ការវិភាគសមាសធាតុឱសថអាល់កាឡូអុីត នៅក្នុងសារធាតុចម្រាញ់អេតាណុល និងទឹកនៃរុក្ខជាតិឱសថដែលប្រមូលពីខេត្តកោះកុង ប្រទេសកម្ពុជា
រុក្ខជាតិកម្ពុជាមានសមាសធាតុឱសថខុសៗគ្នាក្នុងការព្យាបាលជំងឺផ្សេងៗជាច្រើន។ អាល់កាឡូអុីត ក្នុងរុក្ខជាតិគឺជាមេតាបូលីតរង (Secondary Metabolites) ដែលចូលរួមនៅក្នុងសកម្មភាពប្រឆាំងនឹងជំងឺផ្សេងៗដូចជាសកម្មភាពប្រឆាំងកោសិកាមហារីក ប្រឆាំងវីរុស ប្រឆាំងបាក់តេរី ប្រឆាំងរលាក និងប្រឆាំងជំងឺគ្រុនចាញ់។ ការសិក្សាស្រាវជ្រាវនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បី ធ្វើតេស្តរកវត្តមានរបស់អាល់កាឡូអុីតនៅក្នុងរុក្ខជាតិឱសថដែលបានប្រមូលពីខេត្តកោះកុង ប្រទេសកម្ពុជា។ រុក្ខជាតិចំនួន 39 សំណាក ត្រូវបានប្រមូលពីខេត្តកោះកុង ប្រទេសកម្ពុជាក្នុងខែមេសា ឆ្នាំ 2018។
សំណាករុក្ខជាតិនីមួយៗត្រូវបានធ្វើការសម្ងួតក្នុងពីរដំណាក់កាល ដោយដំណាក់កាលទី១ គឺការសម្ងួតដោយធ្វើការផ្លាស់ប្តូរក្រដាស់កាសែតថ្មីសម្រាប់សម្ងួតរុក្ខជាតិ និងដំណាក់កាលទី២ គឺការសម្ងួតរុក្ខជាតិក្នុងឡសម្ងួតរយៈពេល ២ថ្ងៃ។ បន្ទាប់ពីសម្ងួតរួចរុក្ខជាតិនីមួយៗត្រូវបានដាក់លេខកូដ ហើយតម្កល់ទុកនៅក្នុងតិណាល័យសាកលវិទ្យាល័យពុទ្ធិសាស្ត្រ(UP-Herbarium) មហាវិទ្យាល័យឱសថសាស្ត្រនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ ដោយរុក្ខជាតិនីមួយៗត្រូវបានប្រមូលជាពីរសំណាក សំណាករុក្ខជាតិដែលមិនបានធ្វើការតម្កល់ទុក ត្រូវបានយកមកធ្វើតេស្តរកអាល់កាឡូអុីតដោយប្រើប្រាស់ប្រតិករ ៣ ប្រភេទរួមមាន Dragendorff, Mayer និង Wagner។ ក្នុងចំណោមរុក្ខជាតិចំនួន 39 សំណាកដែលបានប្រមូល រុក្ខជាតិភាគច្រើនស្ថិត នៅក្នុងគ្រួសារ Fabaceae (7.69%; n = 3), Lamiaceae (7.69%; n = 3), Myrtaceae (7.69%; n = 3), Zingiberaceae (7.69%; n = 3), Apocynaceae (5.13%; n = 2) និង Phyllanthaceae (5.13%; n = 2)។ ក្នុងចំណោមរុក្ខជាតិដែលប្រមូលបានមានរុក្ខជាតិចំនួន 71.79% (n = 28) ដែលត្រូវបានធ្វើតេស្តរកឃើញថាមានវត្តមានអាល់កាឡូអុីត។ រុក្ខជាតិដែលចម្រាញ់ដោយទឹកចំនួន 13 សំណាក (33.33%) ត្រូវបានរកឃើញថាមានវត្តមានអាល់កាឡូអុីត និងរុក្ខជាតិដែលចម្រាញ់ដោយអេតាណុលចំនួន 23 សំណាក (58.97%) ត្រូវបានរកឃើញផងដែរថាមានវត្តមានអាល់កាឡូអុីត។ សរុបមក អាល់កាឡូអុីតភាគច្រើនត្រូវបានរកឃើញនៅក្នុងរុក្ខជាតិដែលបានប្រមូលពីខេត្តកោះកុងប្រទេសកម្ពុជា។ ការសិក្សានេះគឺមានសារៈប្រយោជន៍យ៉ាងខ្លាំង ជាព័ត៌មានមូលដ្ឋានសម្រាប់ធ្វើការសិក្សាបន្តពាក់ព័ន្ធនឹងការបំបែកសមាសធាតុអាល់កាឡូអុីតចេញពីរុក្ខជាតិឱសថនៅកម្ពុជា។
អ្នកនិពន្ធដែលជានិស្សិត និងសាស្ត្រាចារ្យមហាវិទ្យាល័យឱសថសាស្ត្រសាកលវិទ្យាល័យពុទ្ធិសាស្ត្រ៖ នី ច័ន្ទសីហា ហេន ថារី អេង ស៊ីវម៉ីយ លី សុដាលីន តាង សុវណ្ណារ័ត្ន អុឹង ហ៊ុយឃីម ជា ស៊ីនកែវ សំអែល
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ