សញ្ញានៃជំងឺរលាកឆ្អឹងត្រចៀក Mastoid ដែលអ្នកគួរដឹង
Mastoiditis ជាពាក្យបច្ចេកទេសសំដៅដល់ការរលាកនៃឆ្អឹង Mastoid ដែលស្ថិតនៅផ្នែកខាងក្រោយនៃត្រចៀក។ ជាក់ស្តែងសម្រាប់ពិភពលោកគេរកឃើញជំងឺនេះកើតមានក្នុងកម្រិត ១/២៥០០០ រីឯនៅកម្ពុជាហាក់មានការកើតឡើងច្រើនជាងនេះ។ Mastoiditis ជាជំងឺប្រឈមខ្ពស់ចំពោះកុមារអាយុតិចជាង ២ឆ្នាំ ដែលគេហៅថាជាការរលាកឆ្អឹង Mastoid ស្រួចស្រាវ និងជាប្រភេទធ្ងន់ធ្ងរអាចប៉ះពាល់ដល់អាយុជីវិតរបស់កុមារ ឯចំពោះមនុស្សចាស់ ច្រើនជាការរលាករ៉ាំរ៉ៃ។ ការរលាកឆ្អឹង Mastoid នេះអាចនឹងវិវឌ្ឍកាន់តែមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលទាមទារឲ្យអ្នកស្វែងយល់នូវសញ្ញាសំខាន់ៗ ដូចខាងក្រោម៖
មូលហេតុ និងកត្តាជំរុញនៃ Mastoiditis
ភាគច្រើននៃការរលាកឆ្អឹង Mastoid បង្កពីបាក់តេរី Pneumococcus ដែលរស់នៅនឹងត្រចៀក-ច្រមុះ-បំពង់ក និងបាក់តេរី Pseudomonas aeruginosa Hemophilus influenzae។ ការរលាកនេះ កើតឡើងបន្ទាប់ពីមានការរលាកត្រចៀកកណ្តាលស្រួចស្រាវចំពោះកុមារដែលមិនបានទទួលការព្យាបាលទាន់ពេល ឬមិនត្រឹមត្រូវ។ សម្រាប់មនុស្សចាស់ ឬអ្នកដែលវ័យចាប់ពី ៣០ឆ្នាំឡើងទៅ Mastoiditis កើតពីការរលាកត្រចៀកកណ្តាលរ៉ាំរ៉ៃ ឬហៅថាអំបៅអំបែក។ គួរបញ្ជាក់ថា អ្នកដែលងាយនឹងរងការរលាកត្រចៀកកណ្តាលរួមមាន៖
• អ្នកជំងឺរលាកសាច់បំពង់កផ្នែកខាងក្រោយ ធ្វើឲ្យរលាកត្រចៀកកណ្តាល និងអាចឆ្លងបន្តទៅ Mastoid
• អ្នកជំងឺរលាកច្រមុះរ៉ាំរ៉ៃ ងាយធ្វើឲ្យខ្ទុះ ឬសម្បោរហូរធ្លាក់ទៅក្នុងបំពង់ក និងឡើងដល់ត្រចៀក។
សញ្ញាបញ្ជាក់ពី Mastoiditis
អ្នកជំងឺអាចមានអាការៈឈឺក្នុងរន្ធត្រចៀក បន្ទាប់មកឈឺផ្នែកខាងក្រោយត្រចៀកអ្នកខ្លះមានហៀរខ្ទុះពីក្នុងត្រចៀក ហើយមានពណ៌ក្រហមនៅតំបន់ Mastoid ខាងក្រោយត្រចៀក ប៉ោងរលោង និងទន់ពេលប៉ះ។ ករណីខ្លះវាឡើងប៉ោងរហូតដល់អាចរុញស្លឹកត្រចៀកមកខាងមុខ និងឲ្យរន្ធត្រចៀករួមតូចផងដែរ។ សញ្ញាធ្ងន់ធ្ងរអាចរហូតហៀរខ្ទុះចេញពីផ្នែកខាងក្រោយត្រចៀកដែលអាចឲ្យអ្នកជំងឺច្រឡំថាជាការកើតបូស។ ក្រៅអំពីសញ្ញាពិសេសៗខាងលើ អ្នកជំងឺក៏អាចមានអាការៈរួមផ្សំផ្សេងទៀតដូចជា ក្តៅខ្លួនញាក់ចំពោះកុមារ ឬក្ដៅស្ទេញៗ ឈឺក្បាលចំពោះមនុស្សចាស់ និងមានការថយចុះនូវកម្រិតនៃការស្តាប់។
ការធ្វើរោគវិនិច្ឆ័យ
ជាដំបូងគ្រូពេទ្យនឹងធ្វើការពិនិត្យលើសញ្ញាគ្លីនិកដោយធ្វើការសាកសួរលម្អិតពីប្រវតិ្តជំងឺ បន្ទាប់មកអ្នកជំងឺនឹងតម្រូវឲ្យធ្វើរោគវិនិច្ឆ័យដោយប្រើ Otoscope ឆ្លុះចូលក្នុងរន្ធត្រចៀកដើម្បីរកវត្តមានខ្ទុះក្នុងត្រចៀក និងសភាពក្រដាសត្រចៀក។ ប្រសិនមានខ្ទុះ គ្រូពេទ្យនឹងយកខ្ទុះនោះទៅបណ្ដុះបន្ថែមរកមេរោគបង្ក។ ករណីមិនអាចញែកដាច់ថាជាការរលាក Mastoid អ្នកជំងឺអាចនឹងត្រូវស្នើសុំឲ្យស្កែនមើលឆ្អឹង Mastoid បន្ថែមទៀត។
របៀបព្យាបាល Mastoiditis
ការព្យាបាលត្រូវធ្វើឡើងបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងខុសៗគ្នាអាស្រ័យតាមដំណាក់កាលរបស់អ្នកជំងឺ។ សម្រាប់ដំណាក់កាលទី១ ដែលជាការរលាក Mastoid ស្រួចស្រាវ ឬនៅថ្មីៗ និងគ្មាននូវផលវិបាកធ្ងន់ធ្ងរ នោះអ្នកជំងឺនឹងត្រូវព្យាបាលដោយការប្រើថ្នាំ រួមផ្សំជាមួយអង់ទីប៊ីយ៉ូទិកទំនើបសមស្របតាមប្រភេទមេរោគដែលបានរកឃើញ។ អំឡុងពេលនៃការព្យាបាលគ្រូពេទ្យនឹងវាយតម្លៃនៃការព្យាបាលនោះ ប្រសិនអ្នកជំងឺហាក់មិនធូរស្រាលដោយការព្យាបាលដោយថ្នាំទេនោះ ការវះកាត់ជាវិធីសាស្ត្របន្ទាប់។ គួរបញ្ជាក់ផងដែរថា ការវះកាត់នេះធ្វើឡើងនៅតំបន់ Mastoid ខាងក្រោយដើម្បីយកចេញនូវផ្នែកដែលរលាក រួចប្រើប្រាស់ថ្នាំបន្តទើបអាចទទួលបានការជាសះស្បើយ។
ផលវិបាកនៃការព្យាបាលយឺតយ៉ាវ
Mastoiditis ត្រូវបានចាត់ទុកជាជំងឺធ្ងន់ធ្ងរដោយផ្អែកលើផលវិបាកដែលធ្វើឲ្យពិបាកក្នុងការព្យាបាលនិងអាចបង្កឱ្យស្លាប់ក្នុងកម្រិតខ្ពស់ដូចខាងក្រោម៖
• ការស្តាប់ត្រូវបានថយចុះខ្លាំង រហូតដល់ខូចប្រព័ន្ធបញ្ជូនសំឡេង និងអាចប៉ះពាល់រហូតដល់ត្រចៀកខាងក្នុងបង្កឲ្យបាត់បង់ការស្តាប់ទាំងស្រុង
• មេរោគចេញពី Mastoid ចូលដល់ក្នុងឈាមដែលអាចឲ្យអ្នកជំងឺស្លាប់បានបើសង្គ្រោះមិនទាន់ពេល
• មេរោគអាចជ្រៀតចូលទៅភ្នាសខួរក្បាល ធ្វើឲ្យរលាកភ្នាសខួរក្បាល (Meningitis)
• មេរោគចូលដល់ក្នុងខួរក្បាលអាចបង្កឲ្យមានអាប់សែខួរក្បាល (Brain abscess)
• មេរោគអាចធ្វើឲ្យមានផលប៉ះពាល់ដល់សរសៃឈាមវ៉ែនដែលមាននាទីនាំឈាមពីខួរក្បាលទៅបេះដូងបង្កជាការរលាក (Thrombophlebitis Sinus Sigmoidei) ដែលពិបាកក្នុងការព្យាបាល
• បង្កជាការរលាកសរសៃប្រសាទទី៧ ធ្វើឲ្យអ្នកជំងឺវៀចមាត់ (Facial paralysis)។
ការការពារពី Mastoiditis
ចៀសវាងនូវមូលហេតុបង្កដូចរៀបរាប់ខាងលើអាចកាត់បន្ថយហានិភ័យនៃការរលាក Mastoid ដោយប្រសិទ្ធភាព ដែលរួមមាន៖
• ចាក់វ៉ាក់សាំងបង្ការមេរោគភ្នឺម៉ូកុក (Pneumocoque) ចំពោះក្មេងតូចៗ ដែលជាមេរោគសម្បូរបំផុតនៅផ្លូវដង្ហើម
• ប្រុងប្រយ័ត្នការពារកុំឲ្យក្មេងមានការរលាកត្រចៀកកណ្តាលស្រួចស្រាវដោយកុំឲ្យពួកគេមានអាការៈហូរសម្បោររ៉ាំរ៉ៃ
• ចៀសវាងឲ្យក្មេងទទួលទានអាហារដែលអាចប៉ះពាល់ ឬរលាកដល់បំពង់ក ដូចជាទឹកកក ការ៉េម ទឹកក្រូច ឬស្ករគ្រាប់។
សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះកុមារអាយុក្រោម២ឆ្នាំ ធ្វើយ៉ាងណាកុំឲ្យពួកគេមានជំងឺផ្តាសាយញឹកញាប់ ពិសេសអំឡុងពេលនៃការផ្លាស់ប្តូរអាកាសធាតុពីក្តៅមកត្រជាក់ ឬនៅរដូវវស្សា ទាំងអាហាររបៀបរស់នៅ និងគួរចេះប្រើប្រាស់សេរ៉ូមប្រៃលាងច្រមុះ។ ករណីក្មេងតូចៗដែលមិនអាចប្រាប់ពីសញ្ញានៃការឈឺត្រចៀករបស់ពួកគេបាន ឪពុកម្តាយត្រូវចំណាំនៅពេលក្មេងយំអំឡុងម៉ោង១២យប់ និងយកដៃខ្ទប់ត្រចៀក ឬមានសញ្ញាមិនប្រក្រតីណាមួយគួរជួបប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់។ ដូចគ្នាផងដែរ ករណីមនុស្សចាស់មានជំងឺអំបៅអំបែក ឬរលាកត្រចៀកកណ្តាលរ៉ាំរ៉ៃ គួរជួបគ្រូពេទ្យដើម្បីធ្វើការព្យាបាលសមស្របឲ្យបានទាន់ពេលវេលា។
បកស្រាយដោយ៖ សាស្រ្តាចារ្យ សុខ គួង អនុប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ