សញ្ញាណឱសថថ្មីដែលអាចពន្យារអាយុរស់របស់អ្នកជំងឺមហារីកលំពែង
អ្នកស្រាវជ្រាវមកពី University of Michigan Rogel Cancer Center បានរាយការណ៍ពីសញ្ញាណនៃលទ្ធផលដំបូងបន្ទាប់ពីការធ្វើតេស្តគ្លីនិកទៅលើឱសថថ្មីមួយសម្រាប់ជំងឺមហារីកលំពែង។ តេស្តគ្លីនិកដំណាក់កាលដំបូងនេះ ត្រូវបានគេពិសោធទៅលើឱសថ AZD1175 ដែលបង្កើតឡើងដើម្បីទប់ស្កាត់អង់ស៊ីមម្យ៉ាងឈ្មោះថា Wee1 ដែលមានសមត្ថភាពទៅជួសជុល DNA របស់កោសិកាមហារីកឲ្យរស់ឡើងវិញ បើទោះបីបានធ្វើការព្យាបាលដោយការបាញ់កាំរស្មី និងឱសថគីមីក៏ដោយ។
ជាក់ស្ដែងការព្យាបាលដោយកាំរស្មីអុិច និងថ្នាំគីមីដែលមានឈ្មោះថា Gemcitabine គឺជាវិធីសាស្រ្តព្យាបាលស្តង់ដាសម្រាប់ជំងឺមហារីកលំពែង។ វិធីសាស្រ្តទាំងពីរមានសមត្ថភាពទៅបំផ្លាញ DNA របស់កោសិកាមហារីក យ៉ាងណាមិញ កោសិកាមហារីកលំពែងបែរជាមានឥទ្ធិពលខ្លាំងក្លាក្នុងការជួសជុលភាពខូចខាតទាំងនោះឡើងវិញដែលជាហេតុធ្វើឲ្យប្រសិទ្ធភាពនៃការព្យាបាលត្រូវបានថយចុះ។ ដូច្នេះដើម្បីរារាំងសមត្ថភាពកោសិកាមហារីកពីការការពារខ្លួនពីឥទ្ធិពលរបស់កាំរស្មីអុិច និងថ្នាំគីមីទើប AZD1775 ត្រូវបានបង្កើតឡើងពីសំណាក់អ្នកស្រាវជ្រាវ។
តេស្តខាងលើត្រូវបានធ្វើឡើងចំពោះអ្នកជំងឺមហារីកលំពែងចំនួន ៣៤ រូប ដោយតម្រូវឲ្យពួកគេប្រើប្រាស់ឱសថ AZD1775 បន្ថែមទៀតស្របពេលទទួលបានការព្យាបាលដោយថ្នាំគីមី Gemcitabine។ គោលដៅនៃការសិក្សា គឺដើម្បីកំណត់ពីកម្រិតដូសខ្ពស់បំផុតនៃ AZD1775 ដែលអាចយកមកប្រើប្រាស់បានក្នុងពេលជាមួយគ្នា។ ដំណើរការនៃការពិសោធបានបង្ហាញពីលទ្ធផលល្អច្រើនជាងការរំពឹងទុកទៅលើការពន្យារជីវិតរស់របស់អ្នកជំងឺដោយអត្រារស់ជាមធ្យមឃើញមានកើនឡើងដល់ទៅ ២២ខែ បើប្រៀបធៀបទៅលើការប្រើប្រាស់ឱសថ Gemcitabine តែមួយមុខដោយអត្រាអាយុរស់មានត្រឹមតែ ១២ ទៅ១៤ខែប៉ុណ្ណោះ។
ការបន្ថែមឱសថ AZD1175 ជាមួយការព្យាបាលតាមកាំរស្មីអុិច និងថ្នាំគីមី អាចផ្ដល់ផលវិជ្ជមានទៅលើអត្រានៃអាយុរស់របស់អ្នកជំងឺ ដែលគួរតែត្រូវបានធ្វើការសិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅបន្តទៀត នេះបើយោងតាមប្រសាសន៍របស់អ្នកដឹកនាំផ្នែកស្រាវជ្រាវ Kyle Cuneo។ ម្យ៉ាងទៀតប្រសិនការសិក្សាកាន់តែមានភាពជាក់លាក់នោះវាអាចកាត់បន្ថយភាពស៊ាំរបស់កោសិកាមហារីកទៅលើវិធីសាស្រ្តព្យាបាលទាំងពីរ (កាំរស្មីអុិច និងឱសថគីមី)។
គួរបញ្ជាក់ផងដែរ ជំងឺមហារីកលំពែង មានសមត្ថភាពអាចរីករាលដាលទៅកាន់ផ្នែកផ្សេងៗក្នុងរាងកាយដែលអត្រារស់បាន ៥ឆ្នាំ មានត្រឹមតែ ៩% តែប៉ុណ្ណោះ ចំណែកការស្រាវជ្រាវខាងលើកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ ដែលទាមទារឲ្យមានការសិក្សាវិភាគជាច្រើនទៀត។
ប្រភពយោង៖ https://www.sciencedaily.com/releases/2019/08/190814113934.htm
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ