ភាពធ្ងន់ធ្ងរនៃជំងឺអំបៅអំបែកត្រចៀកដែលអាចប៉ះពាល់ដល់អាយុជីវិតអ្នក
ជំងឺអំបៅអំបែកត្រចៀក ជាការរលាករ៉ាំរ៉ៃនៃត្រចៀកកណ្តាល បង្កឡើងដោយសារមេរោគ។ តាមការប៉ាន់ប្រមាណប្រជាជនកម្ពុជាភាគច្រើនបាននិងកំពុងប្រឈមជាមួយបញ្ហានេះ ដែលស្តែងឡើងតាមសណ្ឋាននៃអំបៅអំបែកធម្មតា និងអំបៅអំបែកកម្រិតធ្ងន់ហើយបង្កឲ្យមានគ្រោះថ្នាក់ដោយមិនដឹងខ្លួន។
បុគ្គលប្រឈមខ្ពស់
ភាគច្រើនជំងឺអំបៅអំបែកត្រចៀកកើតមានលើក្មេងតូចៗអាយុក្រោម ៧ឆ្នាំ ដោយសាររន្ធមួយដែលឆ្លងពីត្រចៀកកណ្តាលមកច្រមុះមានប្រវែងខ្លី ធំហើយផ្តេកដែលជាលក្ខខណ្ឌមួយងាយឲ្យមេរោគឆ្លងចូល។ មួយវិញទៀតអំបៅអំបែកនេះ កើតមានក្នុងកម្រិតគួរឲ្យកត់សម្គាល់ចំពោះកុមារដែលរស់នៅក្នុងតំបន់កង្វះអនាម័យ និងកង្វះអាហារូបត្ថម្ភផងដែរ។
មូលហេតុ
ការកកើតនៃជំងឺអំបៅអំបែក ទាក់ទងជាពិសេសទៅនឹងការចម្លងរោគនៅសរីរាង្គផ្លូវដង្ហើមផ្នែកខាងលើ។ មានកត្តារួមផ្សំផ្សេងៗទៀតផងដែរដូចជាការកើតជំងឺផ្តាសាយញឹកញាប់ ជំងឺឆ្លងនៃផ្លូវដង្ហើមខាងលើកញ្ជ្រឹល ក្អកមាន់ ការដុះសាច់បំពង់ក សាច់ដុះពីច្រមុះមកក ការរលាកប្រអប់ឆ្អឹងស៊ីនីសសងខាងច្រមុះ អាល្លែកហ្ស៊ីច្រមុះ ការមានដុំសាច់នៅចន្លោះច្រមុះ និងបំពង់ក ការដាក់ ឬប្រើឧបករណ៍ឃាត់ឈាមនៅច្រមុះណែនពេកនាំឲ្យស្ទះរន្ធដល់ត្រចៀកកណ្តាល និងភាពមិនធម្មតានៃច្រមុះ ឬឆែបមាត់។
រោគសញ្ញា
សញ្ញាណដំបូង អ្នកជំងឺអំបៅអំបែកអាចមានការឈឺចាប់ ថយចុះសមត្ថភាពក្នុងការស្តាប់ ឬស្តាប់មិនឮតែម្តង ហ៊ឹងត្រចៀក ក្តៅខ្លួន ក្រដាសត្រចៀកឡើងក្រហម ប៉ោងចេញក្រៅ នៅពេលបែក ឬធ្លាយក្រដាសត្រចៀកនោះនឹងមានហូរទឹកចេញពីត្រចៀកមកក្រៅ។
ការធ្វើរោគវិនិច្ឆ័យ
អ្នកជំងឺនឹងតម្រូវឲ្យធ្វើការពិនិត្យត្រចៀក សម្អាតត្រចៀកប្រសិនមានហូរទឹកចេញមកក្រៅ បន្ទាប់មកពិនិត្យដោយអង់ដូស្កុប ឬអូតូស្កុប ដាក់ចូលក្នុងត្រចៀក ហើយវានឹងបង្ហាញនូវរូបភាពដូចជាការរហែកក្រដាសត្រចៀករួមជាមួយខ្ទុះនៅជាប់នឹងក្រដាសត្រចៀកដែលរហែកនោះ មានហូរទឹកចេញពីត្រចៀក ហើម ក្រហម និងអាចមើលឃើញដល់ត្រចៀកកណ្តាល។
ការព្យាបាល
ជាទូទៅ អ្នកជំងឺនឹងត្រូវព្យាបាលទៅតាមសណ្ឋាននៃអំបៅអំបែក រួមមាន៖
• អំបៅអំបែកធម្មតា ដែលគ្រាន់តែមានការហូរទឹក ការរហែកក្រដាសត្រចៀកដែលមិនប៉ះពាល់ដល់អាយុជីវិត អ្នកជំងឺនឹងត្រូវព្យាបាលដោយការប្រើថ្នាំសម្ងួតទឹកដែលហូរចេញពីត្រចៀក និងបិតក្រដាសត្រចៀករហែកដែលជួយដល់ការស្តាប់ឲ្យបានប្រហែលនឹងត្រចៀកធម្មជាតិរបស់អ្នកជំងឺហើយលែងមានហូរទឹកតទៅទៀត។
• អំបៅអំបែកកម្រិតធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិត ឬអំបៅអំបែកដែលមាន cholesteatoma អ្នកជំងឺនឹងតម្រូវឲ្យធ្វើការព្យាបាលដោយការវះកាត់ធំ ដើម្បីធ្វើការសម្អាតក្នុងប្រអប់ត្រចៀកកណ្តាល ដោយយកចេញនៃ cholesteatoma ធ្វើការកោសនូវឆ្អឹងពុកៗចេញ និងជួយឲ្យអ្នកជំងឺស្តាប់បានវិញតាមកម្រិតសមស្របមួយ។
ផលវិបាក
ការពុំទទួលបានការព្យាបាលត្រឹមត្រូវ ឬយឺតយ៉ាវជំងឺអំបៅអំបែកអាចធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពនៃការស្តាប់ ទៅជាស្តាប់មិនឮ មានហៀរទឹកពីក្នុងរន្ធត្រចៀក និងប៉ះពាល់ដល់ទំនាក់ទំនងក្នុងសង្គម។ លក្ខណៈធ្ងន់ធ្ងរផ្សេងទៀត អាចឲ្យអ្នកជំងឺមានការវិវឌ្ឍទៅជា វៀចមាត់ដោយសារមានការបំផ្លាញសរសៃប្រសាទទី៧ ងាយវិលមុខពេលងាកចុះឡើងបន្តិចបន្តួច មេរោគឆ្លងដល់ខួរក្បាល បង្កឲ្យរលាកស្រោមខួរ អាប់សែក្នុងខួរក្បាល និងអាចឲ្យអ្នកជំងឺស្លាប់បាន។
វិធីសាស្ត្របង្ការ
ការពារពីមូលហេតុ ដោយត្រូវស្វែងរកការព្យាបាលឲ្យបានទាន់ពេលវេលាប្រសិនមានជំងឺឆ្លងនៅប្រព័ន្ធដង្ហើមផ្នែកខាងលើ ករណីមានដុះសាច់បំពង់កអាចនឹងតម្រូវឲ្យកាត់ចេញ បើមានដុះសាច់នៅតំបន់ចន្លោះច្រមុះ-កចំពោះក្មេង ត្រូវកោសចេញ និងកាត់បន្ថយ ឬទប់ស្កាត់បញ្ហាអាល្លែកហ្ស៊ី។ សម្រាប់អ្នកប្រកបវិជ្ជាជីវសុខាភិបាល ប្រសិនជួបអ្នកជំងឺអំបៅអំបែកសូមប្រញាប់បញ្ជូនមកកាន់ផ្នែកត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រក្បាល និងកឲ្យបានទាន់ពេលវេលា ព្រោះមួយផ្នែកតូចនៃបញ្ហានេះអាចប៉ះពាល់ដល់ទំនាក់ទំនងក្នុងសង្គម និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ ចំពោះប្រជាជនគ្រប់រូបបើមានសញ្ញាសង្ស័យណាមួយដូចខាងលើសូមប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់ដើម្បីទទួលបានការព្យាបាលសមស្រប និងទាន់ពេលវេលា។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្តី ហេលស៍ថាម ប្រូ លេខ ៨៣
បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ូ រដ្ឋា ឯកទេសត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រក្បាល និងក មានតួនាទីជាប្រធានបច្ចេកទេសនៃមន្ទីរពេទ្យព្រះអង្គឌួង និងជាអនុប្រធានមន្ទីរសំរាកព្យាបាលលុច្ស
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ