បេះដូងដើរញាប់ ឬយឺតអាចជាសញ្ញានៃជំងឺវិបត្តិចង្វាក់បេះដូង!
អ្វីជាជំងឺវិបត្តិចង្វាក់បេះដូង?
ជាប្រភេទជំងឺដែលបេះដូងដើរមិនប្រក្រតី (យឺត ឬញាប់) ខុសពីចង្វាក់បេះដូងក្នុងលក្ខខណ្ឌធម្មតាដែលគួរស្ថិតក្នុងចន្លោះតែ ៦០ ទៅ៩០ ហើយវាត្រូវបានចែកចេញជា ២ប្រភេទ៖
•វិបត្តិចង្វាក់បេះដូងដើរយឺត ស្មើ ឬមិនស្មើ
•វិបត្តិចង្វាក់បេះដូងដើរញាប់ ស្មើ ឬមិនស្មើ។
ចំពោះអត្រានៃការកើតមានជំងឺទាំងពីរប្រភេទ ស្ថិតក្នុងភាគរយស្មើគ្នាដែលតែងជួបប្រទះជាញឹកញាប់ ពី២០-៣០% នៃអ្នកជំងឺដែលមកសម្រាកនៅមន្ទីរពេទ្យ។
មូលហេតុនៃជំងឺ
វិបត្តិចង្វាក់បេះដូងបណ្តាលមកពីមូលហេតុ២ធំៗគឺ៖
1.វិបត្តិចង្វាក់បេះដូងដែលអាចព្យាបាលបាន បង្កមកពីមូលហេតុមួយចំនួនដូចជា៖
•អ្នកជំងឺមានបញ្ហាខ្សោយក្រលៀននាំឲ្យជាតិប៉ូតាស្យូមមានការកើនឡើងក្នុងចរន្តឈាម ធ្វើឲ្យបេះដូងដើរយឺត
•បណ្តាលមកពីឱសថដែលបង្កឲ្យបេះដូងដើរយឺត ដូចជាពពួកឱសថ Beta blockers ឬCalcium Inhibitors ជាដើម ក្នុងករណីអ្នកជំងឺប្រើប្រាស់ថ្នាំលើសកម្រិត ឬប្រើប្រាស់ដោយខ្លួនឯង
•ការលេងកីឡាខ្លាំងហួសកម្រិត ដែលនាំឲ្យបេះដូងបែរជាដើរយឺតនៅពេលមិនបានលេងកីឡា។
•ជំងឺក្រពេញបំពង់ក ក៏អាចធ្វើឲ្យបេះដូងដើរយឺត ឬញាប់ែដរ (Hypothyroide Or Hyperthyroide)
2.វិបត្តិចង្វាក់បេះដូងដែលត្រូវការព្យាបាលពិសេសបង្កមកពី៖
•មានជំងឺបេះដូងខាងក្រោម នាំឲ្យខូចចរន្តអគ្គីសនីបេះដូងដែលស្ថិតនៅ ២ទីតាំងគឺ ចរន្តអគ្គីសនីដែលបញ្ជាពីលើហៅថាថ្មធម្មជាតិទី ១និងថ្មធម្មជាតិពីកំណើតទី ២។ អ្នកជំងឺអាចប្រឈមនឹងការខូចប្រភេទថ្មធម្មជាតិមួយ ក្នុងចំណោមពីរប្រភេទ៖
•ការខូចចរន្តអគ្គីសនីពីកំណើត
•ការខូចចរន្តអគ្គីសនីបណ្តាលមកពីជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺស្ទះសរសៃឈាមបេះដូង និងជំងឺប្រឹសបេះដូងជាដើម។
រោគសញ្ញា
ជំងឺអាចកើតឡើងដោយមិនមានរោគសញ្ញា និងអ្នកជំងឺមួយភាគទៀតអាចសង្កេតឃើញមានរោគសញ្ញាដូចជា៖
•ញ័រដើមទ្រូង កើតឡើងភ្លាមៗ នៅពេលយប់ ឬភ្ញាក់ពីដំណេក
•អស់កម្លាំង ល្ហិតល្ហៃ
•វិលមុខ
•សន្លប់មួយរយៈ
•គាំងបេះដូង។
ការស្វែងរកការពិគ្រោះជាមួយវេជ្ជបណ្ឌិតមានជំនាញផ្នែកបេះដូង ជាការចាំបាច់មួយប្រសិនអ្នកជំងឺលេចឡើងនូវរោគសញ្ញាខាងលើ ម៉្យាងទៀត ចំពោះអ្នកជំងឺលើសសម្ពាធឈាម អ្នកជំងឺទឹកនោមផ្អែម ឧស្សាហ៍ហត់ ប្រវត្តិគ្រួសារមានជំងឺបេះដូង ក៏គួរត្រូវធ្វើការពិនិត្យបេះដូងឲ្យបានទៀងទាត់ដើម្បីស្វែងរកសញ្ញាដំបូងនៃជំងឺ។
ការធ្វើរោគវិនិច្ឆ័យ
ការជួបពិគ្រោះស្ថានភាពជំងឺជាមួយវេជ្ជបណ្ឌិតនឹងត្រូវធ្វើឡើងតាមវិធីសាស្រ្តដូចជា៖
•ការវាស់ចង្វាក់បេះដូងភ្លាមៗ តាមរយៈ Electrocardiogram
•ពិនិត្យឈាម ដើម្បីរកមើលកម្រិតប៉ូតាស្យូម កាល់ស្យូម ម៉ាញេស្យូម ដែលសារធាតុនោះអាចខ្វះ ឬលើស
•ករណីជំងឺកើតលើអ្នកលេងកីឡា អាចតម្រូវឲ្យអ្នកជំងឺរត់លើម៉ាស៊ីន ឬធាក់កង់ដើម្បីធ្វើរោគវិនិច្ឆ័យ
•ការបំពាក់ម៉ាស៊ីនលើអ្នកជំងឺ អាចតាមដានពីចង្វាក់បេះដូងដើម្បីធ្វើការពិនិត្យឲ្យបានជាក់លាក់។
វិធីសាស្រ្តក្នុងការព្យាបាល
ការព្យាបាលបានចែកចេញជា ៣ប្រភេទ៖
•ការព្យាបាលដោយប្រើឱសថ៖ ជួយសម្រួលក្នុងការបន្ថយរោគសញ្ញា ដោយជំងឺវិបត្តិចង្វាក់បេះដូងមិនអាចព្យាបាលឲ្យជាដាច់តែម្តងនោះទេ
•ការព្យាបាលដោយដាក់ថ្មបេះដូង ៖ ក្នុងករណីវិបត្តិចង្វាក់បេះដូងដើរយឺត គេអាចប្រើប្រាស់ថ្មប្រភេទ Pacemaker ដោយសារចរន្តអគ្គីសនីបេះដូងខូចនៅទីតាំងណាមួយ ចំណែកក្នុងករណីចង្វាក់បេះដូងដើរញាប់ ត្រូវបានបំពាក់ឧបករណ៍ Implantable cardioverter defibrillator ដែលបង្ការមិនឲ្យគាំងបេះដូងភ្លាមៗ
•ការព្យាបាលតាមរយៈ ablation ដោយ radiofrequency៖ ជាការដុតបំបាត់ចោលទីតាំងដែលធ្វើឲ្យមានវិបត្តិចង្វាក់បេះដូង ដោយប្រើប្រាស់កម្តៅ ៦៥ដឺក្រេ ឬដោយប្រើប្រាស់ត្រជាក់ -៨០°C។
ផលវិបាកជំងឺវិបត្តិចង្វាក់បេះដូង
ផលវិបាកធំបំផុតនៃជំងឺអាចបង្កឲ្យគាំងបេះដូងប្រឈមនឹងពិការភាពដូចជាខូចមួយចំហៀងខ្លួន ពិការជើង ឬពោះវៀនដែលបង្កមកពីដុំឈាមកកក្នុងបេះដូងធ្លាក់ចូលទៅក្នុងអវយវៈទាំងនោះ។ ដូច្នេះ ការមកជួបវេជ្ជបណ្ឌិតដើម្បីតាមដានជាទៀងទាត់ និងធ្វើតាមដំបូន្មានជាតម្រូវការដែលល្អបំផុតសម្រាប់គ្រប់គ្រងស្ថានភាពជំងឺ។
វិធីសាស្រ្តការពារ
•អំឡុងពេលស្ថិតក្នុងវ័យក្មេង អ្នកត្រូវធ្វើការពិនិត្យសុខភាពបេះដូង ជាពិសេសចំពោះអ្នកចូលចិត្តលេងកីឡាដើម្បីវាយតម្លៃពីថាមពល និងប្រភេទកីឡាមួយណាដែលស័ក្តិសមចំពោះសុខភាព
•ចំពោះអ្នកមានជំងឺលើសឈាម ត្រូវធ្វើការព្យាបាលជំងឺលើសឈាម និងតាមដានសុខភាពបេះដូងឲ្យបានជាប្រចាំ។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ម៉ម ចាន់ដារ៉ា វេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺបេះដូង វិបត្តិចង្វាក់បេះដូងសរសៃឈាមបេះដូង និងជាប្រធានប្រចាំ គ្លីនិកព្យាបាលជំងឺបេះដូងពិភពថ្មី
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ