Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

អី្វទៅជាជំងឺមុន? ជំងឺមុន​ កើតឡើងដោយសារមានការរលាកបណ្តុំ រន្ធរោម ​និងក្រពេញខ្លាញ់ “Pilosebaceous Unit”​​ ភាគច្រើនអាចឡើងនៅមុខ និង តំបន់ផ្នែកខាង លើនៃខ្នង និងទ្រូង​ ។ ​កន្លែងផ្សេងទៀតក៏អាចកើតបានដែរដូចជា តំបន់ ក និងដងខ្លួន ។ ​ជាទូទៅអាច​ចេញមុន អំឡុងពេលពេញវ័យ ហើយអាច​កើតរាំរ៉ៃ ជាបាត់ៗ រហូតដល់វ័យជំនាស់ក៏មានដែរ​​ ។ កត្តាអ្វីខ្លះធ្វើអោយកើតមុន? មូលហេតុបង្កអោយកើតមុនមានច្រើនកត្តា: +ការប្រែប្រួលខុសពីធម្មតា​នៃអរម៉ូន Androgen: Follicular Epidermal Hyperproliferation: ការលូតលាស់នៃកោសិកា ស្បែកលើសលប់​ធ្វើអោយកកស្ទះគល់រោម Excess Sebum Production: ក្រពេញខ្លាញ់ផលិតខ្លាញ់ច្រើនជាង ធម្មតា មេរោគពួកបាក់តេរី​​ Propionibacterium Acnes   (P. acnes) និង​ ការ​ប្រើប្រាស់ថ្នាំក្រុម Corticoides ។ +កត្តាតំនពូជ ​និង ប្រវត្តិគ្រួសារដែលកើតមុនអាចជាកត្តាធ្វើអោយអ្នក  កើតជំងឺមុនធ្ងន់ធ្ងរ និងរាំរ៉ៃ​ជាង​​អ្នកជំងឺធម្មតា ។ តើមុនមានប៉ុន្មានប្រភេទ? ជំងឺមុនចែកចេញជា២ប្រភេទធំៗ: មុនមិនរលាក​ ជាប្រភេទមុនកើតឡើងដោយសារមានការស្ទះរន្ធញើសកោសិការចាស់ៗរួមនឹងមានវិបត្តិក្រពេញខ្លាញ់ដែលយើងហៅថាជា មុនមានក្បាល​ (Comedone) មុនប្រភេទនេះបែងចែកជា ២ប្រភេទទៀតគឺ​: មុនក្បាលខ្មៅ រឺមុនបើកមុខ Blackheads (Open comedone) មុនក្បាលស​ រឺមុនបិទមុខ  Whiteheads (Closed comedone) មុនរលាក ជាប្រភេទមុនដែលមានច្រើនសណ្ឋានដូចខាងក្រោម: មុនកន្ទួលក្រហម​ Papules មុនខ្ទុះ Pustules មុនដុំពក Nodule មុនដុំគីស Cyst             តើមុនចែកចេញជាប៉ុន្មានកំរិត? ភាពធ្ងន់ធ្ងរនៃជំងឺមុន​បែងចែកជា 3 កម្រិត: កម្រិតស្រាល​ (Mild Acne) រួមមានការកើតមុនមានក្បាល​ Comedones រឺការមានមុនកន្ទួលក្រហម (Papule) ​និងមុនខ្ទុះ (Pustule) ចំនួនមិនលើសពី 10 គ្រាប់ ហើយគ្មានមុនដុំពក (Nodule)។ កម្រិតមធ្យម (Moderate Acne) កាលណាមានមុនកន្ទួលក្រហម (Papule) ​និងមុនខ្ទុះ (Pustule) ចំនួនចាប់ពី 10 គ្រាប់ឡើង អាចគ្មាន រឺមានមុនដុំពក (Nodule) មិនលើសពី 5 គ្រាប់ ។ កម្រិតធ្ងន់(Severe Acne​) រាប់ថាធ្ងន់ធ្ងរករណីមានមុនកន្ទួលក្រហម (Papule) ​និងមុនខ្ទុះ (Pustule) ច្រើនខ្លាំង​ និងមានមុនដុំពក (Nodule) រឺ​មុនដុំគីស​ (Cyst)​​ ច្រើនឈានទៅដល់ការមានខ្ទុះហូរច្រើនដុំចូលគ្នា Sinus Tract ។ ជំងឺមុនអាចបន្សល់ទុកស្នាមក្រហម ស្នាមខ្មៅ ស្នាមខូង រឺខ្មូតមុខ និងផ្លែសាច់ក្រោយកើតមុនបាន ។​ កំរិតនៃការកើតមុន និងរយះពេលការឡើងមុនគឺជាកត្តាចំបងនៃការបន្សល់ទុកស្លាកស្នាមទាំងនេះ ។ ដូចនេះការទទួលបានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលាអាចការពារនូវស្នាមខាងលើបាន។ តើអាចព្យាបាលដោយវិធីណាខ្លះ?           ការព្យាបាលមានច្រើនវិធីអាស្រ័យលើប្រភេទមុន​ និងភាពធ្ងន់ធ្ងរនៃការកើតមុន និងទៅតាមអ្នកជំងឺផ្សេងៗគ្នា ។ ការព្យាបាលរួមមាន​ ការញិចសំអាតមុន ថ្នាំលាប ថ្នាំលេប​ ថ្នាំចាក់ ភៀលមុខ និងឡេសឺរ​​​ជាដើម ​។ ការប្រើថ្នាំលាប Topical Treatment Retinoids: Tretinoin, Adapalene, Isotretinoin Antimicrobials: Benzoyl Peroxide, Clindamycin, Erythromycin, Azelaic Acid, Salicylic Acid Adjunctive therapy ការព្យាបាលផ្សេងៗទៀត: ការលាងសំអាតមុខជាប្រចាំ ការប្រើផលិតផលថែទាំស្បែកអោយបានត្រឹមត្រូវតាមប្រភេទស្បែក​ដោយផ្តោតលើ​ Noncomedogenic, Non-acnegenic, Hypoallergic លាបឡេសំនើមមុខជាប្រចាំ ការញិចយកមុនចេញ​ Comedone Extraction ការព្យាបាលដោយការចាក់ទៅលើគ្រាប់មុន (Intralesional Steroid Injection) ភៀលមុខដោយទឹកថ្នាំ​ Chemical Peeling កំរិតធ្ងន់ធ្ងរប្រើថ្នាំលេប Systemic Treatment: Antibiotics: Tetracycline, Doxycycline, Minocycline, Erythromycin, Azithromycin…etc. Oral Contraceptives Oral Isotretnoin ការព្យាបាលដោយម៉ាស៊ីនឡេសឺរ: Pulsed Dye Laser (PDL), Blue Light, Red Light, Intense Pulse Light (IPL), Photodynamic therapy (PDT), Radiofrequency (RF) …etc. ជម្រើសនៃការព្យាបាល គឺស្ថិតទៅតាមករណីពិសេសផ្សេងៗរបស់អ្នកជំងឺជាក់ស្តែង ។ ជំរើសនីមួយៗមិនអាចទិញប្រើដោយខ្លួនឯងបានឡើយព្រោះ អាចគ្រោះថ្នាក់បាន ។ ការព្យាបាលនឹងទទួលបានប្រសិទ្ធិភាពខ្ពស់ បើអ្នកជំងឺទទួលការព្យាបាល បាន​​​​ត្រឹមត្រូវ​ ទាន់ពេលវេលា និងជៀសវាងកត្តាបង្កផ្សេងៗ ។ រាល់ពេលមានបញ្ហាមុន និងចម្ងល់អាចទៅជួបគ្រូពេទ្យឯកទេសសើស្បែក ដើម្បីទទួលបានការព្យាបាល​ដែលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព ។ ពត៏មានលំអិតសំរាប់អ្នកមានបញ្ហាមុន និង ជំរើសនៃការព្យាបាល អាចមកពិគ្រោះជាមួយ​គ្រូពេទ្យឯកទេសសើស្បែក​​ និងឡេសឺរ រៀបរៀងនិងរក្សាសិទិ្ធដោយវេជ្ជបណ្ឌិត ​សួងស៊ីណាត​ ស្ថាបនិកគ្លីនិកវីណាត​ Founder & CEO of VNAT Clinic

Share

ថ្វីត្បិតថាកែងជើងច្រើនត្រូវបានបិទបាំង ឬមើលមិនសូវឃើញក៏ពិតមែន តែការថែទាំសុខភាព និងសម្ផស្សរបស់វា ពិតជាមិនអាចត្រូវបានមើលរំលងឡើយ។ ជាមួយនឹងរូបមន្តពីធម្មជាតិងាយៗ ខាងក្រោមនេះ អ្នកដែលមានបញ្ហាស្បែកជើងក្រិន ជាពិសេសនៅកែងជើងនឹងលែងមានកង្វល់ទៀតហើយ… អំបិល-ក្រូចឆ្មារ លាយអំបិល ១ស្លាបព្រាបាយ ជាមួយនឹងទឹកក្រូចឆ្មារ១ស្លាបព្រាបាយ នៅក្នុងទឹកក្តៅឧណ្ហៗ ហើយដាក់ជើងត្រាំប្រមាណ ១៥-២០នាទី ហើយប្រើថ្មខាត់ស្បែកត្រដុសស្បែកជើងដែលក្រិន រួចជូតឲ្យស្ងួត ហើយលាបក្រែមបន្ថែមសំណើមដល់ស្បែក។ ប្រទាលកន្ទុយក្រពើ ត្រាំជើងក្នុងទឹកក្តៅឧណ្ហៗ ២-៣នាទី ហើយជូតជើងឲ្យស្ងួត មុននឹងដាក់សាច់ប្រទាលកន្ទុយក្រពើនៅលើជើង ដោយពាក់ស្រោមជើងពីលើ (ទុករយៈពេល ១យប់) រួចសឹមលាងសម្អាតចេញពេលព្រឹក។ ម៉ាស់ផ្លែឈើ កិនចេកទុំ២ផ្លែ សាច់ដូង២ស្លាបព្រាបាយ និងផ្លែប៊័រ១ចំហៀង ចូលគ្នារយៈពេល៥-១០នាទី (ទាល់តែចូលគ្នាសព្វ) ហើយយកវាទៅបិតលើកន្លែងដែលក្រិនដោយទុកចោល២-៣ម៉ោងរួចសឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ ប្រេងដូង ម៉ាស្សាស្បែកក្រិនជាមួយនឹងប្រេងដូង(១ស្លាបព្រាបាយ) ហើយពាក់ស្រោមជើង ១យប់ពេញដល់ព្រឹកឡើង សឹមដោះវាចេញវិញ។ ចេកទុំ កិនចេកទុំ២ផ្លែឲ្យម៉ដ្ឋ ហើយលាបលើជើងដោយទុករយៈពេល ២០នាទីរួចសឹមលាងសម្អាតជាមួយទឹកស្អាត។ ទឹកឃ្មុំ ចាក់ទឹកឃ្មុំ ១កែវលាយជាមួយទឹកក្តៅឧណ្ហៗ១ធុងតូច រួចដាក់ជើងត្រាំ ដោយធ្វើការម៉ាស្សាថ្នមៗប្រមាណ២០នាទី ហើយប្រើថ្មខាត់ស្បែកត្រដុសពីលើ មុននឹងជូតជើងឲ្យស្ងួត ហើយលាបក្រែមផ្តល់សំណើម។ Vaseline-ទឹកក្រូចឆ្មារ ត្រាំជើងក្នុងទឹកក្តៅឧណ្ហៗប្រហែលជា២០នាទី រួចលាងសម្អាត និងជូតឲ្យស្ងួត។ លាយទឹកក្រូចឆ្មារ៣-៤ដំណក់ ជាមួយនឹងជែល Vaseline ១ស្លាបព្រាបាយឲ្យសព្វចូលគ្នា ហើយលាបទៅលើកែងជើង និងប្រអប់ជើងទាំងមូល រួចពាក់ស្រោមជើង (ពេញមួយយប់) ហើយសឹមលាងសម្អាតជើងចេញនៅពេលព្រឹក។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ស្បែកជាផ្នែកមួយប៉ះផ្ទាល់ជាមួយបរិយាកាសខាងក្រៅ និងងាយទទួលរងប្រតិកម្មជាងផ្នែកផ្សេងទៀតនៃរាងកាយ។ អាការៈមួយចំនួនអាចមានភាពសាមញ្ញនិងអាចបាត់ទៅវិញដោយឯកឯង ប៉ុន្តែនៅពេលរោគសញ្ញាកាន់តែមានភាពប្រែប្រួល នោះដល់ពេលដែលអ្នកត្រូវស្វែងរកការប្រឹក្សាដើម្បីប្រាកដថាវាបណ្ដាលមកពីមូលហេតុជាក់លាក់ណាមួយ។ សំណួរ៖ នាងខ្ញុំ អាយុ ២៣ឆ្នាំ កម្ពស់ ១ម៉ែត្រ៥៥ មុខរបរជានិស្សិត។ ខ្ញុំមានបញ្ហារោគសើស្បែកនៅលើខ្នងដៃ ដោយដំបូងមានរោគសញ្ញាចេញជាពងទឹកតូចៗ ថ្លា ពណ៌ស ហើយពេលខ្លះរមាស់ ដល់ពេលក្លាយជាដំបៅ វាមានលក្ខណៈរឹង លាបថ្នាំអ្វីក៏មិនបាត់ដែរ ហើយថែមទាំងរាលទៅកន្លែងផ្សេងទៀត។ តើអាការៈនេះបង្កឲ្យមានបញ្ហាអ្វីធ្ងន់ធ្ងរដែរទេ? ហើយអាចព្យាបាលឲ្យជាសះស្បើយបានដែរឬទេ?  ចម្លើយ៖ តាមរោគសញ្ញាដែលប្អូនបានរៀបរាប់នេះពុំអាចវិនិច្ឆ័យថាជាជំងឺណាមួយបាននោះទេ ព្រោះនៅមានសំណួរជាច្រើនទៀតដែលនឹងត្រូវសួរបន្ថែមរួមជាមួយការត្រួតពិនិត្យទីតាំងផ្សេងទៀតផងដែរ។ ករណីនេះ ប្រហែលប្អូនអាចមានប្រតិកម្មជាមួយនឹងពន្លឺថ្ងៃ ដែលវាអាចពាក់ព័ន្ធនឹងជំងឺឬបញ្ហាធំៗមួយចំនួន ដូចជា៖ • ជំងឺ Lupus ប្រភេទនៃជំងឺរ៉ាំរ៉ៃមួយ • ការប្រើប្រាស់ផលិតផលមួយចំនួនដែលអាចឲ្យស្បែកចាប់ពន្លឺថ្ងៃ ហើយវាបានបំប្លែងរូបភាពឲ្យទៅជាការស្រូបពន្លឺថ្ងៃបណ្តាលឲ្យស្បែកលេចចេញនូវពងបែក របក រមាស់។ • អាចបណ្តាលមកពីមេរោគ ដូចជាបាក់តេរី ឬក៏ផ្សិត។ ទោះវាបណ្តាលមកពីអ្វីក៏ដោយ ក៏អាចព្យាបាលបានដែរ ប៉ុន្តែចំពោះការព្យាបាលនឹងទទួលបានលទ្ធផលខុសៗគ្នា។ ប្រសិនវាបណ្តាលមកពីការប្រើផលិតផលណាមួយ ហើយបន្ថែមជាមួយការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ នោះអ្នកជំងឺនឹងអាចជាសះស្បើយ១០០%។ តែបើករណីនេះកើតឡើងដោយសារជំងឺ Lupus ពីក្នុងខ្លួនប្អូនដែលជាជំងឺរ៉ាំរ៉ៃប្រចាំកាយ ទោះបីព្យាបាលជាហើយ ក៏អាចកើតមានឡើងវិញដែរ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ប៉ុក សាវឿន ឯកទេសជំងឺសើស្បែក និងកាមរោគ ប្រធានគ្លីនិកជាតិសើស្បែកនិងកាមរោគ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សម្លៀកបំពាក់បង្ហាញដើមដៃដែលស្អាត បែរជាត្រូវទុកចោល និងមិនហ៊ានពាក់ព្រោះស្បែកក្លៀកមិនស្អាតដូចគេសោះ។ អ្នកណាខ្លះជួបរឿងបែបនេះ? ភាគច្រើនបុគ្គលសឹងតែទាំងអស់កំពុងប្រឈមនឹងភាពរំខាននេះហើយវាកាន់តែជាបញ្ហាដ៏គួរឲ្យធុញទ្រាន់បំផុតសម្រាប់សុភាពនារីទាំងអស់។ បើទោះបីស្បែកក្លៀក ជាទីតាំងពុំសូវប្រឈមនឹងអាកាសធាតុ ឬកម្ដៅថ្ងៃខាងក្រៅក៏ដោយ តែលក្ខណៈធម្មជាតិ និងកត្តាបង្កមួយចំនួនអាចធ្វើឲ្យស្បែកនៅតំបន់នោះប្រែទៅជាខ្មៅ ឬមានស្នាមជាំដែលជារឿងគួរឲ្យរំខានជាខ្លាំង។ ជាក់ស្ដែង ស្នាមខ្មៅនៅតំបន់ក្លៀកនោះមិនមែនជាជំងឺនោះទេ តែវាបានបង្អាក់នូវទំនុកចិត្ត និងតម្លៃរបស់អ្នកក្នុងផ្នែកណាមួយ។ បើវាមិនមែនជាជំងឺ តើអ្វីដែលបង្កភាពខ្មៅនោះ? ហើយតើអាចដោះស្រាយបានឬទេ? តោះមកស្វែងយល់ជាមួយគ្នា! មូលហេតុធ្វើឲ្យស្បែកក្លៀកខ្មៅ មានមូលហេតុជាច្រើនដែលបង្កឲ្យស្បែកក្លៀកអ្នកខ្មៅរួមមាន៖ • ការប្រើប្រាស់សារធាតុគីមី • ការកោររោម និងការរលាកផ្សេងៗ • ការកកើតកោសិកាស្បែកងាប់ច្រើន • ការកកិតជាមួយសម្លៀកបំពាក់តឹង • ជំងឺមហារីកស្បែក • ការកើនឡើងនៃសារធាតុមេឡានីន • ជំងឺទឹកនោមផ្អែម ភាពធាត់ ឬកម្រិតអ័រម៉ូនមិនធម្មតា • ការឆ្លងមេរោគបាក់តេរី និងជំងឺផ្សេងៗ។ល។ ជាក់ស្ដែង ទម្លាប់មួយចំនួន និងហេតុផលដូចបានរៀបរាប់ខាងលើសុទ្ធតែជាកត្តាបង្កធ្វើឲ្យស្បែកក្លៀកខ្មៅ និងមិនរលោងស្អាតហេតុនេះអ្នកគួរផ្លាស់ប្ដូរនូវទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលអាចធ្វើបានរួមមាន៖ ១. ផ្លាស់ប្តូរផលិតផលបំបាត់ក្លិន (Deodorant/Antiperspirant)៖ សារធាតុគីមីដែលមាននៅក្នុងផលិតផលប្រភេទនេះអាចធ្វើឲ្យស្បែកមានការរលាកនិងអាល្លែកហ្ស៊ី ដូចនេះអ្នកគួរប្រើប្រាស់ជម្រើសធម្មជាតិវិញដូចជា ម្សៅសូដា (Baking soda) ឬទឹកខ្មេះផ្លែប៉ោម (Apple cider vinegar) ជាដើម ២. បញ្ឈប់ការកោររោម៖ អ្នកអាចជ្រើសរើសយកការដករោម (Waxing) ឬឡាស៊ែរ (Laser removal) ជំនួសវិញ ព្រោះការកោររោមធ្វើឲ្យស្បែកមានការរលាកនិងមានសំណឹកដែលធ្វើឲ្យស្បែកខ្មៅ ៣. កាត់បន្ថយការខាត់ស្បែក៖ ការប្រើប្រាស់ផលិតផលខាត់ស្បែកច្រើនដងពេកក្នុងមួយសប្តាហ៍ដើម្បីកម្ចាត់កោសិកាស្បែកងាប់លើខ្លួន អាចធ្វើឲ្យស្បែកខ្មៅទៅវិញ ជាពិសេសស្បែកក្លៀក ៤. ស្លៀកសម្លៀកបំពាក់រលុង៖ ការស្លៀកសម្លៀកបំពាក់ដែលរឹបតឹងខ្លាំងពេកអាចធ្វើឲ្យមានការកកិតដល់ស្បែក។ រូបមន្តធម្មជាតិសម្រាប់ស្បែកក្លៀកស្អាត កុំឲ្យភាពខ្មៅនៃស្បែកក្លៀកកាន់តែបង្កការរំខាន អ្នកក៏អាចបន្ថែមការអនុវត្តជាមួយរូបមន្តធម្មជាតិខ្លះៗ ដើម្បីបង្កើនល្បឿននូវការប្រែជាសស្អាតឲ្យបានកាន់តែឆាប់ ដោយអ្នកអាចជ្រើសរើសវិធីសាស្រ្តណាមួយដូចខាងក្រោម៖ • ដំឡូង៖ អ្នកអាចកិនដំឡូងហើយច្របាច់យកទឹកចេញ រួចយកល្បាយដែលស្ងួតនោះទៅបិតលើក្លៀករបស់អ្នករយៈពេល ១០នាទី សឹមលាងចេញជាមួយទឹកត្រជាក់ • ត្រសក់៖ ចិតផ្លែត្រសក់ជាចំណិតក្រាស់ៗ ហើយយកវាមកដុសនៅទីតាំងដែលខ្មៅ ១០នាទី រួចលាងទឹកចេញជាការស្រេច • ក្រូចឆ្មារ៖ កាត់ចំណិតក្រូចឆ្មារក្រាស់ៗ រួចដុសទៅលើស្បែកក្លៀក។ បន្ទាប់ពីរយៈពេល ១០នាទី អ្នកអាចលាងទឹកត្រជាក់ចេញ រួចជូតស្បែកក្លៀកឲ្យស្ងួតហើយប្រសិនជាអាចអ្នកគួរប្រើផលិតផលផ្ដល់សំណើមតាមក្រោយ • ប្រេងដូង៖ អ្នកគ្រាន់តែធ្វើការម៉ាស្សាស្បែកក្លៀកជាមួយប្រេងដូង ២ ទៅ៣ដំណក់ឲ្យបាន ១៥នាទី បន្ទាប់មកអ្នកត្រូវលាងសម្អាតជាមួយសាប៊ូដែលមានជាតិកាត់តិចដោយប្រើទឹកក្ដៅឧណ្ហៗ។ ការផ្លាស់ប្តូរទម្លាប់ដែលខុស និងព្យាយាមអនុវត្តវិធីសាស្រ្តណាមួយខាងលើឲ្យបានញឹកញាប់ អាចជាទុនមួយសម្រាប់កែប្រែស្ថានភាពស្បែកក្លៀករបស់អ្នកឲ្យត្រលប់មកវិញ ដែលមិនត្រឹមតែជាផ្នែកមួយនៃសម្រស់នោះទេ ថែមទាំងអាចផ្ដល់ទំនុកចិត្តដល់អ្នកបានទៀតផង។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សក់ទន់រលោងជាផ្នែកទាក់ទាញមួយធ្វើឲ្យសម្រស់របស់អ្នកកើនឡើងទ្វេដង បើធៀបជាមួយផ្នែកផ្សេងៗនៃរាងកាយ ដែលពេលខ្លះវាទាមទារឲ្យមានការថែរក្សាស្ទើរស្មើនឹងផ្ទៃមុខរបស់អ្នក។ លើសពីនេះ ការមានទម្លាប់ល្អ និងចៀសវាងទម្លាប់អាក្រក់មួយចំនួនត្រូវបានណែនាំឲ្យអនុវត្តស្របគ្នាដើម្បីទទួលបានលទ្ធផលនៃការដែលមានសក់ស្អាតដូចការរំពឹងទុក។ តើអ្នកដឹងទេថាទម្លាប់មិនល្អដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពសក់របស់អ្នកទាំងនោះមានអ្វីខ្លះ? ខាងក្រោមនេះ ជាកំហុសឆ្គងមួយចំនួន រួមចំណែកធ្វើឲ្យសក់ខូច ដែលអ្នកអាចនឹងកំពុង ឬធ្លាប់បានធ្វើ៖ កក់សក់ច្រើនដង៖ ការកក់សក់ញឹកញាប់អាចបិទសំណើមធម្មជាតិនៃសក់របស់អ្នកនិងធ្វើឲ្យសក់ប្រែទៅជាស្ងួតខ្លាំង ជាហេតុងាយនឹងធ្វើឲ្យបែកចុង។ អ្នកត្រូវប្រាកដថាបានកក់សាប៊ូសម្អាតសក់ ៣ដងក្នុងមួយសប្តាហ៍ ប្រសិនបើអ្នកប្រើប្រាស់ផលិតផលច្រើនលើសក់ អ្នកគួរលាងសម្អាតសក់របស់អ្នករៀងរាល់ ២ថ្ងៃម្តង ដោយធ្វើការជ្រើសរើសសាប៊ូឲ្យបានសមស្របតាមប្រភេទសក់របស់អ្នក។ អបសក់ដល់ស្បែកក្បាល៖ ការប្រើសាប៊ូអបសក់រហូតដល់ស្បែកក្បាល និងទុកវាយូរពេក អាចបណ្តាលឲ្យស្ទះគល់សក់ និងចូលរួមបង្អាក់ការលូតលាស់នៃសក់។ ដូចនេះអ្នកគួរអបតែលើសរសៃសក់ពិសេសផ្តោតលើចុងសក់ ហើយរក្សាវាទុកយូរបំផុតត្រឹម ១ទៅ២នាទីប៉ុណ្ណោះ ទើបអ្នកអាចទទួលបានគុណប្រយោជន៍ដ៏ស័ក្តិសម។ សិតសក់ខុសពេល៖ ព្យាយាមកុំសិតសក់របស់អ្នកភ្លាមៗ បន្ទាប់ពីងូតទឹករួច ព្រោះការសិតសក់ទាំងដែលនៅសើមជាមូលហេតុចម្បងធ្វើឲ្យសក់ខូច កណ្តាញ់និងសំពោង។ អ្នកអាចទុកសក់របស់អ្នកឲ្យស្ងួតដោយជូតសម្ងួតជាមួយកន្សែងរួចយកម្រាមដៃទៅសិតជំនួស ឬសិតដោយប្រើក្រាស់ដែលមានធ្មេញធំៗ និងទន់ល្អ ទើបជាការប្រសើរ។ ងូតទឹកក្តៅញឹកញាប់ពេក៖ មនុស្សភាគច្រើនចូលចិត្តងូតទឹកក្តៅជាប្រចាំ ថែមទាំងលាងជម្រះសក់ក្បាល ក្នុងហេតុផលមួយចំនួននិងទម្លាប់ដែលមិនអាចអត់បាន។ ដោយភ្លេចថា ទឹកក្តៅអាចធ្វើឲ្យប្រែពណ៌សក់ និងបំផ្លាញក្រពេញផលិតប្រេងរបស់សក់ទៀតផង។ បើតាមការណែនាំរបស់អ្នកជំនាញដើម្បីរក្សាការផលិតប្រេងធម្មជាតិនៃស្បែកក្បាលគួរលាងសម្អាតសក់ ឬងូតទឹកក្តៅឧណ្ហៗ ត្រឹម២ដងក្នុងមួយសប្តាហ៍ជាការប្រសើរ។  ប្រើម៉ាស៊ីនសម្ងួត-គាប-រមូរ-កឹប សក់ជាប្រចាំ៖ តាមការស្រាវជ្រាវនៅឆ្នាំ២០១១បានរាយការណ៍ថាការប្រើប្រាស់ម៉ាស៊ីនសម្ងួតសក់ជាមូលហេតុចម្បងបំផ្លាញសក់ផ្នែកខាងលើ ជាងការធ្វើឲ្យសក់ស្ងួតបែបធម្មជាតិ។ ជាការពិត ការប្រើប្រាស់ម៉ាសុីនផ្លុំសក់ក្នុងប្រវែង ១៥សង់ទីម៉ែត្រពីសរសៃសក់ជាមួយចលនាទៅមកបន្តបន្ទាប់ អាចបំផ្លាញសក់ក្នុងកម្រិតតិចតួច។ ក្រៅពីនេះ ការធ្វើម៉ូតសក់ដូចជា គាប ឬរមូរសក់អាចជំរុញឲ្យសក់ងាយជ្រុះបានបើអ្នកអនុវត្តវាញឹកញាប់ហួសពេក ឬរាល់ថ្ងៃ។ បើអាចអ្នកគួរធ្វើវាត្រឹមតែ ៣ដងក្នុងមួយសប្តាហ៍ និងប្រើកម្តៅតិចៗទើបជាការល្អ ដើម្បីអាចកាត់បន្ថយបញ្ហាបែកចុងបានផងដែរ។ និយមហែលទឹកក្នុងអាងជាប្រចាំ៖ នៅឆ្នាំ ២០០០មានការសិក្សាមួយ បង្ហាញពីការស្រាវជ្រាវពិនិត្យទៅលើអ្នកជំនាញហែលទឹក៦៧នាក់ និងអ្នកមិនចេះហែលទឹក ៥៤នាក់ ហើយរកឃើញថា ៦១%នៃអ្នកចេះហែលទឹក និងចូលចិត្តហែលទឹកក្នុងអាងញឹកញាប់ប្រឈមជាមួយការប្ដូរពណ៌សក់ បើធៀបនឹងអ្នកមិនហែលទឹក។ ដូចនេះ ប្រសិនបើអ្នកចូលចិត្តការហែលទឹក ពិសេសក្នុងអាងហែលទឹក ទោះញឹកញាប់ ឬមិនញឹកញាប់ក្តីអ្នកគួរពាក់មួកការពារកុំឲ្យទឹកប៉ះសក់របស់អ្នកបាន។ ម៉្យាងអ្នកត្រូវប្រាកដថា បានងូតទឹកសម្អាតខ្លួន និងសក់ បន្ទាប់ពីអ្នកហែលទឹករួចភ្លាមៗដោយមិនត្រូវទុកឲ្យសក់របស់អ្នកដែលប៉ះជាមួយទឹកក្នុងអាងនោះស្ងួតខ្លួនឯងដោយមិនបានលាងសម្អាតឡើយ។ ផ្តល់អាហារឲ្យសក់មិនបានគ្រប់គ្រាន់៖ សក់របស់អ្នកត្រូវការបំផុតនូវសារធាតុចិញ្ចឹមសមស្របទាំងការទទួលទាននូវប្រភេទអាហារមានប្រូតេអុីន វីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់។ ម៉្យាងទៀត ការផ្តល់ឲ្យដោយផ្ទាល់ពីការប្រើប្រេង ឬអាហារបំប៉នលើសរសៃសក់ផ្ទាល់ ក៏ជាភាពចាំបាច់មួយ ក្នុងគោលបំណងបង្កើនការការពារនិងរក្សាភាពស្រស់ស្អាតបានយូរអង្វែង។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ផាត់មុខ លាបក្រែម ម្សៅ ឡេ ... នរណាមិនចង់ស្អាត មិនចង់ល្អ មិនចង់លើកតម្កើងសម្រស់ឲ្យកាន់តែស្រស់ស្អាតក្មេងជាងវ័យ និងគួរឲ្យទាក់ទាញនោះ? មនុស្សចាស់ក្មេង ស្រីប្រុសតែងតែចង់សាកល្បងចំណាយថវិកាប្រើផលិតផលជំនួយទៅតាមធនធានមិនថាគេមិនថាខ្ញុំនោះទេ។ ប៉ុន្តែតើគួរជ្រើសរើសផលិតផលបែបណាឲ្យសម និងត្រូវតាមប្រភេទស្បែកមុខ? ខាងក្រោមនេះ អ្នកនឹងបានដឹងអំពីជំហានសំខាន់ៗនៃការថែរក្សាស្បែកនិងប្រភេទផលិតផលដែលត្រូវប្រើទៅតាមស្បែកមុខរបស់អ្នក។ ពេលណាអ្នកគួរលាងសម្អាតស្បែកមុខ? អ្នកអាចធ្វើឲ្យស្បែករបស់អ្នកកាន់តែស្ងួត ដោយការលុបលាងមុខច្រើនដងពេក។ ដូច្នេះការលាងសម្អាតមុខ (ដោយហ្វូមលាងមុខ) ត្រឹមតែម្តង ទៅពីរដងក្នុងមួយថ្ងៃគឺចាត់ទុកថាគ្រប់គ្រាន់ហើយ។ នាពេលព្រឹកត្រូវលាងសម្អាតផ្ទៃមុខរបស់អ្នកជាមួយទឹកក្តៅឧណ្ហៗ។ ប្រើកន្សែងពោះគោទន់ៗដើម្បីផ្ដិតជាតិទឹកចេញឲ្យស្ងួត។ នៅពេលយប់លាងសម្អាតជាមួយហ្វូម ឬទឹកសម្អាតស្បែកមុខដែលអាចជួយកម្ចាត់រាល់មេរោគ និងគ្រឿងសម្អាងបានយ៉ាងល្អ។ ប្រសិនបើអ្នកធ្វើលំហាត់ប្រាណ លេងកីឡា អ្នកអាចលាងសម្អាតម្តងទៀត បន្ទាប់ពីបញ្ចប់សកម្មភាពទាំងនោះដោយហ្វូមលាងមុខប្រភេទស្រាល។ ជាក់ស្ដែងការលាងសម្អាត និងប្រើប្រាស់ផលិតផលណាមួយលើស្បែកមុខ ក៏អាចប្រែប្រួលទៅតាមសភាពស្បែករបស់បុគ្គលម្នាក់ៗផងដែរ ដែលរួមមាន៖ ស្បែកមុខធម្មតា (Normal Skin) អ្នកដែលមានស្បែកមុខស្អាតគ្មានមុន គ្មានជាតិខ្លាញ់ពិតជាគិតថាមិនចាំបាច់ប្រើប្រាស់ផលិតផលសម្រាប់ការពារស្បែកនោះទេប៉ុន្តែការគិតបែបនេះគឺខុសហើយ។ ជាក់ស្តែង អ្នកគួរតែជ្រើសរើសការប្រើប្រាស់ផលិតផល ឬគ្រឿងសម្អាងសម្រាប់ការពារបន្ថែមដើម្បីការពារស្បែកមុខពីការកើតមុនធ្វើឲ្យស្បែកមុខមានសំណើម និងទន់រលោងរហូត។ សម្រាប់ករណីផ្ទៃមុខរបស់អ្នកមានសភាពធម្មតាបែបនេះ អ្នកគួរជ្រើសរើសផលិតផលដែលសមស្របនឹងស្បែកដូចជា ហ្វូម ឬជែលលាងសម្អាតមុខដែលមានផ្ទុកទឹកដោះគោ ថូនឺរដែលគ្មានផ្ទុកជាតិអាល់កុល (អេតាណុល) ក្រែមការពារសំណើម SPF ៤០ឡើង និងសេរ៉ូមជំនួយស្បែកប្រឆំាងអុកស៊ីតកម្មដែលផ្ទុកដោយសារធាតុវីតាមីន C ។ ស្បែកមុខស្ងួត (Dry Skin) ថែទាំស្បែកឲ្យសមស្របសម្រាប់អ្នកដែលមានមុខស្ងួត  ពួកគេតែងតែគិតថាតើគួរតែប្រើប្រាស់ផលិតផលអ្វី ដើម្បីឲ្យស័ក្តិសមជាមួយនឹងសាច់មុខរបស់ពួកគេ។ គន្លឹះសំខាន់ក្នុងការថែទាំស្បែកមុខដែលមានរន្ធរោមធំ ស្ថិតនៅលើការរក្សាអនាម័យ មិនឲ្យមានភាពកខ្វក់សេសសល់ក្នុងរន្ធរោមរួមទាំងការបន្ថែមជាតិសំណើមក្នុងកម្រិតដែលសមស្រប សុទ្ធតែអាចជួយឲ្យរន្ធរោមមើលទៅតូចជាងមុនបាន។ ជាពិសេសអាចជ្រើសរើសប្រើផលិតផលសម្អាតស្បែកមុខដែលមានសមាសធាតុផ្សំពីអាស៊ីតគ្លីកូលិក និងសាលីស៊ីលិក ផលិតផលបែបជែល ព្រោះជែលមិនត្រឹមតែជួយសម្អាតស្បែកមុខប៉ុណ្ណោះទេប៉ុន្ដែវាថែមទាំងជួយចិញ្ចឹមស្បែកមុខអ្នកទៀតផង។ លើសពីនេះវាជួយផ្ដល់ឲ្យស្បែកមុខអ្នកមានសំណើម និងមិនបណ្តាលឲ្យរលាក ហើយវាស័ក្តិសមចំពោះគ្រប់ប្រភេទស្បែកទាំងអស់ដូចជាស្បែកស្ងួត ស្បែកដែលមានជាតិខ្លាញ់ និងស្បែកឆាប់ប្រតិកម្ម។ បន្ថែមពីនេះ អ្នកត្រូវធ្វើការលាងសម្អាតឲ្យបានទៀងទាត់ មួយថ្ងៃ ២ដង ពេលព្រឹក និងយប់ ប្រើទឹករ៉ែសម្រាប់សម្អាតផ្ទៃមុខ សេរ៉ូមដែលមានសារធាតុ Retinol និងកម្ចាត់កោសិកាស្បែកចាស់ៗចេញជាដើម។ ស្បែកមុខខ្លាញ់ (Oily Skin) ស្បែកមានជាតិប្រេងមើលទៅមានសភាពរលើប មានខ្លាញ់ច្រើន ហើយក៏អាចមានរន្ធញើសធំៗដែរ ពិសេសនៅតំបន់អក្សរធី (T)។ អ្នកគួរប្រើហ្វូមលាងសម្អាតមុខដែលគ្មានជាតិប្រេង លាងសម្អាតដោយប្រើទឹកឲ្យច្រើន (ទឹកក្តៅឧណ្ហៗ)។ បន្ថែមពីនោះ អ្នកក៏អាចប្រើថូនឺរលាបមុខជាមួយសេរ៉ូមដែលមានសារធាតុ Retinol បន្ទាប់ពីសម្អាតមុខរួច ព្រោះវាអាចជួយកាត់បន្ថយជាតិប្រេង ប៉ុន្តែក៏ត្រូវប្រយ័ត្នដែរ ព្រោះស្បែករបស់អ្នកអាចនឹងមានអាការៈរមាស់បាន។ ស្បែកងាយរងប្រតិកម្ម (Sensitive Skin) ស្បែកងាយប្រតិកម្ម អាចនឹងឆាប់មានការឈឺចាប់រោល ឬរមាស់ បន្ទាប់ពីអ្នកបានប្រើផលិតផលផ្សេងៗព្រមទាំងមានលក្ខណៈស្តើង ហើយក្រហមឃើញសរសៃ។ ស្បែកបែបនេះគួរតែសម្អាតថ្នមៗ ជាមួយទឹកក្តៅតិចៗ ហើយត្រូវចាំជានិច្ចថារាល់ពេលធ្វើឲ្យស្ងួតគឺត្រូវផ្តិតមិនមែនជូតនោះទេ។ ការខាត់ស្បែកអាចធ្វើឲ្យស្បែករមាស់ ដូច្នេះគួរព្យាយាមកុំប្រើផលិតផលណាដែលមានជាតិអាល់កុល សាប៊ូ អាស៊ីត ឬក្លិន ហើយងាកមករកមើលផលិតផលណាដែលផ្សំពីប្រទាលកន្ទុយក្រពើ ជែលសម្អាតមុខ ឡេលាបមុខដែលមាន SPF៣០ឡើង ឬតែបៃតងវិញប្រសើរជាង។ សារធាតុផ្សំនៅក្នុងផលិតផលដែលអ្នកប្រើកាន់តែតិច គឺកាន់តែល្អសម្រាប់ស្បែករបស់អ្នក។ គួរបញ្ជាក់ផងដែរថា ការផ្តល់សំណើមប្រហែលជាអាចការពារស្បែកអ្នកបានមួយរយៈពីកម្តៅថ្ងៃ ប៉ុន្តែស្បែករបស់អ្នកអាចទ្រាំទ្រជាមួយកម្តៅថ្ងៃបានត្រឹមតែ ១៥នាទីប៉ុណ្ណោះ បើលើសពីនេះវាពិតជាបំផ្លាញស្បែកអ្នកមិនខាន។ មិនថាអ្នកនៅក្មេង ឬជាមនុស្សចាស់នោះទេ កុំភ្លេចលាបឡេការពារកម្តៅថ្ងៃឲ្យសោះ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

អ្នកប្រហែលជាធ្លាប់ទទួលបានបទពិសោធន៍នូវការលេចចេញពងបែក ឬរមាស់នៅដៃយ៉ាងហោចណាស់ក៏ម្តងដែរ តែមិនបានចាប់អារម្មណ៍ដោយសារវាបាត់ទៅវិញ។ ពេលខ្លះ អ្នកអាចប្រហែលមិនត្រឹមកើតលើម្រាមដៃទេ វារាលដាលរហូតដល់កំភួនដៃដែលករណីនេះស្រដៀងនឹងករណីខាងក្រោម។ សំណួរ៖ ម្តាយនាងខ្ញុំ អាយុ ៥៦ឆ្នាំ ភេទស្រី កម្ពស់ ១ម៉ែត្រ៦០ ទម្ងន់ ៦៤គីឡូក្រាមមុខរបរជាអ្នកលក់ដូរនៅផ្សារ។ មុនដំបូងម្រាមដៃរបស់គាត់ឡើងពងបែកតូចៗ រួមជាមួយអាការៈឈឺចាប់ និងរមាស់ផងដែរប៉ុន្តែឥលូវវារីករាលដាលឡើងដល់កំភួនដៃ។ តើអាការៈនេះបង្កឡើងពីបញ្ហាអ្វីឲ្យពិតប្រាកដ? ហើយអាចព្យាបាលបានដែរឬទេ? ចម្លើយ៖ ករណីនេះអាចនឹងមានសំណួរសួរបន្ថែមថា តើនៅពេលគាត់លេចចេញរោគសញ្ញាពងបែកតូចៗនៅលើកំភួនដៃនោះ មានរយៈពេលប៉ុន្មានថ្ងៃ? មុនពេលលេចចេញតើគាត់មានអាការៈអ្វីខ្លះ? ឧទាហរណ៍ដូចជា ក្តៅខ្លួន ឈឺមួយចំហៀងខ្លួន ឬរមាស់ឈឺនៅតំបន់ដែលលេចចេញ ឬកើតមានរ៉ាំរ៉ៃយូរហើយ ដែលទាំងអស់នេះជាលក្ខណៈពិសេសរបស់ជំងឺមួយចំនួន។ ប្រសិនបើគាត់មាននូវសញ្ញាក្តៅខ្លួន ឈឺនៅលើពងបែកនោះទៀតមានន័យថាគាត់កើតជំងឺរើម ដែលតម្រូវឲ្យធ្វើការព្យាបាលដោយថ្នាំរើមភ្លាមៗ ដោយហេតុថាបើរើមកើតយូរហើយ ការព្យាបាលដោយថ្នាំរើមពុំផ្តល់នូវប្រសិទ្ធភាពឡើយ។ ដោយឡែក បើគាត់មានការរោលដោយការងាររបស់គាត់ដែលជាអ្នកលក់ដូរឲ្យមានជាពងបែក ឬរមាស់ នោះគឺមិនមែនជារើមនោះទេ វាជាតាអក។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធានគ្លីនិកជាតិសើស្បែកនិងកាមរោគ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ឈរមុខកញ្ចក់ម្តងៗ ស្ទើរស្រក់ទឹកភ្នែក ពេលឃើញមុនធំៗនៅពាសពេញផ្ទៃមុខបែបនេះហើយមានខ្ទុះចេញមកក្រៅទៀត។ មើលហើយខ្ពើមខ្លួនឯង ចុះទម្រាំអ្នកដទៃវិញ??? ឃើញហើយគិតយ៉ាងម៉េចទៅលោក..... ខ្មាសគេខ្លាំងណាស់មែនទេ? មិនដឹងធ្វើយ៉ាងម៉េចទើបមុនទាំងនោះឈប់កើតមានទៀតមែនទេ? ម៉ោះ! សាកល្បងវិធីទាំង ៦ខាងក្រោមធានាថាហ៊ានចេញក្រៅដោយមិនបាច់ពាក់ម៉ាសទៀតទេ។ ១. លាងសម្អាតមុខឲ្យបានត្រឹមត្រូវ លុបលាងមុខអ្នក២ដងក្នុងមួយថ្ងៃ ដើម្បីជម្រុះកោសិកាងាប់ និងជាតិខ្លាញ់ដែលលើសនៅផ្ទៃមុខចេញ ប៉ុន្តែអ្នកមិនគួរលាងមុខលើសពី ២ដងក្នុងមួយថ្ងៃទេ ព្រោះវាបែរជាធ្វើឲ្យមុខអ្នកមានបញ្ហាទៅវិញ។ អ្នកត្រូវប្រើទឹកក្តៅឧណ្ហៗនិងសាប៊ូដែលមានជាតិកាត់តិចបានហើយព្រោះសាប៊ូដែលមានជាតិកាត់ខ្លាំង អាចធ្វើឲ្យមុខអ្នកកាន់តែរលាកថែមទៀត។ ចៀសវាងការជូតមុខជាមួយក្រណាត់ខ្លាំងៗពេក អ្នកគួរតែធ្វើការជូតថ្នមៗហើយប្រើកន្សែងទន់ៗសម្រាប់ជូតមុខ។ ២. ប្រើផលិតផលបំបាត់មុន អ្នកអាចរកទិញផលិតផលទាំងនេះដោយខ្លួនឯងបានដោយមិនត្រូវការវេជ្ជបញ្ជា។ សារធាតុផ្សំរបស់ផលិតផលបំបាត់មុនភាគច្រើនមានដូចជា Benzoyl peroxide, Salicylic acid, Glycolic acid ឬ Lactic acid ដែលអាចការពារស្បែកមុខអ្នកពីមេរោគ និងធ្វើឲ្យស្បែកអ្នកស្ងួត។ អ្នកគួរតែប្រើផលិតផលទាំងនេះ ក្នុងបរិមាណតិចនៅពេលប្រើដំបូង ព្រោះវាអាចធ្វើឲ្យមុខស្ងួតខ្លាំងនិងឡើងកន្ទួលតិចៗ។ ក្រោយពីមុខអ្នកអាចស៊ាំនឹងផលិតផលទាំងនេះហើយ អ្នកអាចបង្កើនបរិមាណតាមតម្រូវការរបស់អ្នកបាន។ អ្នកក៏អាចប្រើផលិតផលមួយប្រភេទទៀតគឺ ជែល Retinoid ដែលមានប្រសិទ្ធភាពការពារមិនឲ្យមុនកើតឡើងវិញ។ ៣. ផ្សើមផ្ទៃមុខ ដោយសារផលិតផលបំបាត់មុនភាគច្រើនធ្វើឲ្យស្បែកមុខអ្នកស្ងួត ដូច្នេះហើយ អ្នកគួរតែប្រើឡេផ្តល់សំណើមដើម្បីការពារស្បែកមុខអ្នកពីភាពស្ងួតខ្លាំងនិងឡើងកន្ទួលតូចៗ។ អ្នកអាចស្វែងរកឡេផ្តល់សំណើមដែលមិនធ្វើឲ្យឡើងមុន ដោយមានដាក់“Noncomedogenic” នៅលើស្លាកផលិតផល។ ៤. កាត់បន្ថយការប្រើគ្រឿងសម្អាង ក្នុងពេលនេះ អ្នកគួរតែចៀសវាងប្រើម្សៅទ្រនាប់ ម្សៅផាត់ ឬគូល័រថ្ពាល់តែបើអ្នកចាំបាច់ត្រូវតែធ្វើការតុបតែងមុខ កុំភ្លេចលុបលាងគ្រឿងសម្អាងទាំងនោះចេញពេលដែលអ្នករួចការងារ។ ប្រសិនជាអាច គួរជ្រើសរើសគ្រឿងសម្អាងដែលមិនមានសារធាតុប្រេងដោយមិនមានសារធាតុបន្ថែមពណ៌។ ៥. ប្រយ័ត្នប្រយែងចំពោះផលិតផលប្រើលើសក់ ចៀសវាងប្រើសារធាតុមានក្លិន ប្រេង ប៉ូម៉ាត ឬជែលនៅលើសក់ ព្រោះវាអាចប៉ះមកលើផ្ទៃមុខ ហើយធ្វើឲ្យបិទរន្ធខ្លាញ់ និងធ្វើឲ្យស្បែកមុខអ្នករលាក។ អ្នកគួរប្រើសាប៊ូ និងក្រែមបន្ទន់ដែលផ្តល់សំណើមដល់សក់។ ករណីសក់អ្នកសម្បូរប្រេង នោះវាក៏អាចធ្វើឲ្យស្បែកមុខអ្នកមានប្រេងច្រើនផងដែរ។ ដូចនេះត្រូវឧស្សាហ៍កក់សក់អ្នកឲ្យបានញឹកញាប់ ដើម្បីការពារការឆ្លងប្រេងពីសក់មកមុខ។ ៦. ចៀសវាងយកដៃប៉ះមុខ ដៃរបស់អ្នកមិនត្រឹមតែអាចចម្លងបាក់តេរីមកលើផ្ទៃមុខនោះទេ វាថែមទាំងអាចធ្វើឲ្យស្បែកដែលកំពុងរលាកកាន់តែមានស្ថានភាពធ្ងន់ធ្ងរទៀតផង។ មិនត្រូវញេចមុនដោយម្រាមដៃនោះទេ ព្រោះវាអាចបន្សល់នូវស្នាមនៅលើស្បែកមុខ និងអាចឆ្លងមេរោគផងដែរ។ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

អាកាសធាតុមិនប្រក្រតីរួមទាំងកម្ដៅកើនឡើងជារៀងរាល់ថ្ងៃបណ្តាលឲ្យមានលំនាំអាកាសធាតុមិនអំណោយផលសម្រាប់អ្នករាល់គ្នា។ សីតុណ្ហភាពអាចឡើងដល់ ៤៥ ដឺក្រេ ដែលក្នុងកម្រិតនេះ វាអាចបង្កភាពគ្រោះថ្នាក់ខ្លាំងនិងបំផ្លាញដល់ស្បែករបស់អ្នក។ ការប៉ះពាល់ទៅនឹងកម្ដៅអាចនាំឲ្យមានផលប៉ះពាល់អវិជ្ជមានផ្សេងៗដល់សុខភាព និងរាងកាយរបស់អ្នកដែលផលវិបាកធ្ងន់ធ្ងរក្នុងចំណោមនោះគឺជាជំងឺមហារីកស្បែក និងបញ្ហាស្បែកជាច្រើនទៀត។ ដើម្បីចៀសវាងពីការបំផ្លាញដល់ស្បែក អ្នកអាចអនុវត្តតាមគន្លឹះខាងក្រោមបន្ទាប់ពីនៅក្រោមពន្លឺព្រះអាទិត្យ និងកម្ដៅថ្ងៃជាប្រចាំ។  ១. ងូតទឹកត្រជាក់ ងូតទឹកត្រជាក់ជាវិធីសាស្រ្តមួយដើម្បីធ្វើឲ្យស្បែករបស់អ្នកមានសំណើមឡើងវិញបន្ទាប់ពីនៅក្រោមកម្ដៅពេញមួយថ្ងៃ។ ជាក់ស្ដែងការងូតទឹកអាចជួយសម្អាតស្បែករបស់អ្នក (ជាពិសេសលើផ្ទៃមុខ) សម្អាតញើស កម្ចាត់កោសិកាស្បែកដែលស្លាប់ ធូលី និងបាក់តេរីលើស្បែករបស់អ្នកផងដែរ។ បន្ថែមពីការងូតទឹក អ្នកអាចប្រើប្រាស់ផលិតផលមួយចំនួនដែលមានសារធាតុជំនួយផ្សេងទៀត ជាពិសេសនៅលើស្បែកមុខ និងលើដងខ្លួនទូទៅ។ ២. ប្រើប្រាស់ផលិតផលផ្ដល់ជាតិសំណើម ប្រើប្រាស់ផលិតផលផ្ដល់ជាតិសំណើមនឹងបន្ថែមស្រទាប់ការពារស្បែកពីពន្លឺកាំរស្មី UV និងអាចរក្សាទុកជាតិសំណើមក្នុងស្បែករបស់អ្នកបានយូរ។ អ្នកគួរជ្រើសរើសផលិតផលផ្ដល់ជាតិសំណើមជាពិសេសដែលស័ក្តិសមទៅនឹងប្រភេទស្បែកមុខរបស់អ្នកដោយអាចប្រើវាជារៀងរាល់ថ្ងៃបន្ទាប់ពីងូតទឹកឬបន្ទាប់ពីអ្នកកោរពុកមាត់ ព្រោះវាជាពេលវេលាដ៏ល្អនៅពេលដែលស្បែករបស់អ្នកកំពុងតែសើម។ ជាក់ស្ដែង គុណសម្បត្តិនៃការប្រើប្រាស់ផលិតផលផ្ដល់ជាតិសំណើមមានដូចជា ប្រឆាំងនឹងភាពចាស់ ការពារពីការបាត់បង់ជាតិទឹក សារធាតុកង្វក់ ឬការឆ្លងមេរោគ ស្ដារស្ថានភាពស្បែកឡើងវិញ និងធ្វើឲ្យប្រសើរឡើងនៃស្នាមជ្រួញជាដើម។   ៣. ប្រើប្រាស់ក្រែមការពារកម្ដៅថ្ងៃ ដូចទៅនឹងផលិតផលផ្ដល់ជាតិសំណើមដែរ ឡេការពារកម្តៅថ្ងៃអាចការពារស្បែកអ្នកពីពន្លឺកាំរស្មី UV និងការបំផ្លាញស្បែករបស់អ្នក។ ជាក់ស្ដែង ក្រែមការពារកម្តៅព្រះអាទិត្យគួរត្រូវប្រើនៅពេលដែលអ្នកចេញក្រោមពន្លឺព្រះអាទិត្យ និងអាចប្រើប្រាស់ញឹកញាប់ពេលដែលអ្នកនៅក្រោមពន្លឺព្រះអាទិត្យច្រើន។ ម្យ៉ាងវិញទៀត ឡេការពារកម្តៅថ្ងៃភាគច្រើន ក៏មានរួមបញ្ចូលនូវសារធាតុសំណើមផងដែរ។ ៤. ញ៉ាំឲ្យបានត្រឹមត្រូវ ការប្រើប្រាស់ផលិតផលនានាគ្រាន់តែជាវិធីសាស្រ្តមួយផ្នែកសម្រាប់ស្បែកមុខរបស់អ្នកតែប៉ុណ្ណោះ ដោយអ្នកក៏គួរយកចិត្តទុកដាក់លើការញ៉ាំអាហារដែលផ្ដល់គុណប្រយោជន៍សម្រាប់ស្បែករបស់អ្នកផងដែរ។ អាហារជំនួយស្បែកទាំងនោះមានដូចជា ត្រីសម្បូរខ្លាញ់ ផ្លែបឺរ គ្រាប់ផ្កាឈូករ័ត្ន ដំឡូងផ្អែម ម្ទេសក្រហមឬលឿង ប៉េងប៉ោះ សណ្តែក សូកូឡាខ្មៅ និងតែបៃតងជាដើម។ ត្រូវចាំថា អ្វីដែលអ្នកញ៉ាំអាចមានឥទ្ធិពលយ៉ាងខ្លាំងលើសុខភាពស្បែករបស់អ្នក។ អ្នកត្រូវប្រាកដថាអ្នកទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីការពារស្បែករបស់អ្នកឲ្យមានសុខភាពល្អ។ ៥. ពិសាទឹកឲ្យបានច្រើន វិធីងាយបំផុតក្នុងការចិញ្ចឹមបីបាច់ស្បែករបស់អ្នកគឺបរិភោគទឹកឲ្យបានច្រើនក្នុងមួយថ្ងៃ។ ការផឹកទឹកផ្តល់ការចិញ្ចឹមដល់ស្បែកពីខាងក្នុង និងរក្សាស្បែកឲ្យមានសភាពទន់។ ដោយឡែក ការខ្វះជាតិទឹកនឹងបង្កឲ្យស្បែកប្រែជាស្ងួត និងអាចប្រេះ ថែមទាំងរួមចំណែកធ្វើឲ្យកើតមុនផងដែរ។ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មានមនុស្សមិនតិចនោះទេដែលនៅសុខៗស្រាប់តែលេចចេញកន្ទួលរមាស់លើស្បែកភ្លាមៗក្នុងរយៈពេលណាមួយ ហើយអ្នកប្រាកដជាឆ្ងល់ថា ហេតុអ្វីបានជាចេញបែបនេះ? តើវាបណ្តាលមកពីអ្វី? ដូច្នេះ ករណីសិក្សាខាងក្រោមអាចស្រាយនូវចម្ងល់របស់អ្នក។ សំណួរ៖ ខ្ញុំបាទ អាយុ ៣៣ឆ្នាំ ភេទប្រុស កម្ពស់ ១ម៉ែត្រ៦៨ ទម្ងន់៦៦គីឡូក្រាម មុខរបរជានិសិ្សត។ កាលពីមុនខ្ញុំមិនដែលចេញកន្ទួលរមាស់លើស្បែកទេ ប៉ុន្តែឥលូវស្បែករបស់ខ្ញុំស្រាប់តែចេញកន្ទួលរមាស់តិច និងច្រើនជាប្រចាំ។ ដោយហេតុថាមួយរយៈនេះខ្ញុំបានទៅពេទ្យដើម្បីពិនិត្យឈាមរកមើលមេរោគប៉ុន្តែអត់មានបញ្ហានោះទេហើយអនាម័យខ្លួនប្រាណវិញក៏ល្អផងដែរ។ តើកន្ទួលទាំងនេះបណ្តាលមកពីអ្វី? តើគួរធ្វើយ៉ាងដូចម្តេចចំពោះបញ្ហានេះ? ហើយមានវិធីសាស្រ្តការពារដែរឬទេ? ចម្លើយ៖ លក្ខណៈកន្ទួលរមាស់រ៉ាំរ៉ៃរាល់ថ្ងៃ នៅពេលវាលេចចេញហើយស្រាប់តែ១ម៉ោង ឬ២ម៉ោងក្រោយ បាត់ទៅវិញ វាជារោគសញ្ញានៃកន្ទាលត្រអាក បើតាមពាក្យខ្មែរនិយមហៅ។ ដោយឡែកក្នុងន័យវេជ្ជសាស្ត្រ វាត្រូវបានហៅថាជាប្រតិកម្ម ឬអាល្លែកហ្ស៊ីដែលកើតឡើងដោយសារអង្គបដិបក្សនៅក្នុងខ្លួនប្រឆាំងជាមួយអង់ទីហ្សែន ឬមេរោគបង្ក។ កន្ទាលត្រអាក ឬអាល្លែកហ្ស៊ីនេះ ប្រសិនលេចឡើងក្នុងរយៈពេលខ្លីត្រឹមពីរសប្តាហ៍វាជាកន្ទាលត្រអាកធម្មតាដែលប្អូនគ្រាន់តែប្រើថ្នាំ នោះប្អូននឹងជាសះស្បើយ។ តែបើកន្ទាលត្រអាកលេចឡើងក្នុងរយៈពេលយូរលើសពីមួយខែហើយ វាក្លាយជាកន្ទាលត្រអាករ៉ាំរ៉ៃដែលមិនអាចធ្វើការព្យាបាលឲ្យជាសះស្បើយបានឡើយ។ រាល់ការប្រើថ្នាំចំពោះកន្ទាលត្រអាករ៉ាំរ៉ៃអាចត្រឹមកាត់បន្ថយនូវរោគសញ្ញាធ្ងន់ធ្ងរមួយចំនួនប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ប្អូនគួរកត់សម្គាល់ខ្លួនឯងថា ១០ ទៅ១៥នាទីមុនពេលមានអាការៈនេះប្អូនបានធ្វើអ្វីឬញ៉ាំអ្វី។ ព្យាយាមស្វែងយល់ពីមូលហេតុហើយចៀសវាងវាបើអាការៈនេះនៅតែកើតឡើង ប្រហែលមូលហេតុពិតប្រាកដមិនដូចការសន្និដ្ឋានរបស់ប្អូនទេ។ ជាការពិតណាស់ ការរកឃើញអំពីមូលហេតុបង្ក និងចៀសវាងពីមូលហេតុទាំងនោះ ប្អូននឹងជាសះស្បើយដោយមិនចាំបាច់ប្រើថ្នាំ។ ផ្ទុយមកវិញ ករណីខ្លះដែលប្អូនដឹងពីមូលហេតុហើយតែមិនអាចចៀសវាងបានដូចជាពន្លឺថ្ងៃ អាកាសធាតុ ពេលបែកញើស ឬពេលសើម នោះប្អូននៅតែបន្តមានអាការៈកន្ទាលត្រអាកនេះទៀតរាល់ពេលដែលប៉ះនឹងមូលហេតុទាំងនោះ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធានគ្លីនិកជាតិសើស្បែក និងកាមរោគ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មានអារម្មណ៍ថារមាស់ស្បែកក្បាលណាស់មែនទេ? ឆ្ងល់ណាស់ហេតុអ្វីស្បែកក្បាលដែលធ្លាប់តែមានសុខភាពល្អប្រែជាស្ងួត រមាស់ ហើយងាយប្រតិកម្ម ប្រើផលិតផលអ្វីក៏មិនត្រូវសោះ? តើនេះមកពីអ្វី? តើគួរដោះស្រាយបែបណា?  មូលហេតុដែលបណ្តាលឲ្យស្បែកក្បាលស្ងួតងាយប្រតិកម្ម តាមពិត មានហេតុផលច្រើនយ៉ាងដែលបណ្តាលឲ្យស្បែកក្បាលមានសភាពស្ងួតខុសប្រក្រតី និងឆាប់អាល្លែកហ្ស៊ី ដែលកត្តាទាំងនោះអាចមានដូចជា៖ - កត្តាតំណពូជ - បម្រែបម្រួលអ័រម៉ូន ជាពិសេសវ័យជំទង់ - ទទួលទានសុរាច្រើនពេក - បរិភោគអាហារដែលមានជាតិផ្អែម ឬជាតិប្រៃខ្ពស់ ឬហឹរពេក - កង្វះសារធាតុចិញ្ចឹម ដូចជាពពួកអាស៊ីតខ្លាញ់ (Fatty acid) និងវីតាមីនបេ - បម្រែបម្រួលអាកាសធាតុ - ស្ត្រេស - ការប្រើប្រាស់សាប៊ូដែលមានសារធាតុគីមីច្រើន និងរយៈពេលយូរ - ការបង្ករោគដោយពពួកផ្សិត - ប្រើប្រាស់ទឹកមិនស្អាត ជាពិសេសប្រភេទទឹករឹង (ជាប្រភេទទឹកដែលសម្បូរទៅដោយរ៉ែ ជាពិសេសកាល់ស្យូម និងម៉ាញ៉េស្យូម) - ប្រើប្រាស់ផលិតផលធ្វើម៉ូតសក់ញឹកញាប់ពេក - ព្រងើយកន្តើយក្នុងការថែរក្សាសុខភាពស្បែកក្បាល ក៏ដូចជាសរសៃសក់។ ដំណោះស្រាយ ដើម្បីដោះស្រាយចំពោះបញ្ហាដែលមានខាងលើ អ្នកចាំបាច់ត្រូវកំណត់អំពីប្រភេទនៃមូលហេតុបង្កជាមុនសិន។ ជាក់ស្តែងប្រសិនបើបញ្ហានេះបណ្តាលមកពីអាហារ ស្ត្រេស ការប្រើប្រាស់ផលិតផលមិនត្រឹមត្រូវ ឬចូលចិត្តធ្វើម៉ូតសក់ជាដើម អ្នកចាំបាច់ត្រូវព្យាយាមផ្លាស់ប្តូរទម្លាប់ទាំងអស់នោះ។ ខាងក្រោមនេះ ជាដំណោះស្រាយសំខាន់ៗ ៨ចំណុចដែលគួរអនុវត្តបន្ថែម៖ ១. ប្រើប្រាស់សាប៊ូដែលស្រាលស្រទន់ចំពោះស្បែកក្បាល ជាទូទៅ សាប៊ូប្រភេទនេះគ្មានពណ៌ គ្មានក្លិន គ្មានសារធាតុគីមីដែលងាយធ្វើឲ្យស្បែកក្បាលមានប្រតិកម្មឡើយ។ លក្ខណៈពិសេសរបស់សាប៊ូទាំងនេះគឺកាត់បន្ថយរមាស់ ប្រឆាំងនឹងបាក់តេរីដែលបង្ករោគលើស្បែកក្បាល បង្កើនសំណើមដល់ស្បែកក្បាលព្រមទាំងអាចកាត់បន្ថយការរលាកផងដែរ។ ២. កុំប្រើទឹកក្តៅកក់សក់ ខណៈពេលស្បែកក្បាលអ្នកកំពុងមានបញ្ហាបែបនេះសូមកុំប្រើទឹកក្តៅរាល់ពេលលាងសម្អាតសក់ ព្រោះទឹកក្តៅអាចបណ្តាលឲ្យស្បែកក្បាលកាន់តែខូចខាតជាពិសេសអាចរំខានដល់ការលូតលាស់សរសៃសក់ទៀតផង។ ទោះជាយ៉ាងណា អ្នកអាចប្រើប្រាស់ទឹកក្តៅឧណ្ហៗ បន្ទាប់មកប្រើប្រាស់ទឹកត្រជាក់បន្ថែមប្រសិនបើអ្នកមានអារម្មណ៍ថាសីតុណ្ហភាពស្បែកក្បាលប្រែប្រួល។ ទង្វើបែបនេះ អាចជួយស្រោបគល់សក់ធ្វើឲ្យសក់ភ្លឺ និងជួយជំរុញលំហូរឈាមទៅចិញ្ចឹមស្បែកក្បាលផងដែរ។ ៣. បន្ថែមសារធាតុចិញ្ចឹម និងផ្តល់សំណើមឲ្យបានទៀងទាត់ ជាប្រភេទផលិតផលដែលមាននាទីជាក់លាក់ក្នុងការបំប៉ន និងផ្តល់សំណើមដល់ស្បែកក្បាលបានយ៉ាងប្រសើរ។ អ្នកគួរចាប់ផ្តើមប្រើប្រាស់ផលិតផលនេះដើម្បីជំនួយសុខភាពស្បែកក្បាល ជាជាងការប្រើប្រាស់ផលិតផលនានាដែលមានតួនាទីចំពោះសរសៃសក់។ សូមអនុវត្តការប្រើប្រាស់ទៅតាមការណែនាំរបស់ផលិតផលនីមួយៗ។  ៤. ជម្រុះកោសិកាស្បែក ដូចគ្នាទៅនឹងកោសិកាស្បែកដែលការអនុវត្តការខាត់ស្បែកមិនគួរត្រូវបានមើលរំលង ប៉ុន្តែចំពោះស្បែកក្បាលកំពុងមានបញ្ហាបែបនេះ អ្នកគួរជ្រើសរើសប្រភេទផលិតផលណាដែលស្រាល មិនកាត់ខ្លាំង និងផ្តល់សំណើមដល់ស្បែកក្បាលបន្ថែម។ ជាទូទៅ អ្នកគួរអនុវត្តម្តង ឬ ២ដងក្នុងមួយសប្ដាហ៍។ ៥. កុំអេះ ឬកេះស្បែកក្បាល ជឿជាក់ថា ស្បែកក្បាលបែបនេះបណ្តាលឲ្យអ្នកពិបាកទ្រាំ មិនឲ្យអេះខ្លាំងណាស់ ប៉ុន្តែចូរអ្នកចងចាំថាការអេះអាចបណ្តាលឲ្យស្បែកក្បាលកាន់តែមានបញ្ហាធ្ងន់ធ្ងរ។ ហេតុនេះ ដើម្បីកាត់បន្ថយផលរំខានអ្នកអាចប្រើថូនឺរសម្រាប់ជូតស្បែកក្បាលដែលរមាស់និងស្ងួតរាល់ពេលមានបញ្ហា។ ៦. ពិសាទឹកឲ្យបានច្រើន ទឹកមានសារៈសំខាន់ណាស់ចំពោះសុខភាពស្បែក។ អ្នកគួរព្យាយាមពិសាទឹកឲ្យបានច្រើន ជាមធ្យម ២លីត្រ ក្នុងមួយថ្ងៃ (ប៉ុន្តែអាស្រ័យតាមសកម្មភាព ទម្ងន់ និងអាកាសធាតុផងដែរ)។ ពិសាទឹកបានគ្រប់គ្រាន់ អាចជួយថែរក្សាសុខភាពស្បែកក្បាល ក៏ដូចជាជួយការលូតលាស់របស់សក់បានកាន់តែល្អ។ ៧. ទទួលទានអាហារដែលជួយចិញ្ចឹមស្បែកក្បាល ស្បែកក្បាលក៏ដូចជាប្រភេទស្បែកផ្សេងទៀតនៃរាងកាយដែរ គឺត្រូវការចាំបាច់ណាស់នូវប្រភេទអាហារចម្រុះ ប្រកបទៅដោយសារធាតុចិញ្ចឹមផ្សេងៗគ្នា។ ប្រភេទវីតាមីននិងសារធាតុចិញ្ចឹមទាំងនោះមានដូចជា ប្រូតេអុីន ជាតិដែកដែលសម្បូរនៅក្នុងសាច់ក្រហម គ្រាប់អាល់ម៉ុន ប្រូខូលី និងស្ពៃខៀវ។ ក្រៅពីនេះ សង្ក័សីដែលសម្បូរក្នុងគ្រាប់ធញ្ញជាតិ ស៊ុត ព្រមទាំងប្រភេទអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលមានក្នុងគ្រាប់ផ្លែឈើ និងត្រី ក៏ជាប្រភពដ៏សំខាន់ក្នុងការចូលរួមចំណែកជួយទ្រទ្រង់សុខភាពស្បែកក្បាលឲ្យបានប្រសើរឡើងវិញផងដែរ។ ៨. ជួបអ្នកជំនាញ ក្នុងករណី ការសាកល្បងជាមួយវិធីសាស្ត្រនានាមិនបានជោគជ័យ ការជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញស្បែកពិតជាមានសារៈសំខាន់ណាស់។ គ្រូពេទ្យនឹងធ្វើការតាមដានសភាពស្បែក ក៏ដូចជាមូលហេតុពិតប្រាកដដែលបង្កជាបញ្ហាជាពិសេសការជ្រើសរើសប្រភេទផលិតផលដែលសមស្របចំពោះសុខភាពស្បែកក្បាលអ្នក។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការរកឲ្យឃើញពីមូលហេតុបង្កលើស្បែកខុសៗគ្នា ស្ថិតនៅទីតាំងដោយឡែកៗជាគន្លឹះនាំទៅរកការព្យាបាលប្រកបដោយប្រសិទ្ធភាព។ ជាក់ស្តែង ដូចជាស្នាមដំបៅ រមាស់រាលលើដើមទ្រូងនៃករណីរបស់បុរសម្នាក់ខាងក្រោម៖ សំណួរ៖ ខ្ញុំបាទ អាយុ ៣១ឆ្នាំ ភេទប្រុស កម្ពស់ ១ម៉ែត្រ៧២ រាល់ថ្ងៃធ្វើការងារនៅក្នុងស្ថាប័នឯកជនមួយកន្លែង។ ខ្ញុំបាទមានជំងឺសើស្បែកនៅលើដើមទ្រូងមានរាងដូចស្នាមដំបៅ ហើយរមាស់ថែមទៀតផង។ អាការៈនេះកើតឡើងយូរមកហើយ លាប និងលេបថ្នាំអ្វីក៏មិនបាត់ ឥលូវកើតកាន់តែច្រើន។ តើជំងឺនេះបណ្តាលមកពីអ្វី? អាចបង្កគ្រោះថ្នាក់ដែរឬទេ? ចម្លើយ៖ ចំពោះដំបៅលើទ្រូងដូចប្អូនបានលើកឡើងហាក់ជាជំងឺកម្រមួយដែលពុំធ្លាប់បានជួបប្រទះ។ ម៉្យាង ការរៀបរាប់របស់ប្អូនពុំច្បាស់លាស់ និងអាចមិនសូវត្រូវតាមបច្ចេកទេស ព្រោះជំងឺដំបៅលើទ្រូងមិនអាចគ្មាននូវរោគសញ្ញារួមផ្សំផ្សេងទៀតលេចចេញនោះឡើយ ជួនកាលប្រហែលវាអាចជាក្រម៉ ឬរបកដែលប្អូនហៅថាជាដំបៅ។ ជាទូទៅ ដំបៅគឺជាជំងឺដែលបង្កឡើងដោយមេរោគ ដូច្នេះប្រសិនវាជាដំបៅពិតមែន ប្អូននឹងត្រូវបានចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំផ្សះ នោះប្អូននឹងជាសះស្បើយ ព្រោះទ្រូងមិនមែនជាទីតាំងពិសេសនៃជំងឺរ៉ាំរ៉ៃទេ លុះត្រាតែតំបន់ប៉ះផ្ទាល់ជាមួយកម្តៅថ្ងៃទើបចាត់ចូលជាជំងឺរ៉ាំរ៉ៃ។ ករណីស្នាមនោះមិនមែនជាដំបៅ តែវាជាក្រម៉ អង្គែរបកសារចុះសារឡើងវិញ វាអាចទាក់ទងនឹងជំងឺ Psoriasis, Seborrheic dermatitis និងជំងឺផ្សេងទៀតជាច្រើនដែលទាមទារឲ្យមានការវិនិច្ឆ័យច្បាស់លាស់ពីគ្រូពេទ្យឯកទេស។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធានគ្លីនិកជាតិសើស្បែក និងកាមរោគ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share
Top