ការអង្កេតលើការប្រើប្រាស់រុក្ខជាតិឱសថដោយគ្រូឱសថបុរាណក្នុងការព្យាបាលជំងឺនៅខេត្ដកោះកុង ប្រទេសកម្ពុជា
ខេត្តកោះកុង គឺជាតំបន់ដែលត្រូវបានគ្របដណ្តប់ដោយជួរភ្នំដ៏ធំសម្បើមដែលហៅថាជួរភ្នំក្រវាញ។ ព្រៃឈើដែលគ្របដណ្តប់នៅទីនោះគឺព្រៃត្រូពិចជ្រៅដែលជាតំបន់ព្រៃឈើចម្រុះដ៏ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ តំបន់ព្រៃនេះត្រូវបានកាន់កាប់ដោយអ្នកស្រុកដែលរស់នៅក្នុងតំបន់ ហើយអ្នកស្រុកតែងតែប្រមូលរុក្ខជាតិឱសថយកមកប្រើប្រាស់ក្នុងការព្យាបាលជំងឺផ្សេងៗ។ ការអង្កេតនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីរកឲ្យឃើញនូវវិធីដែលគ្រូឱសថបុរាណប្រើប្រាស់ រុក្ខជាតិឱសថក្នុងការព្យាបាលជំងឺនៅខេត្ដកោះកុង ប្រទេសកម្ពុជា។ ការអង្កេតនេះត្រូវបានធ្វើឡើងក្នុង ខែមេសា ឆ្នាំ ២០១៨។ បញ្ជីសំណួរបែប Semi-structure ត្រូវបានប្រើប្រាស់សម្រាប់ធ្វើការប្រមូលទិន្នន័យ។ បញ្ជីសំណួរត្រូវបានប្រើដើម្បីសម្ភាសន៍គ្រូឱសថបុរាណដែលប្រើរុក្ខជាតិឱសថដើម្បីព្យាបាលជំងឺចំនួន បីនាក់។ ឈ្មោះរុក្ខជាតិ ជំងឺដែលព្យាបាល ផ្នែករុក្ខជាតិ របៀបនៃការរៀបចំ និងការប្រើប្រាស់ត្រូវបានវិភាគដោយប្រើកម្មវិធី Microsoft Excel 2016។ ហ្វ្រេកង់ស៍ និងភាគរយត្រូវបានកំណត់ជាឧបករណ៍ស្ថិតិ។ លទ្ធផលនៃការអង្កេតបានបង្ហាញថា គ្រូឱសថបុរាណបានប្រើប្រាស់រុក្ខជាតិឱសថចំនួន ៤១ ប្រភេទ ក្នុងការព្យាបាលជំងឺ។ រុក្ខជាតិឱសថទាំងនោះត្រូវបានបែងចែកជា ២៥ គ្រួសារដែលភាគច្រើនរុក្ខជាតិឱសថគឺស្ថិតនៅក្នុងគ្រួសារ Fabaceae (9.76%; n=4), Rubiaceae (9.76%; n=4), Acanthaceae (7.32%; n=3) និង Asteraceae (7.32%; n=3)។ ផ្នែកដែលប្រើញឹកញាប់បំផុតគឺរុក្ខជាតិទាំងមូល (26.83%; n=11), សម្បក (14.63%; n=6), ផ្នែកលើដី (12.20%; n=5) និង ដើម (12.20%; n=5)។ រុក្ខជាតិឱសថ ត្រូវបានគេរៀបចំដោយប្រើវិធីសាស្រ្តស្ងោរ(92.68%; n=38) ប៉ុន្តែវិធីសាស្រ្តនៃការឆុងមានត្រឹមតែ 7.32% (n=3) ប៉ុណ្ណោះ។ ភាគច្រើនអ្នកស្រុកប្រើប្រាស់តាមមាត់ (87.80%; n=36)។ រុក្ខជាតិឱសថទាំងអស់ត្រូវបានប្រើដើម្បីព្យាបាលជំងឺផ្សេងៗ ដូចជា ជំងឺចាស់វង្វេង (3.57%; n=2), ជំងឺទាចទឹក (8.93%; n=5), ជំងឺឆ្កួតជ្រូក (3.57%; n=2), ស្ទះសរសៃឈាមបេះដូង (7.14%; n=4), ជំងឺរលាកក្រពះ (7.14%; n=4), ជំងឺមហារីកក្រពះ (5.36%; n=3), ជំងឺឫសដូងបាត (8.93%; n=5), ជំងឺមហារីកថ្លើម (5.36%; n=3), ជំងឺរលាកថ្លើមប្រភេទ B (8.93%; n=5), ជំងឺសួត (7.14%; n=4), ជំងឺគ្រុនចាញ់ (7.14%; n=4), ដុះសាច់ច្រមុះ (5.36%; n=3), រំលូតកូន (7.14%; n=4), ជំងឺរលាកទងសួត (5.36%; n=3), ជំងឺមហារីកបំពង់ក (5.36%; n=3) និងជំងឺក្រួសក្នុងតម្រងនោម (3.57%;n=2)។ ការសិក្សាស្រាវជ្រាវនេះផ្តល់នូវព័ត៌មានសំខាន់អំពីការប្រើប្រាស់រុក្ខជាតិឱសថ ដោយគ្រូឱសថបុរាណដែលរស់នៅតាមតំបន់ក្នុងខេត្តកោះកុងនៃប្រទេសកម្ពុជា។ សម្រាប់អ្នកវិទ្យាសាស្ត្រទាំងឡាយណាដែលចង់ធ្វើការសិក្សាស្រាវជ្រាវបន្តទៅលើរុក្ខជាតិដែលបានអង្កេតខាងលើនេះ សូមផ្តោតទៅលើការពិសោធន៍រកឲ្យឃើញនូវគីមីឱសថ ដែលបង្កប់នៅក្នុងរុក្ខជាតិឱសថទាំងនោះ។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨២
អ្នកនិពន្ធដែលជានិស្សិតនិងសាស្ត្រាចារ្យនៃមហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ ប្រទេសកម្ពុជា៖ កែវ សំអែល ពា ពិដោរ នី ច័ន្ទ សីហា សឿន សុវណ្ណនេត្រ តាន់ គីមចេង ស្រី ពេជ ជា ស៊ីន
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ