ចំណុចដែលឱសថការីគួរណែនាំទៅកាន់អ្នកមានបញ្ហាក្លិនមាត់
បញ្ហាក្លិនមាត់ អាចជាប់ពាក់ព័ន្ធនឹងកត្តាបង្កជាច្រើន។ ជាក់ស្ដែង ក្រៅពីណែនាំឲ្យធ្វើការជួបពិគ្រោះជាមួយទន្តពេទ្យ អ្នកក៏អាចផ្ដល់ជាគន្លឹះផ្សេងទៀតសម្រាប់ពួកគេដើម្បីបំបាត់បញ្ហានេះ និងបង្កើនទំនុកចិត្តឡើងវិញ។
អ្វីគួរដឹង?
ករណី ៩០% នៃបញ្ហាក្លិនមាត់ អាចបណ្តាលមកពីសំណល់អាហារ ឈាម កោសិកាក្នុងមាត់ ឬបាក់តេរី ដែលកើតមានឡើងនៅក្នុងលក្ខខណ្ឌដូចជា៖
- ដង្កូវស៊ីធ្មេញ ជំងឺនៅបណ្ដូលធ្មេញ រលាកអញ្ចាញធ្មេញ ការដាក់ធ្មេញមិនបានល្អ និងស្ងួតមាត់ជាដើម
- ជំងឺនៅប្រព័ន្ធរំលាយអាហាររួមមាន រលាកក្រពះ ឬរលាកបំពង់អាហារ
- មហារីកបំពង់កដំណាក់កាលចុងក្រោយ។
អ្វីគួរធ្វើ?
សម្រាប់បញ្ហាក្លិនមាត់ភាគច្រើន (៩០%) ត្រូវបានណែនាំឲ្យជួបពិគ្រោះជាមួយទន្តពេទ្យ ប៉ុន្តែស្របពេលជាមួយគ្នាអ្នកក៏អាចណែនាំនូវគន្លឹះខ្លះៗដូចជា៖
- ជំនួសច្រាសដុសធ្មេញធម្មតាទៅជាប្រភេទច្រាសដើរដោយម៉ាស៊ីនដែលមានមុខងារអាចបាញ់ទឹកបាន (Waterpeek) ឬអាចប្រើប្រាស់សរសៃអំបោះទាក់ធ្មេញដែលមានសារធាតុសម្លាប់មេរោគប្រភេទ Corsodyl (Smithkline Beecham)
- ប្រើប្រាស់ថ្នាំដុសធ្មេញដែលរួមផ្សំទៅដោយ ស័ង្កសី និងក្លរ ឬអាចលេបថ្នាំស័ង្កសី (Rubozine) ៣គ្រាប់ក្នុងមួយថ្ងៃ។
ប្រសិនបញ្ហាក្លិនមាត់មិនជាប់ពាក់ព័ន្ធនឹងសុខភាពមាត់ធ្មេញ អាចណែនាំអ្នកជំងឺឲ្យទៅពិនិត្យជាមួយវេជ្ជបណ្ឌិតជំនាញទូទៅ។
ចំណាំ៖ សូមកុំច្រឡំបញ្ហាក្លិនមាត់នេះ ទៅនឹងអ្នកជំងឺទឹកនោមផ្អែមបណ្តាលមកពីកង្វះអាំងស៊ុយលីនដែលអាចឲ្យមានក្លិនដូចទៅនឹងទឹកថ្នាំលាងក្រចកចេញតាមច្រមុះ។
ប្រភពយោង៖ Le vademecum de la Médication officinale
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ