Menu

Articles

អ្វីជាជំងឺបម្រែបម្រួលសម្ពាធក្នុងត្រចៀក?

ជំងឺបម្រែបម្រួលសម្ពាធក្នុងត្រចៀក ពាក្យបច្ចេកទេសហៅថា Ear barotrauma គឺជាការបម្រែបម្រួលរវាងសម្ពាធមជ្ឈដ្ឋានខាងក្រៅត្រចៀកជាមួយសម្ពាធមជ្ឈដ្ឋានខាងក្នុងត្រចៀក។ ជាក់ស្តែង នាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ជំងឺនេះមានការកើនឡើងច្រើនគួរឲ្យកត់សម្គាល់ចំពោះអ្នកដែលនាំភ្ញៀវទេសចរ កីឡាករហែលទឹក និងអ្នកធ្វើការនៅលើយន្តហោះពិសេសអ្នកដែលធ្វើការនៅកន្លែងខ្ពស់។ មូលហេតុបង្ក និងកត្តាប្រឈម មូលហេតុចម្បងភាគច្រើននៃការឈឺត្រចៀក (Ear barotrauma) គឺបង្កពីការរលាក ឬស្ទះ និងមានបញ្ហាទៅលើបំពង់ Eustachian tube ដែលវាស្ថិតនៅផ្នែកខាងក្រោយក្រអូមមាត់ ពេលណាដែលវារលាកនោះទើបបង្កឲ្យមានជំងឺ Ear barotrauma កើតឡើង។ ដោយឡែក បុគ្គលដែលងាយប្រឈមនឹងបញ្ហាគឺអ្នកជ្រមុជទឹក ឬលិបទឹកដែលមានជម្រៅជ្រៅលើសពី ២ម៉ែត្រ អ្នកជំងឺអាល្លែកហ្ស៊ីច្រមុះ អ្នកជំងឺរីកសាច់ច្រមុះ អ្នកជំងឺដុះសាច់បំពង់ក ឬរលាកបំពង់កផ្នែកខាងក្រោយញឹកញាប់ អ្នកឧស្សាហ៍ផ្តាសាយ និងបុគ្គលដែលធ្វើការនៅកន្លែងខ្ពស់ដូចជាអ្នកបម្រើការលើយន្តហោះជាដើម។ ជំងឺនេះត្រូវបានបែងចែកជា ៥កម្រិតរួមមាន៖ • កម្រិត ១៖ ជុំវិញក្រដាសត្រចៀកចាប់ផ្តើមរលាក និងមានលក្ខណៈក្រហម • កម្រិត ២៖ ក្រដាសត្រចៀកទាំងមូលចាប់ផ្តើមរលាក និងក្រហម • កម្រិត ៣៖ ក្រដាសត្រចៀកចាប់ផ្តើមប៉ោង ឬផតចូលក្នុង • កម្រិត ៤៖ ផ្នែកខាងក្រោយក្រដាសត្រចៀកមានឈាម និងមានការឈឺចាប់ខ្លាំង • កម្រិត ៥៖ ក្រដាសត្រចៀករហែក ឬធ្លាយ  ពិសេសមានការឈឺចាប់ខ្លាំង។ រោគសញ្ញា ជំងឺនេះអាចមានអាការៈឈឺចាប់ខ្លាំងក្នុងត្រចៀកហើយបណ្តាលឲ្យធ្ងន់ត្រចៀក ហ៊ឹងត្រចៀក ហូរឈាមតាមត្រចៀក  និងវិលមុខតែម្តង។ ការធ្វើរោគវិនិច្ឆ័យ ជាដំបូងគ្រូពេទ្យនឹងធ្វើការពិនិត្យលើសញ្ញាគ្លីនិកដោយធ្វើការសាកសួរលម្អិតពីប្រវត្តិការងារ ឬប្រវត្តិជំងឺបន្ទាប់មកអ្នកជំងឺនឹងតម្រូវឲ្យធ្វើរោគវិនិច្ឆ័យដោយប្រើ Otoscope ឆ្លុះចូលក្នុងរន្ធត្រចៀកដើម្បីឲ្យដឹងពីកម្រិតនៃជំងឺ Ear barotrauma និងសភាពក្រដាសត្រចៀក។ វិធីសាស្រ្តព្យាបាល ការព្យាបាលធ្វើឡើងបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ ពិសេសការព្យាបាលទៅតាមកម្រិតនៃការប៉ះពាល់នីមួយៗ។ ប្រសិនបើជំងឺនេះស្ថិតនៅកម្រិតទី៥ ក្រដាសត្រចៀកធ្លាយ នោះការព្យាបាលគឺធ្វើដោយផ្ទាល់នៅក្នុងត្រចៀក ករណីនេះផងដែរ អ្នកជំងឺនឹងត្រូវព្យាបាលដោយការប្រើប្រាស់ថ្នាំ រួមផ្សំជាមួយការប្រើថ្នាំបន្តក់អង់ទីប៊ីយ៉ូទិកដើម្បីការពារកុំឲ្យឆ្លងមេរោគ។ ប្រសិនបើអ្នកជំងឺពុំទទួលបានការព្យាបាលទាន់ពេលវេលា ឬព្យាបាលមិនបានត្រឹមត្រូវនោះ ផលប៉ះពាល់ធ្ងន់អាចនឹងកើតមានឡើងដូចជា ធ្លាយក្រដាសត្រចៀក  ការស្តាប់មានការថយចុះ និងហ៊ឹងត្រចៀក។ វិធីសាស្រ្តការពារ • ចំពោះអ្នកធ្វើដំណើរ ឬអ្នកធ្វើការនៅលើយន្តហោះត្រូវចេះរបៀបការពារខ្លួន៖ នៅពេលដែលយន្តហោះកំពុងហោះឡើងត្រូវទំពារស្ករកៅស៊ូ ឬយកម្រាមដៃបិទច្រមុះ រួចលេបទឹកមាត់ និងជាពិសេសនៅពេលយន្តហោះចុះត្រូវប្រើ Valsalva maneuver គឺយកម្រាមដៃបិទច្រមុះឲ្យជិត ហើយបិទមាត់និងផ្លុំខ្យល់ម្តងបន្តិចៗរហូតទាល់តែមានខ្យល់រត់ដល់ត្រចៀក។ អនុវត្តបែបនេះឲ្យបានច្រើនដងពេលយន្តហោះចុះ គឺអាចការពារពីជំងឺ Ear barotrauma បាន។ • ចំពោះអ្នកដែលនាំភ្ញៀវទេសចរងូតទឹក ឬអ្នកកីឡាហែលទឹកត្រូវការពារខ្លួនកុំឲ្យត្រចៀកប៉ះផ្ទាល់ជាមួយទឹក ដោយប្រើឧបករណ៍បិទត្រចៀក ឬយកដៃខ្ទប់ច្រមុះ ហើយលោតបែរខ្នងទៅមុន ឬអ្នកដែលលិបទឹកក្នុងជម្រៅជ្រៅគឺត្រូវប្រើ Valsalva maneuver  ដូចគ្នាដែរ តែធ្វើនៅពេលកំពុងលិបចូលទៅទីជ្រៅ។ ប្រសិនបើអ្នកមាននូវអាការៈដូចដែលបានរៀបរាប់ខាងលើ អ្នកត្រូវមកប្រឹក្សា និងពិនិត្យសុខភាពឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យជំនាញ ត្រចៀក ច្រមុះ និងបំពង់កដើម្បីទទួលបានការព្យាបាលមួយត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព ចំណាយថវិកាតិច និងជាសះស្បើយ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត សុខ ដាលី ឯកទេសត្រចៀក ច្រមុះ និងបំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួង អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Ear Nose Throat
Cholesteatoma ជំងឺត្រចៀកធ្ងន់ធ្ងរដែលត្រូវតែធ្វើការវះកាត់

ទម្រង់នៃការរលាកត្រចៀកកណ្តាលរ៉ាំរ៉ៃម៉្យាងត្រូវបានហៅថា Cholesteatoma ត្រចៀក បង្កឡើងពីកោសិកាស្បែកប្រភេទ épithélium pavimenteux ឬ simple squamous epithelium ដែលជ្រៀតចូលទៅក្នុងត្រចៀកកណ្តាល មានដំណើរវិវឌ្ឍយ៉ាងស្ងៀមស្ងាត់ឈានដល់កូនឆ្អឹងតូចៗ (Auditory Ossicle) នៃត្រចៀកកណ្តាល។ Cholesteatoma ត្រចៀកជាបញ្ហាចោទធ្ងន់ធ្ងរបំផុតមួយដែលពិបាកព្យាបាល បើប្រៀបធៀបជាមួយជំងឺកើតលើត្រចៀកផ្សេងទៀត។ បច្ចុប្បន្ន ប្រជាជនកម្ពុជាហាក់មានការប្រឈមច្រើនគួរឲ្យកត់សម្គាល់ ដោយសារពុំមានទម្លាប់ថែរក្សា និងត្រួតពិនិត្យត្រចៀកជាប្រចាំ រហូតទាល់តែមានសញ្ញា ឬឈឺទើបសម្រេចចិត្តមកជួបប្រឹក្សាជាមួយគ្រូពេទ្យ។ ជាក់ស្តែង Cholesteatoma កើតមានជាពិសេសចំពោះបុគ្គលមានបញ្ហារលាកត្រចៀករ៉ាំរ៉ៃ ដែលភាគច្រើននៅចន្លោះអាយុពី៥ឆ្នាំ ទៅ១៥ឆ្នាំ។ មូលហេតុ ការរលាកត្រចៀកកណ្តាលរ៉ាំរ៉ៃដែលជា Cholesteatoma កើតមានឡើងដោយសារមូលហេតុសំខាន់ៗរួមមាន៖ • ជំងឺដក់ទឹកក្នុងត្រចៀកកណ្តាលរ៉ាំរ៉ៃរយៈពេលយូរដែលបង្កឲ្យក្រដាសត្រចៀកកាន់តែស្តើង ប៉ះពាល់ដល់ភាពស្វិតនៃក្រដាសត្រចៀកធ្វើឲ្យក្រដាសត្រចៀកផតចូលក្នុង បន្ទាប់មកស្បែកនៅត្រចៀកខាងក្រៅលូនចូលទៅក្នុងតាមការផតនៃក្រដាសត្រចៀក ប៉ះពាល់ដល់ត្រចៀកកណ្តាល។ • អ្នកជំងឺធ្លាយក្រដាសត្រចៀក មានន័យថាគ្មានរនាំងការពាររយៈពេលយូរ ធ្វើឲ្យស្បែកនៅខាងក្រៅដុះលូនចូលទៅក្នុងត្រចៀកបង្កជា Cholesteatoma។ • មូលហេតុពីកំណើត គឺក្នុងពេលបង្កកំណើតទារកមានដុះនូវកោសិកាស្បែកមួយតូចនៅក្នុងត្រចៀកកណ្តាលតែម្តង ដែលកោសិកានេះលូតលាស់កាន់តែធំតាមវ័យ។ • អ្នកជំងឺមានបញ្ហាហូរសម្បោររ៉ាំរ៉ៃ មានខ្ទុះក្នុងច្រមុះ ឬមានដុះសាច់បំពង់កនៅផ្នែកខាងក្រោយ បង្កឲ្យស្ទះ និងរលាកត្រចៀកកណ្តាលរ៉ាំរ៉ៃ ដោយសារការស្ទះខ្យល់ក្នុងត្រចៀកដែលរ៉ាប់រងដោយ eustachain tube (សរីរាង្គដង្ហើមត្រចៀកមកបំពង់ក)។ • ការធ្លាយក្រដាសត្រចៀក ដោយសារការសម្អាតត្រចៀកខ្លួនឯង និងមិនបានប្រឹក្សាជាមួយគ្រូពេទ្យជំនាញ។ រោគសញ្ញា និងផលវិបាក Cholesteatoma មានដំណើរវិវឌ្ឍយ៉ាងស្ងប់ស្ងាត់ដោយដំបូងពុំធ្វើឲ្យអ្នកជំងឺមានសញ្ញាណាមួយឡើយ ឬមានត្រឹមអាការៈតិចតួចដែលមិនគួរឲ្យចាប់អារម្មណ៍ឬកត់សម្គាល់ឡើយ។ ភាគច្រើន អ្នកជំងឺអាចលេចចេញនូវសញ្ញាសម្គាល់ច្បាស់នៅពេលមានភាពធ្ងន់ធ្ងរទៅហើយរួមមានការឈឺចាប់ក្នុងត្រចៀកមួយចំហៀង ហូរខ្ទុះតាមត្រចៀក ឬហៅថាអំបៅអំបែកដែលមានក្លិនមិនល្អ ថយចុះសមត្ថភាពក្នុងការស្តាប់ឬរហូតបាត់បង់ការស្តាប់ និងវិលមុខ ដែលជាអាការៈបន្ទាប់បន្សំតែងជួបប្រទះ។ បន្ទាប់ពីរោគសញ្ញាកើតមានឡើងយូរខែ ឬយូរឆ្នាំដោយពុំបានទទួលការព្យាបាលត្រឹមត្រូវ នោះអ្នកជំងឺអាចនឹងប្រឈមជាមួយផលវិបាក នៅពេលប៉ះពាល់ដល់សរសៃប្រសាទទី៧ ដែលនាំឲ្យអ្នកជំងឺវៀចមាត់។ ម៉្យាងទៀត បញ្ហានេះអាចបង្កឲ្យរលាកឆ្អឹង mastoid ផ្នែកខាងក្រោយ ដែលបន្តរហូតរលាកត្រចៀកផ្នែកខាងក្នុង ហើយធ្វើឲ្យអ្នកជំងឺថ្លង់។ ប្រសិនបើមានការបង្ករោគដល់ Vestibular អ្នកជំងឺនឹងលេចចេញនូវអាការៈវិលមុខញឹកញាប់។ នៅទីបំផុតមេរោគអាចបង្កឲ្យមានរលាកស្រោមខួរក្បាល ឬរហូត មានខ្យល់ក្នុងខួរក្បាល និងអាប់សែខួរក្បាល ដែលធ្វើឲ្យអ្នកជំងឺស្លាប់បាន។ ការធ្វើរោគវិនិច្ឆ័យ ករណីសង្ស័យ អ្នកជំងឺនឹងតម្រូវឲ្យពិនិត្យដោយឆ្លុះត្រចៀក (Autoscope) ដែលអាចរកឃើញនូវដំបៅនៅផ្នែកខាងលើនៃក្រដាសត្រចៀក និងនៅគែមក្រដាសត្រចៀក ករណីធ្លាយ រួមជាមួយការសម្គាល់ឃើញដុំសៗច្រើន។ បើការពិនិត្យដោយឆ្លុះពុំអាចញែកបានឬរកមិនឃើញនោះអ្នកជំងឺនឹងតម្រូវឲ្យពិនិត្យដោយស៊ីធីស្គែន មើលលើឆ្អឹងត្រចៀក ឬរកមើលទីតាំង Cholesteatoma។ បន្ថែមពីការពិនិត្យទាំង ២ខាងលើ អ្នកជំងឺអាចនឹងត្រូវវាស់កម្រិតនៃការស្តាប់ដោយaudiogram ឬ PTA (Pure Tone audiometry) ព្រោះថាមានតែអ្នកជំងឺ cholesteatoma ប៉ុណ្ណោះដែលប៉ះពាល់ដល់ឆ្អឹងតូចៗនៅត្រចៀកកណ្តាលប្រសិនការស្តាប់ធ្លាក់ចុះខ្លាំង នោះមានន័យថា មានការខូចខាតកូនឆ្អឹង ឬការបញ្ជូនសំឡេងដាច់នៅផ្នែកណាមួយ។ វិធីសាស្ត្រព្យាបាល គួរបញ្ជាក់ថា គ្មានប្រភេទថ្នាំណាមួយដែលអាចព្យាបាល Cholesteatoma បានឡើយក្រៅពីការវះកាត់។ ជាទូទៅ ការវះកាត់នេះ ធ្វើឡើងនៅផ្នែកខាងក្រោយនៃត្រចៀកដើម្បីសម្អាតផ្នែករលាក ឬផ្នែកបង្ករោគ និងឆ្អឹងដែលខូចខាតចេញឲ្យអស់។ ការវះកាត់ Cholesteatoma ត្រចៀក ជាប្រភេទនៃការវះកាត់ពិបាកមួយ ដោយសារសរីរាង្គត្រចៀកមានទំហំតូចដែលមិនអាចមើលឃើញច្បាស់ដោយភ្នែកទទេនិងតម្រូវឲ្យប្រើមីក្រូទស្សន៍ពង្រីកក្នុងការវះកាត់។ ម៉្យាង សរីរាង្គត្រចៀកមានសរសៃច្រើនពិសេសសរសៃប្រសាទទី៧នៅផ្នែកខាងក្រោមបាតត្រចៀកដែលងាយនឹងប៉ះពេលវះកាត់ ក្នុងករណី Cholesteatoma ប៉ះដល់ឆ្អឹងការពារជុំវិញសរសៃប្រសាទនេះ។ វិធីសាស្រ្តការពារ • សម្អាតច្រមុះកុមារជានិច្ច ប្រសិនពួកគេតែងមានអាការៈតឹងច្រមុះ ឬហៀរសម្បោរជាប្រចាំ • ស្វែងរកការប្រឹក្សា និងព្យាបាលប្រសិនមានជំងឺដុះសាច់បំពង់កផ្នែកខាងក្រោយដែលតែងបង្ហាញចេញជាការស្រមុកខ្លាំង។ គួរចៀសវាងការសម្អាតត្រចៀកដោយខ្លួនឯង ដោយហេតុថាវាអាចចម្លងមេរោគផ្សិត ឬបង្កឲ្យធ្លាយក្រដាសត្រចៀក និងត្រូវជួបប្រឹក្សាជាមួយគ្រូពេទ្យឯកទេសឲ្យបានឆាប់បំផុតបើមានសញ្ញានៃបញ្ហាត្រចៀកណាមួយកើតឡើង។ បកស្រាយដោយ៖ សាស្រ្តាចារ្យ សុខ គួង អនុប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Ear Nose Throat
ភាពធ្ងន់ធ្ងរនៃជំងឺអំបៅអំបែកត្រចៀកដែលអាចប៉ះពាល់ដល់អាយុជីវិតអ្នក

ជំងឺអំបៅអំបែកត្រចៀក ជាការរលាករ៉ាំរ៉ៃនៃត្រចៀកកណ្តាល បង្កឡើងដោយសារមេរោគ។ តាមការប៉ាន់ប្រមាណប្រជាជនកម្ពុជាភាគច្រើនបាននិងកំពុងប្រឈមជាមួយបញ្ហានេះ ដែលស្តែងឡើងតាមសណ្ឋាននៃអំបៅអំបែកធម្មតា និងអំបៅអំបែកកម្រិតធ្ងន់ហើយបង្កឲ្យមានគ្រោះថ្នាក់ដោយមិនដឹងខ្លួន។ បុគ្គលប្រឈមខ្ពស់ ភាគច្រើនជំងឺអំបៅអំបែកត្រចៀកកើតមានលើក្មេងតូចៗអាយុក្រោម ៧ឆ្នាំ ដោយសាររន្ធមួយដែលឆ្លងពីត្រចៀកកណ្តាលមកច្រមុះមានប្រវែងខ្លី ធំហើយផ្តេកដែលជាលក្ខខណ្ឌមួយងាយឲ្យមេរោគឆ្លងចូល។ មួយវិញទៀតអំបៅអំបែកនេះ កើតមានក្នុងកម្រិតគួរឲ្យកត់សម្គាល់ចំពោះកុមារដែលរស់នៅក្នុងតំបន់កង្វះអនាម័យ និងកង្វះអាហារូបត្ថម្ភផងដែរ។ មូលហេតុ ការកកើតនៃជំងឺអំបៅអំបែក ទាក់ទងជាពិសេសទៅនឹងការចម្លងរោគនៅសរីរាង្គផ្លូវដង្ហើមផ្នែកខាងលើ។ មានកត្តារួមផ្សំផ្សេងៗទៀតផងដែរដូចជាការកើតជំងឺផ្តាសាយញឹកញាប់ ជំងឺឆ្លងនៃផ្លូវដង្ហើមខាងលើកញ្ជ្រឹល ក្អកមាន់ ការដុះសាច់បំពង់ក សាច់ដុះពីច្រមុះមកក ការរលាកប្រអប់ឆ្អឹងស៊ីនីសសងខាងច្រមុះ អាល្លែកហ្ស៊ីច្រមុះ ការមានដុំសាច់នៅចន្លោះច្រមុះ និងបំពង់ក ការដាក់ ឬប្រើឧបករណ៍ឃាត់ឈាមនៅច្រមុះណែនពេកនាំឲ្យស្ទះរន្ធដល់ត្រចៀកកណ្តាល និងភាពមិនធម្មតានៃច្រមុះ ឬឆែបមាត់។ រោគសញ្ញា សញ្ញាណដំបូង អ្នកជំងឺអំបៅអំបែកអាចមានការឈឺចាប់ ថយចុះសមត្ថភាពក្នុងការស្តាប់ ឬស្តាប់មិនឮតែម្តង ហ៊ឹងត្រចៀក ក្តៅខ្លួន ក្រដាសត្រចៀកឡើងក្រហម ប៉ោងចេញក្រៅ នៅពេលបែក ឬធ្លាយក្រដាសត្រចៀកនោះនឹងមានហូរទឹកចេញពីត្រចៀកមកក្រៅ។ ការធ្វើរោគវិនិច្ឆ័យ អ្នកជំងឺនឹងតម្រូវឲ្យធ្វើការពិនិត្យត្រចៀក សម្អាតត្រចៀកប្រសិនមានហូរទឹកចេញមកក្រៅ បន្ទាប់មកពិនិត្យដោយអង់ដូស្កុប ឬអូតូស្កុប ដាក់ចូលក្នុងត្រចៀក ហើយវានឹងបង្ហាញនូវរូបភាពដូចជាការរហែកក្រដាសត្រចៀករួមជាមួយខ្ទុះនៅជាប់នឹងក្រដាសត្រចៀកដែលរហែកនោះ មានហូរទឹកចេញពីត្រចៀក ហើម ក្រហម និងអាចមើលឃើញដល់ត្រចៀកកណ្តាល។ ការព្យាបាល ជាទូទៅ អ្នកជំងឺនឹងត្រូវព្យាបាលទៅតាមសណ្ឋាននៃអំបៅអំបែក រួមមាន៖ • អំបៅអំបែកធម្មតា ដែលគ្រាន់តែមានការហូរទឹក ការរហែកក្រដាសត្រចៀកដែលមិនប៉ះពាល់ដល់អាយុជីវិត អ្នកជំងឺនឹងត្រូវព្យាបាលដោយការប្រើថ្នាំសម្ងួតទឹកដែលហូរចេញពីត្រចៀក និងបិតក្រដាសត្រចៀករហែកដែលជួយដល់ការស្តាប់ឲ្យបានប្រហែលនឹងត្រចៀកធម្មជាតិរបស់អ្នកជំងឺហើយលែងមានហូរទឹកតទៅទៀត។ • អំបៅអំបែកកម្រិតធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិត ឬអំបៅអំបែកដែលមាន cholesteatoma អ្នកជំងឺនឹងតម្រូវឲ្យធ្វើការព្យាបាលដោយការវះកាត់ធំ ដើម្បីធ្វើការសម្អាតក្នុងប្រអប់ត្រចៀកកណ្តាល ដោយយកចេញនៃ cholesteatoma ធ្វើការកោសនូវឆ្អឹងពុកៗចេញ និងជួយឲ្យអ្នកជំងឺស្តាប់បានវិញតាមកម្រិតសមស្របមួយ។ ផលវិបាក ការពុំទទួលបានការព្យាបាលត្រឹមត្រូវ ឬយឺតយ៉ាវជំងឺអំបៅអំបែកអាចធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពនៃការស្តាប់ ទៅជាស្តាប់មិនឮ មានហៀរទឹកពីក្នុងរន្ធត្រចៀក និងប៉ះពាល់ដល់ទំនាក់ទំនងក្នុងសង្គម។ លក្ខណៈធ្ងន់ធ្ងរផ្សេងទៀត អាចឲ្យអ្នកជំងឺមានការវិវឌ្ឍទៅជា វៀចមាត់ដោយសារមានការបំផ្លាញសរសៃប្រសាទទី៧ ងាយវិលមុខពេលងាកចុះឡើងបន្តិចបន្តួច មេរោគឆ្លងដល់ខួរក្បាល បង្កឲ្យរលាកស្រោមខួរ អាប់សែក្នុងខួរក្បាល  និងអាចឲ្យអ្នកជំងឺស្លាប់បាន។ វិធីសាស្ត្របង្ការ ការពារពីមូលហេតុ ដោយត្រូវស្វែងរកការព្យាបាលឲ្យបានទាន់ពេលវេលាប្រសិនមានជំងឺឆ្លងនៅប្រព័ន្ធដង្ហើមផ្នែកខាងលើ ករណីមានដុះសាច់បំពង់កអាចនឹងតម្រូវឲ្យកាត់ចេញ បើមានដុះសាច់នៅតំបន់ចន្លោះច្រមុះ-កចំពោះក្មេង ត្រូវកោសចេញ និងកាត់បន្ថយ ឬទប់ស្កាត់បញ្ហាអាល្លែកហ្ស៊ី។ សម្រាប់អ្នកប្រកបវិជ្ជាជីវសុខាភិបាល ប្រសិនជួបអ្នកជំងឺអំបៅអំបែកសូមប្រញាប់បញ្ជូនមកកាន់ផ្នែកត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រក្បាល និងកឲ្យបានទាន់ពេលវេលា ព្រោះមួយផ្នែកតូចនៃបញ្ហានេះអាចប៉ះពាល់ដល់ទំនាក់ទំនងក្នុងសង្គម និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ ចំពោះប្រជាជនគ្រប់រូបបើមានសញ្ញាសង្ស័យណាមួយដូចខាងលើសូមប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់ដើម្បីទទួលបានការព្យាបាលសមស្រប និងទាន់ពេលវេលា។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្តី ហេលស៍ថាម ប្រូ លេខ​ ៨៣ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ូ រដ្ឋា ឯកទេសត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រក្បាល និងក មានតួនាទីជាប្រធានបច្ចេកទេសនៃមន្ទីរពេទ្យព្រះអង្គឌួង និងជាអនុប្រធានមន្ទីរសំរាកព្យាបាលលុច្ស 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Ear Nose Throat Ear Nose Throat Ear Nose Throat
សញ្ញានៃជំងឺរលាកឆ្អឹងត្រចៀក Mastoid ដែលអ្នកគួរដឹង

Mastoiditis ជាពាក្យបច្ចេកទេសសំដៅដល់ការរលាកនៃឆ្អឹង Mastoid ដែលស្ថិតនៅផ្នែកខាងក្រោយនៃត្រចៀក។ ជាក់ស្តែងសម្រាប់ពិភពលោកគេរកឃើញជំងឺនេះកើតមានក្នុងកម្រិត ១/២៥០០០ រីឯនៅកម្ពុជាហាក់មានការកើតឡើងច្រើនជាងនេះ។ Mastoiditis ជាជំងឺប្រឈមខ្ពស់ចំពោះកុមារអាយុតិចជាង ២ឆ្នាំ ដែលគេហៅថាជាការរលាកឆ្អឹង Mastoid ស្រួចស្រាវ និងជាប្រភេទធ្ងន់ធ្ងរអាចប៉ះពាល់ដល់អាយុជីវិតរបស់កុមារ ឯចំពោះមនុស្សចាស់ ច្រើនជាការរលាករ៉ាំរ៉ៃ។ ការរលាកឆ្អឹង Mastoid នេះអាចនឹងវិវឌ្ឍកាន់តែមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលទាមទារឲ្យអ្នកស្វែងយល់នូវសញ្ញាសំខាន់ៗ ដូចខាងក្រោម៖ មូលហេតុ និងកត្តាជំរុញនៃ Mastoiditis ភាគច្រើននៃការរលាកឆ្អឹង Mastoid បង្កពីបាក់តេរី Pneumococcus ដែលរស់នៅនឹងត្រចៀក-ច្រមុះ-បំពង់ក និងបាក់តេរី Pseudomonas aeruginosa Hemophilus influenzae។ ការរលាកនេះ កើតឡើងបន្ទាប់ពីមានការរលាកត្រចៀកកណ្តាលស្រួចស្រាវចំពោះកុមារដែលមិនបានទទួលការព្យាបាលទាន់ពេល ឬមិនត្រឹមត្រូវ។ សម្រាប់មនុស្សចាស់ ឬអ្នកដែលវ័យចាប់ពី ៣០ឆ្នាំឡើងទៅ Mastoiditis កើតពីការរលាកត្រចៀកកណ្តាលរ៉ាំរ៉ៃ ឬហៅថាអំបៅអំបែក។ គួរបញ្ជាក់ថា អ្នកដែលងាយនឹងរងការរលាកត្រចៀកកណ្តាលរួមមាន៖ • អ្នកជំងឺរលាកសាច់បំពង់កផ្នែកខាងក្រោយ ធ្វើឲ្យរលាកត្រចៀកកណ្តាល និងអាចឆ្លងបន្តទៅ Mastoid • អ្នកជំងឺរលាកច្រមុះរ៉ាំរ៉ៃ ងាយធ្វើឲ្យខ្ទុះ ឬសម្បោរហូរធ្លាក់ទៅក្នុងបំពង់ក និងឡើងដល់ត្រចៀក។ សញ្ញាបញ្ជាក់ពី Mastoiditis អ្នកជំងឺអាចមានអាការៈឈឺក្នុងរន្ធត្រចៀក បន្ទាប់មកឈឺផ្នែកខាងក្រោយត្រចៀកអ្នកខ្លះមានហៀរខ្ទុះពីក្នុងត្រចៀក ហើយមានពណ៌ក្រហមនៅតំបន់ Mastoid ខាងក្រោយត្រចៀក ប៉ោងរលោង និងទន់ពេលប៉ះ។ ករណីខ្លះវាឡើងប៉ោងរហូតដល់អាចរុញស្លឹកត្រចៀកមកខាងមុខ និងឲ្យរន្ធត្រចៀករួមតូចផងដែរ។ សញ្ញាធ្ងន់ធ្ងរអាចរហូតហៀរខ្ទុះចេញពីផ្នែកខាងក្រោយត្រចៀកដែលអាចឲ្យអ្នកជំងឺច្រឡំថាជាការកើតបូស។ ក្រៅអំពីសញ្ញាពិសេសៗខាងលើ អ្នកជំងឺក៏អាចមានអាការៈរួមផ្សំផ្សេងទៀតដូចជា ក្តៅខ្លួនញាក់ចំពោះកុមារ ឬក្ដៅស្ទេញៗ ឈឺក្បាលចំពោះមនុស្សចាស់ និងមានការថយចុះនូវកម្រិតនៃការស្តាប់។ ការធ្វើរោគវិនិច្ឆ័យ ជាដំបូងគ្រូពេទ្យនឹងធ្វើការពិនិត្យលើសញ្ញាគ្លីនិកដោយធ្វើការសាកសួរលម្អិតពីប្រវតិ្តជំងឺ បន្ទាប់មកអ្នកជំងឺនឹងតម្រូវឲ្យធ្វើរោគវិនិច្ឆ័យដោយប្រើ Otoscope ឆ្លុះចូលក្នុងរន្ធត្រចៀកដើម្បីរកវត្តមានខ្ទុះក្នុងត្រចៀក និងសភាពក្រដាសត្រចៀក។ ប្រសិនមានខ្ទុះ គ្រូពេទ្យនឹងយកខ្ទុះនោះទៅបណ្ដុះបន្ថែមរកមេរោគបង្ក។ ករណីមិនអាចញែកដាច់ថាជាការរលាក Mastoid អ្នកជំងឺអាចនឹងត្រូវស្នើសុំឲ្យស្កែនមើលឆ្អឹង Mastoid បន្ថែមទៀត។ របៀបព្យាបាល Mastoiditis ការព្យាបាលត្រូវធ្វើឡើងបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងខុសៗគ្នាអាស្រ័យតាមដំណាក់កាលរបស់អ្នកជំងឺ។ សម្រាប់ដំណាក់កាលទី១ ដែលជាការរលាក Mastoid ស្រួចស្រាវ ឬនៅថ្មីៗ និងគ្មាននូវផលវិបាកធ្ងន់ធ្ងរ នោះអ្នកជំងឺនឹងត្រូវព្យាបាលដោយការប្រើថ្នាំ រួមផ្សំជាមួយអង់ទីប៊ីយ៉ូទិកទំនើបសមស្របតាមប្រភេទមេរោគដែលបានរកឃើញ។ អំឡុងពេលនៃការព្យាបាលគ្រូពេទ្យនឹងវាយតម្លៃនៃការព្យាបាលនោះ ប្រសិនអ្នកជំងឺហាក់មិនធូរស្រាលដោយការព្យាបាលដោយថ្នាំទេនោះ ការវះកាត់ជាវិធីសាស្ត្របន្ទាប់។ គួរបញ្ជាក់ផងដែរថា ការវះកាត់នេះធ្វើឡើងនៅតំបន់ Mastoid ខាងក្រោយដើម្បីយកចេញនូវផ្នែកដែលរលាក រួចប្រើប្រាស់ថ្នាំបន្តទើបអាចទទួលបានការជាសះស្បើយ។ ផលវិបាកនៃការព្យាបាលយឺតយ៉ាវ Mastoiditis ត្រូវបានចាត់ទុកជាជំងឺធ្ងន់ធ្ងរដោយផ្អែកលើផលវិបាកដែលធ្វើឲ្យពិបាកក្នុងការព្យាបាលនិងអាចបង្កឱ្យស្លាប់ក្នុងកម្រិតខ្ពស់ដូចខាងក្រោម៖ • ការស្តាប់ត្រូវបានថយចុះខ្លាំង រហូតដល់ខូចប្រព័ន្ធបញ្ជូនសំឡេង និងអាចប៉ះពាល់រហូតដល់ត្រចៀកខាងក្នុងបង្កឲ្យបាត់បង់ការស្តាប់ទាំងស្រុង • មេរោគចេញពី Mastoid ចូលដល់ក្នុងឈាមដែលអាចឲ្យអ្នកជំងឺស្លាប់បានបើសង្គ្រោះមិនទាន់ពេល • មេរោគអាចជ្រៀតចូលទៅភ្នាសខួរក្បាល ធ្វើឲ្យរលាកភ្នាសខួរក្បាល (Meningitis) • មេរោគចូលដល់ក្នុងខួរក្បាលអាចបង្កឲ្យមានអាប់សែខួរក្បាល (Brain abscess) • មេរោគអាចធ្វើឲ្យមានផលប៉ះពាល់ដល់សរសៃឈាមវ៉ែនដែលមាននាទីនាំឈាមពីខួរក្បាលទៅបេះដូងបង្កជាការរលាក (Thrombophlebitis Sinus Sigmoidei) ដែលពិបាកក្នុងការព្យាបាល • បង្កជាការរលាកសរសៃប្រសាទទី៧ ធ្វើឲ្យអ្នកជំងឺវៀចមាត់ (Facial paralysis)។ ការការពារពី Mastoiditis ចៀសវាងនូវមូលហេតុបង្កដូចរៀបរាប់ខាងលើអាចកាត់បន្ថយហានិភ័យនៃការរលាក Mastoid ដោយប្រសិទ្ធភាព ដែលរួមមាន៖ • ចាក់វ៉ាក់សាំងបង្ការមេរោគភ្នឺម៉ូកុក (Pneumocoque) ចំពោះក្មេងតូចៗ ដែលជាមេរោគសម្បូរបំផុតនៅផ្លូវដង្ហើម • ប្រុងប្រយ័ត្នការពារកុំឲ្យក្មេងមានការរលាកត្រចៀកកណ្តាលស្រួចស្រាវដោយកុំឲ្យពួកគេមានអាការៈហូរសម្បោររ៉ាំរ៉ៃ • ចៀសវាងឲ្យក្មេងទទួលទានអាហារដែលអាចប៉ះពាល់ ឬរលាកដល់បំពង់ក ដូចជាទឹកកក ការ៉េម ទឹកក្រូច ឬស្ករគ្រាប់។ សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះកុមារអាយុក្រោម២ឆ្នាំ ធ្វើយ៉ាងណាកុំឲ្យពួកគេមានជំងឺផ្តាសាយញឹកញាប់ ពិសេសអំឡុងពេលនៃការផ្លាស់ប្តូរអាកាសធាតុពីក្តៅមកត្រជាក់ ឬនៅរដូវវស្សា ទាំងអាហាររបៀបរស់នៅ និងគួរចេះប្រើប្រាស់សេរ៉ូមប្រៃលាងច្រមុះ។ ករណីក្មេងតូចៗដែលមិនអាចប្រាប់ពីសញ្ញានៃការឈឺត្រចៀករបស់ពួកគេបាន ឪពុកម្តាយត្រូវចំណាំនៅពេលក្មេងយំអំឡុងម៉ោង១២យប់ និងយកដៃខ្ទប់ត្រចៀក ឬមានសញ្ញាមិនប្រក្រតីណាមួយគួរជួបប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់។ ដូចគ្នាផងដែរ ករណីមនុស្សចាស់មានជំងឺអំបៅអំបែក ឬរលាកត្រចៀកកណ្តាលរ៉ាំរ៉ៃ គួរជួបគ្រូពេទ្យដើម្បីធ្វើការព្យាបាលសមស្របឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ៖ សាស្រ្តាចារ្យ សុខ គួង អនុប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Ear Nose Throat
អ្នកណាខ្លះដែលអាចប្រឈមនឹងជំងឺផ្សិតក្នុងត្រចៀក?

សរីរាង្គត្រចៀកត្រូវបានបែងចែកជាបីរួមមានផ្នែកខាងក្រៅ កណ្តាល និងផ្នែកខាងក្នុងដែលមានតួនាទីដោយឡែកៗពីគ្នា។ ជាក់ស្តែង ផ្នែកខាងក្រៅសម្រាប់ស្តាប់ ផ្នែកកណ្តាលសម្រាប់បញ្ជូន និងផ្នែកខាងក្នុងសម្រាប់បញ្ជូនបន្តទៅកាន់ខួរក្បាល។ ចំពោះបញ្ហាមួយនៃត្រចៀកផ្នែកខាងក្រៅ ដែលហាក់ត្រូវបានសម្គាល់ឃើញថាកើតមានច្រើនស្ថិតនៅលំដាប់លេខ ២ ចំពោះប្រជាជនកម្ពុជាបច្ចុប្បន្ន នោះគឺជាការបង្ករោគដោយពពួកផ្សិត ឬភាសាបច្ចេកទេសហៅថា Otomycosis ។ កត្តាបង្កឲ្យមានផ្សិតក្នុងត្រចៀក យោងតាមការសិក្សាទាំងក្នុង និងក្រៅប្រទេសបានបង្ហាញថាបុគ្គលដែលងាយឆ្លងមេរោគផ្សិតនៅត្រចៀករួមមាន៖ • អ្នកស្តាប់មិនឮដែលប្រើប្រាស់ឧបករណ៍ជំនួយការស្តាប់នៅត្រចៀកជាប្រចាំ • អ្នកនិយមពាក់កាសនៅត្រចៀកស្តាប់ចម្រៀង ឬអ្វីផ្សេងៗ • ការហែលទឹក ដូចជាកីឡាករហែលទឹក ឬអ្នកនិយមចូលចិត្តហែលទឹកក្នុងអាងហែលទឹកញឹកញាប់ ឬអ្នកហែលទឹកមិនស្អាតនៅជនបទ តាមស្រះត្រពាំងនិងប្រឡាយ • ការសម្អាតត្រចៀក ដែលប្រើប្រាស់សម្ភារៈសម្អាតបន្តគ្នាពីម្នាក់ទៅម្នាក់ដោយមិនបានសម្លាប់មេរោគផ្សិតត្រឹមត្រូវ ឬគ្រាន់តែជូតនឹងអាល់កុលដែលមិនអាចសម្លាប់ពពួកផ្សិតបាន។ ក្រៅអំពីមូលហេតុខាងលើ ជំងឺផ្សិតនៅត្រចៀកអាចនឹងកើតមានឡើង ឬមានការវិវឌ្ឍលឿនចំពោះអ្នកជំងឺទឹកនោមផ្អែម និងអ្នកជំងឺឆ្លងមួយចំនួនដូចជាអ្នកជំងឺអេដស៍ជាដើម។ ដំណាក់កាលនៃរោគសញ្ញាផ្សិតត្រចៀក បន្ទាប់ពីបានឆ្លងចូលនូវពពួកផ្សិតទៅក្នុងត្រចៀកអ្នកជំងឺអាចមានលេចចេញនូវរោគសញ្ញាដូចជា រមាស់ត្រចៀក ឈឺត្រចៀក ហូរទឹករងៃ ឬហូរខ្ទុះពណ៌ប្រផេះឬខ្មៅ ពីក្នុងត្រចៀក បន្ទាប់មកអ្នកជំងឺអាចនឹងមានអាការៈហ៊ឹងត្រចៀក និងស្តាប់មិនសូវឮ។ ការធ្វើរោគវិនិច្ឆ័យបញ្ជាក់ពីវត្តមានផ្សិតត្រចៀក ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់អំពីការបង្ករោគដោយពពួកផ្សិតនៅក្នុងត្រចៀក ឬផ្សិតត្រចៀក គ្រូពេទ្យត្រូវយកអ្នកជំងឺទៅពិនិត្យដោយម៉ាស៊ីន Endoscope ឬ Otoscope លើសពីនេះយើងអាចកៀរ ឬផ្ដិតយកទៅពិនិត្យមើលដោយឧបករណ៍មីក្រូទស្សន៍នៃមន្ទីរពិសោធន៍ (ឧបករណ៍ដែលគេយកទៅកៀរ ឬផ្ដិតនោះគឺឈើ ១ដើម នៅខាងចុងមានសំឡីដាក់ក្នុងទីបមួយបិតជិត ដែលភាសាអង់គ្លេសហៅថា Cotton swabs) ក្នុងគោលបំណងញែកឲ្យដឹងថាជាពពួកផ្សិត ឬបាក់តេរី។ ការព្យាបាលផ្សិតត្រចៀក ក្រោយពីធ្វើរោគវិនិច្ឆ័យបញ្ជាក់ថាជាការបង្ករោគដោយពពួកផ្សិតហើយគ្រូពេទ្យនឹងធ្វើការសម្អាតត្រចៀករបស់អ្នកជំងឺឲ្យស្អាតទើបឲ្យអ្នកជំងឺប្រើប្រាស់ថ្នាំ។ ប្រភេទថ្នាំទាំងនោះអាចខុសៗគ្នាតាមកម្រិតភាពធ្ងន់ ឬស្រាលរបស់អ្នកជំងឺ ដូចជា ថ្នាំតំណក់សម្រាប់បន្តក់ក្នុងត្រចៀកឈ្មោះ Clotrimazol ១% បន្តក់ម្ដង ២-៣តំណក់ ១ថ្ងៃ ២-៣ដង រយៈពេល ១៤ថ្ងៃ ឬជាថ្នាំ Fluconazol, Econazol ថ្នាំលេប Itraconazol ១០០មិល្លីក្រាម លេប ១គ្រាប់ ១ដង រយៈពេល ២សប្តាហ៍។ ប្រសិនអ្នកជំងឺពុំទទួលបានការព្យាបាលទាន់ពេលវេលា ឬព្យាបាលមិនត្រឹមត្រូវនោះផលប៉ះពាល់ធ្ងន់ធ្ងរអាចនឹងកើតមានឡើងដូចជារលាកត្រចៀក និងរហែកក្រដាសត្រចៀកប៉ះពាល់ដល់ការស្តាប់ជាដើម។ យុទ្ធសាស្ត្រការពារពីផ្សិតនៅត្រចៀក • សម្រាប់អ្នកប្រើឧបករណ៍ជំនួយក្នុងការស្តាប់ត្រូវសម្អាតដៃ និងយកសំឡីអាល់កុលជូតឧបករណ៍មុនពេលពាក់ • ចៀសវាងការពាក់កាស ឬបើពាក់ត្រូវលាងសម្អាតដៃមុនពេលពាក់ • ចៀសវាងការប្រើសម្ភារៈមិនស្អាតលូកចូល ឬត្បារក្នុងត្រចៀក • កាត់បន្ថយ ឬចៀសវាងការកាត់សក់ ហើយសម្អាតត្រចៀកនៅតាមហាងដែលប្រើសម្ភារៈបន្តគ្នា • ចំពោះកីឡាករ ឬអ្នកចូលចិត្តហែលទឹក ត្រូវការពារកុំឲ្យត្រចៀកប៉ះផ្ទាល់ជាមួយទឹក ដោយប្រើឧបករណ៍ពាក់ត្រចៀកពេលហែល ឬពាក់មួកបិតដល់ត្រចៀកជាដើម។ សម្រាប់អ្នកប្រកបវិជ្ជាជីវសុខាភិបាល សូមត្រួតពិនិត្យឲ្យបានម៉ត់ចត់ ឬបញ្ជូនអ្នកជំងឺមកកាន់ផ្នែកឯកទេសត្រចៀក ច្រមុះ បំពង់កដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ ថាបង្កពីផ្សិតឬបាក់តេរី មុនពេលផ្តល់វេជ្ជបញ្ជាដល់អ្នកជំងឺ។ ចំពោះប្រជាជន សូមកុំព្យាយាមយកសម្ភារៈ ឬឧបករណ៍ណាមួយមកត្បារ ឬកេះក្នុងត្រចៀកដាច់ខាត ហើយសូមមកប្រឹក្សាជាមួយគ្រូពេទ្យឯកទេសត្រចៀកច្រមុះ បំពង់ក។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត កៅ សែ នាយផ្នែកត្រចៀក ច្រមុះ បំពង់កនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Ear Nose Throat
តើខ្ញុំមានជំងឺប្រកាំងឬ?

ឈឺក្បាលយូរ គួរគិតដល់បញ្ហាអ្វីខ្លះទៅ? ឬឲ្យតែឈឺក្បាលយូរ សុទ្ធតែជាជាជំងឺប្រកាំងមែនទេ? ដើម្បីស្រាយចង្ងល់នូវសំណួរទាំងនេះអត្ថបទខាងក្រោម អាចជាចម្លើយសម្រាប់មិត្តអ្នកអានទាំងឡាយបាន… សំណួរ៖ ខ្ញុំបាទអាយុ២៣ឆ្នាំ ភេទប្រុស កម្ពស់១ម៉ែត្រ៦២ ទម្ងន់៥៥គីឡូក្រាម មុខរបរជា និស្សិត។ រយៈពេល២ឆ្នាំកន្លងមកនេះ ខ្ញុំមានអាការៈឈឺក្បាល គេងមិនសូវលក់ និងហេវហត់ ជាខ្លាំង ហើយភាគច្រើនខ្ញុំតែងតែស្វែងរកការ ព្យាបាលដោយការប្រើថ្នាំឈឺក្បាល ឬផ្តាសាយ ប៉ុណ្ណោះ។ ខ្ញុំបាទចង់សួរទៅកាន់លោកវេជ្ជបណ្ឌិតថា ការឈឺក្បាលរយៈពេលយូរបែបនេះនឹងប៉ះពាល់ដល់ខួរក្បាលខ្ញុំដូចម្តេចខ្លះ? តើគួរតែព្យាបាលបែបណា ទើបមានប្រសិទ្ធភាព? តើនេះជា ជំងឺប្រកាំង ឬយ៉ាងណា? ចម្លើយ៖ ទាក់ទងនឹងកត្តាឈឺក្បាល និងការហេវហត់ត្រូវពិនិត្យមើលលើសុខភាពទូទៅ ថាមានខ្វះគ្រាប់ឈាមក្រហម គ្រាប់ឈាមមិនមានមេរោគ បានចាក់ថ្នាំបង្ការគ្រប់ចំនួន។ ទោះជាយ៉ាង ណាក៏ដោយ ប្រសិនបើមិនមានអាការៈជំងឺផ្សេង ទៀតទេ ព្រមទាំងធ្វើតាមបទដ្ឋានត្រឹមត្រូវហើយ នៅតែឈឺក្បាលទៀត ដូចនេះត្រូវចោទសួរថាតើការឈឺក្បាលបណ្តាលមកពីមូលហេតុអ្វី? ការឈឺក្បាលរយៈពេលយូរ មានលក្ខណៈឈឺបាត់ៗ តែមិនមានភាពធ្ងន់ធ្ងរអ្វីទេ ការឈឺនេះអាចទាក់ ទងនឹងអារម្មណ៍ច្រើនជាង។ បើមានជាដុំសាច់ផ្សេងៗក្នុងខួរក្បាល ឬការប៉ះពាល់ដល់ប្រព័ន្ធ ប្រសាទ វាមិនប្រាកដថាមានតែឈឺក្បាលមួយមុខទេ អាចមានលេចចេញជាសញ្ញាផ្សេងៗទៀត ដូចជាមិនអាចកម្រើកដៃ ឬជើងបាន រឹងក ឡើងកម្តៅ ស្ពឹក ប៉ះពាល់លើភ្នែក ឬត្រចៀកជាដើម។ បើសិនជាប្រកាំង ការឈឺត្រូវមានលក្ខណៈពិសេសដូចជាឈឺមួយចំហៀង ឆ្វេង ឬស្តាំ រយៈពេលឈឺតិចជាង ៧២ ម៉ោង ហើយការឈឺមាន ពេលវេលាច្បាស់លាស់ និងមានអាការៈក្អួតចង្អោរ ស្រវាំងភ្នែកជាដើម។ ប៉ុន្តែការជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត ផ្នែកប្រព័ន្ធសរសៃប្រសាទ ខួរក្បាល និងសរសៃប្រសាទ ដើម្បីធ្វើរោគវិនិច្ឆ័យ ឲ្យបានត្រឹមត្រូវទើបជាការប្រសើរ។ បកស្រាយដោយ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាមខួរក្បាល នាយផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Ear Nose Throat Ear Nose Throat Ear Nose Throat Neurology Neurology Neurology Neurology
តើឈឺក្បាលអាចព្យាបាលឲ្យជាដាច់បានដែរឬទេ?

  ការឈឺក្បាល គឺសំដៅដល់ការឈឺចាប់ត្រង់តំបន់ក្បាលរួមផ្សំជាមួយការឈឺនៅត្រង់ភ្នែក ត្រចៀក មុខ ឬកញ្ចឹងកជាដើម។ វាជាបញ្ហាសរសៃប្រសាទមួយដែលតែងជួបប្រទះចំពោះមនុស្សគ្រប់វ័យទាំងអស់ ជាពិសេសកើតឡើងកាន់តែញឹកញាប់ទៅលើមនុស្សពេញវ័យ និងប្រែជាថយចុះទៅវិញនៅពេលវ័យកាន់តែចាស់។ ថ្វីត្បិតការឈឺក្បាលមិនបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ប៉ុន្តែវាពិតជារំខានដល់ការងារ ក៏ដូចជាការរស់នៅប្រចាំថ្ងៃរបស់អ្នកខ្លាំងណាស់។ ដូច្នេះ អ្នកគួរស្វែងរកការព្យាបាលមួយដ៏សមស្របជាមួយគ្រូពេទ្យជំនាញ ជាជាងការប្រើប្រាស់ថ្នាំដោយខ្លួនឯងដែលជាហេតុបង្កឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។ សំណួរ៖ ខ្ញុំបាទអាយុ២១ឆ្នាំ ភេទប្រុស កម្ពស់១ម៉ែត្រ៦០ ទម្ងន់៥៤គីឡូក្រាម មុខរបរជានិស្សិត។ យូរៗម្តងខ្ញុំមានរោគសញ្ញាឈឺក្បាល និងថប់ដង្ហើម ហើយធ្លាប់ទទួលបានការព្យាបាលដោយប្រើប្រាស់ថ្នាំប៉ាណាដុល ឬប្រូខូល ប៉ុន្តែមិនមានប្រើថ្នាំប្រចាំកាយអ្វីទេ។ ខ្ញុំចង់សួរថា តើហេតុអ្វី មនុស្សត្រូវតែឈឺក្បាល? តើការឈឺក្បាលនេះ អាចព្យាបាលឲ្យជាដាច់បានទេ? ចម្លើយ៖ ការឈឺក្បាលចែកចេញជាពីរ ការឈឺក្បាលដោយអារម្មណ៍ និងការឈឺលើប្រព័ន្ធប្រសាទខួរក្បាល។ គ្មាននរណាម្នាក់ដែលមិនធ្លាប់ឆ្លងកាត់ការឈឺក្បាលនោះទេ។ ការឈឺចាប់ជាការផ្តល់ព័ត៌មានតាមរយៈកន្លែងផ្សេងៗមកឲ្យខួរក្បាល ដែលហៅថាមណ្ឌលប្រសាទកណ្តាល ដែលជាអ្នកបកប្រែការឈឺចាប់ ហេតុនេះបានជាពេលយើងគេងលក់ ឬប្រើថ្នាំសន្តំ នោះការឈឺចាប់ គឺលែងមាន។ អារម្មណ៍ឈឺក្បាលមានការព្យាបាលសាមញ្ញដោយគ្រាន់តែលុបបំបាត់មូលហេតុដែលធ្វើឲ្យឈឺក្បាលណាមួយ។ មុខរបរជានិស្សិតតែងតែមានការឈឺក្បាលដោយសារតែមានភាពរវល់នឹងការសិក្សា។ ការហាត់ប្រាណ សម្រាកឲ្យបានគ្រប់គ្រាន់ និងញ៉ាំអាហារឲ្យបានទៀងទាត់ ស្តាប់ចម្រៀងបន្ធូរភាពតានតឹង ឬពេលក្រោក​ពីគេងអាចញ៉ាំទឹកមួយកែវយឺតៗ ដាក់ដៃលើកញ្ចឹង​ក ងាកកយឺតៗ២ទៅ៥នាទីដោយខ្លួនឯង ក៏អាចមានភាពធូរស្រាលបានខ្លះដែរ។ ការញ៉ាំថ្នាំដែលមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ថ្នាំបំបាត់ការឈឺចាប់ អាចបង្កឲ្យកាន់តែឈឺខ្លាំងថែមទៀត។ បកស្រាយដោយ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាមខួរក្បាល និងជានាយកផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Ear Nose Throat Neurology
សារធាតុចិញ្ចឹមសម្រាប់ស្ត្រីដែលមានជំងឺមហារីកសុដន់

ស្ត្រីជាច្រើនជឿថា ការយល់ដឹងអំពីសារធាតុចិញ្ចឹម និងការបរិភោគប្រកបដោយសុខភាព គឺជាជំហានដ៏សំខាន់សម្រាប់ដំណើរជាសះស្បើយនៃជំងឺ ព្រមទាំងកាត់បន្ថយហានិភ័យនៃការលាប់ឡើងវិញនៃមហារីកសុដន់។ សំណួរសួរថា តើអ្នកជំងឺគួរប្រកាន់របបអាហារបែបណាសម្រាប់ករណីនេះ? សំណួរ៖ អ្នកជំងឺម្នាក់ភេទស្រី អាយុ ៥៣ឆ្នាំ៖ “ខ្ញុំកំពុងមានជំងឺមហារីកសុដន់ និងបានធ្វើការកាត់ដុំសាច់មហារីកព្រមទាំងបានបញ្ចប់ការព្យាបាល ដោយសារធាតុគីមីហើយផងដែរ។ តើខ្ញុំគួរប្រកាន់របបអាហារយ៉ាងដូចម្តេចបន្ទាប់ពីការព្យាបាល?” ចម្លើយ៖ ការពិត ទាំងការសម្រកទម្ងន់ និងរបបអាហារដែលមានខ្លាញ់ទាបគឺមានសារសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃការលាប់ឡើងនៃមហារីកសុដន់។ ដោយឡែក របបអាហារដែលមានខ្លាញ់ទាប ក៏អាចធ្វើឲ្យមានការថយចុះនូវការប្រឈមនឹងជំងឺបេះដូង ព្រមទាំងអំណោយផលដល់ការសម្រកទម្ងន់បានជោគជ័យទៀតផង។ គន្លឹះក្នុងការជួយបង្កើតជម្រើសអាហារល្អៗសម្រាប់ស្ត្រីមានជំងឺមហារីកសុដន់៖ ១.    បរិភោគអាហារមានខ្លាញ់ទាប៖ ជាអាហារសម្បូរដោយបន្លែ ផ្លែឈើ សណ្តែក និងធញ្ញជាតិទាំងមូលគ្រប់ប្រភេទ (គ្រាប់បាឡី អង្ករសម្រូប ស្រូវអូតជាដើម)។ អាហារទាំងនេះសម្បូរដោយជាតិសរសៃ វីតាមីន និងសារធាតុបង្កដែលអាចកាត់បន្ថយហានិភ័យនៃការកើតឡើងនៃមហារីកបាន។ រុក្ខជាតិទាំងនេះក៏មានកាល់ឡូរី និងខ្លាញ់ទាបពីធម្មជាតិដែលមានអំណោយផលល្អដល់ការគ្រប់គ្រងទម្ងន់ផងដែរ។ គួរបញ្ជាក់ថា ការប្រកាន់របបអាហារពីបន្លែផ្លែឈើ មិនមានន័យថាអ្នកជំងឺត្រូវចៀសវាងអាហារធ្វើពីសាច់សត្វទាំងស្រុងឡើយ តែគួររួមបញ្ជូលនូវផលិតផលពីទឹកដោះគោ សាច់សត្វ ត្រី សាច់មាន់ជាដើមផងដែរ ក៏ប៉ុន្តែត្រូវកាត់បន្ថយទាំងបរិមាណ និងភាពញឹកញាប់ក្នុងការទទួលទានអាហារប្រភេទនេះ។ ២.    ទំហំអាហារដែលសមស្រប៖ ទោះជាអ្នកកំពុងបរិភោគអាហារដែលត្រឹមត្រូវក៏ដោយ ប៉ុន្តែប្រសិនបើអ្នកបរិភោគក្នុងបរិមាណច្រើនពេកក៏អាចជាបញ្ហាផងដែរ។ ដូចនេះ អ្នកជំងឺគួរធ្វើការថ្លឹងថ្លែងបរិមាណនៃអាហារសម្រាប់បរិភោគរៀងរាល់ពេលកំណត់ណាមួយ ព្រមទាំងយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក៏ដូចជាកម្រិតការបរិភោគអាហារដែលមានកាល់ឡូរីខ្ពស់ដូចជា សាច់សម្បូរខ្លាញ់ អាហារចៀន ឬឆា បង្អែម និងខ្លាញ់ដែលដាក់បន្ថែមក្នុងអាហារជាដើម។ ៣.    កម្រិតការបរិភោគប្រភេទភេសជ្ជៈដែលសម្បូរកាល់ឡូរី៖ រួមបញ្ចូលទាំងពី កាហ្វេ ភេសជ្ជៈផ្អែមៗដូចជា តែទឹកកក និងភេសជ្ជៈដែលមានរសជាតិផ្លែឈើជាដើម។ ៤.    បរិភោគអាហារដែលអ្នកចូលចិត្ត៖ ត្រូវប្រាកដថាអ្នកបានគិតគូរផងដែរលើកាល់ឡូរីរបស់អាហារ នៅពេលដែលអ្នកបំពេញចិត្តខ្លួនឯងជាមួយអាហារដែលខ្លួនចូលចិត្ត។ ៥.    ការបង្កើតកំណត់ត្រាប្រចាំថ្ងៃ៖ គឺជាមធ្យោបាយសម្រាប់បង្កើនភាពជោគជ័យជាមួយនឹងការបរិភោគប្រកបដោយសុខភាពជាងមុន (ដូចជាការបង្កើនការទទួលទានបន្លែ និងផ្លែឈើ) ឬការសម្រកទម្ងន់។ កំណត់ត្រានេះគួរមានសរសេរទុកនូវអាហារគ្រប់មុខដែលអ្នកបរិភោគ និងផឹកជារៀងរាល់ថ្ងៃ ឬក៏នៅរៀងរាល់ថ្ងៃកំណត់ណាមួយជាប្រចាំ។ ៦.    គួរចងចាំថាខ្លាញ់មួយចំនួនជាខ្លាញ់ជំនួយដល់សុខភាព៖ អ្នកត្រូវបានណែនាំឲ្យមានបញ្ចូលប្រភេទខ្លាញ់មិនឆ្អែតក្នុងបរិមាណតិចតួច (៣០ទៅ ៤៥ មីលីលីត្រ ឬ ២ ទៅ ៣ស្លាបព្រាបាយ) ទៅក្នុងរបបអាហារប្រចាំថ្ងៃ។ ខ្លាញ់ទាំងនេះរួមមានប្រេងសម្រាប់ចម្អិនម្ហូប និងប្រេងស្រូបលើសាឡាត់។ ប្រេងបន្លែដូចជា អូលីវ និងសណ្តែកសៀងត្រូវបានដឹងថាមានបរិមាណខ្លាញ់ឆ្អែតកម្រិតទាប ដែលជាជម្រើសប្រសើរជាងការប្រើប្រាស់ប័រចម្អិនអាហារ ហើយនឹងត្រូវបានណែនាំសម្រាប់ជំនួយសុខភាពទូទៅ។ ៧.    ត្រូវប្រាកដថាបានបរិភោគនូវប្រភេទបន្លែពណ៌បៃតងចាស់ និងពណ៌ទឹកក្រូចយ៉ាងហោចណាស់មួយជារៀងរាល់ថ្ងៃ។ ៨.    បរិភោគបន្លែដែលត្រូវបានចំហុយ ឬដុតជំនួសឲ្យបន្លែឆា។ ៩.    ទទួលទានបន្លែ ឬផ្លែឈើតែម្តងឲ្យបានញឹកញាប់ជាងបរិភោគតែទឹកកៀបចេញពីបន្លែ និងផ្លែឈើ។ ១០. ជ្រើសយកផលិតផលអាហារដែលមានខ្លាញ់ ស្ករ ឬអំបិលទាប និងប្រសិនបើត្រូវបន្ថែមគ្រឿង គួរបន្ថែមតែក្នុងបរិមាណតិចប៉ុណ្ណោះ។ ១១. ទទួលទានទឹកដោះគោឲ្យបាន ១ ទៅ ២%ជារៀងរាល់ថ្ងៃ ក្នុងបរិមាណ ៥០០មីលីលីត្រ (២កែវ) សម្រាប់ការទទួលបានវីតាមីនដេឲ្យបានសមស្រប តែត្រូវប្រាកដថាបានជ្រើសរើសទឹកដោះគោដែលមានខ្លាញ់ទាបដោយឆ្លាស់គ្នារវាងយ៉ាអួ និងឈីស។ ប្រសិនបើអ្នកមិនអាចទទួលទានទឹកដោះគោបាន អ្នកអាចទទួលទានភេសជ្ជៈជាទឹកសណ្តែកសៀងខាប់ជំនួស។ ១២.ជ្រើសរើសបរិភោគត្រីដូចជា ម៉ាកែរ៉ែលសាល់ម៉ុន និងសាឌីន។ ១៣.បរិភោគមុខអាហារដែលមានខ្លាញ់ទាប៖ អ្នកអាចដឹងពីរបៀបចម្អិនជាច្រើនប្រភេទទៅលើមុខអាហារដែលមាននៅក្នុងសៀវភៅមុខម្ហូបថ្មីៗ ដែលសៀវភៅភាគច្រើនក៏អាចមានរៀបរាប់អំពីការកាត់បន្ថយការប្រើខ្លាញ់ក្នុងមុខម្ហូបផងដែរ។ ១៤.ជ្រើសរើសអាហារដែលមានខ្លាញ់ទាបនៅពេលញ៉ាំខាងក្រៅផ្ទះផងដែរ៖ • មុនពេលធ្វើការកុម្ម៉ង់ គួរធ្វើការអានការរៀបរាប់ពីមុខម្ហូបក្នុងបញ្ជីមុខម្ហូប ឬសួរទៅកាន់អ្នកបម្រើសេវាអាហារអំពីរបៀបនៃការចម្អិនផងដែរ។ • សុំឲ្យមានធ្វើការចម្អិនអាហាររបស់អ្នកដោយមិនមានបន្ថែមទឹកជ្រលក់ គ្រឿងបន្ថែម ប័រ ម៉ាយូណែស ឬឈីសក្នុងចាន ឬដាក់ក្នុងចានផ្សេង សម្រាប់ឲ្យអ្នកបន្ថែមខ្លួនឯង។ • សម្រាប់អាហារសម្រន់ អាចជ្រើសរើសយកប្រភេទបន្លែ ឬសាឡាត់ ជំនួសឲ្យដំឡូងបារាំង ឬខ្ទឹមបារាំងបំពង។ • ប្រសិនបើម្ហូបរបស់អ្នកមានបរិមាណច្រើនអ្នកអាចសុំឲ្យធ្វើការរំលែកទុកទៅផ្ទះ និងបរិភោគតែមួយចំណែក ជាមួយនឹងអាហារសម្រន់តែប៉ុណ្ណោះ។ • ចៀសវាងបរិភោគអាហារបុហ្វេ ប្រសិនបើអ្នកតែងតែបរិភោគលើសចំណុះនៅពេលមានជម្រើសមុខម្ហូបច្រើន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសមហារីកចំពោះកុមារ និងមហារីកទូទៅ ព្រមទាំងជាប្រធានផ្នែកជំងឺមហារីក នៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Ear Nose Throat Cancer & Blood Disease
ដំបូន្មានសម្រាប់ករណីកម្តៅរាងកាយស្ទេញៗ ព្រមទាំងពងបែកមាត់ជាប្រចាំ

ករណីមួយនៃការពងបែកមាត់ត្រូវបានលើកយកមកបកស្រាយរួចមកហើយកាលពីលេខមុន ដូច្នេះ សម្រាប់ខែនេះ អ្នកនឹងស្វែងយល់អំពីករណីប្រហាក់ប្រហែល មួយទៀត ដែលរួមជាមួយនឹងអាការៈឡើងកម្តៅផងដែរ។ តើដំបូន្មានអ្វីខ្លះនឹងត្រូវបានផ្តល់ជូនចំពោះករណីនេះ? សំណួរ៖ ខ្ញុំមានអាយុ ២៣ឆ្នាំ ភេទស្រី កម្ពស់ ១.៦២ម៉ែត្រ ទម្ងន់ ៤៥ គីឡូក្រាម ជានិស្សិត។ រាងកាយរបស់ខ្ញុំតែងមានកម្តៅស្ទេញៗជាប្រចាំ និងមានឡើងពងបែក ក្នុងមាត់ ទោះបីជាព្យាយាមបរិភោគទឹកច្រើនហើយក៏ដោយ។ តើអាការៈនេះប្រក្រតីឬទេ? តើខ្ញុំគួរធ្វើដូចម្តេចដើម្បីចៀសផុតពីអាការៈទាំងនេះ? ចម្លើយ៖ ជាទូទៅពាក្យថាកម្តៅស្ទេញៗដែលយើងនិយមនិយាយ មិនយកជាការបានទេ ប្រសិនមិនមានការប្រើប្រាស់ទែរម៉ូម៉ែត្រសម្រាប់ស្ទង់ឲ្យបានត្រឹមត្រូវ។ គួរបញ្ជាក់ថា សីតុណ្ហភាពជាក់លាក់របស់ខ្លួនយើង អាចកំណត់បានដោយវាស់ជាមួយ នឹងទែម៉ូម៉ែត្រហើយបូកថែមកន្លះ តែវាក៏ប្រែប្រួល ទៅតាមស្ថានភាព នៅពេលវាស់ផ្ទាល់ផងដែរដូចជា ការវាស់នៅពេលព្រឹកព្រលឹម ឬទើបនឹងហាលថ្ងៃហើយ ឬក្រោយការលេងកីឡាជាដើម។ ដូចនេះ យកល្អ គួរវាស់កម្តៅក្រោយពី ការសម្រាកបន្តិចសិន។ កម្តៅដែលហៅថាក្តៅខ្លួនគឺចាប់ពី ៣៨.៣អង្សា ហើយកម្តៅធម្មតាគឺ ៣៧អង្សា ឬ៣៦.៥អង្សា ឬយ៉ាងទាប ៣៦អង្សា។ ទោះយ៉ាងណា ប្រសិនបើប្អូនពិតជាក្តៅខ្លួនមែន សំណួរបន្ទាប់គឺចង់សួរប្អូនថា តើប្អូនមានអាការៈញ័រទ្រូង បេះដូងដើរញាប់ ស្រកគីឡូ ឆាប់ខឹងឆេវឆាវឬទេ? ដែលទាំងនេះ អាចជាសញ្ញានៃការឡើងក្រពេញទីរ៉ូអ៊ីត ដែលបង្កើននូវការបញ្ចេញអ័រម៉ូនធ្វើឲ្យមានអារម្មណ៍ថាក្តៅភាយៗជាប្រចាំ។ ដូចនេះ ដើម្បីអាចសន្និដ្ឋានបានទាល់តែ គ្រូពេទ្យធ្វើការប្រមូលព័ត៌មានបន្ថែមទៀតពីប្អូន។ រីឯការពងបែកមាត់របស់ប្អូន ក៏អាចសាកល្បងបរិភោគទឹកឲ្យបានច្រើន ការធ្វើអនាម័យមាត់ធ្មេញ ខ្ពុរមាត់ក្រោយបរិភោគ ប្តូរច្រាស់ដុសធ្មេញ និងប្រើច្រាស់ដែលទន់ជាដើម ដោយប្អូនមិនបាច់បារម្ភពេកឡើយ ពីព្រោះវាអាចជាបញ្ហាធម្មតាដែលមនុស្សទូទៅ សុទ្ធតែអាចជួបប្រទះ។ រីឯដំបូន្មានចំពោះបញ្ហាក្តៅខ្លួនស្ទេញៗរបស់ប្អូន អាចផ្តល់ជូនបានលុះត្រាតែដឹងកម្តៅច្បាស់លាស់របស់ប្អូន ប៉ុន្តែ ការក្តៅខ្លួនពិតប្រាកដ គឺតែងតែមានបញ្ហានៅពីក្រោយមួយ ដែលគួរតែត្រូវបានពិនិត្យឲ្យបានច្បាស់លាស់ និងធ្វើការព្យាបាលទៅលើឫសគល់ នៃមូលហេតុនោះផ្ទាល់តែម្តង។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត បូរី សុថ្ថារិទ្ធ ឯកទេសវេជ្ជសាស្រ្តទូទៅ និងជំងឺឆ្លង ព្រមទាំងជាប្រធានផ្នែកជំងឺទូទៅ និងជំងឺឆ្លង នៃមន្ទីរពេទ្យកាល់ម៉ែត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Ear Nose Throat Ear Nose Throat Cough, Cold & Flu Cough, Cold & Flu Cough, Cold & Flu Cough, Cold & Flu
មិនសូវសម្បូរទឹកដោះបំបៅកូន គួរធ្វើបែបណា?

ជាទូទៅ អ្នកម្តាយគ្រប់រូបត្រូវបានផ្តល់ដំបូន្មានឲ្យធ្វើការបំបៅដោះកូនយ៉ាងតិច ៦ខែក្រោយសម្រាល ប៉ុន្តែ ចំពោះអ្នកម្តាយមួយចំនួនបែរជាជួបប្រទះជាមួយនឹង បញ្ហាកង្វះទឹកដោះក្នុងអំឡុងពេលដ៏សំខាន់នេះ។ តើបញ្ហាវាបណ្តាលមកពីកត្តាអ្វីខ្លះ ហើយត្រូវដោះស្រាយបែបណា? សំណួរ៖ នាងខ្ញុំអាយុ ២៥ឆ្នាំ កម្ពស់ ១ម៉ែត្រ ៦៣ និងទម្ងន់ ៤៨ គីឡូក្រាម ជាបុគ្គលិកក្រុមហ៊ុនឯកជន។ នាងខ្ញុំទើបនឹងសម្រាលកូនបានប្រហែល៤ខែ និងមានបញ្ហាលំបាកមួយចំនួនក្នុងការបំបៅដោះកូន។ ខ្ញុំខ្លាចថាកូនបៅមិនឆ្អែត ដោយសារមិនសូវមានទឹកដោះចេញ។ ដោយឡែក កូនរបស់ខ្ញុំ មានការឡើងទម្ងន់ធម្មតា គ្រាន់តែគាត់បង្ហាញអាកប្បកិរិយាបៅមិនឆ្អែត ឬឃ្លានម្តងទៀតបន្ទាប់ពីបំបៅហើយ និងពេលខ្លះទឹកដោះលែងចេញ មុនពេលកូនរបស់ខ្ញុំបៅឆ្អែត។ តើខ្ញុំអាចបន្ថែមអាហារខាងក្រៅដល់កូនឬទេ ប្រសិនបើគាត់បៅមិនឆ្អែត? តើគួរធ្វើដូចម្តេចដើម្បីបង្កើនការបញ្ចេញទឹកដោះ? តើអ្វីខ្លះដែលខ្ញុំគួរធ្វើ និងចៀសវាងនៅអំឡុងពេលបំបៅដោះ? ចម្លើយ៖ ជាការពិត ការបំបៅកូនដោយទឹកដោះម្តាយ ជាវិធីសាស្រ្តដែលងាយស្រួល ផ្តល់នូវសុខភាពល្អ ហើយថែមទាំងមិនចាំបាច់ចំណាយប្រាក់ទៀតផង។ អ្នកដឹងទេ? ទាំងម្តាយ និងកូនសុទ្ធតែទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីវិធីសាស្រ្តមួយនេះ។ ចំពោះកូន ពួកគេនឹងទទួលបាននូវអង្គបដិបក្ខ (អង់ទីករ) និងសារធាតុចិញ្ចឹមដ៏ប្រសើរពីម្តាយ ជាពិសេសតាមរយៈការបំបៅដោះដំបូងនោះតែម្តង។ ទឹកដោះម្តាយអាចការពារកូនពីជំងឺផ្តាសាយគ្រុនក្តៅ និងជំងឺ ដែលបង្ករោគមួយចំនួនទៀត។ លើសពីនេះទៀត វាថែមទាំងជួយកាត់បន្ថយនូវអត្រាប្រឈមនៃបណ្តុំរោគសញ្ញាស្លាប់ភ្លាមៗ (SIDS) របស់កុមារទៀតផង។ ការសិក្សាមួយបានបញ្ជាក់ថា កុមារដែលបំបៅដោយទឹកដោះម្តាយទំនងជាអាចមាននូវជំងឺហឺត រាក ជំងឺបង្ករោគនៅត្រចៀក និងជំងឺធាត់ តិចជាងកុមារដែលមិនបានទទួលនូវការបំបៅដោយទឹកដោះម្តាយ។ ចំពោះម្តាយវិញ វិធីសាស្ត្រនេះបង្កឲ្យមានលក្ខណៈងាយស្រួល ហើយថែមទាំងជួយកាត់បន្ថយនូវ ជំងឺមហារីកស្បូន ជំងឺមហារីកដោះ និងជំងឺទឹកនោមផ្អែមប្រភេទ២ទៀតផង។ គុណប្រយោជន៍ដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតសម្រាប់អ្នកម្តាយជំនាន់ថ្មីគឺ ការសម្រករាង ដោយសារវាអាចដុតបំផ្លាញកាល់ឡូរីបានយ៉ាងច្រើន។ ប៉ុន្តែ ប្រសិនបើម្តាយមិនមានទឹកដោះគ្រប់គ្រាន់ទេនោះ យើងក៏មានវិធីសាស្ត្រជាច្រើន ដើម្បីជួយបង្កើនទឹកដោះ។ ខាងក្រោមនេះ ជាដំណើរនៃការផលិតទឹកដោះ៖ • ទឹកដោះត្រូវបានផលិតនៅពេលមានតម្រូវការ នេះមានន័យថានៅពេលទឹកដោះត្រូវបានបញ្ចេញអស់ មិនថាតាមរយៈការបំបៅកូន ឬការច្របាច់ចេញនោះទេ ទឹកដោះនឹងផលិតថ្មីទៀតដើម្បីបំពេញទឹកដោះចាស់ដែលបាត់បង់។ • នៅពេលសុដន់សម្បូរទឹកដោះហើយ ការផលិតទឹកដោះថ្មីក៏មិនសូវធ្វើឡើងដែរដោយហេតុថាវានឹងបញ្ជូនជាសញ្ញាទៅកាន់ទីតាំងផលិតទឹកដោះ ឲ្យធ្វើការផលិត យឺតៗ។ • ផ្ទុយមកវិញ ពេលសុដន់គ្មានទឹកដោះ ការផលិតនឹងធ្វើឡើងកាន់តែលឿនជាងធម្មតា។ នេះបានបញ្ជាក់ថា មានការបំបៅកាន់តែច្រើន នោះការផលិត ក៏មានកាន់តែច្រើនដែរ ដោយសារពេលសុដន់គ្មានទឹកដោះកាន់តែញឹកញាប់ ទឹកដោះកាន់តែច្រើននឹងត្រូវបានផលិត។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការផ្គត់ផ្គង់នេះអាចប្រព្រឹត្តទៅយ៉ាងមានប្រសិទ្ធភាពក៏អាស្រ័យនឹងរបៀបដែលកូនប៉ះនឹងសុដន់ម្តាយ ឥរិយាបថត្រឹមត្រូវពេលបំបៅ និងអាហារូបត្តម្ភ ផងដែរ។ ប្រសិនបើកូនអ្នកបឺតជញ្ជក់ទឹកដោះមិនបានត្រឹមត្រូវទេ ការភ្ញោចទៅលើការផលិតទឹកដោះមកវិញក៏មិនបានល្អដែរ។ វិធីសាស្រ្តមួយទៀត ដើម្បីជំរុញការផលិតទឹកដោះគឺបំបៅ រួចច្របាច់ចោលបន្ថែមទៀត។ ជួនកាល ក្រោយពេលអ្នកបំបៅកូនហើយ សុដន់របស់អ្នក មិនអាចឲ្យជាសញ្ញាពេញលេញមួយថាអស់ទឹកដោះទេ ដូច្នេះអ្នកអាចច្របាច់ទឹកដោះអ្នកចេញបន្ថែមទៀត បន្ទាប់ពីកូនអ្នកបៅរួចហើយ។ ការដែលធ្វើបែបនេះ អាចរំញោចឲ្យរាងកាយរបស់អ្នកឲ្យផលិត និងផ្គត់ផ្គង់ទឹកដោះបានច្រើនជាងមុន បើទោះបីការច្របាច់ចេញនេះបានតែមួយទៅពីរតំណក់ក៏ដោយ។ *    ម៉្យាង ការយកចិត្តទុកដាក់ថែរក្សាខ្លួនឯងក៏អាចជះឥទ្ធិពលលើការផ្គត់ផ្គង់ទឹកដោះ និងការផលិតទឹកដោះផងដែរ។ សូមព្យាយាមទទួលទាននូវ របបអាហារល្អៗ និងផឹកទឹកឲ្យបានច្រើន។  មិនតែប៉ុណ្ណោះ ត្រូវព្យាយាមរកពេលសម្រាកបន្ធូរបន្ថយអារម្មណ៍ និងយកចិត្តទុកដាក់លើខ្លួនឯងឲ្យបានច្រើន ដូចជាងូតទឹក គេងមួយស្របក់ អានសៀវភៅជាដើម។ វាអាចជារឿងមួយដែលពិបាកក្នុងការរកពេលវេលាមួយដើម្បីថែរក្សាខ្លួនឯង ប៉ុន្តែសូមចងចាំថា ថែរក្សាខ្លួនអ្នកគឺថែរក្សាកូនរបស់អ្នកផងដែរ។ *    ប្រសិនបើការព្រួយបារម្ភរបស់អ្នកចំពោះការមានទឹកដោះតិចពេកហួសពីអ្វីដែលត្រូវបានណែនាំខាងលើនោះអ្នកអាចទៅរកអ្នកឯកទេសខាងបំបៅដោះកូនគឺ វេជ្ជបណ្ឌិត Anna ដែលធ្វើការនៅ Women Baby’s Center។ អ្នកឯកទេសបំបៅកូនដោយទឹកដោះម្តាយអាចជាជំនួយការដ៏ប្រសើរបំផុត ដើម្បីកំណត់ពីហេតុផលដែលទំនងកើតមានឡើងចំពោះបញ្ហានេះ ព្រមទាំងអាចផ្តល់នូវការពិភាក្សាស្តីពីផែនការថែទាំខ្លួនឯង ធ្វើយ៉ាងណាបង្កើនបរិមាណ ទឹកដោះឲ្យបានច្រើន អតិបរមាផងដែរ។ ដរាបណាកូនរបស់អ្នកមានភាពសប្បាយរីករាយ សុខភាពល្អ និងកំពុងលូតលាស់ អ្នកមិនចាំបាច់ព្រួយបារម្ភ អំពីការផ្គត់ផ្គង់ទឹកដោះម្តាយទេ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តីនៃ Anna Woman and Baby’s Center ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Ear Nose Throat Ear Nose Throat Ear Nose Throat Pregnancy & Baby
មូលហេតុពីក្រោយ ការឈឺក្បាលរ៉ាំរ៉ៃនៃស្ត្រីវ័យចំណាស់

ឈឺក្បាលជាអាការៈធម្មតាអាចកើតមានឡើងចំពោះមនុស្សគ្រប់វ័យនៅពេលគិតច្រើន ប៉ុន្តែប្រសិនបើកើតចំពោះស្ត្រីវ័យចំណាស់ជាប្រចាំវិញនោះ វាអាចជាសញ្ញានៃផលប៉ះពាល់ធ្ងន់ធ្ងរមួយចំនួន ដែលតម្រូវឲ្យមានការព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេស។ សំណួរ ៖ ម្តាយរបស់ខ្ញុំមានអាយុ ៤៧ឆ្នាំ កម្ពស់១.៥៧ម៉ែត្រ ទម្ងន់ ៥៣គីឡូក្រាម និងមានមុខរបរជាមេផ្ទះ។ គាត់មានបញ្ហាសុខភាព ដោយគិតច្រើន ភ័យរន្ធត់ មានអារម្មណ៍ឈឺក្បាល ហើយគាត់មានជំងឺទាក់ទងនឹងសរសៃឈាមបេះដូងដែលអាការៈនេះកើតឡើងអស់រយៈពេល ៤ ទៅ៥ឆ្នាំទៅហើយ។ តើធ្វើដូចម្តេចទើបម្តាយរបស់ខ្ញុំអាចបាត់ឈឺក្បាល? ចម្លើយ ៖ ប្រហែលជាម្តាយរបស់ប្អូនមានការគិត និងព្រួយបារម្ភច្រើនលើជំងឺបេះដូងរបស់គាត់ និងដោយសារគាត់ជាមេផ្ទះផងនោះគាត់អាចមានបញ្ហាស្មុគស្មាញខ្លះ ដែលនាំឲ្យគាត់មានការឈឺក្បាលរ៉ាំរ៉ៃ ដោយសារការគិតរបស់គាត់។ ករណីនេះ គាត់គួរតែពិនិត្យ និងពិភាក្សាជាមួយវេជ្ជបណ្ឌិត ជំនាញប្រព័ន្ធសរសៃប្រសាទខួរក្បាលឲ្យបានច្បាស់លាស់ ព្រោះនេះជាជំងឺរ៉ាំរ៉ៃជាប់ទាក់ទង នឹងខួរក្បាល ឬមួយជំងឺបេះដូង ដើម្បីឲ្យគាត់ធូរស្រាលចិត្ត និងទទួលការព្យាបាលឲ្យត្រឹមត្រូវ នោះទើបការឈឺក្បាលរបស់គាត់អាចនឹងប្រសើរឡើង។ បកស្រាយដោយ ៖​ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាមខួរក្បាល និងជានាយផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Ear Nose Throat Neurology
ឫសដូងច្រមុះ មិនមែនមហារីកតែងាយនឹងលាប់ឡើងវិញ

ឫសដូងច្រមុះ ឬ Nasal Polyps ជាជំងឺដែលបណ្តាលមកពីការរលាករ៉ាំរ៉ៃ នៃប្រហោងឆ្អឹងមុខទាំងសងខាង ដោយបង្កើតជាដុំសាច់ដុះចេញពីប្រហោងឆ្អឹងមុខ ដល់រន្ធច្រមុះ។ លក្ខណៈពិសេស នៃឫសដូងច្រមុះមាន៤យ៉ាង រួមមាន ជំងឺរលាករ៉ាំរ៉ៃ ប្រែប្រួលកំហាប់ mucus ងាយលាប់ឡើងវិញ និងមានមូលហេតុច្រើន។ បច្ចុប្បន្ននេះ ពុំមានការសិក្សាណាមួយបញ្ជាក់ថាកម្ពុជាមានការកើនឡើងនូវជំងឺឫសដូងច្រមុះក្នុងកម្រិតណាមួយទេ ប៉ុន្តែបើតាមការអង្កេត និងបទពិសោធន៍ជាក់ស្តែងបង្ហាញថា វាមានការកើនឡើងច្រើនគួរឲ្យបារម្ភ។ មូលហេតុប្រឈម គេមិនទាន់រកឃើញមូលហេតុពិតប្រាកដណាមួយដែលបង្កឲ្យមានឫសដូងច្រមុះនោះទេ វាស្ថិតនៅជាការលើកឡើងរបស់អ្នកប្រាជ្ញនៅឡើយ។ ក្នុងនោះផងដែរវាអាចទាក់ទងជាមួយនឹងបញ្ហាអាល្លែកហ្ស៊ី ការប៉ះជាមួយផ្សែងបារី ការញ៉ាំស្រាបរិយាកាសរស់នៅ ការរលាករ៉ាំរ៉ៃនៃប្រហោងឆ្អឹងមុខដោយបាក់តេរី ឬផ្សិត ការមានឆ្អឹងវៀច ឬសាច់ច្រមុះធំ និងទាក់ទងនឹងតំណពូជក្នុងករណីខ្លះផងដែរ។ ក្រៅពីមូលហេតុខាងលើ បុគ្គលដែលងាយនឹងប្រឈមខ្ពស់ផ្អែកលើកត្តា៣ រួមមាន៖ •    កត្តាមនុស្ស៖ មនុស្សដែលមានសកម្មភាពការងារប្រឈមមុខច្រើន និងមានជំងឺប្រចាំកាយណាមួយពីមុន ពិសេសជំងឺហឺត •    កត្តាអាយុ៖ ប្រឈមខ្ពស់ក្នុងចន្លោះអាយុ ២០ទៅ៦០ឆ្នាំ ដែលជាមធ្យមគឺ៤២ឆ្នាំ •    កត្តាភេទ៖ ភាគច្រើនកើតលើបុរសច្រើនជាងស្ត្រី (៣/១)។ សញ្ញាសម្គាល់ អ្នកជំងឺនឹងមានលេចចេញជារោគសញ្ញាដូចជាអាការៈដែលអ្នកជំងឺគិតថាជាផ្តាសាយញឹកញាប់តឹងច្រមុះ ហៀរសម្បោររ៉ាំរ៉ៃ បាត់ការដឹងក្លិន តឹងច្រមុះសងខាង ឈឺក្បាលត្រង់ប្រជុំចិញ្ចើម ឬសម្បោរហៀរទៅបំពង់ក ដែលបង្កឲ្យក្អក កណ្តាស់ហឹងត្រចៀក និងធុំក្លិនមាត់ជាដើម។ ការធ្វើរោគវិនិច្ឆ័យ ឫសដូងច្រមុះ ត្រូវធ្វើរោគវិនិច្ឆ័យដោយ៖ •    សាកសួរពីប្រវត្តិអ្នកជំងឺ រកសញ្ញាដូចបានរៀបរាប់ខាងលើ •    ពិនិត្យតាម speculum ច្រមុះក្នុងករណីឫសដូងច្រមុះមានទំហំធំ •    ការពិនិត្យដោយប្រើ Endoscope ឬ Fibroscope ដើម្បីរកមើលដុំសដូចដុំខ្លាញ់លៀនចេញពីប្រហោងឆ្អឹងមុខ ដែលអាចមានលាយឡំជាមួយខ្ទុះ •    ការស្កេនប្រហោងឆ្អឹងមុខ •    ការធ្វើតេស្តអាល្លែកហ្ស៊ី •    ការយកសម្បោរមកពិនិត្យ •    ពិនិត្យដោយ MRI ក្នុងករណីចាំបាច់។ វិធីសាស្ត្រព្យាបាល អ្នកជំងឺឫសដូងច្រមុះ ត្រូវព្យាបាលដំបូងដោយប្រើថ្នាំ ដែលត្រូវធ្វើឡើងនៅមុន និងក្រោយពេលវះកាត់៖     •    Corticotherapy ៖ មានជាប្រភេទបាញ់ច្រមុះដែលអ្នកជំងឺអាចប្រើបានពី៣ ទៅ៦ខែ និងក្នុងករណីធ្ងន់ធ្ងរ គ្រូពេទ្យអាចតម្រូវឲ្យអ្នកជំងឺប្រើជាប្រភេទថ្នាំលេប ឬចាក់ មិនឲ្យលើសពី១០-១២ថ្ងៃ។     •    អង់ទីប៊ីយ៉ូទិច៖ ប្រើក្នុងករណីមានការបង្ករោគដោយបាក់តេរី ឬមានការកើតជំងឺឫសដូងច្រមុះរួមជាមួយការរលាកឆ្អឹងមុខសងខាងច្រមុះរ៉ាំរ៉ៃ។     •    សឺរ៉ូមប្រៃ៖ ប្រើដើម្បីលាងច្រមុះមុនពេលប្រើ Corticotherapy ដើម្បីសម្អាតស្លេស្ម។     •    Anti-Histamine៖ ករណីអ្នកជំងឺឫសដូងច្រមុះមានមូលហេតុមកពីអាល្លែកហ្ស៊ី ដែលអាចប្រើចន្លោះពី១ទៅ៣ខែ។     •    Antileukotriene៖ ករណីអ្នកជំងឺប្រើ Antihistamine គ្មានប្រសិទ្ធភាព ឬអាចប្រើរួមគ្នាដើម្បីបង្កប្រសិទ្ធភាព។     •    Decongestant ៖ អ្នកជំងឺអាចប្រើជាគ្រាប់ ឬបន្តក់ ក្នុងរយៈពេលមិនលើសពី១០-១២ ថ្ងៃ ករណីអ្នកជំងឺមាន សញ្ញាតឹងច្រមុះ។ ប្រសិនបើមានការព្យាបាលត្រឹមត្រូវក្នុង រយៈពេលពី៣-៦ខែមិនមានការធូរស្រាលឬកាន់តែធំ នោះអ្នកជំងឺនឹងតម្រូវឲ្យធ្វើការព្យាបាលដោយវះកាត់ ក្នុងគោលបំណងធ្វើឲ្យអស់នូវឫសដូងច្រមុះ និងជួយឲ្យ អ្នកជំងឺអាចដកដង្ហើមបាននិងដើម្បីប្រើថ្នាំបាញ់បន្តព្រមទាំងកុំឲ្យជំងឺលាប់ឡើងវិញបាន។ ទោះជាយ៉ាងណាក៏ដោយក្រោយការវះកាត់អ្នកជំងឺត្រូវ៖     •    ជួបតាមដានជាមួយគ្រូពេទ្យឲ្យបានទៀងទាត់     •    ប្រើប្រាស់ថ្នាំ antihistamine បន្តពី១-៣ខែ តាមការណែនាំរបស់គ្រូពេទ្យ     •    ប្រើស្ព្រៃយន៍ Corticoid បន្តពី៣-៦ខែ ឬមួយជីវិតតាមសភាពជាក់ស្តែង     •    បញ្ឈប់មូលហេតុដែលបង្កឲ្យមានឫសដូងច្រមុះ ដូចជា ជក់បារី ឬភ្នាក់ងារអាល្លែកហ្ស៊ីនៅក្នុង និងក្រៅផ្ទះជាដើម។ ផលវិបាក ករណីមិនមានការព្យាបាល ឬព្យាបាលមិនត្រឹមត្រូវអ្នកជំងឺអាចប្រឈមនឹងបញ្ហាមួយចំនួនដូចជា៖ •    បញ្ហារលាកប្រហោងឆ្អឹងមុខរ៉ាំរ៉ៃ •    ឫសដូងច្រមុះនឹងវិវឌ្ឍកាន់តែធំ ធ្វើឲ្យដកដង្ហើមមិនរួច និងអាចកើតមានជំងឺបាត់ដង្ហើមគេងមិនលក់ •    មានការដូរទ្រង់ទ្រាយមុខ ធ្លាក់ត្របកភ្នែក និងរហូតដល់រលាកស្រោមខួរ •    ស្ទះប្រហោងឆ្អឹងថ្ងាស បង្កឲ្យឈឺក្បាលធ្ងន់ធ្ងរ ហើយងាយនឹងលាប់ឡើងវិញ បើព្យាបាលមិនបានត្រឹមត្រូវ។ ការការពារ ឫសដូងច្រមុះត្រូវការពារដោយផ្អែកលើ២កត្តាខាងក្រោម៖ កត្តាអ្នកជំងឺ •    យល់ឲ្យកាន់តែច្បាស់ពីឫសដូងច្រមុះ ដឹងថាវាមិនមែនជាជំងឺមហារីក យល់ពីមូលហេតុបង្ក ការព្យាបាល និងផលវិបាកនានាដូចបានរៀបរាប់ខាងលើ។ •    បញ្ឈប់អាល្លែកហ្ស៊ី ដោយចៀសវាងអាល្លែកហ្សែន និងការប្រើប្រាស់ថ្នាំ •    គោរពតាមការណែនាំ និងការណាត់របស់គ្រូពេទ្យជំនាញ។ កត្តាគ្រូពេទ្យ •    ពន្យល់អ្នកជំងឺឲ្យយល់ច្បាស់ពីជំងឺឫសដូងច្រមុះ •    ធ្វើការតាមដានអ្នកជំងឺឲ្យបានទៀងទាត់ និងត្រឹមត្រូវ។ •    ការវះកាត់មិនមែនជាដំណោះស្រាយចុងក្រោយទេ តែការប្រើថ្នាំបន្តជាដំណោះស្រាយចុងក្រោយ។ សូមកុំព្យាយាមព្យាបាលដោយខ្លួនឯង ប្រសិនអ្នកមានសញ្ញាដូចបានរៀបរាប់ខាងលើ ហើយត្រូវមកជួបប្រឹក្សាជាមួយគ្រូពេទ្យឯកទេស ត្រចៀកច្រមុះ បំពង់ក ឲ្យបានលឿន នៅតាមគ្លីនិកឯកទេស ក៏ដូចជានៅតាមមន្ទីរពេទ្យ ពិសេសមន្ទីរពេទ្យព្រះអង្គឌួង ផ្នែកត្រចៀក ច្រមុះ បំពង់ក។ ម៉្យាងទៀត ត្រូវដឹងថាឫសដូងច្រមុះមិនមែនជាជំងឺមហារីកទេ ប៉ុន្តែវាជាជំងឺមួយដែលងាយលាប់ឡើងវិញ និងទាមទារឲ្យអ្នកជំងឺព្យាយាមបញ្ឈប់មូលហេតុឲ្យបាន។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ ថុង ម៉េងឡុង ឯកទេសត្រចៀក ច្រមុះ បំពង់កមានតួនាទីជានាយករងមន្ទីរពេទ្យព្រះអង្គឌួង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Other Diseases Other Diseases Other Diseases Ear Nose Throat