Menu

ប្រាកដទេថាក្រចកអ្នកមានសុខភាពល្អ?


ប្រាកដទេថាក្រចកអ្នកមានសុខភាពល្អ?

សាកល្បងចំណាយពេលត្រឹម ១នាទី ក្រឡេកមើលក្រចកដៃ ឬក្រចកជើងរបស់អ្នក តើវាមើលទៅមានសុខភាពល្អ ឬអត់? តើអ្នកមានឃើញស្នាមឆ្នូត អុជៗ លើក្រចកមានពណ៌ ឬរូបរាងខុសពីធម្មតា? យ៉ាងហោចណាស់ លក្ខខណ្ឌដែលបានរៀបរាប់ខាងលើអាចត្រូវបានកាត់បន្ថយ ឬបំបាត់តាមរយៈការថែរក្សាត្រឹមត្រូវ។ តាមរយៈហេលស៍ថាម ថ្ងៃនេះនឹងបង្ហាញលោកអ្នកអំពីចំណុចនានាជុំវិញក្រចកមានសុខភាពល្អ៖

ក្រចកបែបណាទើបអាចនិយាយបានថាគ្មានបញ្ហា?
ម្នាក់ៗហាក់ពុំសូវចាប់អារម្មណ៍ គិតត្រឹមតែថាក្រចកស វែង គ្មានដីគឺគ្មានបញ្ហាហើយ។ យ៉ាងណាមិញ ពាក្យថាក្រចកមួយម៉ាត់គឺផ្គុំដោយស្រទាប់ជាតិប្រូតេអ៊ីនស្តើង ហៅថាគេរ៉ាទីន លូតលាស់ពីទីតាំងខាងក្រោមក្រចក ក្រោមសាច់គែមក្រចក ហើយក្រចកដែលមានសុខភាពល្អគឺរលោង គ្មានខូង មានទម្រង់ជាពណ៌ធម្មជាតិ មានស្ថេរភាព និងគ្មានចំណុចខុសប្រក្រតី។ ម៉្យាងទៀតអ្នកត្រូវតែគ្មាននូវសញ្ញាដូចខាងក្រោម៖
• ក្រចកមានការប្តូរពណ៌ខុសធម្មតា ដូចជាទៅជាស្លេក ឬខ្មៅ នៅក្នុង ឬក្រោមនៃក្រចក
• ប្តូររូបរាងក្រចក ដូចជារាងទឹករលក
• ក្រចកស្តើង ឬក្រាស់ជាងធម្មតា
• ក្រចកហាក់មិនជាប់ជាមួយស្បែកជុំវិញ
• មានឈាមជុំវិញក្រចក
• ហើម ឬឈឺចាប់ជុំវិញក្រចក។

៥ ចំណុចដែលលោកអ្នកមិនគួរភ្លេច ដើម្បីថែរក្សាក្រចកឲ្យល្អបំផុត៖
• រក្សាអនាម័យជាប្រចាំ៖ បាក់តេរី ឬមីក្រុបមួយចំនួននឹងជ្រាបចូលតាមរយៈក្រចកក្នុងរាល់ពេលអ្នកកាត់ក្រចកឬសាច់ជុំវិញក្រចកដូចនេះអ្នកត្រូវប្រាកដថាបានសម្លាប់មេរោគលើកន្ត្រៃមុននឹងប្រើ។ ម៉្យាងការរក្សាឲ្យដៃរបស់អ្នកស្ងួតជានិច្ចក៏ជាវិធីសាស្រ្តមួយអាចការពារពីការលូតលាស់របស់បាក់តេរី នៅផ្នែកខាងក្រោមក្រចកដៃរបស់អ្នកបានដែរ។ អ្វីដែលអ្នកមិនគួរភ្លេចនោះគឺការពាក់ស្រោមដៃជាប្រចាំ នៅពេលអាកាសធាតុត្រជាក់ខ្លាំង ក្តៅខ្លាំង ពេលលាងចាន បោកសម្លៀកបំពាក់ ឬករណីដែលក្រចកអ្នកត្រូវប៉ះជាមួយសារធាតុគីមីដោយផ្ទាល់។
• កាត់តម្រឹម និងលាបថ្នាំក្រចក៖ វាពិតជាចាំបាច់ណាស់ពិសេសសម្រាប់លោកអ្នកដែលមានក្រចកទន់ ព្រោះវាងាយបាក់កាលណាវាវែង ហើយការលាបថ្នាំក្រចកជាប្រចាំអាចធ្វើឲ្យក្រចកអ្នករឹងបានមួយកម្រិតផងដែរ។  សូមបញ្ជាក់ថា ការកាត់តម្រឹមក្រចក ក៏ត្រូវបានណែនាំសម្រាប់គ្រប់សភាពក្រចកផងដែរ មិនថាក្រចករឹង ឬទន់នោះទេ។
• ផ្តល់សំណើម៖ មិនត្រឹមតែស្បែកទេដែលត្រូវការសំណើមក្រចករបស់អ្នកក៏ដូចគ្នា ដូចនេះពេលអ្នកលាបឡូសិនដៃរបស់អ្នក កុំភ្លេចលាបលើក្រចក និងសាច់ក្នុងក្រចកផងដែរដើម្បីឲ្យក្រចកដៃអ្នកមើលទៅភ្លឺរលោងស្រស់ស្អាត។ បន្ថែមពីនេះលោកអ្នកក៏គួរតែការពារវាផងដែរដើម្បីឲ្យក្រចករឹងល្អ និងចៀសពីបញ្ហាខាងលើបានមួយកម្រិតទៀត។
• របបអាហារត្រឹមត្រូវ៖ ពិតជាសំខាន់ខ្លាំងណាស់ដែលគ្រូពេទ្យមួយចំនួនបានណែនាំឲ្យញ៉ាំអាហារដែលសម្បូរដោយវីតាមីននិងអាហារបំប៉នដូចជាបីយ៉ូទីន វីតាមីនអ៊ី និងខ្លាញ់ត្រីជាប្រចាំ។ ពិសេសអាហារដែលសម្បូរជាតិប្រូតេអ៊ីនដូចជាសណ្តែកសាច់ត្រី និងគ្រាប់ធញ្ញជាតិមួយចំនួនរួមផ្សំ និងបន្លែបៃតងនឹងជួយឲ្យក្រចកអ្នករឹងមាំនិងមានអនាម័យស្អាត។
• រក្សាឲ្យក្រចកបានសម្រាក៖ ទោះបីការលាបក្រចកធ្វើឲ្យក្រចកអ្នកស្រស់ស្អាត និងរឹងល្អយ៉ាងណាក៏ដោយ វាតែងតែមានកម្រិតក្នុងការប្រើប្រាស់ដែរ។ សូម្បីតែលោកអ្នកត្រូវការសម្រាក ដូច្នេះអ្នកត្រូវទុកពេលឲ្យក្រចកអ្នកបានសម្រាក ដើម្បីធ្វើការជួសជុល  យ៉ាងហោចណាស់ក៏មួយអាទិត្យ

រួមជាមួយនឹងការថែរក្សាខាងលើលោកអ្នកក៏ត្រូវទាមទារឲ្យបញ្ឈប់ទម្លាប់មិនល្អមួយចំនួនទៀតដូចជា៖
• ខាំក្រចកដៃ ឬសាច់គល់ក្រចក៖ ទម្លាប់ទាំងនេះអាចបំផ្លាញបន្ទះក្រចកអ្នកទាំងមូលរឹតតែអាចប៉ះពាល់ដល់ធ្មេញរបស់អ្នកទៀតផង។ ម៉្យាងក្នុងទឹកមាត់មានអង់ស៊ីមដែលធ្វើឲ្យក្រចកអ្នកខ្សោយ ទន់ និងងាយបាក់។ ទោះបីការប៉ះពាល់តិចតួចក៏ដោយ ក៏វាជាហេតុអាចឲ្យបាក់តេរី ឬពពួកផ្សិតជ្រៀតចូលបាននិងបង្កជាជំងឺផ្សេងៗ។
• ហាមប្រើទឹកលាងក្រចកញឹកញាប់ពេក៖ លោកអ្នកគួរព្យាយាមកាត់បន្ថយការប្រើទឹកលាងក្រចក ឲ្យបានតិចបំផុតតាមដែលអាចធ្វើបាន ហើយគួរកុំឲ្យវាប៉ះផ្ទាល់ជាមួយសាច់គែមក្រចកពេលអ្នកលាង។ គួរជ្រើសរើសប្រភេទទឹកលាងក្រចកដែលគ្មានផ្ទុកអាសេតូន (Aceton-free) ព្រោះវាធ្វើឲ្យក្រចកអ្នកកាន់តែស្ងួត។
• ហាមប្រើផលិតផលរក្សាក្រចកដែលមានផ្ទុកToluene or Formaldehyde៖ ដោយសារសារធាតុទាំងនោះធ្វើឲ្យមានគ្រោះថ្នាក់ដល់សាច់ក្រចក រួមទាំងរាងកាយរបស់អ្នកផងដែរទោះក្នុងបរិមាណតិចតួចក៏ដោយដូចនេះអ្នកត្រូវពិនិត្យមើលឲ្យច្បាស់មុននឹងជ្រើសរើសផលិតផលទាំងនោះ។
• កុំកាត់ក្រចកដល់គល់ពេក៖ ទោះបីមានការណែនាំឲ្យកាត់ក្រចកជាប្រចាំក៏ដោយ អ្នកត្រូវប្រាកដថាអ្នកមិនកាត់រហូតដល់គល់ រឹតតែមិនត្រូវកាត់សាច់គែមក្រចក ព្រោះទម្លាប់នេះអាចបង្ករោគផ្សេងៗដោយងាយ តាមរយៈការឆ្លងមេរោគ។
• កុំប្រើប្រាស់ក្រចកខុសបច្ចេកទេស៖ យ៉ាងណាក៏ដោយ ហាមដាច់ខាតការដែលអ្នកជំនួសឧបករណ៍ផ្សេងៗ ក្នុងគោលបំណងដើម្បីទប់កោស កាត់ ឆ្កឹះ ឬកេះ ព្រោះវាអាចបំផ្លាញក្រចករបស់អ្នក ទាំងដោយផ្ទាល់ និងមិនផ្ទាល់ រួមទាំងបង្ករោគដោយមិនដឹងខ្លួន។

បើទោះជាក្រចករបស់អ្នកមានគ្រប់លក្ខខណ្ឌក្រចកមានសុខភាពល្អដូចបានរៀបរាប់ខាងលើហើយក៏ដោយ…សំខាន់គឺអ្នកត្រូវធ្វើការថែរក្សាវាឲ្យស្ថិតនៅក្នុងស្ថានភាពនេះរហូតទៅ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share:

Related Articles