការមានផ្ទៃពោះ ព្រមទាំងជួយឲ្យគេងបានលក់ស្រួលផងដែរ។ ១០នាទីក្នុងមួយថ្ងៃជាការចាប់ផ្តើមល្អមួយ រួចអ្នកអាចបង្កើនការហាត់បន្តិចម្តងៗ។
អាថ៌កំបាំងទី 5៖ អ្នកមិនចាំបាច់ហ្វឹកហាត់អាងត្រគាកឡើយ បើអ្នកនឹងសម្រាលកូនដោយវះកាត់។
ការពិត ៖ សាច់ដុំត្រង់ត្រគាករបស់ស្ត្រីនឹងចុះខ្សោយអំឡុងពេលមានផ្ទៃពោះ។ អាងត្រគាករឹងមាំអាចកាត់បន្ថយការប្រឈមនឹងការយារធ្លាក់នៃសរីរាង្គនៅតំបន់នោះ ដូចនេះ វាជាការល្អដែលស្រ្តីហ្វឹកហាត់លំហាត់ប្រាណនេះ ទោះជាគាត់សម្រាលកូនដោយវះកាត់ក៏ដោយ។
អាថ៌កំបាំងទី 6៖ ស្ត្រីគួរតែហាត់ប្រាណរហូតដល់ពេលសម្រាល។
ការពិត ៖ លទ្ធផលនឹងកាន់តែល្អចំពោះម្តាយ និងទារក កាលណាការហាត់ប្រាណត្រូវបានបន្តកាន់តែជិតដល់ពេលសម្រាលប្រសិនស្ថានភាពអ្នកមិនត្រូវបានណែនាំឲ្យឈប់។ តែបើអ្នកមិនមានអារម្មណ៍ចង់ហាត់ទេនោះ យកល្អគួរកាត់បន្ថយការហាត់ជាជាងការឈប់ហាត់តែម្តង។
អាថ៌កំបាំងទី 7៖ ការដកដង្ហើមបានខ្លីរបស់ស្ត្រីមានផ្ទៃពោះ គឺជាសញ្ញាដែលពួកគេមិនគួរហាត់ប្រាណ។
ការពិត ៖ ដង្ហើមខ្លីៗរបស់ស្ត្រីនៅអំឡុងពេលមានផ្ទៃពោះ គឺការពិតទាក់ទងនឹងកម្រិតអ័រម៉ូនប្រូសេស្តេរ៉ូន ដែលទៅភ្ញោចការដកដង្ហើម និងធ្វើឲ្យមានបន្ទេរឧស្ម័នពីម្តាយទៅទារក។ ការហាត់ប្រាណអាចជួយបង្កើនសរសៃឈាមនៅសុកដែលជាផ្លូវបញ្ជូនអុកស៊ីហែ្សន និងសារធាតុចិញ្ចឹមទៅទារក។
អាថ៌កំបាំងទី 8៖ ការហាត់ប្រាណខ្លាំងពេក អាចធ្វើឲ្យកើនកម្តៅដែលគ្រោះថ្នាក់ចំពោះទារក។
ការពិត ៖ ការមានផ្ទៃពោះអាចជួយទប់ទល់នឹងការឡើងកម្តៅរបស់ម្តាយដែលអាចប៉ះពាល់ដល់ទារកស្រាប់ហើយ តាមរយៈការកើនឡើងនៃបរិមាណឈាម ការបែកញើស ឬការស្តុកកម្តៅសម្រាប់ជាលិកា។ ការហាត់ប្រាណអាចជួយឲ្យស្ត្រីមានផ្ទៃពោះអាចគ្រប់គ្រងកម្តៅនេះបានកាន់តែល្អ តែគួរប្រាកដថាបានហាត់នៅកន្លែងមានខ្យល់ចេញចូលល្អ មិនក្តៅពេក និងត្រូវផ្តល់ជាតិទឹកជាប្រចាំផងដែរ។
រាល់ការធ្វើលំហាត់ប្រាណរបស់អ្នកគួរមានការពិគ្រោះ និងណែនាំដោយអ្នកជំនាញ ទោះយ៉ាងណា មិនមែនគ្រប់សកម្មភាពហាត់ប្រាណតម្រូវឲ្យស្ថិតក្រោមការតាមដានរបស់អ្នកជំនាញនោះដែរ(ការដើរ ឬរត់ត្រឹកៗជាដើម) ដរាបណាអ្នកមិនមានកត្តាហានិភ័យ ឬស្ថិតក្នុងស្ថានភាពពិសេសណាមួយ។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ