- Nov 07, 2019 |
- 5 years ago |
- 3.1K views
ម៉ូដែលនៃការព្យាបាលជំងឺតាមបែបប្រពៃណីដែលអនុវត្តដោយគ្រូឱសថបុរាណនៅខេត្ដកោះកុង ប្រទេសកម្ពុជា៖ ការស្រាវជ្រាវបែបគុណភាព
ការព្យាបាលជំងឺតាមបែបបុរាណនៅប្រទេសកម្ពុជាត្រូវបានអនុវត្តធ្វើឡើងតាំងពីសម័យអង្គរ ហើយវាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយរហូតមកដល់បច្ចុប្បន្ននេះ។ ជារឿយៗ វាត្រូវបានអនុវត្តដោយគ្រូឱសថបុរាណដែលគេហៅថា “គ្រូខ្មែរ” ដែលតែងតែជាអ្នកដែលត្រូវបានគេស្គាល់នៅក្នុងសង្គម។ ការអនុវត្តការព្យាបាលបែបបុរាណនៅតែជាការពេញនិយមសម្រាប់ប្រជាជន ដែលរស់នៅក្នុងតំបន់ជនបទ។ ទោះបីជាយ៉ាងណាក៏ដោយការចងក្រងឯកសារអំពីការអនុវត្តការព្យាបាលទាំងនេះគឺមិនទាន់ បានរៀបចំបានត្រឹមត្រូវនោះទេ។ ការស្រាវជ្រាវនេះ មានគោលបំណងក្នុងការធ្វើការអង្កេតលើម៉ូដែលការព្យាបាលជំងឺបែបបុរាណដែលត្រូវបានអនុវត្តដោយគ្រូឱសថបុរាណ នៅខេត្តកោះកុង ប្រទេសកម្ពុជា។ ក្នុងអំឡុងខែមេសា ឆ្នាំ២០១៨ គ្រូឱសថបុរាណចំនួន ៤ រូប ដែលរស់នៅក្នុងខេត្តកោះកុង ត្រូវបានធ្វើការសម្ភាសបែបស៊ីជម្រៅទៅលើ ៤ ចំណុច ដែលរួមមាន ការអង្កេតអំពីប្រភេទខុសៗគ្នានៃការអនុវត្តការព្យាបាលជំងឺបែបបុរាណ ការយល់ដឹងរបស់សហគមន៍ វិធីនៃការអនុវត្ត និងបទដ្ឋានសង្គម ដែលពាក់ព័ន្ធនឹងការអនុវត្តការព្យាបាលជំងឺបែបបុរាណ។ បច្ចេកទេសនៃការជ្រើសរើសគ្រូឱសថបុរាណត្រូវបានធ្វើឡើងដោយសំណាកបែប Snowball សម្រាប់ការស្រាវជ្រាវនេះ។ បច្ចេកទេសនៃការជ្រើសរើសគ្រូសំណាកបែប Snowball នេះ គឺតែងតែត្រូវបានគេយកមកអនុវត្តនៅក្នុងការសិក្សាស្រាវជ្រាវបែបគុណភាព ក្នុងការធ្វើការជ្រើសប្រភេទសំណាកអ្នកចូលរួមណាដែលមានការលំបាកក្នុងការស្វែងរក។ បន្ទាប់ពីបានប្រមូលទិន្នន័យរួចហើយតាមរយៈការសម្ភាស ដោយប្រើសំណួរបែបសំណួរបើក និងការថតចម្លងទុកទិន្នន័យត្រូវបានរៀបចំឡើងវិញ និងចែកចំណាត់ថ្នាក់តាមវិធីសាស្ត្រ Theme-wise ជាមួយនឹងសម្រង់ឃ្លាប្រយោគដែលពាក់ព័ន្ធ។ បន្ទាប់មកយើងធ្វើការកំណត់លេខកូដ ដោយផ្អែកលើគោលបំណងនៃការស្រាវជ្រាវ។ គោលគំនិតណាដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាត្រូវបានបញ្ចូលទៅក្នុង Sub-theme ឬ Theme ជាមួយគ្នាបន្ទាប់មក លេខកូដចំពោះ Theme នីមួយៗត្រូវបានកំណត់។ បន្ទាប់ពីធ្វើការដាក់លេខកូដរួចហើយ ទិន្នន័យទាំងនោះត្រូវបានបកប្រែទៅជាភាសាអង់គ្លេស ហើយធ្វើការវិភាគបែប Thematic analysis។ លទ្ធផលនៃការសិក្សាបានបង្ហាញថាគ្រូឱសថបុរាណធ្វើការអនុវត្តការព្យាបាលជំងឺតាមម៉ូដែលអសាសនា និងម៉ូដែលសាសនា។ គ្រូឱសថបុរាណអនុវត្តការព្យាបាលជំងឺឲ្យអ្នកជំងឺនៅក្នុងគេហដ្ឋានរបស់ខ្លួន។ ការព្យាបាលជំងឺដោយបាលីភ្ជាប់ជាមួយនឹងការប្រើប្រាស់រុក្ខជាតិឱសថត្រូវបានអនុវត្តយ៉ាងទំលំទូលាយ។ គ្រូឱសថបុរាណធ្វើការសូត្របាលីទៅតាមសៀវភៅគម្ពីរនៅក្នុងដំណើរការនៃការព្យាបាល ដោយទាមទារយ៉ាងខ្លាំងនូវជំនឿ ឬការជឿរបស់អ្នកជំងឺ ដើម្បីឲ្យការព្យាបាលមានប្រសិទ្ធភាព។ គ្រូឱសថបុរាណពេលខ្លះ គាត់ធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺតាមរយៈការធ្វើការទំនាក់ទំនងជាមួយដួងព្រលឹងស័ក្តិសិទ្ធិ។ ការព្យាបាលជំងឺរបស់អ្នកជំងឺនៅតាមគេហដ្ឋានផ្អែកលើបទពិសោធន៍រយៈពេលយូររបស់គ្រូឱសថបុរាណ ក្នុងការព្យាបាលជំងឺ ជាមួយនឹងការប្រើប្រាស់រុក្ខជាតិឱសថនៅក្នុងតំបន់។ តម្លៃនៃការព្យាបាលជំងឺគឺអាស្រ័យលើស្ថានភាពជំងឺ។ សរុបរួម ការព្យាបាលជំងឺតាមបែបបុរាណគឺត្រូវបានអនុវត្តជាទូទៅសម្រាប់ការថែទាំសុខភាពជាបឋមនៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា ជាពិសេសនៅក្នុងចំណោមប្រជាជនដែលមានកម្រិតជីវភាពទាប។ ការអង្កេតទៅលើម៉ូដែលនៃការព្យាបាលជំងឺបែបបុរាណគួរតែត្រូវបានបន្តធ្វើ ដើម្បីឲ្យយល់អំពីយន្តការនៃការព្យាបាលជំងឺឲ្យកាន់តែស៊ីជម្រៅជាងនេះ។ អ្នកនិពន្ធដែលជានិស្សិត និងសាស្ត្រាចារ្យមហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ ប្រទេសកម្ពុជា៖ កែវ សំអែល ពា ពិដោរ នី ច័ន្ទសីហា សឿន សុវណ្ណនេត្រ តាន់ គីមចេង លី មល្លិកា ជា ស៊ីន អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share