តើឈឺក្បាលអាចព្យាបាលឲ្យជាដាច់បានដែរឬទេ?
ការឈឺក្បាល គឺសំដៅដល់ការឈឺចាប់ត្រង់តំបន់ក្បាលរួមផ្សំជាមួយការឈឺនៅត្រង់ភ្នែក ត្រចៀក មុខ ឬកញ្ចឹងកជាដើម។ វាជាបញ្ហាសរសៃប្រសាទមួយដែលតែងជួបប្រទះចំពោះមនុស្សគ្រប់វ័យទាំងអស់ ជាពិសេសកើតឡើងកាន់តែញឹកញាប់ទៅលើមនុស្សពេញវ័យ និងប្រែជាថយចុះទៅវិញនៅពេលវ័យកាន់តែចាស់។ ថ្វីត្បិតការឈឺក្បាលមិនបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ប៉ុន្តែវាពិតជារំខានដល់ការងារ ក៏ដូចជាការរស់នៅប្រចាំថ្ងៃរបស់អ្នកខ្លាំងណាស់។ ដូច្នេះ អ្នកគួរស្វែងរកការព្យាបាលមួយដ៏សមស្របជាមួយគ្រូពេទ្យជំនាញ ជាជាងការប្រើប្រាស់ថ្នាំដោយខ្លួនឯងដែលជាហេតុបង្កឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។
សំណួរ៖ ខ្ញុំបាទអាយុ២១ឆ្នាំ ភេទប្រុស កម្ពស់១ម៉ែត្រ៦០ ទម្ងន់៥៤គីឡូក្រាម មុខរបរជានិស្សិត។ យូរៗម្តងខ្ញុំមានរោគសញ្ញាឈឺក្បាល និងថប់ដង្ហើម ហើយធ្លាប់ទទួលបានការព្យាបាលដោយប្រើប្រាស់ថ្នាំប៉ាណាដុល ឬប្រូខូល ប៉ុន្តែមិនមានប្រើថ្នាំប្រចាំកាយអ្វីទេ។ ខ្ញុំចង់សួរថា តើហេតុអ្វី មនុស្សត្រូវតែឈឺក្បាល? តើការឈឺក្បាលនេះ អាចព្យាបាលឲ្យជាដាច់បានទេ?
ចម្លើយ៖ ការឈឺក្បាលចែកចេញជាពីរ ការឈឺក្បាលដោយអារម្មណ៍ និងការឈឺលើប្រព័ន្ធប្រសាទខួរក្បាល។ គ្មាននរណាម្នាក់ដែលមិនធ្លាប់ឆ្លងកាត់ការឈឺក្បាលនោះទេ។ ការឈឺចាប់ជាការផ្តល់ព័ត៌មានតាមរយៈកន្លែងផ្សេងៗមកឲ្យខួរក្បាល ដែលហៅថាមណ្ឌលប្រសាទកណ្តាល ដែលជាអ្នកបកប្រែការឈឺចាប់ ហេតុនេះបានជាពេលយើងគេងលក់ ឬប្រើថ្នាំសន្តំ នោះការឈឺចាប់ គឺលែងមាន។ អារម្មណ៍ឈឺក្បាលមានការព្យាបាលសាមញ្ញដោយគ្រាន់តែលុបបំបាត់មូលហេតុដែលធ្វើឲ្យឈឺក្បាលណាមួយ។ មុខរបរជានិស្សិតតែងតែមានការឈឺក្បាលដោយសារតែមានភាពរវល់នឹងការសិក្សា។ ការហាត់ប្រាណ សម្រាកឲ្យបានគ្រប់គ្រាន់ និងញ៉ាំអាហារឲ្យបានទៀងទាត់ ស្តាប់ចម្រៀងបន្ធូរភាពតានតឹង ឬពេលក្រោកពីគេងអាចញ៉ាំទឹកមួយកែវយឺតៗ ដាក់ដៃលើកញ្ចឹងក ងាកកយឺតៗ២ទៅ៥នាទីដោយខ្លួនឯង ក៏អាចមានភាពធូរស្រាលបានខ្លះដែរ។ ការញ៉ាំថ្នាំដែលមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ថ្នាំបំបាត់ការឈឺចាប់ អាចបង្កឲ្យកាន់តែឈឺខ្លាំងថែមទៀត។
បកស្រាយដោយ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាមខួរក្បាល និងជានាយកផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ