គន្លឹះសម្រាប់ឱសថការីក្នុងការណែនាំទៅកាន់អ្នកជំងឺថ្លោះក
គ្រេច ឬថ្លោះក អាចជាការឈឺចាប់បែបសាមញ្ញ និងកើតឡើងនៅទីតាំងជាក់លាក់ ហើយភាគច្រើនតែងបាត់ទៅវិញដោយខ្លួនឯង។ យ៉ាងណាមិញអ្នកក៏គួរដឹងពីគន្លឹះមួយចំនួនសម្រាប់ណែនាំដល់អ្នកដែលត្រូវការជំនួយដើម្បីអាចសម្រាលអាការៈឈឺចាប់នោះឲ្យបានកាន់តែឆាប់រហ័ស។
អ្វីគួរដឹង?
អាការៈគ្រេច ឬថ្លោះក បណ្តាលមកពីការកន្រ្តាក់នៃសាច់ដុំធំមួយដែលស្ថិតនៅផ្នែកចំហៀងនៃក ហើយតែងកើតមានឡើងក្នុងករណី៖
• នៅពេលព្រឹក និងភ្លាមៗពេលងើបពីដំណេក។ វាជាការឈឺចាប់ធម្មតាដែលបណ្តាលមកពីទីតាំងគេងនៅពេលយប់មិនបានល្អ ឬធ្វើកាយវិការខុសប្រក្រតីណាមួយ
• សម្រាប់កុមារ៖ សញ្ញាថ្លោះក អាចជាប់ពាក់ព័ន្ធនឹងជំងឺរលាកត្រចៀក ឬឈឺទ្រូងជាដើម
• ប្រសិន ការឈឺចាប់កើតមានជាប្រចាំ និងកាន់តែខ្លាំងឡើងបន្តិចម្ដងៗថែមទាំងមានរួមបញ្ចូលសញ្ញាដូចជា ឈឺក្បាល ឬវិលមុខទៀតនោះ វាអាចជាករណីធ្ងន់ធ្ងរ ឬបញ្ហាសរសៃប្រសាទណាមួយ។
អ្វីគួរធ្វើ?
ដើម្បីកាត់បន្ថយការឈឺចាប់បណ្ដាលមកពីអាការៈគ្រេច ឬថ្លោះក អ្នកអាចណែនាំវិធីសាស្រ្តណាមួយដូចខាងក្រោម៖
• ស្អំកន្លែងឈឺចាប់ ដោយប្រើកន្សែងជ្រលក់ទឹកក្ដៅឧណ្ហៗ ឬងូតទឹកក្ដៅឧណ្ហៗ
• ប្រើប្រាស់ឱសថប្រភេទជាក្រែមសម្រាប់លាប ដូចជា Décontractyl baume ឬ Algésal suractivé
• ឬអាចប្រើប្រាស់ឱសថក្រោមទម្រង់ជាគ្រាប់ រួមមាន៖
- Décontractyl (Synthélabo) ២៥០mg៖ សម្រាប់មនុស្សពេលវ័យ ដោយអាចលេបម្ដង ២ គ្រាប់ បីដងក្នុងមួយថ្ងៃ
- Ibuprofène ២០០mg៖ អាចលេបម្ដង២គ្រាប់ បីដងក្នុងមួយថ្ងៃ
• ចំពោះឧបករណ៍រុំក អាចផ្ដល់ឲ្យអ្នកជំងឺបានប្រសិនពួកគេទាមទារចង់ប្រើប្រាស់ ប៉ុន្តែមិនអាចធានាបានពីប្រសិទ្ធភាពនោះទេ។
ប្រសិនអាការៈថ្លោះក នៅតែអូសបន្លាយជាប្រចាំ អ្នកគួរណែនាំឲ្យអ្នកជំងឺទៅទទួលការពិនិត្យពីសំណាក់វេជ្ជបណ្ឌិតឯកទេស។
ប្រភពយោង៖ Le vademecum de la Médication officinale
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ