- Nov 05, 2019 |
- 5 years ago |
- 5.8K views
ការណែនាំខ្លះៗពីការប្រើប្រាស់វីតាមីន C
រាងកាយ ជាចាំបាច់ត្រូវការវីតាមីនជាច្រើនប្រភេទសម្រាប់ការទ្រទ្រង់ និងលូតលាស់។ ជាក់ស្ដែងវីតាមីនទាំងនោះមួយផ្នែកមានសមត្ថភាពផលិតដោយខ្លួនឯងនៅក្នុងរាងកាយ ចំណែកមួយផ្នែកទៀតទាមទារយកពីខាងក្រៅតាមរយៈចំណីអាហារ។ តួយ៉ាង វីតាមីន C គឺជាប្រភេទវីតាមីនម៉្យាងដែលសម្បូរនៅក្នុងប្រភេទអាហារដូចជាផ្លែក្រូច ប៊ឺរី ដំឡូង ប៉េងប៉ោះ បន្លែ ឬស្ពៃស្រស់ៗជាច្រើន ដែលគួរទទួលទានឲ្យបានជាប្រចាំ។ បន្ថែមពីវត្តមាននៅក្នុងរបបអាហារខាងលើ វីតាមីនប្រភេទនេះ ក៏ត្រូវបានផលិតឡើងជាឱសថបំប៉ន ក្រោមទម្រង់ជាថ្នាំគ្រាប់ ឬទំពារ ដើម្បីបំពេញភាពខ្វះខាតណាមួយទៅតាមបុគ្គលម្នាក់ៗផងដែរ។ លក្ខណៈឱសថ វីតាមីន C ឬអាស៊ីតអាស្កូប៊ិច ជាសារធាតុបំប៉នដែលមានសុវត្ថិភាព និងប្រសិទ្ធភាពមួយ ដែលមិនត្រឹមតែប្រើប្រាស់សម្រាប់ជាជំនួយនៅពេលមានជំងឺផ្ដាសាយប៉ុណ្ណោះទេ វាក៏ជាវីតាមីនម៉្យាងដែលចាំបាច់សម្រាប់ការលូតលាស់ និងមុខងាររបស់សារពាង្គកាយ ក៏ដូចជាថែរក្សាដំណើរការរបស់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយទៀតផង។ បន្ថែមពីនោះ វាក៏ត្រូវបានសង្កេតឃើញឲ្យប្រើប្រាស់ក្នុងករណីជំងឺមួយចំនួនដូចជា៖ • ជំងឺសរសៃឈាមបេះដូង • បញ្ហាសុខភាពអំឡុងពេលពពោះ • សុខភាពភ្នែក • ភាពជ្រីវជ្រួញនៃស្បែក ជាដើម។ ដោយឡែក ក្នុងករណីកង្វះវីតាមីន C ក្នុងរាងកាយអាចធ្វើឲ្យប្រឈមទៅនឹងបញ្ហាសុខភាពធ្ងន់ធ្ងរឈ្មោះថា Scurvy ដែលបង្ហាញចេញជារោគសញ្ញាដូចជាចុះខ្សោយ ស្លេកស្លាំង ស្នាមជាំលើស្បែក ឬការហូរឈាមនៅនឹងអញ្ចាញជាដើម។ របៀប និងកម្រិតប្រើប្រាស់ គួរប្រើប្រាស់ឱសថតាមការណែនាំពីសំណាក់វេជ្ជបណ្ឌិតជំនាញ ដោយកម្រិតជាទូទៅសម្រាប់មនុស្សពេញវ័យគឺបុរស ៩០មិល្លីក្រាម និងស្រ្តី ៧៥ មិល្លីក្រាមក្នុងមួយថ្ងៃ។ ដោយឡែក ចំពោះស្រ្តីមានផ្ទៃពោះត្រូវទទួលទានវីតាមីន C ក្នុងកម្រិត ១២០មិល្លីក្រាម និង១៣០មិល្លីក្រាមសម្រាប់ស្រ្តីកំពុងបំបៅដោះកូន។ ផលរំខានឱសថ ផលរំខានរបស់វីតាមីន C អាចកើតមាន ឬប្រែប្រួលទៅតាមកម្រិតនៃការប្រើប្រាស់ថ្នាំ។ ក្នុងករណីនេះដែរក៏អាចបណ្តាលឲ្យអ្នកជំងឺមួយចំនួនមានអាការៈធីងធោង ងងុយគេង រាក ក្អួតចង្អោរ ឈឺក្បាល និងចង្វាក់បេះដូងលោតមិនទៀងទាត់ ឬញាប់។ល។ ប៉ុន្តែប្រសិនអាការៈខាងលើនៅតែបន្តស្តែងចេញ និងមានលេចចេញនូវរោគសញ្ញាដទៃទៀត អ្នកត្រូវប្រឹក្សាជាមួយអ្នកជំនាញជាបន្ទាន់។ លើសពីនេះប្រសិនបើអ្នកជំងឺប្រើប្រាស់ឱសថនេះច្រើនលើសពី ២០០០មិល្លីក្រាមក្នុងមួយថ្ងៃនោះវាអាចបណ្តាលឲ្យមានការប្រឈមនឹងបញ្ហាក្រួសក្នុងតម្រងនោម និងជំងឺតម្រងនោមផ្សេងៗទៀត។ អន្តរកម្មឱសថ ការប្រើប្រាស់ឱសថច្រើនក្នុងពេលតែមួយ អាចបង្កើនឬបន្ថយប្រសិទ្ធភាពឱសថ និងបង្កើនហានិភ័យនៃផលរំខានរបស់ឱសថណាមួយ។ ជាក់ស្តែងវីតាមីន C ត្រូវបានណែនាំឲ្យប្រើប្រាស់ដាច់ដោយឡែកពីឱសថមួយចំនួនដូចជា៖ • អាលុយមីញ៉ូម • ការព្យាបាលដោយប្រើគីមី • ឱសថពពួកអឺស្រ្តូហ្សែន (Estrogen) • ឱសថក្នុងក្រុម Protease inhibitors • ឱសថ Statins និង Niacin • ឱសថក្នុងក្រុម Warfarin ៖ដូចជាឱសថ Coumadin និង Jantoven។ ដើម្បីចៀសវាងហានិភ័យ និងផលរំខានដែលកើតមានពីអន្តរកម្មឱសថ អ្នកគួរពិគ្រោះយោបល់ ឬប្រាប់ទៅកាន់វេជ្ជបណ្ឌិតក្នុងករណីអ្នកកំពុងប្រើប្រាស់ឱសថផ្សេងទៀត មុននឹងសម្រេចចិត្តប្រើប្រាស់ឱសថនេះ។ បម្រុងប្រយ័ត្ន ការប្រើប្រាស់វីតាមីន C ក៏ទាមទារនូវការប្រុងប្រយ័ត្នផងដែរក្នុងករណី៖ • ចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះ អាចប្រើប្រាស់តែក្នុងករណីចាំបាច់ និងស្ថិតក្នុងកម្រិតមួយច្បាស់លាស់មិនឲ្យលើសពី ២០០០ មិល្លីក្រាម ក្នុងមួយថ្ងៃ ពិសេសត្រូវស្ថិតក្រោមការអនុញ្ញាតពីគ្រូពេទ្យជាមុនសិន • អ្នកជំងឺទឹកនោមផ្អែម ជំងឺភ្លេចភ្លាំង ជំងឺមហារីក បញ្ហាបេះដូង (គាំងបេះដូង ចុកទ្រូង ឬខ្សោយបេះដូង) សម្ពាធឈាមឡើងខ្ពស់ និងបញ្ហាតម្រងនោមសុទ្ធតែទាមទារការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញ ឬឱសថការីមុនសម្រេចចិត្តប្រើប្រាស់ឱសថនេះ • វីតាមីន C អាចបាត់បង់ប្រសិទ្ធភាពក្នុងករណីប្រើប្រាស់សារធាតុអាល់កុល និងសារធាតុញៀនស្របពេលជាមួយគ្នា។ គួរបញ្ជាក់ផងដែរសម្រាប់ វីតាមីន C ដែលកំពុងពេញនិយម និងត្រូវបានណែនាំឲ្យប្រើប្រាស់យ៉ាងច្រើន នោះមានឈ្មោះដូចជា៖ Laroscorbine effervescent, Vitascorbol effervescent និង Nat C ជាដើម។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ