ឧបករណ៍ថ្មីមួយអាចកំណត់ពីប្រសិទ្ធភាពនៃថ្នាំគីមីក្នុងការព្យាបាលជំងឺមហារីក
ការកំណត់ពីប្រសិទ្ធភាពនៃថ្នាំគីមីក្នុងការព្យាបាលជំងឺមហារីក អាចនឹងត្រូវវាស់វែងបានតាមរយៈឧបករណ៍ថ្មីមួយ នេះបើយោងតាមការសិក្សាស្រាវជ្រាវពី Journal Microsystems & Nanoengineering។ ឧបករណ៍នេះត្រូវបានបង្កើតឡើងជាមួយភាពជាក់លាក់ដល់ទៅ ៩៥.៩% ក្នុងការរាប់កោសិកាមហារីកនៅរាល់ពេលឆ្លងកាត់ជាមួយអេឡិចត្រូត។
ប្រធានផ្នែកនិពន្ធ លោក Mehdi Javanmard ដែលមានតួនាទីជាសាស្រ្តាចារ្យជំនួយប្រចាំ Department of Electrical and Computer Engineering នៅឯ Ruters University-New Brunswick បានឲ្យដឹងថា “ពួកយើងបានបង្កើតឧបករណ៍នេះឡើង ដែលអាចសន្និដ្ឋានបានថាតើអ្នកជំងឺអាចឆ្លើយតបជាវិជ្ជមានទៅលើវិធីសាស្រ្តព្យាបាលជំងឺមហារីក ឬយ៉ាងណា”។ បន្ថែមពីនោះបច្ចេកវិទ្យានេះជាការបញ្ចូលគ្នានៃ Artificial intelligence និង Biosensors ព្រមទាំងរួមផ្សំទៅដោយបរិមាណតិចតួចនៃសារធាតុរាវដែលមានសមត្ថភាពចាប់បានពីភាពប្រែប្រួល ឬភាពស៊ាំរបស់កោសិកាមហារីកអំឡុងពេលព្យាបាលដោយថ្នាំគីមី។
ក្រុមការងារ Ruters បានធ្វើតេស្តជាដំបូងតាមរយៈការប្រើប្រាស់សំណាកកោសិកាមហារីកដែលបានព្យាបាលជាមួយកំហាប់ថ្នាំផ្សេងៗគ្នា។ ជាលទ្ធផលឧបករណ៍នេះអាចចាប់បានកោសិកាមហារីកដែលនៅរស់ ដោយមើលទៅលើភាពប្រែប្រួលនៃចរន្តអេឡិចត្រូតរាល់ពេលឆ្លងកាត់ប្រហោងដ៏តូចនៃសារធាតុរាវ។ ចំណែកជំហានបន្ទាប់ ការធ្វើតេស្តនឹងធ្វើឡើងទៅលើសំណាកដុំមហារីករបស់អ្នកជំងឺផ្ទាល់ ដើម្បីកំណត់ពីប្រសិទ្ធភាពនៃថ្នាំព្យាបាលណាមួយមុនពេលអ្នកជំងឺអាចចាប់ផ្ដើមទទួលបានការព្យាបាល។
ជាមួយលទ្ធផលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាថ្មីនេះនឹងអាចបង្កើនអន្តរាគមន៍បន្ថែមសម្រាប់អ្នកជំងឺមហារីក ក៏ដូចជាគ្រប់គ្រងនិងកំណត់ស្ថានភាពជំងឺឲ្យបានកាន់តែប្រសើរឡើង។
ប្រភពយោង៖ https://www.sciencedaily.com/releases/2019/07/190716150007.htm
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨២
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ