កំណត់ហេតុនិស្សិតពេទ្យថ្ងៃបុណ្យអំុទូក! ខុសពីអ្នកទូទៅយ៉ាងម៉េចទៅ?
ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ កាន់តែខិតមកដល់ហើយ តើអ្នកទាំងអស់គ្នាបានរៀបគម្រោងទៅដើរកំសាន្តជាមួយគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ហើយឬនៅ? ជាធម្មតា ទាំងយើងទាំងគេ តែងជួយម៉ាក់ប៉ារៀបចំចម្អិនម្ហូបនៅផ្ទះទុក ព្រោះតម្លៃម្ហូបអាហារអំឡុងពេលបុណ្យទានតែងតែឡើងថ្លៃខ្ពស់ តាមមាត់អ្នកលក់មួយចំនួន បើទោះបីជាមានការហាមឃាត់ក៏ដោយ។យ៉ាងណាមិញអ្នកដែលមានលទ្ធភាពក៏ទៅញំុាក្រៅតាមហាង ឬរមណីយដ្ឋាននានា។ ចំណែកខ្ញំវិញទៅញាំក្រៅដែរព្រោះថាខ្ជិលលាងចាន និងលើកមុនញំុាហើយ អត់បានលាងទុកត្រាំចោលឡើងកន្លះខែ [សង្ឃឹមថាអ្នកទាំងអស់គ្នាមិនខ្ចិលដូចខ្ញំុទេណា៎!]។
ចុះអ្នកដែលមិនមានគម្រោងដើរលេងវិញ យ៉ាងមិចហើយ? មានតែជម្រើសគេងផ្ទះស្អាតមែនអត់?បុណ្យខាងមុខនេះបូកបន្ថែមថ្ងៃសៅរិ៍និងអាទិត្យ ឈប់សរុបគឺប្រាំថ្ងៃឯណោះ ប៉ុន្តែអាណិតណាស់ចំពោះនិស្សិតដែលត្រូវនៅផ្ទះធ្វើបញ្ចប់កិច្ចការគ្រូដាក់អោយ និងជាពិសេសនិស្សិតពេទ្យដែលគេចាត់តាំងអោយទៅយាមនៅពេទ្យ នៅពេលអ្នកផ្សេងគេទៅដើរលេងសប្បាយអស់។
កុំតូចចិត្តអី និស្សិតពេទ្យដែលចូលចិត្តមើលរឿងភាគអាចមើល The Good Doctor, Gray's Anatomy, Chicago Med ជាដើម ដើម្បីកំដរអារម្មណ៍ពេលកំពុងយាមនៅពេទ្យបាន ហើយជាមួយគ្នានេះក៏អាចរៀននិងយល់ពីស្ថានភាពជាក់ស្តែង ថែមទាំងស្គាល់ពីជំងឺដែលកើតឡើងថ្មីៗក្នុងមន្ទីរពេទ្យតាមរយៈសាច់រឿងដែលជាប្រភេទរឿងបែបវិនាដកម្មលាយឡំជាមួយចំណេះដឹងផ្នែកវិទ្យាសាស្ត្រ-វេជ្ជសាស្ត្រផងដែរ ដែលអាចជាប្រយោជន៍ សម្រាប់ធ្វើ clinical case study និង assignment គ្រូដាក់អោយធ្វើជាដើម។
និស្សិតដែលគ្មាន assignment ត្រូវធ្វើហើយអផ្សុកចង់ធ្វើដំណើរជិតតែមិនចង់ប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនអាចជិះកង់បីឥណ្ឌាបានដែលមានការបញ្ចុះតម្លៃរហូតដល់ 50% ពិសេសសម្រាប់ថ្ងៃបុណ្យអុំទូកទាំងបីថ្ងៃតែម្តង។ បើចង់មើលកុននៅផ្សារទំនើបក៏មានការផ្តល់ជូនពិសេសក្នុងពេលបុណ្យជាតិយើងនេះដែរ។ នៅក្នុងក្រុងស្ងាត់អញ្ចឹង និស្សិតដែលមានassignment ត្រូវបញ្ចប់ប្រាកដជាសប្បាយចិត្តហើយព្រោះគ្មានអ្នករំខាន។
យ៉ាងណាមិញ តើមានដឹងទេថាគេនឹងចែកស្រោមអនាម័យមិនគិតថ្លៃក្នុងថ្ងៃបុណ្យអុំទូក? ពីមុនខ្ញុំឆ្ងល់ថាហេតុអ្វីគែចែកចំថ្ងៃបុណ្យនេះ ឥឡូវដឹងហើយគឺអាកាសធាតុប៉ុន្មានថ្ងៃនេះរាងត្រជាក់គេចែកទុកការពារភ្លៀងពេលព្រឹក រសៀលនិងយប់។ គោលបំណងគឺអោយយើងមានការប្រុងប្រយ័ត្ន ដូចឃ្លាមួយថា «ការពារប្រសើរជាងព្យាបាល»។
ជាចុងក្រោយសូមជូនពរអ្នកទាំងអស់គ្នាធ្វើដំណើរអោយមានសុវត្ថិភាព និងកុំភ្លេចពាក់មួកការពារចំពោះអ្នកជិះម៉ូតូ ហើយសូមដើរលេងអោយសប្បាយនាថ្ងៃបុណ្យជាតិខាងមុខនេះ។