ក្រៅពីប្រើប្រាស់ថ្នាំតើអាចប្រាប់អ្វីខ្លះទៀតទៅកាន់អ្នកពុលឡាន?
ពុលឡានតិចតួចប្រហែលជាអាចទ្រាំទ្របាន តែបើការពុលមិនអាចគ្រប់គ្រងបាន ជាពិសេសសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយទៀតនោះ ប្រាកដណាស់ពួកគេនឹងត្រូវការជំនួយ។ ក្នុងករណីបែបនេះ តើអ្នកនឹងណែនាំពីអ្វីខ្លះដល់ពួកគេ? ខាងក្រោមនេះអាចជាចម្លើយដ៏ល្អសម្រាប់ដោះស្រាយបញ្ហាពុលការធ្វើដំណើរ។
អ្វីគួរដឹង?
ការរងឥទ្ធិពលពីការពុលឡាន ឬការធ្វើដំណើរផ្សេងទៀតអាចកើតមានឡើងលើបុគ្គលក្នុងអត្រា ៥ភាគរយនៃប្រជាជនទាំងអស់ ដែលភាគច្រើនបណ្តាលមកពី៖
- ការថប់បារម្ភ
- អារម្មណ៍ភ័យខ្លាចក្នុងការជិះយន្តហោះ ទូក ឬឡាន
- ការប្រើប្រាស់សារធាតុអាល់កុល ឬញៀន
- អស់កម្លាំង និងគេងមិនគ្រប់គ្រាន់ជាដើម។
អ្វីគួរធ្វើ?
សម្រាប់គន្លឹះចម្បងមួយចំនួន ដែលអាចណែនាំទៅអ្នកពុលការធ្វើដំណើររួមមាន៖
- ត្រូវញ៉ាំអាហារឲ្យបានឆ្អែតមុនពេលធ្វើដំណើរ
- ចៀសវាងពិសាអាល់កុល
- គួរអង្គុយនៅផ្នែកខាងមុខ សម្រាប់ការធ្វើដំណើរតាមទូក កប៉ាល់ ឬឡាន ហើយសម្រាប់យន្តហោះអាចជ្រើសរើសទីតាំងនៅកណ្តាល
- គេងអំឡុងពេលធ្វើដំណើរ
- ចៀសវាងនៅទីតាំងដែលមានក្លិនមិនល្អ។
អ្នកអាចផ្ដល់ជាឱសថនៅក្នុងក្រុម Antihistaminiques H1 ដែលមានឈ្មោះដូចជា៖
- Diphenhydramine (Nautamine)៖ អាចប្រើ ១ ឬកន្លះគ្រាប់ មុនពេលធ្វើដំណើរ ៣០នាទីរៀងរាល់ ៦ម៉ោងម្ដង តែហាមប្រើប្រាស់លើសពី ៦គ្រាប់ក្នុងមួយថ្ងៃ
- Dramamine (Pharmacia)
- Mercalm (Warner Lambert)៖ អាចលេប ១ ឬ ២គ្រាប់ រៀងរាល់ ៦ម៉ោងម្ដង និងមិនឲ្យលើសពី ៦គ្រាប់ក្នុងមួយថ្ងៃ
- Nausicalm (Brother)៖ ជាឱសថទឹកដែលអាចប្រើបាន ១ ឬ ២ស្លាបព្រាបាយ រៀងរាល់ ៦ម៉ោងម្ដង និងមិនឲ្យលើស ១០ដងក្នុងមួយថ្ងៃ។
គួរបញ្ជាក់ផងដែរ ឱសថខាងលើគឺអាចផ្ដល់ឲ្យសម្រាប់តែមនុស្សពេញវ័យ និងកុមារដែលមានអាយុលើសពី ២ឆ្នាំ ហើយហាមប្រើប្រាស់សម្រាប់អ្នកជំងឺពាក់ព័ន្ធក្រពេញប្រូស្តាត ទឹកដក់ក្នុងភ្នែកនិងស្រ្តីមានផ្ទៃពោះ។
ក្រៅពីឱសថខាងលើ ក៏មានការណែនាំឲ្យប្រើប្រាស់ឱសថ Scopoderm TTS ដែលមានលក្ខណៈ៖
- ជាប្រភេទបន្ទះសម្រាប់បិតជាមួយប្រសិទ្ធភាពដល់ទៅ ៧២ម៉ោង រួមបញ្ចូលទៅដោយសារធាតុសកម្ម Scopolamine ដែលមានសមត្ថភាពប្រឆាំងអាការៈចង្អោរ ឬក្អួត។ ការប្រើប្រាស់ដោយបិតលើស្បែកបែបនេះ អាចកាត់បន្ថយផលរំខានដូចជា ធីងធោង និងស្ងួតមាត់
- គួរប្រើប្រាស់ឱសថដោយបិតលើស្បែកក្រោយត្រចៀក ក្នុងសភាពស្ងួតនិងចៀសវាងបិតលើសក់។ គួរបិតនៅមុនពេលធ្វើដំណើរចន្លោះពី ៦ ទៅ១២ ម៉ោងហើយអាចបកចេញបន្ទាប់ពីការធ្វើដំណើរបានបញ្ចប់ ប៉ុន្តែសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយអាចប្រើប្រាស់ឱសថរៀងរាល់ ៧២ ម៉ោងម្តង
- សារធាតុសកម្ម Scopolamine អាចបង្កផលរំខានដូចជា៖ ស្ងួតមាត់ ទល់លាមក និងចៀសវាងប្រើប្រាស់សម្រាប់បុគ្គលដែលមានវ័យចំណាស់។
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ