Menu

Articles

Warren Buffett: This is the No. 1 mistake parents make when teaching kids about money

កំហុសធំបំផុតនោះគឺ ឪពុកម្តាយ ចាំទាល់តែក្មេងធំ ទើបនិយាយណែនាំ ពីការគ្រប់គ្រងលុយ! ការស្រាវជ្រាវបង្ហាញឲ្យឃើញថា ក្មេងអាចទទួលចំណេះដឹងចាប់ពីអាយុ៣ឆ្នាំទៅ! នោះជាពេលដែលលោកអ្នកត្រូវបង្រៀនគេ! ខាងក្រោមជាគន្លឹះខ្លះៗ ១ បង្រៀនឲ្យគេក្លាយជាអ្នកគីតដែលមានភាពបត់បែន! នាំពួកគេទៅសារមន្ទីរ ឲ្យគេ បញ្ចេញគំនិតពីរូបភាព ឬចម្លាក់នីមួយៗ ហើយឲ្យគេ រៀនគូសវាសរួចបកស្រាយ! ឲ្យក្មេងរៀនកែច្នៃរបស់ដែលចាស់ៗ ថាអាចកែយ៉ាងម៉េចឲ្យប្រើប្រាស់បាន! វិធីនេះនឹងធ្វើឲ្យគេចេះសន្សំសំចៃ ស្រឡាញ់បរិស្ថាន និងបង្កើនការច្នៃប្រឌិត   ២ ដើម្បីឲ្យក្មេងចេះចាត់ចែងលុយ អ្នកត្រូវឲ្យគេដឹងពីភាពខុសគ្នារវាងរបស់ដែលចង់បាន និងរបស់ដែលត្រូវការ! ឲ្យកូនអ្នកនូវថង់ ឬប្រអប់ចំនួន២ មួយសម្រាប់សន្សំ មួយសម្រាប់ចាយ ហើយរាល់ពេលទទួលអាំងប៉ាវ ឬលុយផ្សេងៗ សួរកូនអ្នកថា ឥឡូវដាក់ប៉ុន្មានក្នុងសន្សំ និងប៉ុន្មានក្នុងលុយសម្រាប់ចាយ! ឲ្យកូនលោកអ្នក កាត់រូបផ្សេងៗពីទស្សនាវដ្តី ឬសរសេររបស់៥​ ទៅ១០ ដែលកូនអ្នកពេញចិត្ត! រួចសួរថា របស់ណាដែលវាចង់បាន និងរបស់ណាដែលវាត្រូវការ?   ៣ គន្លឹះសំខាន់នៃការសម្រេចចិត្តដ៏ឆ្លាតវៃ គឺគិតពីភាពខុសគ្នានៃលទ្ធផលអនាគត នៃជម្រើសនីមួយៗ! វិធីងាយជាងគេដែលធ្វើឲ្យក្មេងយល់ពីការសម្រេចចិត្តគឺ និយាយពីមូលហេតុពេលដែលអ្នកកំពុងសម្រេចចិត្ត! ឧទាហរណ៍ថា យើងចង់ទិញទូរស័ព្ទថ្មី តែម៉ាសុីនត្រជាក់កំពុងខូច អញ្ចឹងយើងត្រូវសន្សំលុយសម្រាប់ជួសជុលម៉ាសុីនត្រជាក់ បើមិនអញ្ចឹងដល់ខែក្តៅ យើងនឹងពិបាក។ អញ្ចឹងជួសជុលម៉ាសុីនត្រជាក់សិន ហើយសល់លុយបានទិញទូរស័ព្ទ! ម៉្យាងទៀត ពេលកូនអ្នកចង់ទិញហ្គេមមកលេង អាចសួរថាយើងចាំបាច់ត្រូវតែមានវានៅផ្ទះ ឬយើងអាចជួល ឬទៅលេងនៅកន្លែងគេម្តងម្កាលបាន? នាំមកជូនដោយ ហាងលក់របស់របរក្មេងលេងបែបវិទ្យាសាស្រ្ត DreamKid! 

Parenting
៧ គន្លឹះជួយហ្វឹកហាត់ចិត្តគំនិតកូនអ្នកឲ្យបានល្អប្រសើរ

លោកប៉ា អ្នកម៉ាក់គ្រប់រូបតែងមានកង្វល់ចំពោះកូនៗជាទីស្រលាញ់របស់ខ្លួន ពាក់ព័ន្ធនឹងការអភិវឌ្ឍផ្នែកស្មារតី និងចិត្តគំនិត ហើយតែងតែព្យាយាមរិះរកវិធីអប់រំពួកគេដើម្បីឲ្យកូនក្លាយជាបុគ្គលដែលមានចិត្តគំនិតល្អប្រសើរ។ ការបណ្តុះកូនឲ្យមានចិត្តគំនិតល្អប្រសើរតាំងពីកុមារភាពទៅនឹងក្លាយជាប្រយោជន៍ដ៏ល្អសម្រាប់ពួកគេនាថ្ងៃអនាគត។ ដើម្បីជាជំនួយដល់លោកប៉ាអ្នកម៉ាក់ទាំងឡាយ យើងនឹងលើកយកនូវគន្លឹះ ៧ ចំណុចជួយឲ្យកុមារមានចិត្តគំនិតល្អប្រសើរ៖ ១. ធ្វើជាគំរូរបស់កូន ដោយសារតែឪពុកម្តាយជាអ្នកដែលជិតស្និទ្ធ និងមានទំនាក់ទំនងស្អិតរមួតនឹងកូនជាងគេ ដូច្នេះការចូលរួមចំណែកពីលោកអ្នកជារឿងមួយសំខាន់។ ឪពុកម្តាយប្រៀបដូចជាកញ្ចក់ឆ្លុះសម្រាប់កុមារ ដោយសារស្ថិតនៅក្នុងវ័យនេះ កុមារអាចរៀនសូត្រចេះចាំបានយ៉ាងងាយនូវរាល់សកម្មភាព មិនថាជាកាយវិការ ពាក្យសម្តី ទម្លាប់ ឬអាកប្បកិរិយាផ្សេងៗ។ មាតាបិតាគួរគប្បីបង្ហាញនូវទម្លាប់ ឬអាកប្បកិរិយាល្អៗឲ្យកូនៗអនុវត្តតាម។ ២. លើកសរសើរនៅពេលជោគជ័យ ជាជាងផ្តោតទៅលើថាតើកូនរបស់លោកអ្នកជោគជ័យ ឬមិនជោគជ័យលើរឿងអ្វីមួយ ឪពុកម្តាយគួរតែសាកល្បងលើកសរសើរ លើកទឹកចិត្តចំពោះការព្យាយាម និងប្រឹងប្រែងរបស់ពួកគេ។ នេះមិនត្រឹមតែជួយកូនៗក្នុងការជំនះឧបសគ្គ ថែមទាំងអាចជួយបណ្តុះគំនិត ពង្រឹងស្មារតីក្លាហានដែលជាកត្តាជំរុញឲ្យមានភាពជោគជ័យក្នុងជីវិត។ ៣. យកចិត្តទុកដាក់លើសកម្មភាព និងអាកប្បកិរិយាកូនៗ ការសង្កេតដោយយកចិត្តទុកដាក់លើសកម្មភាព និងអាកប្បកិរិយាកូនៗរបស់លោកអ្នកមានសារៈសំខាន់មិនត្រឹមតែធ្វើឲ្យឪពុកម្តាយមានឱកាសស្វែងយល់ពីកូនៗនោះទេ ថែមទាំងធ្វើឲ្យកុមារមានភាពក្លាហានក្នុងការបង្ហាញពីគំនិតនិងអារម្មណ៍របស់ពួកគេ។ កុមារតែងបង្ហាញអារម្មណ៍របស់គេតាមរយៈអាកប្បកិរិយា និងពាក្យសម្តី។ ដូច្នេះនៅពេលពួកគេមានកាយវិការ ឬសម្តីប្លែកខុសពីធម្មតា វាអាចជាសញ្ញាបង្ហាញថាកុមារមានបញ្ហាណាមួយដែលត្រូវការជំនួយការណែនាំ ឬការលើកទឹកចិត្ត។ ឪពុកម្តាយត្រូវព្យាយាមចំណាយពេលវេលាស្វែងយល់ សួរសំណួរនិងស្តាប់ពួកគេឲ្យបានច្រើន មិនថាជាចំណង់ចំណូលចិត្ត សកម្មភាព តម្រូវការ ឬបញ្ហាដែលពួកគេជួបប្រទះ។ ៤. បង្កើតទម្លាប់ល្អក្នុងការរស់នៅ ការបរិភាគអាហារមានតុល្យភាព ការសម្រាកបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណទៀងទាត់ជាគន្លឹះសំខាន់ ដែលវាមិនត្រឹមតែ ជួយឲ្យកុមារលូតលាស់ផ្នែករាងកាយ និងបង្កើតទម្លាប់ល្អសម្រាប់ខ្លួនគេតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍនូវបញ្ញាស្មារតីរបស់កុមារផងដែរ។ ឪពុកម្តាយគួរតែផ្តល់និងលើកទឹកចិត្តឲ្យកូនបរិភោគអាហារទាំងឡាយណាដែលផ្តល់ផលល្អដល់សុខភាព រួមទាំងចំណាយពេលធ្វើសកម្មភាពផ្សេងៗដូចជាលេងកីឡា ធ្វើដំណើរកម្សាន្តនានា ចូលរួមសកម្មភាពផ្សេងៗ និងណែនាំពួកគេឲ្យមានទម្លាប់គេងល្អ។ ៥. ផ្តល់បរិយាកាសរស់នៅល្អ ការផ្តល់ឲ្យកុមារនូវបរិយាកាសរស់នៅប្រកបដោយក្តីស្រលាញ់ ភាពកក់ក្តៅ ការជឿជាក់ និងការយល់ចិត្តក៏ជាកត្តាមួយសំខាន់ដែរ។ កុមារមួយចំនួនដែលរស់នៅក្នុងស្ថានភាពខ្វះភាពកក់ក្តៅ ខ្វះភាពស្និទ្ធស្នាល បាត់បង់ទំនុកចិត្ត អាចបណ្តាលឲ្យពួកគេមិនអាច គ្រប់គ្រងអារម្មណ៍បាន និងក្លាយជាកុមារមានបញ្ហាផ្នែកស្មារតី។ កុមារមួយចំនួនត្រូវធំធាត់មកប្រឈមមុខនឹងស្ថានភាពបែបនេះតែម្នាក់ឯង ជាហេតុបណ្តាលឲ្យមានបញ្ហាក្នុងការលូតលាស់ចិត្តគំនិតរបស់ពួកគេ។  ៦. ផ្តល់ឱកាសសម្រាប់កូនៗអ្នក ការផ្តល់ឱកាសឲ្យកូនរបស់លោកអ្នកមានឯករាជ្យភាពខ្លះ ក៏ជាកត្តាដ៏ចាំបាច់មួយសម្រាប់ពង្រឹងចិត្តគំនិតរបស់កុមារ។ នៅពេលកូនៗជួបបញ្ហា ឪពុកម្តាយអាចជួយពួកគេស្វែងយល់ពីបញ្ហានោះ ហើយបង្រៀនឲ្យពួកគេចេះរកដំណោះស្រាយ។ លោកអ្នកគួរតែសាកល្បងផ្តល់ឱកាសឲ្យពួកគេអាចសម្រេចចិត្តដោយខ្លួនឯងបាន។ឋ កាលណាពួកគេមានសេរីភាពក្នុងការគិត ពេលនោះផ្លូវចិត្តរបស់ពួកគេក៏មានភាពរឹងមាំផងដែរ។ ៧. ពិគ្រោះជាមួយគ្រូពេទ្យឯកទេស ឬអ្នកជំនាញចិត្តសាស្ត្រ ប្រសិនបើលោកអ្នកសង្ស័យថាកូនមានបញ្ហាផ្លូវចិត្តលោកអ្នកគួរតែស្វែងរកការពិគ្រោះជាមួយគ្រូពេទ្យឯកទេស ឬអ្នកជំនាញផ្នែកចិត្តសាស្ត្រដើម្បីទប់ស្កាត់ និងព្យាបាលបញ្ហានេះ។ ផលវិបាកនៃការប៉ះពាល់ផ្លូវចិត្តរបស់កុមារនឹងបណ្តាលឲ្យកុមារមានគំនិតអវិជ្ជមានចំពោះខ្លួនឯង មានឥរិយាបថមិនល្អនៅសាលារៀន ក៏ដូចជាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ឪពុកម្តាយមានតួនាទីសំខាន់ណាស់ក្នុងការធានាការលូតលាស់ផ្នែកចិត្តគំនិត និងស្មារតីរបស់កូនៗខ្លួន។ ការយកចិត្តទុកដាក់ថែរក្សាសុខភាពចិត្តគំនិតរបស់កូននៅវ័យកុមារភាព នឹងផ្តល់ផលល្អដល់ពួកគេនាថ្ងៃអនាគត។ គន្លឹះ ៧ចំណុចខាងលើអាចជួយឲ្យលោកប៉ាអ្នកម៉ាក់ទាំងឡាយស្វែងយល់ អនុវត្តតាម និងកែប្រែប្រសិនបើការប្រព្រឹត្តនាពេលកន្លងមកមានកំហុសឆ្គង។  អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Parenting
ក្មេងតូចៗជាទីស្រលាញ់របស់លោកអ្នកមិនចង់ញ៉ាំអាហារគួរធ្វើបែបមិច?

តាមគោលការណ៍ថ្នាក់ជាតិ ក៏ដូចជាគោលការណ៍របស់អង្គការសុខភាពពិភពលោកហៅកាត់ថា WHO បានតម្រូវឲ្យកុមារបៅតែទឹកដោះម្តាយមួយមុខគត់យ៉ាងតិច ៦ខែនៃជីវិត និងអាចបន្តដល់២ឆ្នាំ។ ពិតណាស់នៅក្រោមអាយុ ៦ខែ ទឹកដោះម្តាយមានសារធាតុជាច្រើនក្នុងការផ្តល់ដល់ទារកនូវថាមពល និងការពារពីជំងឺមួយចំនួនដូចជា ជំងឺរាក ជាដើម។ ដោយឡែកចាប់ពី ៦ខែទៅ ទឹកដោះម្តាយចាប់ផ្តើមថយចុះនូវសារធាតុចិញ្ចឹមដែលស្ទើរតែ ៩០ភាគរយនៃទឹកដោះម្តាយជាសារធាតុទឹកប៉ុណ្ណោះ។ ដូច្នេះហើយបានជាកុមារត្រូវការសារធាតុចិញ្ចឹម ឬចំណីបន្ថែមសម្រាប់ថាមពល និងការលូតលាស់។ ប៉ុន្តែវាជារឿងគួរឲ្យខ្លាចមួយសម្រាប់ម៉ាក់ៗនៅពេលដែលកូនជាទីស្រលាញ់ទើបតែបានញ៉ាំ និងចាប់ផ្តើមទទួលនូវអាហារថ្មី រសជាតិថ្មីស្រាប់តែគាត់បាត់នូវចំណង់ញ៉ាំអាហារ ឬបដិសេធក្នុងការញ៉ាំតែម្តង។ អត្ថបទខាងក្រោម នឹងបង្ហាញប្រាប់លោកអ្នកពីមូលហេតុខ្លះៗ និងដំណោះស្រាយដែលទាក់ទងនឹងការបាត់បង់ចំណង់អាហាររបស់កូនតូចដែលអ្នកគួរតែដឹង។ មូលហេតុទាក់ទងនឹងការបាត់បង់ចំណង់អាហារ  ១. ចំណុះនៃក្រពះ៖ ទារក និងក្មេងតូចមានទំហំក្រពះតូចជាងមនុស្សធំ អ៊ីចឹងចំនួនអាហារ និងសារធាតុរាវដែលពួកគេអាចទទួលបានក៏តិចដែរ។ កូនលោកអ្នកនឹងញ៉ាំអាហារគោលបានតិច ប្រសិនបើលោកអ្នកឲ្យពួកគេញ៉ាំអាហារសម្រន់ ឬភេសជ្ជៈច្រើនពេក។ បើអ្នកផ្តល់អាហារបានត្រឹមត្រូវ និងភេសជ្ជៈតិច បើទោះជាចំណុះក្រពះគាត់តូចក៏ដោយ ក៏គាត់នៅតែអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ សម្រាប់ធានានូវការលូតលាស់ និងសុខភាពល្អដែរ។ ២. កត្តាប៉ះពាល់ដល់ការទទួលទាន៖ • មិនបានផ្តល់ពេលគ្រប់គ្រាន់ ចន្លោះការផ្តល់ទឹកដោះ និងចំណីអាហារ • ទឹកដោះម្តាយ ឬទឹកដោះគោ កំណត់ត្រឹម ៥០០-៦០០មិល្លីលីត្រ ក្នុងមួយថ្ងៃសម្រាប់ក្មេងអាយុ៩ខែ • ផ្តល់អាហារសម្រន់ឥតឈប់ក្នុងមួយថ្ងៃ។ ៣. ទម្រង់នៃអាហារ៖ ជានិច្ចកាលប៉ាម៉ាក់មិនបានឲ្យកូនគាត់ញ៉ាំអាហារដែលមានទម្រង់រឹង ឬអាហារញ៉ាំបានដោយដៃភ្លាម (finger foods)នោះទេដោយហេតុថាគាត់ខ្លាចកូនគាត់ក្អែរ ឬឈ្លក់ជាដើម។ វាជារឿងសំខាន់ដែលអ្នកគួរតែផ្តល់អាហារដល់គាត់គ្រប់ទម្រង់ ដែលអាចចៀសវាងការសាញអាហារនៅពេលក្រោយ។ កុំភ័យខ្លាចខ្លាំងដល់ថ្នាក់មិនផ្តល់អាហាររឹង និងអាហារដុំៗដល់គាត់ពេក។ ៤. មិនប្រើស្លាបព្រា៖ ក្មេងខ្លះមិនចូលចិត្តការប្រើស្លាបព្រាទេ វាអាចមកពីស្លាបព្រារឹងពេក ឬធំពេក។ អ្នកអាចប្តូរមកប្រើស្លាបព្រាតូច និងទន់បន្តិចវិញ។ ប៉ុន្តែបើគ្មានប្រសិទ្ធភាពទេ មានន័យថាកូនលោកអ្នកចូលចិត្តញ៉ាំដោយប្រើដៃច្រើនជាង។ វាមិនមានបញ្ហាអ្វីទេប្រសិនបើយើងត្រួតពិនិត្យដៃគាត់ ក៏ដូចជាអាហារឲ្យបានស្អាត និងឲ្យបានដិតដល់។ ៥. ការផ្តល់ចំណីច្រើនពេក៖ វាជារឿងសំខាន់ណាស់ដែលមិនត្រូវផ្តល់ចំណីគ្រប់ពេលដែលកូនអ្នកយំ ព្រោះថាកូនលោកអ្នកត្រូវការពេលវេលា សម្រាប់ការរំលាយអាហារ ហើយក៏មិនត្រូវផ្តល់អាហារគ្រប់ពេលដែលគាត់ឃ្លានដែរ។ បើយើងផ្តល់អាហារ គ្រប់ពេលដែលគាត់ឃ្លានពីដំបូង  នោះពេលក្រោយគាត់នឹងពិបាកញ៉ាំអាហារគោលដែលយើងផ្តល់ឲ្យគាត់។ ៦. ការដុះធ្មេញ៖ ការដុះពន្លកនៃធ្មេញ អាចបង្កភាពរំខានដល់កូនអ្នកដូច្នេះវាមិនចម្លែកទេដែលក្មេងៗបដិសេធការញ៉ាំក្នុងអំឡុងពេលនេះ។ ការដុះធ្មេញ កើតឡើងអំឡុង៤ខែនៃជីវិត ដែលវាប៉ះពាល់ដល់ការផ្តល់ចំណីដល់គាត់។ ប៉ុន្តែវាមិនអីទេ ដោយគ្រាន់តែផ្តល់អាហារទន់ ត្រជាក់ ដល់កូនលោកអ្នកក្នុងអំឡុងពេលនេះជាការស្រេច។ ៧. អស់កម្លាំងពេក៖ ពេលខ្លះ គាត់មិនញ៉ាំអាហារមកពីគាត់ហត់ពេក។ ត្រូវប្រាកដថា កូនលោកអ្នកគេងបានគ្រប់គ្រាន់ ហើយអ្នកអាចបង្កើតតារាងពេលវេលាដែលកូនអ្នកគួរតែគេងជារៀងរាល់ថ្ងៃឲ្យបានត្រឹមត្រូវចៀសវាងឲ្យគាត់លេងច្រើនពេកភ្លេចការសម្រាក។ ៨. ស្ត្រេស៖ បើកូនលោកអ្នកមានអារម្មណ៍មិនល្អ អ្វីដែលប៉ះពាល់ដល់គាត់គឺអាហារ។ វាជាការសំខាន់ដែលមិនត្រូវបង្ខំឲ្យគាត់ញ៉ាំអាហារនោះទេ។ គួរតែឲ្យគាត់ញ៉ាំអាហារដែលគាត់ចូលចិត្ត ទោះជាអាហារកាន់ដោយដៃក៏បាន។ លោកអ្នកគួរលើកទឹកចិត្តឲ្យគាត់ញ៉ាំ ជាជាងការបង្ខំពួកគាត់ ហើយពេលដែលកូនលោកអ្នកអាចញ៉ាំបានវិញ អ្នកអាចផ្តល់នូវអាហារថ្មីៗ និងទម្រង់ផ្សេងៗបាន។ ដំណោះស្រាយទាក់ទងនឹងការបាត់បង់ចំណង់អាហារ ១. ផ្តល់ចំណីឲ្យគាត់ពេលដែលសមាជិកគ្រួសារកំពុងញ៉ាំ៖ មនុស្សគឺ ចូលចិត្តភាពជួបជុំកម្សាន្ត ជាពិសេសគឺពេលបាយហ្នឹងហើយ។ ពេលញ៉ាំបាយជុំគ្នាបាន ធ្វើឲ្យអារម្មណ៍របស់កូនលោកអ្នកកាន់តែសប្បាយ ដែលគាត់គិតថា គាត់ក៏ជាចំណែកមួយនៃគ្រួសារដែរ បើទោះគាត់ញ៉ាំមិនច្រើនតាមដែលអ្នកគិតក៏ដោយ។ ២. យកគាត់មកកាន់តែកៀកតុបាយកាន់តែល្អ៖ បើសិនជាអាច ប្រើកៅអីដែលខ្ពស់ដែលអាចឲ្យគាត់អង្គុយញ៉ាំរួមតុជាមួយយើងបាន។ កៅអីនោះអាចខ្ពស់ជាងគេពិតមែន ប៉ុន្តែកូនតូចរបស់លោកអ្នកចង់ដឹងចង់ធ្វើតាមនូវសកម្មភាពពេលបាយ ជាពិសេសបាយល្ងាចដើម្បីឲ្យគាត់មានអារម្មណ៍ថាគាត់ក៏ជាផ្នែកមួយនៃគ្រួសារអ្នកដែរ។ ៣. ផ្តល់ចំណីដូចដែលអ្នកក្នុងគ្រួសារញ៉ាំ៖ ស៊ុបខាប់ៗសម្រាប់គាត់ពេលខ្លះគួរឲ្យធុញណាស់។ អាហារសម្រាប់យើងអាច ហឹរ រឹង ក្លិនឈ្ងុយ និងមានពណ៌ប្លែកៗដែលវាគួរឲ្យចាប់អារម្មណ៍ជាងស៊ុបខាប់។ វាល្អសម្រាប់កូនលោកអ្នកដែលទើបចាប់ផ្តើមអាហារ ល្អសម្រាប់ការលូតលាស់ចលនាសាច់ដុំ ការដឹងរសជាតិអារម្មណ៍ជាមួយអាហារ និងអាហារូបត្ថម្ភរបស់ពួកគេទៀតផង។ ៤. គួរឲ្យគាត់ញ៉ាំខ្លួនគាត់៖ ក្មេងខ្លះគាត់ចង់ញ៉ាំខ្លួនគាត់ដោយការចាប់កាន់ស្លាបព្រា ហើយប្រាប់អ្នកថា “ខ្ញុំអាចញ៉ាំខ្លួនឯងបាន”។ តែក្មេងខ្លះក៏ប្រើដៃធ្វើឲ្យប្រឡាក់ពេញតុ ទាំងលើកៅអី និងក្រោមកៅអី ពេញទាំងខោអាវទៀត។ ត្រូវប្រុងប្រយ័ត្ននូវអ្វីដែលគាត់ញ៉ាំដោយអាចចាប់អាហារដាក់ឲ្យគាត់និងប្រាប់ពីអាហារណាគួរញ៉ាំហើយនិយាយជាមួយគាត់ សើចដាក់គាត់ និងឲ្យគាត់ញ៉ាំដោយខ្លួនគាត់។ ៥. គាត់ចូលចិត្តអាហារដែលនៅក្នុងចានយើង៖ អ្នកអាចផ្តល់អាហារដែលជារបស់អ្នកឲ្យគាត់ និងលេងជាមួយគាត់ ដូចជា ម៉ាក់មួយម៉ាត់ រួចកូនមួយម៉ាត់។ នៅអាយុ ២ ទៅ៣ឆ្នាំគាត់តែងតែចង់ញ៉ាំនូវអ្វីដែលអ្នកញ៉ាំ។ ៦. ភាសាសញ្ញាគឺមានប្រយោជន៍ណាស់នៅអាយុនេះ៖ បើអ្នកបង្រៀនកូនអ្នកពីពាក្យសញ្ញាខ្លះដូចជា គោគោ ទៀត អែតហើយ អស់លីង។ល។ ពួកគាត់ងាយក្នុងការទំនាក់ទំនងមកយើង ដែលក្នុងវ័យ២ ទៅ៣ខួប ជាវ័យដែលល្អបំផុតក្នុងការចាប់ផ្តើមប្រើពាក្យសញ្ញាទាំងនេះ។ ៧. បន្តបំបៅកូនដោយទឹកដោះ ហើយបន្ថែមអាហារបន្តតាមក្រោយ៖ ដូចដែលបានរៀបរាប់ខាងលើ កូនលោកអ្នក គួរតែបំបៅទឹកដោះសុទ្ធក្នុង ៦ខែដំបូងចាប់ពី ៦ខែទៅទោះជាទឹកដោះម្តាយបានថមថយនូវសារធាតុចិញ្ចឹមមែន ប៉ុន្តែវានៅតែមានសារប្រយោជន៍ដដែលដូច្នេះគួរបន្តបំបៅដោះគាត់ដល់ ១២ខែ ជាមួយនឹងការផ្តល់អាហារបន្ថែម  ចាប់ពី៦ខែទៅទើបល្អ។ ៨. ត្រូវប្រាកដថាគាត់ទទួលបាននូវអាហារបៃតង ឬអាហារសរសៃបានគ្រប់គ្រាន់៖ កូនលោកអ្នកនឹងយំ ហើយមិនចង់ញ៉ាំអាហារបើគាត់ទល់លាមក។ អ្នកអាចក្រឡុកបន្លែបៃតងឲ្យគាត់ញ៉ាំបាន ឬក៏លើកទឹកចិត្តឲ្យញ៉ាំបន្លែផ្លែឈើដែលមានពណ៌បៃតងឲ្យបានច្រើន។ ត្រូវចងចាំថា វាមិនមែនជាបញ្ហាទេបើកូនតូចរបស់លោកអ្នកមិនបានញ៉ាំអាហារ ១ថ្ងៃ ឬញ៉ាំតិច ២ ទៅ៣ថ្ងៃក៏ដោយ បើសិនជាគាត់មើលទៅធម្មតា។ បន្ថែមពីនេះទៀត បើលោកអ្នកនៅតែព្រួយបារម្ភក្រោយពេលអ្នកបានមើលថែគាត់ដិតដល់ហើយ ឬក៏គាត់ស្រាប់តែញ៉ាំតិច ឬមិនញ៉ាំភ្លាមៗ ហើយគាត់រញ៉ាំរញ៉ូវ និងយំមិនឈប់ គួរតែនាំគាត់មកជួបវេជ្ជបណ្ឌិតដើម្បីពិគ្រោះ ចៀសវាងគ្រោះថ្នាក់ទៅថ្ងៃក្រោយ។ ឯកសារយោង៖ https://www.mummycooks.com/blogs/advice/what-to-do-if-baby-refuses-to-eat-solids https://zerotofive.net/parenting/baby-refusing-to-eat-8-things-to-consider/ អត្ថបទ៖ ដកស្រង់ចេញពី ទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Parenting Parenting Parenting
វិធីសាស្ត្រ ៥យ៉ាងធ្វើឲ្យកូនលូតកម្ពស់លឿនតាមបែបធម្មជាតិ

ឪពុកម្តាយគ្រប់រូបតែងប្រាថ្នាចង់ឲ្យកូនរបស់ពួកគេលូតលាស់ធំធាត់ប្រកបដោយសុខភាពល្អ ទាំងផ្នែករាងកាយ និងបញ្ញាស្មារតី។ ក្នុងចំណោមការលូតលាស់ផ្នែកកាយសម្បទា កម្ពស់របស់កុមារក៏ជាចំណុចមួយដែលលោកអ្នកគួរយកចិត្តទុកដាក់ដោយការលូតលាស់នេះមានទំនាក់ទំនងមួយផ្នែកធំទៅនឹងហ្សែន រួមទាំងទម្លាប់ក្នុងការបរិភោគ និងការរស់នៅប្រចាំថ្ងៃរបស់កុមារផងដែរ។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដែលលោកអ្នកអាចអនុវត្តដើម្បីឲ្យកូនលូតកម្ពស់លឿនតាមបែបធម្មជាតិ៖ ១. ទម្លាប់ញ៉ាំអាហារដែលល្អសម្រាប់សុខភាព ការញ៉ាំអាហារដែលផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ ជាផ្នែកមួយសំខាន់ដែលកុមារគួរតែទទួលបានជាប្រចាំដើម្បីការលូតកម្ពស់របស់ពួកគេ។ សារពាង្គកាយរបស់កុមារ ជាពិសេសឆ្អឹង ត្រូវការសារធាតុចិញ្ចឹមចាំបាច់ដើម្បីធានាដល់ការលូតលាស់។ ក្នុងចំណោមសារធាតុជាច្រើន ប្រូតេអុីនជាចំណែកមួយដែលចូលរួមក្នុងការធ្វើឲ្យឆ្អឹងលូតលាស់បានល្អ ដោយលោកអ្នកអាចផ្តល់ឲ្យកូនបានតាមរយ:ការឲ្យពួកគេបរិភោគអាហារមួយចំនួនដូចជា ស៊ុត និងសណ្តែកសៀង។ល។ លើសពីនេះទៅទៀត អ្នកត្រូវធានាថា កូនអ្នកទទួលបាននូវវីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់ ពីអាហារដែលពួកគេបរិភោគប្រចាំថ្ងៃដូចជា មើមការ៉ុត ផ្លែស្វាយ និងស្ពៃ Spinach។ ២. ធ្វើលំហាត់ប្រាណ ក្រៅពីជួយការពារកុមារពីជំងឺធាត់ ការធ្វើលំហាត់ប្រាណទៀងទាត់ក៏ជាផ្នែកមួយដែលអាចជួយឲ្យឆ្អឹង និងសាច់ដុំលូតលាស់បានល្អផងដែរ។ ប្រភេទកីឡាមួយចំនួនដែលអាចជួយដល់ការលូតលាស់ឆ្អឹងរួមមានការហែលទឹក យូហ្គា និងការហាត់ពត់ពេនខ្លួនជាដើម។ ៣. សម្រាកឲ្យបានគ្រប់គ្រាន់ នៅពេលកុមារគេង  សារពាង្គកាយរបស់គេផលិតនូវអ័រម៉ូនដែលមានតួនាទីជួយក្នុងការលូតលាស់ (Growth Hormone) ដែលជាមូលហេតុក្មេងគួរតែគេងឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ តាមការសិក្សា កុមារតូចៗ (អាយុចន្លោះ ១ទៅ៣ឆ្នាំ) ត្រូវការគេងចំនួន ១២ទៅ១៤ម៉ោងក្នុងមួយថ្ងៃ រីឯកុមារអាយុចន្លោះ ៥ទៅ១២ឆ្នាំ ត្រូវការគេងពី ១០ទៅ១១ម៉ោងក្នុងមួយថ្ងៃ។ ៤. ឥរិយាបថឈរ ឬអង្គុយត្រឹមត្រូវ លោកអ្នកគួរតែព្យាយាមបង្រៀន និងលើកទឹកចិត្តឲ្យកូនៗមានទម្លាប់ក្នុងការឈរ ឬអង្គុយឲ្យបានត្រឹមត្រូវចៀសវាងក្នុងការអង្គុយ ឬឈរកោងខ្នងដែលជាប្រការមួយផ្តល់ផលប៉ះពាល់ដល់ការលូតលាស់របស់ឆ្អឹងកងខ្នង។ ក្រៅពីអាចជួយដល់ការលូតលាស់របស់ឆ្អឹង ទម្លាប់ទាំងនេះជាឥរិយាបថមួយដែលល្អសម្រាប់កុមារ និងអាចបង្កើននូវទំនុកចិត្តឲ្យពួកគេផងដែរ។ ៥. ញ៉ាំទឹកដោះគោដែលមានផ្ទុកជាតិកាល់ស្យូម កាល់ស្យូមដើរតួនាទីសំខាន់ក្នុងការធ្វើឲ្យឆ្អឹងលូតលាស់បានល្អ និងមានទម្រង់ត្រឹមត្រូវ។ បន្ថែមពីលើចំណីអាហារ ទឹកដោះគោជាប្រភពកាល់ស្យូមមួយសំខាន់ ហេតុនេះហើយលោកអ្នកគួរបង្កើតទម្លាប់ឲ្យកូនញ៉ាំទឹកដោះគោជាប្រចាំ ដើម្បីធានាបាននូវបរិមាណកាល់ស្យូមគ្រប់គ្រាន់ដែលចាំបាច់សម្រាប់ការលូតលាស់ឆ្អឹងរបស់ពួកគេ។ ដើម្បីឲ្យកូនលូតកម្ពស់បានល្អ លោកអ្នកគួរតែចាប់ផ្តើមសាកល្បងអនុវត្តតាមការណែនាំដែលយើងបានរៀបរាប់ខាងលើជាប្រចាំបន្តិចម្តងៗ នោះវានឹងក្លាយជាទម្លាប់ ដែលអាចផ្តល់ឲ្យកូនអ្នកនូវសុខភាពល្អ និងការលូតលាស់ឆ្អឹងប្រកបដោយភាពត្រឹមត្រូវផងដែរ៕ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Parenting
កុំចាំទាល់តែធ្មេញកូនពុកទើបទៅរកពេទ្យ

យើងដឹងហើយថាធ្មេញ មានសារសំខាន់ណាស់សម្រាប់កុមារក្នុងការទំពា និងខាំអាហាររឹងៗ។ លើសពីនេះទៅទៀត វាក៏ជាចំណែកមួយដែលជួយសម្រួលក្នុងការនិយាយ និងបញ្ចេញសំឡេងរបស់កុមារផងដែរ។ ហេតុនេះហើយការថែរក្សាសុខភាពមាត់ធ្មេញរបស់កូនតូចគឺជាចំណុចមួយចាំបាច់ដែលលោកអ្នកគួរយកចិត្តទុកដាក់ឲ្យបានកាន់តែឆាប់កាន់តែល្អ។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដើម្បីការពារសុខភាពធ្មេញរបស់ពួកគេឲ្យមានភាពរឹងមាំនិងចៀសវាងពីការខូចខាតបានចាប់តាំងពីកូនអ្នកនៅតូចៗ៖ បន្ថយការញ៉ាំអាហារដែលមានជាតិផ្អែមខ្លាំង ការញ៉ាំអាហារមួយចំនួនដែលមានផ្ទុកជាតិស្ករខ្ពស់អាចបណ្តាលឲ្យកុមារប្រឈមមុខនឹងជំងឺពុកធ្មេញ។ ជាតិស្ករដែលកុមារញ៉ាំចូលនឹងប៉ះជាមួយបាក់តេរីដែលនៅជាប់នឹងធ្មេញរបស់ពួកគេ បង្កើតបានជាអាស៊ីតដែលអាចធ្វើឲ្យធ្មេញកុមារងាយពុក ប្រហោង និងបណ្តាលឲ្យមានការឈឺចាប់។ តាមការសិក្សារបស់ The American Academy of Pediatric និងក្រុមគ្រូពេទ្យជំនាញផ្នែកកុមារ បានបញ្ជាក់ថាកុមារដែលមានអាយុក្រោម ១ឆ្នាំគួរចៀសវាងការញ៉ាំអាហារផ្អែមខ្លាំង ដែលក្នុងនោះរួមមាន ភេសជ្ជ: ទឹកផ្លែឈើកំប៉ុងដែលមានជាតិផ្អែម ស្ករគ្រាប់ ស្ករ សូកូឡា។ល។ លើសពីនេះទៅទៀត លោកអ្នកគួរចៀសវាងទម្លាប់ក្នុងការដាក់ឲ្យកូនតូចៗញ៉ាំទឹកដោះគោ ឬទឹកផ្លែឈើដោយប្រើដបក្បាលដោះមុនពេលចូលគេង​ព្រោះទម្លាប់ទាំងនេះនឹងផ្តល់ផលអាក្រក់ដល់សុខភាពមាត់ធ្មេញរបស់ពួកគេ។ បង្រៀនកូនឲ្យចេះដុសសម្អាតធ្មេញឲ្យបានទៀងទាត់ ការចាប់ផ្តើមបង្រៀនកូនៗឲ្យចេះដុសធ្មេញ ជាការងារមួយដែលអ្នកគួរតែធ្វើដើម្បីធានាបាននូវសុខភាពមាត់ធ្មេញល្អសម្រាប់កុមារ។ លោកអ្នកអាចចាប់ផ្តើមធ្វើការសម្អាតធ្មេញឲ្យពួកគេ ទោះបីជាធ្មេញរបស់គេមិនទាន់ដុះក៏ដោយ ដោយធ្វើការដុសសម្អាតអញ្ចាញធ្មេញជាមួយក្រណាត់ទន់ស្អាតបន្ទាប់មកត្រូវបង្ហាត់ឲ្យពួកគេធ្វើការសម្អាតធ្មេញជាប្រចាំ យ៉ាងតិចឲ្យបាន ២ដងក្នុងមួយថ្ងៃពេលធ្មេញរបស់ពួកគេចាប់ផ្តើមដុះ។ ចំពោះបរិមាណថ្នាំដុសធ្មេញដែលត្រូវប្រើមានការប្រែប្រួលទៅតាមអាយុរបស់កុមារ។ លោកអ្នកគួរប្រើថ្នាំដុសធ្មេញក្នុងបរិមាណមួយតិចតួច (ទំហំប៉ុនគ្រាប់បាយ) សម្រាប់ក្មេងដែលមានអាយុតិចជាង៣ឆ្នាំ និង ទំហំប៉ុនគ្រាប់សណ្តែកដី សម្រាប់ក្មេងដែលមានអាយុចាប់ពី ៣ឆ្នាំឡើងទៅ។ កុមារតូចៗគួរតែទទួលបានជំនួយពីប៉ាម៉ាក់ក្នុងពេលសម្អាតបន្ទាប់មកលោកអ្នកអាចសាកល្បងឲ្យពួកគេដុសសម្អាតដោយខ្លួនឯងពេលដែលក្មេងកាន់តែធំ។ ការជ្រើសរើសប្រភេទថ្នាំដុសធ្មេញឲ្យបានត្រឹមត្រូវ ដោយសារតែនៅលើទីផ្សារមានផលិតផលថ្នាំដុសធ្មេញច្រើនប្រភេទ លោកអ្នកអាចនឹងមានការលំបាកក្នុងការជ្រើសរើសប្រភេទថ្នាំដុសធ្មេញដែលសមស្របទៅនឹងកូនតូចៗ។ ជាទូទៅ ទន្តបណ្ឌិតបានណែនាំឲ្យជ្រើសរើសពពួកថ្នាំដុសធ្មេញដែលសម្បូរជាតិភ្លុយអរ៉ៃ និងទទួលទានអាហារណាដែលសម្បូរជាតិនេះផងដែរ (ឩ.ទឹកទំពាំងបាយជូរ ទំពាំងបាយជូរក្រៀម...) ព្រោះថាសារធាតុទាំងនេះមានសារសំខាន់ជួយឲ្យធ្មេញកុមារមានភាពរឹងមាំ។ លើសពីនេះទៅទៀត លោកអ្នកអាចស្វែងរកថ្នាំជំនួយដែលមានផ្ទុកសារធាតុនេះនៅតាមឱសថស្ថាននានាដែលនៅជិតលោកអ្នកបន្ទាប់ពីទទួលបានការណែនាំពីទន្តបណ្ឌិត។ ធ្វើការណាត់ជួបជាមួយទន្តបណ្ឌិតឲ្យបានទៀងទាត់ ការណាត់ជួបជាមួយទន្តបណ្ឌិតក៏ជាផ្នែកសំខាន់មួយក្នុងការតាមដានសុខភាពមាត់ធ្មេញរបស់កុមារ។ ការណាត់ជួបលើកដំបូងគួរតែធ្វើឡើងនៅពេលដែលធ្មេញដំបូងរបស់គេចាប់ផ្តើមដុះចេញ និងត្រូវចាំបាច់ធ្វើការណាត់ជួបឲ្យបានទៀងទាត់ ដើម្បីឲ្យគ្រូពេទ្យធ្វើការតាមដាន និងពិនិត្យមើលថា តើធ្មេញរបស់កូនអ្នកដុះលូតលាស់បានត្រឹមត្រូវឬទេ? មួយវិញទៀតក្នុងករណីមានការពិនិត្យឃើញមានភាពមិនប្រក្រតីណាមួយ (ឩ. ការដុះធ្មេញមុន ឬក្រោយការកំណត់ធ្មេញពុក ឬប្រហោង...) នោះកូនៗរបស់លោកអ្នកនឹងទទួលបានការព្យាបាលទាន់ពេលវេលា។ ការថែទាំសុខភាពមាត់ធ្មេញកុមារមានសារសំខាន់ណាស់ ព្រោះវាអាចជះឥទ្ធិពលទៅលើការលូតលាស់របស់ពួកគេទៅថ្ងៃក្រោយ។ មិនតែប៉ុណ្ណោះ វាអាចជួយកាត់បន្ថយការចំណាយលើការព្យាបាលជំងឺមាត់ធ្មេញរបស់កូនៗផងដែរ។ ហេតុនេះហើយលោកប៉ាអ្នកម៉ាក់ទាំងឡាយអាចសាកល្បងវិធីសាស្ត្រទាំងអស់នេះ ដើម្បីឲ្យធ្មេញរបស់កូនតូចមានសុខភាពល្អ និងលូតលាស់បានត្រឹមត្រូវ។ ឯកសារយោង៖ Journal of American Dental Association (JADA) អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម លេខ​ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Parenting
កំហុសឆ្គងទាំង ៦យ៉ាងរបស់ឪពុកម្តាយដែលរារាំងភាពជោគជ័យរបស់កូនៗ

ការចិញ្ចឹមបីបាច់ថែរក្សាកូនជាកាតព្វកិច្ចរបស់លោកប៉ាអ្នកម៉ាក់គ្រប់ៗរូប តែវាមិនមែនជារឿងងាយស្រួលនោះទេ។ ក្រោយពេលមានបុត្រធីតា លោកប៉ាអ្នកម៉ាក់តែងតែមានការព្រួយបារម្ភពីអនាគតរបស់កូនៗហើយខិតខំស្វែងរកវិធីសាស្ត្រផ្សេងៗក្នុងការបង្ហាត់បង្រៀនពួកគេដើម្បីធានាថាពួកគេទទួលបាននូវភាពជោគជ័យទៅថ្ងៃអនាគត។ លោកអ្នកប្រាកដជាមានការនឿយហត់ ហើយមិនយូរមិនឆាប់វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាធុញទ្រាន់ក្នុងការមើលថែ និងអប់រំប្រៀនប្រដៅពួកគេ  ដោយចៀសមិនផុតពីការមានកំហុសឆ្គងផ្សេងៗដោយអចេតនា។ ជាក់ស្ដែងកំហុសឆ្គងមួយចំនួនដែលអាចជះឥទ្ធិពលមិនល្អដល់ភាពជោគជ័យ និងការអភិវឌ្ឍរបស់កូនៗរបស់អ្នកដូចជា៖ ១. បារម្ភហួងហែងខ្លាំងពេក ឪពុកម្តាយគ្រប់ៗរូបតែងតែស្រលាញ់ថ្នាក់ថ្នមកូននិងហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីពួកគេ។ ប៉ុន្តែប៉ាម៉ាក់ខ្លះទម្រើសកូនខ្លាំងជ្រុលពេកដោយមិនហ៊ានបណ្តោយឲ្យកូនធ្វើកិច្ចការងារអ្វីមួយដែលគ្មានជំនួយពីពួកគេឡើយ។ ឧ. ការធ្វើកិច្ចការផ្ទះដែលគ្រូដាក់ឲ្យ ការស្លៀកពាក់ ងូតទឹក...ឬការសម្រេចចិត្តក្នុងការងារតូចៗ។ ប្រសិនបើលោកអ្នកតែងតែឈរចាំមើលគ្រប់គ្រងកូនគ្រប់ពេលនោះ វាអាចជាមូលហេតុមួយដែលធ្វើឲ្យកូនគ្មានភាពឯករាជ្យ គ្មានភាពជឿជាក់លើខ្លួនឯង និងគ្មានជំហររឹងមាំ។ ហេតុនេះបានជាធ្វើឲ្យកូនរបស់លោកអ្នកប្រែក្លាយជាមនុស្សដែលមិនអាចសម្រេចការងារអ្វីមួយដោយខ្លួនឯងបានឡើយ។ ២. ចូលចិត្តប្រៀបធៀប ឪពុកម្តាយខ្លះចូលចិត្តប្រៀបធៀបកូនរបស់ខ្លួនទៅនឹងកូនអ្នកដទៃ តែនេះមិនមែនជាចំណុចល្អក្នុងការអប់រំកូននោះទេ។ ការអប់រំបែបនេះអាចនឹងធ្វើឲ្យកុមារក្លាយជាមនុស្សម្នាក់ដែលមានសម្ពាធផ្លូវចិត្ត និងគិតច្រើន។ ពួកគេនឹងបាត់បង់នូវទំនុកចិត្តលើខ្លួនឯងថែមទាំងទទួលបាននូវអារម្មណ៍មួយថាខ្លួនឯងមានសមត្ថភាពមិនគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការ និងមានភាពរារែកក្នុងការសម្រេចចិត្ត។ ទម្លាប់បែបនេះនឹងជះឥទ្ធិពលអាក្រក់ដល់ពួកគេទៅថ្ងៃអនាគត។ ៣. ស្រែកគំហក និងប្រើអំពើហិង្សា ការស្រែកគំហក និងប្រើអំពើហិង្សាអាចផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់កុមារ។ ប្រសិនបើអ្នកមានទម្លាប់និយាយខ្លាំងៗ ឬស្រែកគំហកដាក់កូន អ្នកគួរកែទម្លាប់ទាំងនេះចេញព្រោះវាអាចធ្វើឲ្យក្មេងមានជំងឺបាក់ស្បាត ដែលអាចឈានទៅរកជំងឺបាក់ទឹកចិត្ត និងខ្លាចគេទៅថ្ងៃមុខ។ ៤. មិនធ្វើជាគំរូល្អ ក្មេងងាយនឹងទទួលរងនូវឥទ្ធិពលពីមនុស្សធំតាមរយៈទង្វើ និងទម្លាប់របស់ពួកគេព្រមទាំងបរិស្ថាននៅជុំវិញខ្លួនរបស់ក្មេងផងដែរ។ ក្មេងមិនអាចបែងចែកដោយខ្លួនឯងថា ទង្វើណាជះឥទ្ធិពលល្អ ឬអាក្រក់ឡើយ។ ដោយឡែក កូនដែលពូកែកុហកជាលទ្ធផលបានពីប៉ាម៉ាក់ដែលពូកែកុហក។ លោកប៉ាអ្នកម៉ាក់ដែលមិនបានដើរតួនាទីជាមេគ្រួសារ ឬមេផ្ទះដែលមានទំនួលខុសត្រូវនឹងមិនអាចមានឱកាសទទួលបានកូនដែលមានសមត្ថភាពអាចគ្រប់គ្រងការងារមួយប្រកបដោយទំនួលខុសត្រូវនោះទេ។ ៥. មិនចំណាយពេលវេលាជាមួយកូន ក្មេងត្រូវការការថ្នាក់ថ្នម ភាពស្និទ្ធស្នាល និងទំនាក់ទំនងល្អពីប៉ាម៉ាក់ ដើម្បីឲ្យការលូតលាស់ផ្នែកបញ្ញាស្មារតី និងសារពាង្គកាយបានល្អប្រសើរ។ ឪពុកម្តាយខ្លះមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការនៅជាមួយកូននោះទេ ខ្លះទៀតទុកកូនចោលឲ្យលេងតែម្នាក់ឯង ឬមើលស្មាតហ្វូន...ទាំងនេះសុទ្ធតែជាមូលហេតុដែលធ្វើឲ្យកូនក្លាយជាក្មេងមិនចេះមាត់ក មិនសូវចូលចិត្តមានទំនាក់ទំនងជាមួយអ្នកដទៃ និងខ្វះភាពកក់ក្តៅ។ ហេតុដូចនេះ កូនរបស់អ្នកអាចនឹងក្លាយជាមនុស្សឯកោ និងពិបាកចូលចំណោមក្នុងសង្គមនៅពេលដែលពួកគេធំឡើង។ ៦. បិទសិទ្ធិសេរីភាពរបស់កូន កុមារគ្រប់រូបទទួលបាននូវសិទ្ធិសេរីភាពក្នុងការសម្រេចចិត្តដោយគ្មានការគាបសង្កត់ពីមនុស្សពេញវ័យ។ ដោយឡែក ប៉ាម៉ាក់មួយចំនួនតែងគិតថាកាលបើយើងបើកសិទ្ធិឲ្យកូនធ្វើអ្វីតាមចិត្ត នោះជាទម្លាប់មិនល្អដែលអាចធ្វើឲ្យកូនក្លាយជាក្មេងទម្រើស។ នេះជាទស្សនៈមួយដែលមិនត្រឹមត្រូវនោះទេក្មេងគួរតែទទួលបានសិទ្ធិនេះយ៉ាងពេញលេញដើម្បីឲ្យពួកគេក្លាយជាក្មេងដែលមានទំនុកចិត្តលើខ្លួនឯង។ ដូច្នេះ ប្រសិនបើលោកអ្នកមានទម្លាប់ក្នុងការចិញ្ចឹមកូនដូចដែលយើងបានរៀបរាប់ខាងលើ លោកអ្នកគួរតែព្យាយាមកែប្រែទម្លាប់ទាំងនេះចេញដើម្បីកាត់បន្ថយការរងសម្ពាធផ្លូវចិត្ត និងចៀសវាងការបង្កើតនូវទម្លាប់មិនល្អរបស់ក្មេង។ កុមារដែលមិនរងការប៉ះទង្គិចផ្លូវចិត្តនឹងអាចក្លាយជាមនុស្សពេញវ័យដែលមានភាពជោគជ័យក្នុងឆាកជីវិត។ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨២ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Parenting
កុំភ្លេចយកកូនតូចៗទៅជាមួយអ្នកពេលមានដំណើរកម្សាន្ត

ភាពមមាញឹកជាមួយនឹងការប្រកបការងារ និងការរកប្រាក់ចំណូលប្រចាំថ្ងៃសម្រាប់ផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារ នាំឲ្យការចំណាយពេលជាមួយកូនតូចៗរបស់អ្នកហាក់មានកម្រិត និងកង្វះខាតនូវការយកចិត្តទុកដាក់ផងដែរ។ ទោះជាយ៉ាងណាក្តី អ្នកគួរតែឆ្លៀតពេលទំនេរបង្កើតជាបរិយាកាសរីករាយ និងផ្តល់ពេលវេលាឲ្យពួកគេតាមរយ:ការនាំពួកគេដើរកម្សាន្ត មិនថាជាការដើរផ្សារ ការរៀបចំដំណើរកម្សាន្ត ជួបជុំគ្រួសារនាចុងសប្តាហ៍ឬពេលសម្រាកពីការងារជាដើម។ ថ្វីត្បិតតែកុមារតែងតែបង្កការរំខាន និងបញ្ហា តែការចំណាយពេលធ្វើដំណើរកម្សាន្តជាមួយពួកគេគឺជាកាតព្វកិច្ចមួយរបស់លោកអ្នកជាប៉ាម៉ាក់ ដោយសារវាអាចផ្តល់ឲ្យពួកគេនូវផលប្រយោជន៍មួយចំនួនបន្ថែមពីលើភាពសប្បាយរីករាយដូចខាងក្រោម៖ បង្កើនភាពវ័យឆ្លាត និងចំណេះដឹងជាមួយនឹងពិភពខាងក្រៅ ការធ្វើដំណើរកម្សាន្តមិនត្រឹមតែផ្តល់ភាពសប្បាយរីករាយដល់កុមារប៉ុណ្ណោះទេ លើសពីនេះទៅទៀតវាក៏ជាឱកាសមួយដែលពួកគេបានរៀន និងស្វែងយល់ពីបរិស្ថានជុំវិញ ដែលសុទ្ធសឹងតែជាចំណុចល្អដែលលោកប៉ាអ្នកម៉ាក់ទាំងឡាយ មិនគួរមើលរំលង។ តាមការសិក្សារបស់លោក ហ្សង់ ផ្យាហ៊្សេ (Jean Piaget) អ្នកចិត្តសាស្ត្រកុមារ បានបង្ហាញថា ការលូតលាស់ផ្នែកបញ្ញាស្មារតីរបស់ក្មេងមានឥទ្ធិពលមួយផ្នែកពីហ្សែនតំណពូជ និងមួយផ្នែកទៀតបានមកពីការរៀនស្វែងយល់ពីបរិយាកាសខាងក្រៅ។ ដូចនេះលោកអ្នកគួរតែឆ្លៀតបង្ហាញ ឬបង្រៀនពួកគេឲ្យស្គាល់ពីអ្វីមួយដូចជា សួរឈ្មោះសត្វ ឬរុក្ខជាតិដែលពួកគេជួបនៅពេលដើរកម្សាន្តនៅសួនសត្វ ឬការបង្រៀនឲ្យគេស្គាល់ពីរបស់របរប្រើប្រាស់ ពេលដើរទិញឥវ៉ាន់ជាដើម។ បង្រៀនឲ្យក្មេងចេះអត់ធ្មត់ និងសុជីវធម៌ក្នុងការរស់នៅ ជាការពិតណាស់ សភាវ:ធម្មជាតិរបស់កុមារគ្រប់រូបគឺពួកគេមិនសូវមានការអត់ធ្មត់។ ជាធម្មតា ពួកគេតែងតែចង់បាន ឬចង់ឲ្យរឿងអ្វីមួយកើតឡើងភ្លាមៗ ទៅតាមសន្ទុះចិត្តរបស់ពួកគេ។ ការធ្វើដំណើរកម្សាន្តអាចជាពេលវេលាមួយដែលប៉ាម៉ាក់គួរបង្រៀនពួកគេឲ្យចេះរង់ចាំ និងមានសុជីវធម៌ ឧទាហរណ៍ ការរង់ចាំនៅអាកាសយានដ្ឋាន ការធ្វើដំណើរតាមមធ្យោបាយសាធារណ: ដែលតម្រូវឲ្យប្រើរយ:ពេលវែង ការតម្រង់ជួរនៅកន្លែងញ៉ាំអាហារ ការរក្សាសណ្តាប់ធ្នាប់ និងភាពស្ងៀមស្ងាត់ ការរក្សាអនាម័យ ការបង្រៀនឲ្យពួកគេរង់ចាំភ្លើងចរាចរណ៍។ល។ បង្រៀនក្មេងពីទំនួលខុសត្រូវ និងម្ចាស់ការលើខ្លួនឯង ទំនួលខុសត្រូវ និងភាពមានម្ចាស់ការលើខ្លួនឯងគឺជាអ្វីដែលក្មេងត្រូវរៀនទោះបីជាពួកគេនៅតូចក្តី។ កាលបើលោកអ្នកអនុញ្ញាតឲ្យកូនៗរៀបចំសម្ភារ:ចាំបាច់សម្រាប់ការធ្វើដំណើរកម្សាន្តដោយខ្លួនឯងការបង្ហាត់ឲ្យពួកគេមានការប្រុងប្រយ័ត្ន និងចេះទុកដាក់របស់របរប្រើប្រាស់ វាក៏ជាផ្នែកមួយក្នុងការបង្រៀនពួកគេឲ្យយល់ដឹងពីទំនួលខុសត្រូវ និងភាពមានម្ចាស់ការផងដែរ។ បង្រៀនឲ្យក្មេងចេះបត់បែន បង្កើតទំនាក់ទំនង និងរស់នៅក្នុងសង្គម ពេលធ្វើដំណើរកម្សាន្ត មិនថាជាលក្ខណ:គ្រួសារ ឬជាក្រុម កុមារនឹងមានឱកាសជួបជាមួយមនុស្សថ្មីៗ ដែលអាចឲ្យពួកគេចេះបង្កើតទំនាក់ទំនងជាមួយក្មេងៗ ឬមនុស្សធំដទៃទៀត។ ពួកគេអាចចែករំលែកឲ្យគ្នាទៅវិញទៅមកនូវភាពសប្បាយរីករាយចំណេះដឹង និងបទពិសោធន៍ផ្សេងៗគ្នាដែលពួកគេមាន។ ពង្រឹងទំនាក់ទំនង និងបង្កើនភាពស្និទ្ធស្នាលរវាងប៉ាម៉ាក់និងកូនតូចៗ ជាទម្លាប់ធម្មជាតិរបស់ពួកគេ កុមារតូចៗតែងចង់ទទួលបាននូវការថ្នាក់ថ្នម និងការយកចិត្តទុកដាក់ពីលោកប៉ាអ្នកម៉ាក់។ ក្នុងដំណើរកម្សាន្តនីមួយៗតែងមានការជជែកពិភាក្សា ការលេងកម្សាន្ត ហើយទាំងនេះគឺជាឱកាសមួយដែលលោកអ្នកអាចផ្តល់ភាពកក់ក្តៅ ថែមទាំងធ្វើឲ្យចំណងទំនាក់ទំនងក្នុងគ្រួសាររបស់អ្នកកាន់តែមានភាពរឹងមាំ បើទោះបីជាលោកអ្នកមិនសូវមានពេលវេលាច្រើនឲ្យពួកគេក៏ដោយ។ សាកល្បងបង្កើតពេលទំនេរជាមួយពួកគេ ព្រោះវាបានផ្ដល់ជាគុណប្រយោជន៍ដ៏អស្ចារ្យសម្រាប់កូនរបស់លោកអ្នក ដោយសង្ឃឹមថាដំណើរកម្សាន្តបន្ទាប់របស់អ្នកនឹងផ្តល់ឲ្យអ្នក និងកូនតូចៗនូវបទពិសោធន៍ថ្មីៗ និងអនុស្សាវរីយ៍មួយដែលលោកអ្នកមិនអាចបំភ្លេចបាន៕ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Parenting Parenting
កូនក្តៅខ្លួនហាមធ្វើរឿងទាំងនេះ ប្រសិន.....

អាការៈក្ដៅខ្លួន អាចជាជំងឺសាមញ្ញ និងជាសះស្បើយដោយខ្លួនឯង ឬតាមរយៈការអនុវត្តវិធីសាស្រ្តនានានៅផ្ទះបានដោយមិនចាំបាច់ទទួលការព្យាបាលពីសំណាក់វេជ្ជបណ្ឌិត លើកលែងតែករណីធ្ងន់ធ្ងរមួយចំនួន។ ស្របពេល ដែលការព្យាបាលអាចធ្វើបានដោយខ្លួនឯង អាណាព្យាបាលទាំងអស់ក៏គួរតែចៀសវាងនូវទម្លាប់ដែលខុសខ្លះៗអំឡុងពេលកូនតូចមានជំងឺបង្កឲ្យរាងកាយឡើងកម្ដៅផងដែរ។ ហាមប្រើប្រាស់ថ្នាំភ្លាមៗ អាការៈក្ដៅក្នុងកម្រិតត្រឹម ៣៧.៦ ទៅ៣៧.៩ អង្សាមិនមែនជារឿងអាក្រក់ទេ ពីព្រោះក្នុងលក្ខខណ្ឌនេះខ្លួនប្រាណរបស់កុមារកំពុងធ្វើការប្រឆាំងទៅនឹងការឆ្លងរោគ។ ការសិក្សាបានបង្ហាញបន្ថែមថា ប្រសិនអ្នកចាប់ផ្ដើមប្រើប្រាស់ថ្នាំបញ្ចុះកម្តៅលឿនពេកនោះអាចឲ្យដំណើរការជាសះស្បើយដោយខ្លួនឯងត្រូវប្រើរយៈពេលយូរ។ ក្នុងដំណាក់កាលនេះ អ្នកអាចបន្តតាមដានដោយវាស់កម្ដៅឲ្យបានញឹកញាប់ សង្កេតមើលចលនានិងដាក់កុមារឲ្យនៅក្នុងបន្ទប់ដែលមានសីតុណ្ហភាពសមស្រប។ យ៉ាងណាមិញ ប្រសិនកម្ដៅនៅតែបន្តកើនឡើង អ្នកអាចផ្ដល់ឱសថដំបូងជាពពួក ប៉ារ៉ាសេតាម៉ុលជាមុនសិន។ ហាមដណ្តប់ភួយ នៅពេលរាងកាយកុមារកំពុងឡើងកម្ដៅ អាណាព្យាបាលគួរចៀសវាងប្រើភួយដើម្បីដណ្តប់ ឬបិទទ្វារឲ្យជិត តែអ្នកត្រូវបើកទ្វារ និងកង្ហារដើម្បីជួយផ្ដល់នូវចរន្ដខ្យល់ស្អាតចេញចូលនៅក្នុងផ្ទះ។ វិធីសាស្រ្តបែបនេះអាចនឹងធ្វើឲ្យក្មេងមានអារម្មណ៍ថាត្រជាក់ខ្លួន ប៉ុន្ដែស្របពេលជាមួយគ្នា កម្ដៅរាងកាយក៏កំពុងតែមានភាពប្រសើរឡើងមកវិញផងដែរ។ ដោយឡែកបើយោងតាមការសិក្សាមួយបានបញ្ជាក់ថាការដណ្តប់ភួយពេលកុមារគ្រុនក្តៅអាចធ្វើឲ្យកូនរបស់អ្នកឡើងកម្តៅក្នុងខ្លួនទៅវិញ។  ហាមងូតទឹកត្រជាក់ ទឹកត្រជាក់មិនមែនជាវិធីសាស្រ្តក្នុងការបំបាត់កម្ដៅនោះទេតែវាបែរជាបង្កឲ្យក្មេងឡើងកម្ដៅកាន់តែខ្លាំងនិងប៉ះពាល់ដល់ផ្លូវដង្ហើមទៀតផងជាពិសេសក្មេងដែលក្តៅខ្លួនដោយសារការបង្ករោគនៅតាមផ្លូវដង្ហើមដូចជាជំងឺរលាកសួត និងរលាកបំពង់ក។ ចៀសវាងឲ្យកុមារងូតទឹកត្រជាក់ប៉ុន្តែអ្នកត្រូវប្រាកដថាកូនរបស់អ្នកមានភាពស្ងួតនៅតំបន់ក្លៀក និងក្រលៀនព្រមទាំង ពិនិត្យសីតុណ្ហភាពរាងកាយរៀងរាល់ ៣ ទៅ៤ម៉ោងម្តង ឬទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញផ្នែកកុមារ ប្រសិនបើកូនរបស់អ្នកមានរោគសញ្ញា ញុំាមិនបាន អស់កម្លាំង ងងុយគេង ពិបាកដកដង្ហើម ក្អួត និងមានកន្ទួលរមាស់ជាដើម។ ដំណាក់កាលគួរស្វែងរកការព្យាបាល ក្តៅខ្លួន អាចជាអាការៈជំងឺធម្មតា និងមិនធ្ងន់ធ្ងរនោះទេ ហើយអាចនឹងបាត់ទៅវិញបន្ទាប់ពី ២ ទៅ៣ថ្ងៃក្រោយ។ ក្នុងករណីក្តៅល្មមៗ ហើយកុមារនៅទប់ទល់បាន នោះការផ្ដល់ថ្នាំអាចមិនចាំបាច់ តែត្រូវតាមដាន និងប្រុងប្រយ័ត្នជាប់ជានិច្ច។ ផ្ទុយទៅវិញលោកអ្នកត្រូវស្វែងរកការព្យាបាល និងទៅជួបគ្រូពេទ្យប្រសិនបើ៖ • កុមារមានអាការៈក្តៅខ្លួនលើសពីពីរថ្ងៃ • កម្តៅឡើងលើសពី ៣៨,៥អង្សា • កុមារលែងលេង លែងញ៉ាំ • កុមារមានបញ្ហាសុខភាពជាប់នឹងខ្លួន ឬធ្លាប់មាន ជំងឺរ៉ាំរ៉ៃ។ ប៉ុន្តែក្នុងពេលរង់ចាំ និងមុនទៅដល់មន្ទីរពេទ្យអាណាព្យាបាលអាច៖ • ប្រើកន្សែងសើមជ្រលក់ទឹកធម្មតា (មិនត្រជាក់ពេក មិនក្តៅពេក) ជូតថ្មមៗ និងបន្តិចម្តងៗឲ្យសព្វពេញខ្លួន និងគ្របតាមគន្លាក់ដៃជើងក្រលៀន ដើម្បីបញ្ចុះសីតុណ្ហភាព • ព្រលែងខ្លួនកុមារ ឬទារក និងកុំពាក់ខោអាវជិត ឬក្រាស់ៗ • ផ្តល់ទឹកឲ្យកុមារញ៉ាំឲ្យបានច្រើនតាមដែលអាច ធ្វើទៅបាន • ផ្តល់ថ្នាំត្រជាក់ ដូចជា ប៉ារ៉ាសេតាម៉ុលទៅតាមកម្រិតទម្ងន់ និងអាយុរបស់កុមារ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Parenting Parenting Parenting
បន្ថែមអាហារទាំងនេះ ដើម្បីការលូតកម្ពស់របស់កុមារ

កម្ពស់ អាចជាផ្នែកមួយដែលគេអាចវាស់វែងបានពីគុណភាពនៃការលូតលាស់របស់កុមារ។ បើទោះបីវាជាប់ពាក់ព័ន្ធជាចម្បងទៅនឹងហ្សែន និងអ័រម៉ូនរបស់បុគ្គលម្នាក់ៗ តែការផ្តល់ជីវជាតិពីរបបអាហារដែលត្រឹមត្រូវក៏រួមចំណែកក្នុងការលូតលាស់ និងជំរុញឲ្យអ័រម៉ូនដំណើរការបានល្អផងដែរ។ ការជ្រើសរើសអាហារបែបណាសម្រាប់កូនៗអាចជារឿងពិបាក ដែលអ្នកអាចស្វែងយល់តាមរយៈអាហារូបត្ថម្ភខាងក្រោម៖ សាច់មាន់ សាច់មាន់មានផ្ទុកប្រូតេអុីនខ្ពស់ ដែលអំណោយផលសម្រាប់ការលូតលាស់របស់ឆ្អឹង និងសាច់ដុំ ពិសេសការលូតលាស់ផ្នែករាងកាយរបស់កុមារ។ ឪពុកម្តាយគ្រប់រូបគួរតែបន្ថែមសាច់មាន់ជាប្រចាំទៅក្នុងអាហាររបស់កូនៗ ដែលអាចរកបានយ៉ាងងាយនៅលើទីផ្សារ។ ស៊ុត ក្រៅពីសាច់មាន់ ស៊ុតក៏ជាប្រភពនៃប្រូតេអុីនមិនអាចខ្វះបាននៅក្នុងរបបអាហារប្រចាំថ្ងៃរបស់កូនរបស់អ្នក។ ជាក់ស្តែង ស៊ុតសម្បូរទៅដោយសារជាតិបំប៉ន វីតាមីនA វីតាមីន B១២ វីតាមីន D ដែលជួយជំរុញដល់ការលូតលាស់ផ្នែករាងកាយរបស់កុមារបានយ៉ាងប្រសើរ។ អ្នកអាចឲ្យកូនទទួលទានស៊ុត ១ ទៅ២គ្រាប់ក្នុងមួយថ្ងៃ ដោយផ្តោតទៅលើផ្នែកសឲ្យបានច្រើន ពីព្រោះវាមានផ្ទុកនូវសារធាតុអាល់ប៊ុយមីនដែលមិនធ្វើឲ្យឡើងទម្ងន់ដល់ទៅ ១០០ ភាគរយ។ ត្រីសមុទ្រ ត្រីជាអាហារមួយប្រភេទដែលជួយជំរុញ និងមានប្រសិទ្ធភាពដល់ការលូតកម្ពស់ ផ្នែកស្មារតី ពិសេសផ្នែករាងកាយរបស់កុមារ។ អ្នកអាចជ្រើសរើស ត្រីសាម៉ុង ត្រីធូណា និងត្រីសាឌីន ដោយវាសម្បូរនូវវីតាមីន D ក្នុងការជួយស្រូបយកសារធាតុកាល់ស្យូម។ ចំណែកប្រូតេអុីនដែលមាននៅក្នុងសាច់ត្រីក៏មានតួនាទីពង្រឹង និងជួយឲ្យឆ្អឹងរបស់កុមារលូតលាស់បានល្អផងដែរ។ ទឹកដោះគោ ទឹកដោះគោសម្បូរនូវជាតិកាល់ស្យូមខ្ពស់ដែលជួយដល់ការលូតលាស់ផ្នែករាងកាយកុមារ ធ្វើឲ្យឆ្អឹងរឹងមាំ និងរួមចំណែកការពារមិនឲ្យឆ្អឹងពុកផុយ ឬបាក់។ ជាក់ស្តែង ផលិតផលទាំងនោះរួមមានដូចជា ឈីស យ៉ាអួរ និងទឹកដោះគោស្រស់ ដែលសម្បូរទៅដោយវីតាមីន A, B, D និងស័ង្កសីដែលជាសារធាតុជំរុញជាលិកាឆ្អឹងរបស់កុមារឲ្យស្រូបយកជាតិកាល់ស្យូម ព្រមទាំងជួយដល់ការលូតលាស់កោសិកាបានយ៉ាងឆាប់រហ័ស ដោយលោកអ្នកគ្រាន់តែឲ្យកូនញុំាទឹកដោះគោ ២ ទៅ៣កែវក្នុងមួយថ្ងៃជាការស្រេច។ បន្លែ និងផ្លែឈើ ប្រភេទអាហារជាបន្លែ និងផ្លែឈើសម្បូរនូវជាតិសរសៃវីតាមីនចម្រុះ ប៉ូតាស្យូម និងសារជាតិខនិជ និងសារជាតិចិញ្ចឹមជាច្រើនទៀត ដែលមានប្រសិទ្ធភាពប្រឆាំងនឹងអុកស៊ីតកម្មនៅក្នុងរាងកាយជួយឲ្យកោសិកាក្នុងរាងកាយកុមារលូតលាស់ និងអាចធ្វើឲ្យឆ្អឹងរឹងមាំបានល្អប្រសើរផងដែរ។ អ្នកអាចបញ្ចូល ផ្លែល្ហុង ប៉េងប៉ោះ ផ្លែស្វាយ ការ៉ុត ស្ពៃក្តោប ប្រូខូលី ផ្លែឪឡឹកនិងផ្លែប័រទៅក្នុងរបបអាហារជាប្រចាំថ្ងៃ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Parenting Parenting Parenting Parenting Parenting
កូនកើតចៃម្តងហើយម្តងទៀតត្រូវដោះស្រាយបែបណា?

ចំពោះកូនៗដែលនិយមលេងច្រើនជាមួយក្មេងៗខាងក្រៅ អាចចោទជាការបារម្ភជាច្រើនចំពោះឪពុកម្តាយ ដោយក្នុងនោះរួមមានទាំងការកើតចៃផងដែរ។ ការកើតចៃនៅលើក្បាលកូនរបស់អ្នកមិនផ្តល់ជារោគសញ្ញាធ្ងន់ធ្ងរទេ តែបើនៅតែបណ្តោយឲ្យមានចៃដោយមិនកម្ចាត់ ឬព្យាបាលចេញនោះអាចធ្វើឲ្យស្បែកក្បាលរបស់កូនអ្នកដាច់រហែកដោយសារក្រចកដៃរហូតដល់បណ្តាលឲ្យឆ្លងមេរោគបាននៅពេលកើតអាការៈរមាស់។ លើសពីនេះ វាអាចប៉ះពាល់ដល់ការសិក្សារៀនសូត្ររបស់កុមារ ធ្វើឲ្យកុមារលូតលាស់មិនបានល្អ បង្កើតការរអើមដល់អ្នកជុំវិញ ឬមិត្តភក្តិរបស់ពួកគេ ប៉ះទង្គិចផ្លូវចិត្ត និងអាចឲ្យកុមារសម្រាកមិនបានគ្រប់គ្រាន់ ដោយសារការរមាស់។ ជាក់ស្តែង ការប្រើប្រាស់សាប៊ូកក់សក់កម្ចាត់ចៃពិតជាអាចមានប្រសិទ្ធភាពក្នុងការបំបាត់ចៃបាន ក៏ប៉ុន្តែការកើតឡើងវិញម្តងហើយម្តងទៀតពិតជាធ្វើឲ្យអ្នកឈឺក្បាល និងរវល់មិនឈប់។ ដូចនេះ ឪពុកម្តាយរបស់ក្មេង គួរតែស្វែងយល់អំពីដើមចមរបស់បញ្ហានេះឡើងវិញទើបជាការប្រសើរ។ តើចៃកើតឡើងមកពីអ្វី? ចៃគឺជាពពួកប៉ារ៉ាស៊ីតមានទំហំជាមធ្យម ៣មិលី្លម៉ែត្រដែលរស់នៅដោយបឺតឈាមដើម្បីចិញ្ចឹមជីវិត និងធ្វើឲ្យកើតរមាស់ ថែមទាំងកើតមានអាការៈរលាកស្បែកក្បាល។ ជាធម្មតាមេចៃមួយក្បាលអាចបញ្ចេញពងដាក់នៅលើសក់ពី ៥០ ទៅ១៥០ពងក្នុងមួយថ្ងៃប្រើពេលភ្ញាស់ចេញជាកូនប្រមាណ ១សប្តាហ៍។ ជាទូទៅ សត្វចៃអាចកើតដោយសារការនៅជិតគ្នា ឬគេងនៅជិតគ្នាជាមួយអ្នកដែលកើតចៃ។ ដោយឡែកសត្វចៃក៏អាចកើតឡើងដោយការមិនធ្វើអនាម័យខ្លួនប្រាណ ឬការប្រើប្រាស់សម្ភារមួយចំនួនរួមគ្នារបស់កូនអ្នកជាមួយមិត្តភក្តិដែលរួមមានក្រាស់សិតសក់ ឬមួកជាដើម។ តើគួរកម្ចាត់ចៃពីលើក្បាលកុមារដោយរបៀបណា? ការកម្ចាត់ចៃឲ្យអស់អាចពិបាកបន្តិច ដោយសារវាងាយឆ្លងឡើងវិញណាស់ ដូចនេះដើម្បីកម្ចាត់មិនឲ្យមេចៃធំពេញវ័យនោះ ឪពុកម្តាយគ្រប់រូបគួរអនុវត្តវិធីសាស្រ្តខាងក្រោម៖ - កក់សក់កូនរបស់អ្នកជាប្រចាំជាមួយសាប៊ូដែលមានផ្ទុកនូវសារធាតុ Pediculicide យ៉ាងហោចណាស់ ២ទៅ៣ដងក្នុងមួយសប្តាហ៍ ដើម្បីសម្អាតធូលី ឬកម្ទេចដែលបង្កឲ្យមានការកកើតឡើងនៃចៃ - ឬអាចប្រើជាថ្នាំដែលជាប្រភេទ Lotion ឬ Cream ដែលមានផ្ទុកនូវសារធាតុ Permethrin, Maldidon និង Pyrethrin ដើម្បីលាបនៅលើសក់ក្បាលរបស់កូនរបស់អ្នកនៅពេលសក់សើម ដោយលាបឲ្យសព្វពេញសាច់ក្បាលហើយយកមួកដែលធ្វើពីផ្លាស្ទិកមកគ្របពីលើ រួចទុករយៈពេល១៥នាទី ចាំលាងសម្អាតចេញ។ បន្ទាប់មកលោកអ្នកធ្វើការប្រើស្និតដើម្បីសិតសក់ទម្លាក់ចៃ ដែលនៅលើក្បាលរបស់កូនអ្នក។ គួរបញ្ជាក់ផងដែរថា មុននឹងប្រើប្រាស់រាល់ផលិតផលខាងលើសូមពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬឱសថការីជាមុនសិនដើម្បីដឹងពីវិធីប្រើប្រាស់ និងការប្រុងប្រយ័ត្នមួយចំនួនចំពោះការប្រើនេះផងដែរ - ប្រសិនអាច គួរចៀសវាងការប្រើប្រាស់សម្ភារៈ និងគេងជិតគ្នាជាមួយក្មេង ឬមិត្តភក្តិដែលកើតចៃ - បោកសម្អាតកម្រាលពូក ស្រោមខ្នើយ និងសម្លៀកបំពាក់របស់កូនអ្នកឲ្យបានជាប្រចាំ - ប្រសិនបើកូនអ្នកកើតចៃម្តងហើយម្តងទៀត ឬពិបាកក្នុងការកម្ចាត់ អ្នកចាំបាច់គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីឲ្យចេញវេជ្ជបញ្ជាព្យាបាលជំងឺដែលកើតឡើងពីពពួកប៉ារ៉ាស៊ីត។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Parenting Parenting
​កត្តាដែលជះឥទ្ធិពលដល់ការនិយាយរបស់កុមារ

ក្មេងភាគច្រើនមានការលូតលាស់ខុសៗគ្នាជាធម្មតា ទាំងរូបរាងកាយ ប្រាជ្ញាស្មារតី ចិត្តគំនិត ក៏ដូចជាការនិយាយស្តី ដែលក្មេងខ្លះលូតលាស់ផ្នែកទំនាក់ទំនង និងការនិយាយស្តីបានលឿន ខណៈពេលដែលក្មេងខ្លះទៀតអាចវិវឌ្ឍយឺត។ វាអាចបណ្តាលមកពីមូលហេតុជាច្រើន និងក្នុងករណីខ្លះប្រហែលជាកត្តាផ្លូវចិត្តមួយចំនួនដែលប៉ះពាល់ដល់ការនិយាយ បរិស្ថាន ឬការថែទាំដែលរួមមាន៖ កម្រិតនៃការថែទាំ ការថែទាំកម្រិតណាដែលកូនរបស់អ្នកទទួលបានពីអ្នកជាឪពុកម្តាយអាចប្រហែលជះឥទ្ធិពលដល់ការវិវឌ្ឍផ្នែកភាសា ឬការនិយាយរបស់កុមារ នេះបើយោងតាមការសិក្សាមួយរបស់សាកលវិទ្យាល័យ North Carolina បើប្រៀបធៀបទៅនឹងក្មេងដែលទទួលបានការយកចិត្តទុកដាក់ និងថែទាំតាមតម្រូវការ។ ក្នុងករណីទីកន្លែងដែលក្មេងមើលឃើញ និងក្មេងហាក់នៅម្នាក់ឯងញឹកញាប់ខ្លាំងពេក ខ្វះទំនាក់ទំនង និងការលើកទឹកចិត្តតែងតែរារាំងពួកគេពីការអភិវឌ្ឍ ថែមទាំងអាចបន្ថយនូវជំនាញនិយាយយ៉ាងពិតប្រាកដ។ ភាពតានតឹងធ្ងន់ធ្ងរ យោងតាម The National Child Traumatic Stress Network ភាពតានតឹងធ្ងន់ធ្ងរអាចទាញក្មេងចេញពីការយល់ដឹងផ្នែកភាសា និងការរៀននិយាយឲ្យបានត្រូវ។ ការប្រទះជាមួយនឹងអំពើហិង្សា និងការរំលោភបំពានអាចនាំឲ្យក្មេងប្រឈមនឹងការធ្លាក់ទឹកចិត្តធ្ងន់ធ្ងរដែលធ្វើឲ្យមានផលអវិជ្ជមានលើការវិវឌ្ឍផ្នែកភាសា។ ដូចនឹងលទ្ធភាពក្នុងការគ្រប់គ្រងអារម្មណ៍របស់ពួកគេក្លាយជាផលប៉ះពាល់សមត្ថភាពក្នុងការស្តែងពីអារម្មណ៍របស់ពួកគេប្រកបដោយប្រសិទ្ធភាព។ បរិយាកាសសង្គម ឪពុកម្តាយ គ្រូបង្រៀន និងមិត្តភក្តិដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍផ្នែកភាសា ឬការនិយាយរបស់កុមារ ដែលការនិយាយទាក់ទងគ្នាគឺពិតជាសំខាន់សម្រាប់ដំណើរការលូតលាស់របស់ក្មេង។ ជាលទ្ធផលបរិយាកាសសង្គមដែលលើកទឹកចិត្តដល់ការនិយាយទាក់ទងគ្នាដោយប្រសិទ្ធភាពរួមចំណែកដល់ភាសារបស់ពួកគេ។  ផ្ទុយមកវិញ នៅពេលសង្គមដែលក្មេងរស់នៅមានផលប៉ះពាល់ផ្នែកអារម្មណ៍ ស្ត្រេស និងទំនាក់ទំនងគ្មានប្រសិទ្ធភាព នោះពួកគេប្រហែលគេចពីការនិយាយ និងអាចក្លាយជាមានអារម្មណ៍ភ័យខ្លាច ដែលទាំងនេះក៏រួមចំណែកធ្វើឲ្យថយចុះនូវការវិវឌ្ឍផ្នែកភាសាដូចគ្នាដែរ។ ការនិយាយមានបញ្ហា បញ្ហានៃការនិយាយដូចជានិយាយមិនច្បាស់ដោយសារប្រព័ន្ធសរសៃប្រសាទ ឬឮខ្សាវៗ អាចធ្វើឲ្យកូនរបស់អ្នកមានភាពខ្មាសអៀន និងអាចរហូតដល់មានសម្ពាធផ្លូវចិត្ត។ លទ្ធផលចុងក្រោយ ក្មេងប្រហែលមានភាពស្ទាក់ស្ទើរក្នុងការនិយាយ និងពន្យារពេលក្នុងការយល់ដឹងផ្នែកភាសា ឬទំនាក់ទំនងជាមួយអ្នកដទៃ។ ការប្រើភាសា ២ ក្មេងដែលចាប់ផ្តើមរៀនភាសាទី២លឿនពេកក្នុងជីវិតអាចប្រហែលធ្វើឲ្យភាសាទីមួយរបស់ពួកគេមានការវិវឌ្ឍយឺតជាងការរំពឹងទុក។ រៀនភាសា ២ក្នុងពេលតែមួយអាចធ្វើឲ្យមានការច្រឡំពិសេសក្មេងមិនទាន់គ្រប់អាយុចូលសាលាត្រឹមត្រូវ ដែលអាចឲ្យក្មេងបាក់ទឹកចិត្តបាន។ អ្នកជំនាញបានលើកឡើងថា ភាសាទី ២គួរឲ្យក្មេងចាប់ផ្តើមរហូតទាល់តែក្មេងមានអាយុចន្លោះ ៥ ទៅ៦ឆ្នាំ។ កត្តាភេទ ភេទត្រូវបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍផ្នែកភាសា និងការនិយាយស្តីរបស់ក្មេង។ អំឡុងអាយុ២-៣ឆ្នាំ ក្មេងស្រីមានទំនោរចាប់ផ្តើមយល់ដឹងផ្នែកភាសា ការនិយាយទំនាក់ទំនង ក្នុងកម្រិតខ្ពស់ជាងក្មេងប្រុស។ ពួកគេចាប់ផ្តើមយល់ដឹងផ្នែកទំនាក់ទំនងកាន់តែមានប្រសិទ្ធភាព និងភាសានិយាយវិវឌ្ឍយ៉ាងរហ័ស។ ចៀសពីផលប៉ះពាល់ដែលអ្នកជាឪពុកមា្តយអាចធ្វើបាន នឹងជួយឲ្យកូនអ្នកគេចផុតពីការពន្យារលើការនិយាយទំនាក់ទំនង ក៏ដូចជាភាសារបស់កូនអ្នក។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Pregnancy & Baby Parenting
ធ្វើយ៉ាងណាទើបដឹងថាកូនអ្នកត្រូវបានគំរាម?

តាមពិត វាអាចជារឿងដែលពិបាកសម្រាប់មាតាបិតាក្នុងការតាមដានឲ្យដឹងថាកូនរបស់អ្នកមានបញ្ហាអ្វីខ្លះនៅសាលារៀន ជាពិសេសគឺបញ្ហាទាក់ទងនឹងការសម្លុត ការគំរាមកំហែងពីមិត្តភក្តិ ឬអ្នកដែលមានអំណាចធំជាងពួកគេ ដោយហេតុថាសាលាជាទីតាំងមួយដែលពួកគេបានជួបជាមួយមនុស្សជាច្រើន និងហេតុការណ៍ថ្មីៗជារៀងរាល់ថ្ងៃ។ ដូច្នេះ ដើម្បីជាគន្លឹះក្នុងការកំណត់ថាកូនអ្នកពិតជាត្រូវបានគេគំរាមពិតមែន អ្នកអាចចំណាំតាមរយៈសកម្មភាពរបស់ពួកគេដូចខាងក្រោម៖ ឈឺក្បាល និងឈឺពោះញឹកញាប់ រោគសញ្ញាឈឺក្បាល និងឈឺពោះគឺជាអាការៈដែលអាចស្តែងចេញមកខាងក្រៅជាញឹកញាប់ ដែលអាការៈទាំងនេះបណ្តាលមកពីភាពស្ត្រេស និងការថប់អារម្មណ៍ចំពោះការគំរាមកំហែងនេះតែម្តង។ ពេលខ្លះវិញ ពួកគេមិនមានអាការៈបែបនេះទេ តែគេបែរជាព្យាយាមកុហកដើម្បីគេចវេះពីការទៅសាលារៀន ឬទៅចូលរួមក្នុងសកម្មភាពសង្គមទៅវិញ។ ហេតុនេះប្រសិនបើកូនរបស់អ្នកតែងតែត្អូញត្អែរអំពីអាការៈបែបនេះគឺដល់ពេលហើយដែលអ្នកគួរតែនិយាយជាមួយពួកគេ។ ជាឧទាហរណ៍ អ្នកអាចចាប់ផ្តើមសួរថា “កូនមើលទៅហាក់ដូចជាកើតមានបញ្ហានេះញឹកញាប់ណាស់ពេលថ្មីៗនេះ តើកូនអាចប្រាប់ម៉ាក់ប៉ាឲ្យកាន់តែច្បាស់ពីបញ្ហានេះបានទេ?” ប៉ុន្តែអ្នកអាចសួរសំណួរផ្សេងៗទៀតបានផងដែរ តែត្រូវប្រាកដថាសំណួរទាំងនោះជាសំណួរដែលមានចម្លើយបើក សួរដោយផ្អែមល្ហែម មិនគំរោះគំរើយ មិនត្រូវសួរដោយឆេវឆាវ ឬដោយមានកំហឹងឡើយ។ អ្នកគួរចងចាំថា កូនអ្នកកំពុងមានបញ្ហាផ្លូវចិត្ត ដូចនេះការលួងលោម ការលើកទឹកចិត្ត និងការផ្តល់ជាដំណោះស្រាយដោយសន្តិវិធីជាប្រការចាំបាច់បំផុត។ ផ្លាស់ប្តូរមិត្តភក្តិ ការបាត់បង់មិត្តភក្តិ ឬការផ្លាស់ប្តូរមិត្តភក្តិក៏អាចជាសញ្ញានៃការគំរាមកំហែងចំពោះក្មេងៗផងដែរ ដែលភាគច្រើននៃបញ្ហានេះកើតឡើងចំពោះក្មេងៗនៅវ័យជំទង់។ ស្រដៀងគ្នានេះដែរ ភាពញឹកញយនៃការស្ទាក់ស្ទើរចេញទៅក្រៅជាមួយមិត្តភក្តិក៏អាចជាសញ្ញានៃការគំរាមកំហែងដែលកើតឡើងនៅក្នុងក្រុមមិត្តភក្តិរបស់គេតែម្តង។  មាតាបិតាអាចសង្កេតមើលការផ្លាស់ប្តូរមិត្តភក្តិក្នុងក្រុមរបស់កូនអ្នកដោយស្ងៀមស្ងាត់ តាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយមាតាបិតារបស់កុមារផ្សេងទៀត ដែលនៅក្នុងក្រុម។ វិធីសាស្រ្តនេះអាចជួយឲ្យអ្នកអាចតាមដានអវត្តមានរបស់ពួកគេនៅក្នុងពិធីខួបកំណើត ឬកម្មវិធីផ្សេងៗទៀត និងអាចអនុញ្ញាតឲ្យអ្នកបានដឹងពីបញ្ហានានា ដែលកើតឡើងរវាងកូនអ្នក និងមិត្តភក្តិរបស់ពួកគេផងដែរ។ ពិបាកគេង ជាធម្មតា ពួកគេតែងមានការព្រួយបារម្ភ ខ្វល់ខ្វាយនិងអន្ទះអន្ទែងនៅពេលយប់ ដោយសារពួកគេតែងគិតពីបញ្ហានានាដែលអាចកើតឡើងនៅថ្ងៃស្អែក ជាហេតុធ្វើឲ្យពួកគេគេងមិនលក់ រសេះរសោះ និងជួនកាលអាចសុបិន្តអាក្រក់ ឬអាចយំពេលគេងលក់ទៀតផង។ ដើម្បីបញ្ជាក់ពីបញ្ហានេះ មាតាបិតាអាចសង្កេតកូនអ្នកនៅពេលព្រឹកតាមរយៈសកម្មភាពរបស់ពួកគេ ដោយអាចស្តែងចេញជាភាពធុញទ្រាន់ ឬមិនឃ្លានអាហារ មើលទៅហាក់ដូចជាហត់នឿយខុសពីធម្មតា បាត់បង់សមត្ថភាពក្នុងការផ្ចង់អារម្មណ៍បាត់បង់ការរក្សាអនាម័យប្រចាំថ្ងៃឲ្យបានត្រឹមត្រូវជាដើម។ យំមិនឈប់ ឬមានប្រតិកម្មផ្នែកអារម្មណ៍ខ្លាំង ប្រសិនបើកូនអ្នកមានប្រតិកម្មខ្លាំងទៅនឹងការសន្ទនាអំពីសាលារៀន ឬសកម្មភាពសង្គម វាអាចប្រហែលជាសញ្ញាណដែលពួកគេកំពុងមានបញ្ហាថប់អារម្មណ៍ អំពីរឿងទាំងនោះ។ គួរកត់សម្គាល់ផងដែរថា តាមធម្មតាក្មេងតូចៗតែងចូលចិត្តនិយាយពីរឿងដែលគេនៅសាលា ខណៈពេលដែលក្មេងវ័យជំទង់តែងចង់ពិភាក្សាគ្នាអំពីថ្ងៃចុងសប្តាហ៍ទៅវិញ។ មាតាបិតាក៏គួរតែបានដឹងពីបញ្ហាទាំងនេះផងដែរ។ ផ្លាស់ប្តូរជាមនុស្សថ្មី ការគំរាមកំហែងអាចជះឥទ្ធិពលដល់អារម្មណ៍ និងការគិតរបស់កុមារខ្លាំងណាស់ ហេតុនេះប្រសិនបើការគំរាមនៅតែបន្ត និងកាន់តែធ្ងន់ធ្ងរទៅៗ នោះកុមារនឹងប្រឈមមុខនឹងការផ្លាស់ប្តូរផ្នែកសតិអារម្មណ៍ និងផ្លាស់ប្តូរអត្តចរិត។ ឧទាហរណ៍ កុមារអាចប្រែពីមនុស្សម្នាក់ដែលចូលចិត្តនិយាយច្រើន ទៅជាមនុស្សម្នាក់ដែលស្ងប់ស្ងាត់ ឬចាប់ផ្តើមផ្តាច់ទំនាក់ទំនងជាមួយសមាជិកគ្រួសារ ចូលចិត្តនៅតែម្នាក់ឯងសម្ងំតែក្នុងបន្ទប់បន្ទាប់ពីចេញពីរៀនជាដើម។   សម្លៀកបំពាក់រហែក ឬមានរបួសស្នាមលើរាងកាយ នេះជាសញ្ញាណដែលតែងកើតមានជាញឹកញាប់ចំពោះកុមារដែលត្រូវបានគេគំរាមកំហែង ហើយហេតុការណ៍នេះអាចកើតឡើងកាន់តែញឹកញាប់នៅពេលដែលការគំរាមកំហែងកាន់តែធ្ងន់ធ្ងរទៅៗ។ ប៉ុន្តែនៅពេលអ្នកព្យាយាមសួរពួកគេពីហេតុការណ៍ដែលបានកើតឡើង ពួកគេប្រែជាពិបាកក្នុងការរៀបរាប់ប្រាប់ពីមូលហេតុ ហើយពេលខ្លះពួកគេព្យាយាមគេចវេះពីសំណួរនេះទៀតផង។ ធ្វើខ្លួនដូចជាជនរងគ្រោះ កុមារចាប់បាត់បង់ជំហររឹងមាំ និងបាត់បង់ជំនឿចិត្តក្នុងការធ្វើរឿងអ្វីមួយ។ សកម្មភាពទាំងនោះមានដូចជា ចាប់ផ្តើមដើរឱនមុខចុះ មិនហ៊ានបញ្ចេញយោបល់ជាសាធារណៈ មិនចូលចិត្តសកម្មភាពដែលមានមនុស្សច្រើន ឬបាត់បង់ភាពប្រកួតប្រជែង។ ការគំរាមកំហែងពិតជាផ្តល់ផលអាក្រក់ចំពោះកុមារដូច្នេះមាតាបិតាគួរយកចិត្តទុកដាក់បន្ថែមចំពោះបញ្ហានេះ បើមិនដូច្នោះទេ ពួកគេអាចទទួលរងការប៉ះទង្គិចទាំងផ្លូវកាយ និងផ្លូវចិត្ត។ ការប៉ះទង្គិចផ្លូវចិត្តអាចធ្វើឲ្យកូនអ្នកបាក់ស្បាត គ្មានភាពក្លាហានលទ្ធផលនៃការសិក្សាធ្លាក់ចុះ សុខភាពផ្លូវកាយទ្រុឌទ្រោម ជាពិសេសពួកគេអាចប្រឈមនឹងការបាក់ទឹកចិត្តរយៈពេលយូរ ពេលខ្លះអាចបន្តរហូតដល់ពួកគេពេញវ័យទៀតផង។ ផលវិបាកទាំងអស់សុទ្ធតែអាចជះឥទ្ធិពលដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ប្រសិនបើមិនទទួលបានជំនួយ និងវិធីដោះស្រាយដែលត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Parenting Parenting