-
Feb 14, 2018
|
-
6 years ago
|
-
20.2K views
អ្វីជានិយមន័យនៃ Metabolic Syndrome?
ជាបណ្តុំនៃរោគសញ្ញាដូចជា លើសទម្ងន់ (ធាត់នៅក្បាលពោះ៖ Abdominal obesity) បូករួមជាមួយលើសសម្ពាធឈាម មានការកើនឡើងកូឡេស្តេរ៉ុល៖
Dyslipidemia (កើនឡើងជាតិទ្រីគ្លីសេរីត ឬការថយចុះ HDL) និងកើនឡើងកម្រិតជាតិស្ករក្នុងឈាម (Impaired glucose tolerance)។ ប្រសិនបុគ្គលម្នាក់ស្តែងចេញជាការលើសទម្ងន់ រួមជាមួយនឹងសញ្ញាមួយទៀតអាចជាលើសសម្ពាធឈាម ឬលើសជាតិស្ករ ខ្លាញ់ នោះគេអាចសន្មតថារាងកាយកំពុងតែប្រឈមទៅនឹងជំងឺ Metabolic Syndrome។ ម៉្យាងទៀតជំងឺ Metabolic Syndrome ក៏អាចជាផលវិបាកនៃជំងឺរ៉ាំរ៉ៃមួយចំនួន (a cluster of risk factor)ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ឬជំងឺសរសៃបេះដូងជាដើម ដែលភាគរយនៃជំងឺគឺកើតឡើងទៅតាមកំណើននៃអាយុ។ បន្ថែមពីនោះនិយមន័យនៃជំងឺ Metabolic Syndromeក៏ត្រូវបានគេហៅឈ្មោះ ៥ប្រភេទទៀតផងដែរដូចជា Syndrome X ឬInsulin resistance ឬDeadly Quartet ឬ Reaven’s Syndromes។
មូលហេតុបង្កជំងឺ
មូលហេតុចម្បងដែលបណ្តាលឲ្យមានជំងឺ Metabolic Syndrome គឺជាប់ទាក់ទងជាមួយជីវភាពរស់នៅរបស់បុគ្គលជាពិសេសអ្នកដែលមានវ័យចំណាស់ដូចជា៖
•អ្នកមិនធ្វើលំហាត់ប្រាណ
•អ្នកបរិភោគអាហារច្រើន
•អ្នកចូលចិត្តបរិភោគអាហារដូចជាពពួក Fast Food……..
•ប្រវត្តិគ្រួសារមានជំងឺធាត់ជាដើម។
ជំងឺបង្កមកពី Metabolic Syndrome
ជំងឺដែលបណ្តាលមកពី Metabolic Syndromeមានដូចជា៖
•ជំងឺរឹងសរសៃឈាម
•ជំងឺលើសជាតិអាស៊ីត
•ជំងឺទឹកនោមផ្អែម
•ជំងឺបេះដូង (ជំងឺស្ទះសរសៃឈាមបេះដូង៖ myocardial infarction និងជំងឺស្លោកបេះដូង៖ ischemic heart disease)។
ភាគច្រើនជំងឺដែលតែងស្តែងឡើងជាញឹកញាប់គឺជំងឺទឹកនោមផ្អែមជំងឺលើសសម្ពាធឈាម និងជំងឺសរសៃឈាមបេះដូង។
រោគសញ្ញា
សញ្ញាដំបូងដែលអាចកំណត់សម្គាល់បានគឺអ្នកជំងឺ៖
•ចាប់ផ្តើមលើសទម្ងន់ ធាត់ (ភាគច្រើននៅលើពោះ) ដោយរង្វាស់នៅលើពោះចំពោះបុរសលើសពី ៩០ ស.ម ចំណែកស្រ្តីគឺលើសពី ៨០ ស.ម
•ស្បែកឡើងពណ៌ក្រម៉ៅ ឬមានដុំពកពណ៌ខ្មៅដុះនៅលើស្បែកជាពិសេសនៅត្រង់តំបន់កដែលតែងជួបជាញឹកញាប់
•គេងស្រម៉ុក។
ការធ្វើរោគវិនិច្ឆ័យ
ក្នុងករណីលេចឡើងនូវសញ្ញានៃ Metabolic Syndrome គេអាចចាប់ផ្តើមធ្វើរោគវិនិច្ឆ័យដោយ៖
•ធ្វើតេស្ត Body Scan ដើម្បីអាចដឹងពី BMI ៖ដែលកម្រិត BMI លើសពី ២៣ អាចចាត់ទុកថាមានបញ្ហាលើសទម្ងន់ និងលើសពី ២៨ អាចសន្មតថាមានជំងឺធាត់ (រង្វាស់សម្រាប់តំបន់អាស៊ី)
•ធ្វើការពិនិត្យលើអ្នកដែលមានបញ្ហាគេងស្រម៉ុក (Obstruction Sleep Apnea)
•ពិនិត្យឈាម៖ ដើម្បីកំណត់ពីកម្រិតជាតិស្ករខ្លាញ់ និងអាស៊ីតអ៊ុយរិច។
វិធីសាស្រ្តព្យាបាល
១. គួរផ្លាស់ប្តូររបៀបរស់នៅប្រចាំថ្ងៃដោយត្រូវ៖
•ធ្វើលំហាត់ប្រាណយ៉ាងតិច ៣០នាទី ជារៀងរាល់ថ្ងៃ ឬអាចរហូតដល់ ៦០ ទៅ ៩០នាទី
•បញ្ឈប់ការបរិភោគលើសកម្រិត ជាពិសេសជាតិផ្អែមនិងខ្លាញ់
•កាត់បន្ថយអាហារជាភេសជ្ជៈ ឬប៊ីយែរ ដែលជាដើមចមធ្វើឲ្យធាត់នៅតំបន់ពោះ និងឡើងជាតិទ្រីគ្លីសេរីត
•គួរពិសាអាហារដែលសម្បូរទៅដោយជាតិសរសៃ បន្លែមានពណ៌បៃតង និងកាត់បន្ថយអាហារពពួក Fast Food។
២. គ្រប់គ្រងស្ថានភាពជំងឺដែលបង្ក ដោយប្រើប្រាស់ឱសថដូចជា៖
•ឱសថ Fenofibrate, Niacin, Omeg-3 fattyacids ដើម្បីបញ្ចុះជាតិខ្លាញ់ដែលលើស (Triglyceride)
•ចំពោះអ្នកមានកម្រិតជាតិស្ករលើសត្រូវទទួលការព្យាបាលដូចទៅនឹងអ្នកជំងឺទឹកនោមផ្អែម
•ចំពោះអ្នកលើសឈាម ត្រូវព្យាបាលដូចអ្នកជំងឺលើសសម្ពាធឈាម។
វិធីសាស្រ្តការពារ
វិធីសាស្រ្តក្នុងការការពារខ្លួនពីជំងឺ Metabolic Syndrome បុគ្គលទូទៅគួរតែ៖
•ធ្វើលំហាត់ប្រាណយ៉ាងតិច ៣ថ្ងៃក្នុងមួយសប្តាហ៍ (ម្តង ៣០នាទី)តែត្រូវជួបពិនិត្យជាមួយគ្រូពេទ្យមុនពេលជ្រើសរើសប្រភេទលំហាត់ប្រាណ
•កាត់បន្ថយអាហារមានជាតិផ្អែម និងភេសជ្ជៈ
•ចាប់យករបបអាហារដែលមានជាតិសរសៃ
•ចំពោះមនុស្សក្នុងវ័យចំណាស់គួរប្រើប្រាស់ឱសថ Omega 3 ជាប្រចាំដើម្បីការពារពីបញ្ហាសរសៃឈាមរឹង។
គួរបញ្ជាក់ផងដែរ គ្រប់អ្នកជំងឺ ឬបុគ្គលទូទៅទាំងអស់គួរធ្វើការពិនិត្យពីកម្រិតបេះដូងជាមុនសិន រាល់មុនពេលចាប់ផ្តើមធ្វើលំហាត់ប្រាណ ដោយហេតុថាការហាត់ប្រាណដែលលើសកម្រិតអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពទៅវិញ។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត លីវ ឈិញ ឯកទេសជំងឺបេះដូងនៅមជ្ឈមណ្ឌលបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាអគ្គលេខាធិការនៃសមាគម
គ្រូពេទ្យបេះដូងកម្ពុជា
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share