Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

វិធីសាស្ត្រ ៥យ៉ាងធ្វើឲ្យកូនលូតកម្ពស់លឿនតាមបែបធម្មជាតិ

ឪពុកម្តាយគ្រប់រូបតែងប្រាថ្នាចង់ឲ្យកូនរបស់ពួកគេលូតលាស់ធំធាត់ប្រកបដោយសុខភាពល្អ ទាំងផ្នែករាងកាយ និងបញ្ញាស្មារតី។ ក្នុងចំណោមការលូតលាស់ផ្នែកកាយសម្បទា កម្ពស់របស់កុមារក៏ជាចំណុចមួយដែលលោកអ្នកគួរយកចិត្តទុកដាក់ដោយការលូតលាស់នេះមានទំនាក់ទំនងមួយផ្នែកធំទៅនឹងហ្សែន រួមទាំងទម្លាប់ក្នុងការបរិភោគ និងការរស់នៅប្រចាំថ្ងៃរបស់កុមារផងដែរ។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដែលលោកអ្នកអាចអនុវត្តដើម្បីឲ្យកូនលូតកម្ពស់លឿនតាមបែបធម្មជាតិ៖

១. ទម្លាប់ញ៉ាំអាហារដែលល្អសម្រាប់សុខភាព
ការញ៉ាំអាហារដែលផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ ជាផ្នែកមួយសំខាន់ដែលកុមារគួរតែទទួលបានជាប្រចាំដើម្បីការលូតកម្ពស់របស់ពួកគេ។ សារពាង្គកាយរបស់កុមារ ជាពិសេសឆ្អឹង ត្រូវការសារធាតុចិញ្ចឹមចាំបាច់ដើម្បីធានាដល់ការលូតលាស់។ ក្នុងចំណោមសារធាតុជាច្រើន ប្រូតេអុីនជាចំណែកមួយដែលចូលរួមក្នុងការធ្វើឲ្យឆ្អឹងលូតលាស់បានល្អ ដោយលោកអ្នកអាចផ្តល់ឲ្យកូនបានតាមរយ:ការឲ្យពួកគេបរិភោគអាហារមួយចំនួនដូចជា ស៊ុត និងសណ្តែកសៀង។ល។ លើសពីនេះទៅទៀត អ្នកត្រូវធានាថា កូនអ្នកទទួលបាននូវវីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់ ពីអាហារដែលពួកគេបរិភោគប្រចាំថ្ងៃដូចជា មើមការ៉ុត ផ្លែស្វាយ និងស្ពៃ Spinach។

២. ធ្វើលំហាត់ប្រាណ
ក្រៅពីជួយការពារកុមារពីជំងឺធាត់ ការធ្វើលំហាត់ប្រាណទៀងទាត់ក៏ជាផ្នែកមួយដែលអាចជួយឲ្យឆ្អឹង និងសាច់ដុំលូតលាស់បានល្អផងដែរ។ ប្រភេទកីឡាមួយចំនួនដែលអាចជួយដល់ការលូតលាស់ឆ្អឹងរួមមានការហែលទឹក យូហ្គា និងការហាត់ពត់ពេនខ្លួនជាដើម។

៣. សម្រាកឲ្យបានគ្រប់គ្រាន់
នៅពេលកុមារគេង  សារពាង្គកាយរបស់គេផលិតនូវអ័រម៉ូនដែលមានតួនាទីជួយក្នុងការលូតលាស់ (Growth Hormone) ដែលជាមូលហេតុក្មេងគួរតែគេងឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ តាមការសិក្សា កុមារតូចៗ (អាយុចន្លោះ ១ទៅ៣ឆ្នាំ) ត្រូវការគេងចំនួន ១២ទៅ១៤ម៉ោងក្នុងមួយថ្ងៃ រីឯកុមារអាយុចន្លោះ ៥ទៅ១២ឆ្នាំ ត្រូវការគេងពី ១០ទៅ១១ម៉ោងក្នុងមួយថ្ងៃ។

៤. ឥរិយាបថឈរ ឬអង្គុយត្រឹមត្រូវ
លោកអ្នកគួរតែព្យាយាមបង្រៀន និងលើកទឹកចិត្តឲ្យកូនៗមានទម្លាប់ក្នុងការឈរ ឬអង្គុយឲ្យបានត្រឹមត្រូវចៀសវាងក្នុងការអង្គុយ ឬឈរកោងខ្នងដែលជាប្រការមួយផ្តល់ផលប៉ះពាល់ដល់ការលូតលាស់របស់ឆ្អឹងកងខ្នង។ ក្រៅពីអាចជួយដល់ការលូតលាស់របស់ឆ្អឹង ទម្លាប់ទាំងនេះជាឥរិយាបថមួយដែលល្អសម្រាប់កុមារ និងអាចបង្កើននូវទំនុកចិត្តឲ្យពួកគេផងដែរ។

៥. ញ៉ាំទឹកដោះគោដែលមានផ្ទុកជាតិកាល់ស្យូម
កាល់ស្យូមដើរតួនាទីសំខាន់ក្នុងការធ្វើឲ្យឆ្អឹងលូតលាស់បានល្អ និងមានទម្រង់ត្រឹមត្រូវ។ បន្ថែមពីលើចំណីអាហារ ទឹកដោះគោជាប្រភពកាល់ស្យូមមួយសំខាន់ ហេតុនេះហើយលោកអ្នកគួរបង្កើតទម្លាប់ឲ្យកូនញ៉ាំទឹកដោះគោជាប្រចាំ ដើម្បីធានាបាននូវបរិមាណកាល់ស្យូមគ្រប់គ្រាន់ដែលចាំបាច់សម្រាប់ការលូតលាស់ឆ្អឹងរបស់ពួកគេ។

ដើម្បីឲ្យកូនលូតកម្ពស់បានល្អ លោកអ្នកគួរតែចាប់ផ្តើមសាកល្បងអនុវត្តតាមការណែនាំដែលយើងបានរៀបរាប់ខាងលើជាប្រចាំបន្តិចម្តងៗ នោះវានឹងក្លាយជាទម្លាប់ ដែលអាចផ្តល់ឲ្យកូនអ្នកនូវសុខភាពល្អ និងការលូតលាស់ឆ្អឹងប្រកបដោយភាពត្រឹមត្រូវផងដែរ៕

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Related Articles

View All

ធ្លាប់ឆ្ងល់ទេ! ពេលខ្លះអ្នកបែរជាឃើញទារកមួយចំនួន ត្រូវបានគេអនុញ្ញាតឲ្យហែលទឹក ឬជ្រមុជទឹកលេងតាំងពីវ័យនៅតូចៗមកម្ល៉េះ ហើយមើលដូចជាគ្មានសុវត្ថិភាពសោះ តែតាមពិតនេះជាការបង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់ពួកគេទៅវិញនោះទេ។ ជាក់ស្ដែងក្រៅពីភាពគួរឲ្យស្រលាញ់របស់ពួកគេ នៅមានរឿងអាថ៌កំបាំងផ្សេងទៀតដែលអ្នកមិនបានដឹង ហើយខាងក្រោមនេះ My Bébé ចង់បង្ហាញរឿងអស្ចារ្យទាំងនោះដែលកូនតូចរបស់អ្នកកំពុងមាន៖   សមត្ថភាពជ្រមុជទឹក ទារកកើតមកជាមួយរេផ្លិចក្នុងការជ្រមុជទឹកបាន ពីព្រោះរាងកាយពួកគេអាចសម្របខ្លួនជាមួយស្ថានភាពនៅក្នុងទឹក។ ពេលស្ថិតនៅក្នុងទឹក ចង្វាក់បេះដូងពួកគេនឹងថយចុះ រួមជាមួយការទប់ដង្ហើមបានយ៉ាងល្អ ហើយអ្វីដែលគួរឲ្យអស្ចារ្យទៀតនោះពួកគេអាចដកដង្ហើម និងលេបនៅក្នុងពេលជាមួយគ្នាដូចទៅនឹងសត្វត្រីដែរ ក្នុងវ័យ ២ ទៅ៣ខែដំបូង។ សមត្ថភាពបែបនេះត្រូវបានគេយល់ថា ពួកគេបានរៀនវានៅក្នុងស្បូនរបស់ម្ដាយ ប៉ុន្តែភាពអស្ចារ្យនេះនឹងបាត់បង់ទៅវិញនៅពេលពួកគេមានអាយុចាប់ពី ៦ខែឡើងទៅ។   មានឆ្អឹងដល់ទៅ ៣០០ តួលេខនេះមានចំនួនដល់ទៅ ៩៤ ច្រើនជាងមនុស្សពេញវ័យដែលមានត្រឹមតែ ២០៦ឆ្អឹងប៉ុណ្ណោះ​ ហើយដែលយើងមិនដែលបានដឹង យ៉ាងណាមិញឆ្អឹងរបស់ពួកគេនឹងចាប់ផ្ដើមរលាយចូលគ្នានៅពេលរាងកាយលូតលាស់ពេញវ័យបន្ដិចម្តងៗ។   ប្រើប្រាស់កន្ទបទឹកនោមច្រើននៅឆ្នាំដំបូង កន្ទបទឹកនោម និងកន្សែងអនាម័យដល់ទៅ ៣៣៦០ អាចនឹងត្រូវប្រើប្រាស់ក្នុងឆ្នាំដំបូងសម្រាប់ទារក ដោយសារពួកគេត្រូវការបញ្ចេញចោល ជូតសម្អាតមុខ ដៃ និងជើងច្រើនដង។ ពួកគេត្រូវការបត់ជើងតូចរៀងរាល់ ២០នាទីម្តង រហូតដល់តម្រងនោមចាប់ផ្ដើមរីកលូតលាស់ ហើយវាជារឿងល្អដែលការផលិតខោទឹកនោមសព្វថ្ងៃនេះអាចជក់ទឹកបាន និងមិនប៉ះពាល់ដល់ស្បែក។   មិនអាចបញ្ចេញទឹកភ្នែក ទារកទើបនឹងកើតតែងតែចាប់ផ្ដើមយំ តែពួកគេមិនអាចបញ្ចេញទឹកភ្នែកបានភ្លាមៗនោះទេ។ លក្ខណៈបែបនេះគឺដោយសារសារធាតុទឹកក្នុងក្រពេញទឹកភ្នែកមានក្នុងចំនួនតិចតួចដែលអាចគ្រាន់តែផ្សើមកែវភ្នែកតែប៉ុណ្ណោះ។ នៅពេលពួកគេមានអាយុ ៣ សប្ដាហ៍ ឬ ១ ខែ ក្រពេញទាំងនោះនឹងចាប់ផ្ដើមរីកធំ ហើយអាចបញ្ចេញទឹកភ្នែកបានដូចធម្មតា ។   មានញាណដឹងពីអារម្មណ៍ ទារកដែលមានអាយុ ២ ទៅ៣ខែឡើងទៅ​ អាចសម្គាល់បាននូវអារម្មណ៍សប្បាយរីករាយ កើតទុក្ខ ហើយចាប់ផ្ដើមយល់ពីអារម្មណ៍មនុស្សនៅជុំវិញខ្លួននៅពេលមានអាយុ ១ឆ្នាំ ឡើងទៅ នេះបើយោងតាមការសិក្សារបស់អ្នកជំនាញ។ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ ពួកគេមិនគ្រាន់តែដឹងពីអារម្មណ៍របស់អ្នកនោះទេ ថែមទាំងអាចបង្ហាញអាការៈខ្វាយខ្វល់ទៀតផង។     ការចងចាំមុខ ក្នុងរយៈពេល ១អាទិត្យបន្ទាប់ពីកើត ទារកអាចចំណាំមុខរបស់អ្នកម៉ាក់ដែលតែងតែនៅក្បែរពួកគេរួចទៅហើយ។ នៅពេលពួកគេមានអាយុ ៦ខែ សមត្ថភាពចងចាំនឹងកាន់តែច្បាស់ជាងមនុស្សពេញវ័យទៅទៀត ជាមួយនឹងការចងចាំ ឬស្គាល់មុខបុគ្គលណាម្នាក់ក្នុងចំណោមហ្វូងមនុស្សជាច្រើន។   ការឆ្លើយតបនឹងចង្វាក់តន្រ្តី នេះមិនមែនគ្រាន់តែសំដៅលើដុងពីកំណើតខាងសិល្បៈនោះទេ ពីព្រោះថារាល់ទារកទាំងអស់សុទ្ធតែមានញាណទៅលើចង្វាក់តន្រ្តី។ អ្នកវិទ្យាសាស្រ្តបានបង្ហាញថា ទារកអាចបញ្ចេញកាយវិការដោយប្រើដៃ និងដងខ្លួនទៅលើចង្វាក់របស់ចម្រៀងបានយ៉ាងច្រើនប្រភេទ បើទោះបីពួកគេមិនអាចធ្វើចលនាខ្លាំងៗក៏ដោយ។ ជាមួយនឹងសមត្ថភាពបែបនេះ ទើបគេរំពឹងទុកថាវាអាចជួយឲ្យពួកគេរៀន និងវិភាគលើភាសានិយាយរបស់លោកប៉ា អ្នកម៉ាក់ ក៏ដូចជាភាសាដើមកំណើតរបស់ខ្លួន។   ប្រភព https://www.parents.com/baby/development/intellectual/6-things-you-may-not-know-your-baby-can-do/ https://babyandchild.ae/age-0-1/healthy-baby/article/1058/8-freaky-facts-about-babies-you-didn-t-know-before https://www.livescience.com/20802-newborn-baby-skills.html https://www.pbcexpo.com.au/blog/16-incredibly-cool-facts-about-your-bab

“កូនអើយ… កុំយំ! កុំយំណាកូនណា៎” ជាឃ្លាដែលប៉ាម៉ាក់ប្រើប្រាស់ញឹកញ៉ាប់ពេលទារកយំ តែម៉ាក់ៗដែលដឹងអត់ថា ការហាមកូនមិនឲ្យយំ អាចជាកំហុសមួយ។ ថ្ងៃនេះ My bébé ចង់ធ្វើការចែករំលែកនូវកំហុសឆ្គងតូចៗ ៧ ដែលប៉ាៗ ម៉ាក់ៗថ្មីថ្មោងប្រហែលជាកំពុងធ្វើ ដោយមិនដឹងខ្លួនថាវាអាចជះឥទ្ធិពលទៅលើពួកគេទាំងអំឡុងពេលក្នុងវ័យជាទារក និងរហូតឈានដល់ពេលពេញវ័យទៀតផង៖   ១. ហាមកូនមិនឲ្យយំ ប្រាកដណាស់ គ្មានប៉ាម៉ាក់ណាចង់ឲ្យកូនយំទេ តែពេលខ្លះ បើទោះជាអ្នកបានបញ្ចុកអាហារ និងផ្លាស់ប្តូរកន្ទបរួចរាល់អស់ទៅហើយ អាអូនអាចនៅតែយំ ព្រោះអាចជាវិធីសាស្រ្តក្នុងការសន្ទនាមួយរបស់ពួកគេ។​ ហេតុនេះ អ្នកមិនគួរលួងបង្ខំឲ្យគេបាត់យំភ្លាមៗឡើយ ផ្ទុយទៅវិញ អ្នកគួរផ្ដល់ពេលវេលាមួយចំនួនសម្រាប់ឲ្យពួកគេយំ ហើយអង្កេតមើលថាអ្វីដែលគេចង់បានបន្ថែមទៀត។ តែប្រសិនបើកូនតូចយំរហូតច្រើនម៉ោង និងមានរោគសញ្ញាមិនប្រក្រតីរួមមានក្ដៅខ្លួន កន្ទួលក្រហម ឬក្អួត អ្នកត្រូវប្រញាប់ស្វែងរកការព្យាបាលភ្លាមៗ។   ២. ដាស់កូនតូចឲ្យបៅពេលយប់ មតិមួយចំនួនលើកឡើងថាទឹកដោះម្ដាយមិនអាចឲ្យកូនឆ្អែតពេញមួយយប់នោះទេ ទើបមានម៉ាក់ៗខ្លះបង្ខំចិត្តដាស់ឲ្យកូនបៅនៅពេលយប់ ប៉ុន្តែនេះជាការយល់ខុសមួយ ពីព្រោះថាទឹកដោះម្ដាយមានជីវជាតិគ្រប់គ្រាន់រួចស្រេចទៅហើយ។ ផ្ទុយទៅវិញអ្នកគួរឲ្យកូនគេងបានស្កប់ស្កល់ ដែលនេះជាអ្វីដែលពួកគេត្រូវការបំផុត ហើយក្នុងពេលជាមួយគ្នាម៉ាក់ៗមានពេលវេលាក្នុងការគេងឲ្យបានគ្រប់គ្រាន់ផងដែរ។   ៣. កង្វះអនាម័យមាត់ធ្មេញ ម៉ាក់ៗថ្មីថ្មោង អាចធ្វេសប្រហែសក្នុងការថែរក្សាសុខភាពមាត់ធ្មេញរបស់កូនតូច។ ជាក់ស្ដែង កុំចាំដល់ពេលកូនមានធ្មេញគ្រប់គ្រាន់ទើបចាប់ផ្ដើមថែរក្សានោះ ដោយហេតុថាវាអាចហួសពេលក៏ថាបាន។ អ្នកអាចចាប់ផ្ដើមអនាម័យមាត់ធ្មេញពួកគេដោយ៖ ប្រើក្រណាត់ ឬក្រដាសសើម ជូតសម្អាតអញ្ចាញធ្មេញ ហើយអាចចាប់ផ្ដើមដុសធ្មេញនៅពេលពួកគេអាយុបាន ១ ឆ្នាំ ហាមបំបៅដោះកូនពេលយប់ជ្រៅ នៅពេលពួកគេឈានដល់វ័យចាប់ផ្ដើមមានធ្មេញ ពីព្រោះការធ្វើបែបនេះអាចឲ្យធ្មេញឆាប់វិវឌ្ឍទៅជាពុកបាន អាចបន្ថែមសារធាតុភ្លុយអ័រសម្រាប់សុខភាពមាត់ធ្មេញ ដោយអ្នកអាចស្វែងរក និងណែនាំតាមរយៈអ្នកជំនាញបាន។   ៤. មិនលេងជាមួយកូនតូច ការលេងរបស់កូនតូចគឺជាការលូតលាស់ ក៏ដូចជាការរៀនពីអ្វីដែលថ្មីៗដែរ។ ពិតណាស់ ការលេងនឹងផ្ដល់ភាពសប្បាយរីករាយ និងអាចជាឱកាសឲ្យពួកគេធ្វើការស្វែងរក ពិសោធន៍ថ្មីៗ និងបង្កើតកំហុសក្នុងពេលជាមួយគ្នា។ ប៉ាៗ ម៉ាក់ៗខ្លះ បែរជាមិនចាប់អារម្មណ៍ និងមើលរំលងពីការលេងរបស់កូនតូច ហើយបែរជាបណ្ដោយឲ្យពួកគេចំណាយពេលច្រើនជាមួយបច្ចេកវិទ្យាដូចជាការមើលទូរស័ព្ទដៃទៅវិញ ដោយពុំបានដឹងថាការលេងល្បែងសាមញ្ញជាមួយពួកគេ អាចជួយបន្ថែមនូវមេរៀនពីបំណិនជីវិតដូចជា ការផ្ដល់ក្ដីស្រលាញ់ របៀបទំនាក់ទំនង ការគិត និងការដោះស្រាយបញ្ហាជាដើម។   ៥. មិនផ្ដល់ក្ដីស្រលាញ់ និងយកចិត្តទុកដាក់ ភាពព្រងើយកន្ដើយ ឬការមិនបង្ហាញក្ដីស្រលាញ់របស់អ្នកអាចកំពុងប្រាប់អាអូនថា “ក្ដីស្រលាញ់គឺមានលក្ខខណ្ឌ”។ អាកប្បកិរិយាបែបនេះជាញឹកញាប់អាចបណ្ដាលឲ្យកូនតូចចាប់ផ្ដើមខ្វះភាពកក់ក្តៅ ខ្វះការគោរព និងខ្វះការជឿទុកចិត្តលើខ្លួនឯង។ ជាលទ្ធផលពួកគេអាចពិបាក និងមិនហ៊ានបង្ហាញអ្វីដែលពួកគេចង់បាន ឬតម្រួវការផ្សេងៗ។ ម្យ៉ាងទៀត ពួកគេអាចប្រែក្លាយជាបុគ្គលដែលគិតតែពីអារម្មណ៍មនុស្សជុំវិញខ្លួន និងសម្ដែងចេញកាយវិការតាមតែការចង់បានរបស់អ្នកដទៃ ឬអាចនិយាយបានថាពួកគេធ្វើអ្វីទាំងបង្ខំ ឬដោយការខ្លាចគេមាក់ងាយ។   ៦. បង្ហាញទំនាក់ទំនងមិនល្អ វិធីសាស្រ្តក្នុងការទាក់ទង ជាផ្លូវមួយដើម្បីបង្ហាញឲ្យពួកគេឃើញថាបរិយាកាស ឬសង្គមរបស់គេស្ថិតក្នុងស្ថានភាពបែបណា។ ការបង្ហាញរបស់អ្នកតាមការឱប ថើប ញញឹម និងផ្ដល់ឲ្យនូវវត្ថុណាមួយនោះ អាចឲ្យពួកគេមើលឃើញពីក្ដីស្រលាញ់ក្នុងពិភពដែលគេរស់នៅ ហើយគេនឹងឆ្លើយតបមកវិញដោយអាកប្បកិរិយាសប្បាយរីករាយ វិជ្ជមាន ថែមទាំងជួយពង្រឹងក្ដីស្រលាញ់រវាងអ្នកនិងពួកគេកាន់តែស្អិតរមួត។ ផ្ទុយទៅវិញ ការបង្ហាញសកម្មភាពបែបអវិជ្ជមាន អាចឲ្យការគិត និងទំនាក់ទំនងគ្មានភាពស្រស់បំព្រង ថែមទាំងបាត់ទំនុកចិត្តទៀតផង ដែលទាំងនេះមិនសំដៅតែលើទំនាក់ទំនងរវាងអ្នក និងកូនតូចនោះទេ ប៉ុន្តែការបង្ហាញទំនាក់ទំនងល្អជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តដទៃទៀតក៏ជាមេរៀនដែលអាចពួកគេអាចចងចាំបានផងដែរ។   ៧. ឈ្លោះក្រកែកគ្នានៅមុខកូនតូច បើទោះបីជាក្មេងតូចអាយុទើបតែ ៣ខែ ក៏អាចទទួលអារម្មណ៍បែបនេះដែរ នេះបើតាមការលើកឡើងរបស់អ្នកជំនាញ។ យ៉ាងណាមិញ ការឈ្លោះក្រកែកគ្នាអាចចៀសមិនផុតក្នុងរង្វង់គ្រួសារនោះទេ តែដើម្បីបញ្ចៀសផលកាន់តែអាក្រក់ អ្នកគួរសួរខ្លួនឯងថាតើការឈ្លោះនោះញឹកញាប់ និងខ្លាំងក្នុងកម្រិតណា។ ការធ្វើបែបនេះអាចឲ្យអ្នកស្វែងរកដំណោះស្រាយជាជាងការប្រើប្រាស់ពាក្យសំដី និងអាកប្បកិរិយាធ្ងន់ៗដែលអាចប៉ះពាល់ដល់អារម្មណ៍របស់កូនតូចរបស់អ្នក។   ម៉ាក់ៗ ត្រូវចាំថាការចិញ្ចឹមបីបាច់កូនប្រៀបបីដូចជាការក្រកួតប្រជែងផ្នែកអារម្មណ៍មួយ ដែលទាមទារនូវភាពអត់ធ្មត់ និរន្តភាព សេចក្ដីស្រលាញ់ និងការយោគយល់។ ពិតណាស់ អ្នកអាចនឹងព្រួយបារម្ភអំពីជម្រើស ឬវិធីសាស្រ្តក្នុងការថែទាំពួកគេ តែទោះជាយ៉ាងណាអ្នកអាចចាប់ផ្ដើមរៀនបន្តិចម្ដងៗ រួចក្លាហានក្នុងការកែប្រែកំហុសខុសឆ្គង នោះអ្នកនឹងអាចក្លាយជាអាណាព្យាបាលល្អមួយរូបដែលកូនអ្នកចង់បាន។   ប្រភព https://www.webmd.com/parenting/baby/features/10-mistakes-new-parents-make#2 https://www.healthline.com/health/parenting/bad-parenting#signs

កូនយំម្ដងៗ មិនបានបញ្ជាក់ថាពួកគេចេះតាឃ្លានតែមួយមុខនោះទេ ដោយពេលខ្លះវាអាចបណ្ដាលមកពីវិបត្តិសុខភាពណាមួយក៏ថាបាន។ ដោយហេតុថាពួកគេស្ថិតក្នុងវ័យតូច មិនអាចនិយាយបាន នោះទើបលោកប៉ា អ្នកម៉ាក់ខ្លះមិនបានដឹងពីបញ្ហាណាមួយឲ្យពិតប្រាកដ ហើយភាពបារម្ភក៏កើតមានឡើង។ យ៉ាងណាមិញ បញ្ហាសុខភាពទូទៅភាគច្រើនគឺបណ្ដាលមកពីកង្វះអនាម័យ ដោយរួមបញ្ចូលពីកត្តាពួកគេផ្ទាល់ អនាម័យក្នុងផ្ទះ និងភាពស្អាតបាតរបស់លោកប៉ា អ្នកម៉ាក់ផងដែរ។ តោះដើម្បីជាចំណេះដឹងបន្ថែម My Bébe នឹងនាំលោកប៉ាអ្នកម៉ាក់ឲ្យស្វែងយល់ពីបញ្ហាសុខភាពទូទៅដែលអាចជួបប្រទះលើកូនតូចញឹកញាប់ ក៏ដូចជាការការពារផងដែរ៖   បញ្ហាទី១៖ ស្បែក ស្នាមកន្ទួលក្រហមតូចៗ ឬបញ្ហាក្រមរលើស្បែកក្បាលអាចមើលទៅហាក់ដូចជាបញ្ហាតូចតាចនិងសាមញ្ញ តែតាមពិតវាបានបង្កភាពរំខានថែមទាំងផ្ដល់ការឈឺចាប់ដល់កូនតូចរបស់អ្នកទៅវិញនោះទេ។ ភាគច្រើនការកើតឡើងបញ្ហាស្បែកទាំងនេះបណ្ដាលមកពីមូលហេតុផ្សេងៗគ្នាទៅតាមស្ថានភាពជំងឺ ហើយអាចជាប់ពាក់ព័ន្ធនឹងបញ្ហាអនាម័យដែលរួមមាន៖ ១. កន្ទួលក្រហមលើស្បែក​ ​ឬហៅថា Diaper Rash៖ ភាគច្រើនលេចឡើងនៅតំបន់គូទរបស់ទារកបណ្ដាលមកពីការស្លៀកផ្អាប់ទុកយូរនូវខោទឹកនោមដែលសើម ឬរឹងខ្លាំងពេក មួយចំនួនទៀតអាចជាបញ្ហាអាល្លែកហ្ស៊ីជាមួយនឹងថ្នាំពណ៌ ឬសារធាតុសម្រាប់ផលិតខោទឹកនោមទាំងនោះតែម្ដង។ ដូចនេះ អ្នកគួរធ្វើការពិនិត្យ និងជ្រើសរើសកន្ទបទឹកនោមប្រភេទណាដែលធានាបានពីសុវត្ថិភាពនិងគួរ­ឧហ្សាស៍ផ្លាស់ប្ដូរកន្ទបឲ្យបានញឹកញាប់។ ២. ក្រមរលើស្បែកក្បាល ឬហៅថា Cradle Cap៖ ការករជាក្រមរសៗនៅលើស្បែកក្បាលរបស់ទារក មួយផ្នែកអាចបណ្ដាលមកពីបញ្ហាអ័រម៉ូន និងកង្វះខាតអនាម័យតាមរយៈការសម្អាត។ យ៉ាងណាវិញបញ្ហានេះមិនមែនជាជំងឺឆ្លងធ្ងន់ធ្ងរនោះទេ ដោយអ្នកអាចដោះស្រាយបានដោយគ្រាន់តែធ្វើការសម្អាតស្បែកក្បាលរបស់ពួកគេជាមួយសាប៊ូដែលមានសារធាតុស្រាលៗឲ្យបានជាប្រចាំ។   បញ្ហាទី២៖ ផ្លូវដង្ហើម បរិយាកាសមិនស្អាត និងការឆ្លងតាមដំណក់ទឹកបណ្ដាលមកពីការកណ្ដាស់ ឬសម្បោរជាមូលហេតុមួយដែលទារកងាយឆ្លងបំផុត បង្កឲ្យមានបញ្ហាផ្លូវដង្ហើមនិងភាគច្រើនកើតមានលើទារកអាយុ ១២ខែដំបូងដែលរួមមាន៖ ១. ផ្ដាសាយធម្មតា៖ អ្នកអាចសង្កេតដឹងតាមរយៈរោគសញ្ញាដូចជា កណ្ដាស់ ហៀរសម្បោរ ក្អក ការមិនចង់ញ៉ាំអាហារ រួមនឹងបញ្ហាឈឺបំពង់ក ដែលបណ្ដាលមកពីការឆ្លងចូលនូវវីរុសជាង ២០០ប្រភេទ ពីមនុស្សម្នាក់ទៅម្នាក់ទៀត ឬតាមការប៉ះពាល់ដៃ និងវត្ថុនានា។ ជំងឺនេះអាចបាត់ទៅវិញនៅរយៈពេល ៧ថ្ងៃបន្ទាប់ តែអ្នកអាចជួយសម្រួលអាការៈរបស់កូនតូចតាមវិធីសាស្រ្តដូចជា លាងសម្អាតច្រមុះដែលស្ទះដោយសារសម្បោរ ឧហ្សាហ៍សម្អាតមុខ និងដៃ ហើយសម្រាប់ក្នុងករណីប្រើប្រាស់ឱសថអ្នកត្រូវពិភាក្សាជាមួយអ្នកជំនាញជាមុនសិន។ ២. ផ្ដាសាយធំ៖ អាចមានរោគសញ្ញាស្រដៀងនឹងផ្ដាសាយធម្មតា តែទារកអាចមានបញ្ហាឡើងកម្ដៅ និងអស់កម្លាំងខ្លាំងដោយពួកគេមិនអាចលេងដូចសព្វមួយដងបាន។ សម្រាប់ដំណោះស្រាយអ្នកគួរស្វែងរកការព្យាបាលពីសំណាក់អ្នកជំនាញផ្នែកកុមារ និងបន្តអនុវត្តអនាម័យបន្ថែមទៀត។ ប្រសិនក្នុងករណីទារកមិនបានធូរស្បើយ ឬកាន់តែពិបាកដកដង្ហើម អ្នកគួរទៅពិគ្រោះជាមួយអ្នកជំនាញម្ដងទៀត ពីព្រោះវាអាចជាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ។   បញ្ហាទី៣៖ ឆ្លងរោគនៅត្រចៀក ការចម្លងរោគនៅត្រចៀកក៏ជាបញ្ហាសុខភាពមួយផ្នែកដែលភាគច្រើនកើតលើទារកអាយុក្រោម ៣ឆ្នាំ និងជាវ័យមានប្រព័ន្ធភាពស៊ាំខ្សោយនៅឡើយ។ ជាទូទៅជំងឺនេះអាចលេចឡើងអំឡុងពេល ឬបន្ទាប់ពីមានជំងឺផ្ដាសាយ ឬបណ្ដាលមកពីការឆ្លងមេរោគពីពពួកវីរុស និងបាក់តេរីដទៃទៀត។ ទារកអាចប្រែជាយំច្រើន ក្ដៅខ្លួន ឧស្សាហ៍ទាញស្លឹកត្រចៀកដោយសារការឈឺចាប់ មិនញ៉ាំអាហារ ស្បែកក្នុងត្រចៀកមានពណ៌ក្រហមខុសធម្មតា ឬត្រចៀកហាក់ស្ងួតពេក ដែលទាំងនេះសុទ្ធសឹងតែបង្ហាញពីរោគសញ្ញានៃជំងឺត្រចៀក។ ដូចនេះ ការការពារទារកពីការឆ្លងជំងឺផ្ដាសាយជាវិធីបង្ការចម្បងមុនគេ ដោយអ្នកគួររក្សាអនាម័យតាមរយៈការសម្អាតដៃឲ្យបានញឹកញាប់ និងកាត់បន្ថយឲ្យពួកគេស្ថិតក្នុងស្ថានភាពដែលមានការជួបជុំច្រើន។ ចំណែកការព្យាបាលបញ្ហាឆ្លងរោគនៅត្រចៀកវិញ អ្នកអាចស្វែងរកការព្យាបាលពីវេជ្ជបណ្ឌិតជំនាញពីព្រោះក្នុងស្ថានភាពជំងឺមួយចំនួនគឺតម្រូវឲ្យប្រើប្រាស់ឱសថ បន្ថែមពីនោះអ្នកម៉ាក់គួរឲ្យកូនតូចបៅដោះឲ្យបានច្រើនដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំក្នុងការជាសះស្បើយពីជំងឺបានឆាប់រហ័ស។   បញ្ហាទី៤៖ ប្រព័ន្ធរំលាយអាហារ ផលិតផលទឹកដោះគោ ការមិនបានសម្អាតដបទឹកដោះគោ ឬភាពគ្មានអនាម័យក្នុងការបំបៅដោះកូន អាចឲ្យពួកគេងាយប៉ះពាល់ទៅនឹងវិបត្តិផ្នែកប្រព័ន្ធរំលាយអាហារ ដែលជាទូទៅកើតមានច្រើនមានបំផុតនោះគឺ៖ ១. ជំងឺរាក៖ ប្រសិនក្នុងករណីលាមកប្រែជារាវខ្លាំង ឬរហូតអាចហៀរចេញពីកន្ទបទឹកនោម និងរាកច្រើនដងទៀតនោះ ពួកគេកំពុងតែមានបញ្ហារាកហើយ។ ភាគច្រើននៃមូលហេតុនេះអាចបណ្ដាលមកពីរបបអាហារជាពិសេសគឺផលិតផលទឹកដោះគោតែម្ដង បូករួមនឹងការខ្វះអនាម័យ។ យ៉ាងណាមិញ កុមារតូចៗជាវ័យមួយក្នុងការសម្របខ្លួនទៅនឹងស្ថានភាពសុខភាពនានា ដោយពួកគេអាចជាសះស្បើយទៅវិញដោយឯកឯងក្នុងរយៈពេលណាមួយ តែអ្នកក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បន្តការរក្សាអនាម័យ និងសង្កេតមើលពីសញ្ញាមិនប្រក្រតីណាមួយដែលតម្រូវឲ្យមានការព្យាបាល។ ២. ជ្រាំងអណ្ដាត៖​ ទារកស្ថិតក្នុងអាយុក្រោម ២ខែ ងាយនឹងមានបញ្ហាជ្រាំងអណ្ដាតជាងគេ ដោយអណ្ដាតពួកគេអាចប្រែជាពណ៌ស ពិបាកបៅ និងបង្កការឈឺចាប់។ ភាគច្រើននៃជំងឺនេះបង្កពីពពួកផ្សិត ដែលពេលខ្លះអាចកើតឡើងនៅពេលអ្នកម៉ាក់មិនបានសម្អាត និងសម្ងួតក្បាលដោះឲ្យបានស្អាតនៅពេលបំបៅដោះម្ដងៗ។ សម្រាប់ការព្យាបាលគឺអាចប្រើប្រាស់ឱសថប្រឆាំងនឹងមេរោគផ្សិត ហើយក្នុងអំឡុងជាមួយគ្នា អ្នកម៉ាក់គួររក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន ដោយត្រូវធានាថាក្បាលដោះត្រូវបានសម្អាត និងសម្ងួតឲ្យបានស្ងួតមុនធ្វើការបំបៅ។   ឯកសារយោង៖ https://www.webmd.com/children/guide/childhood-skin-problems#1 https://www.aboutkidshealth.ca/Article?contentid=507&language=English https://www.webmd.com/cold-and-flu/ear-infection/features/child-ear-infection#1 https://www.healthline.com/health/baby/baby-diarrhea#causes

ទារកដែលទើបនឹងកើត ឬកូនតូចៗត្រូវការការយកចិត្តទុកដាក់ និងថែរក្សាអនាម័យជាប្រចាំដើម្បីបញ្ចៀសបានពី ការប្រឈមទៅនឹងសុខភាពរាងកាយនានា និងធានាឲ្យបានសុខភាពពេញលេញនៅពេលដែលពួកគេធំដឹងក្ដី។ ដោយហេតុថាពួកគេជាវ័យដែលងាយប្រឈមនឹងការឆ្លងមេរោគ នោះការរក្សាបានភាពស្អាត និងអនាម័យជាភារកិច្ចចាំបាច់ដែលលោកប៉ា និងអ្នកម៉ាក់ត្រូវស្វែងយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន។ My Bébé ដឹងថាម៉ាក់ៗ ក៏ដូចជាប៉ាៗដែលទើបនឹងមានបុត្រជាលើកដំបូង ប្រហែលជាមិនទាន់ដឹងពីវិធីសាស្រ្តក្នុងការរក្សាអនាម័យសម្រាប់ទារកនៅឡើយទេ ដូច្នះ My Bébé សូមចែករំលែកនូវគន្លឹះមួយចំនួនដើម្បីឲ្យម៉ាក់ៗក្លាយជាម្តាយដំបូងដ៏ជំនាញ និងឆ្លាតវៃ៖   ១. ងូតទឹកឲ្យទារក ការពិតទៅ រាងកាយទារកមានសភាពស្អាតរួចស្រាប់ទៅហើយ ព្រោះពួកគេកម្រប៉ះពាល់នឹងសារធាតុកង្វក់នានា តែទោះជាយ៉ាងណាក៏ដោយ ការងូតទឹកគឺជាការចាំបាច់បំផុតសម្រាប់ធានាឲ្យបានភាពស្អាត និងអនាម័យខ្ពស់។ សម្រាប់ទារក៣ខែដំបូង លោកអ្នកអាចងូតទឹកឲ្យទារករៀងរាល់២ថ្ងៃម្តង នេះបើយោងតាមការបកស្រាយដោយវេជ្ជបណ្ឌិត វ៉ាន សុខជា ឯកទេសរោគកុមារ និងជាប្រធានមន្ទីរសម្រាកព្យាបាលរោគកុមារ ម៉ាក់ស៊ីឃែរ។ បន្ទាប់មក អ្នកអាចងូតទឹកឲ្យពួកគេជារៀងរាល់ថ្ងៃ  ឬប្រែប្រួលទៅតាមរដូវកាល ឬស្ថានភាពសុខភាពនានា ពេលដែលទារកមានអាយុលើសពី៣ខែ។  នៅពេលងូតទឹកម្ដងៗ អ្នកគួរសម្អាតសក់ និងដងខ្លួនជាមួយសាប៊ូផលិតឡើងសម្រាប់ស្បែកទារកដែលមិនមានបូកបញ្ចូលនូវសារធាតុកាត់នាំឲ្យប៉ះពាល់ដល់សុខភាពស្បែកនោះឡើយ។   ២. បោកខោអាវ និងការប្តូរកន្ទបឲ្យទារក ភាពកខ្វក់នានាអាចតោងជាប់លើសម្លៀកបំពាក់របស់ទារកដែលអ្នកមិននឹកស្មានដល់ ដូច្នេះការផ្លាស់ប្តូរកន្ទប និងបោកខោអាវជាផ្នែកមួយដ៏សំខាន់នៃការធ្វើអនាម័យផងដែរ។ អ្នកត្រូវត្រួតពិនិត្យកន្ទប និងផ្លាស់ប្តូរឲ្យបានញឹកញាប់ដើម្បីចៀសវាងបញ្ហារលាក ឬមេរោគផ្សេងៗ។ សម្រាប់ខោអាវ អ្នកអាចបោកដោយប្រើប្រាស់សាប៊ូដែលមានសមត្ថភាពកម្ចាត់បាក់តេរី តែគ្មានសារធាតុកាត់នោះទេ។ បន្ទាប់ពីធ្វើការបោកសម្អាតរួចរាល់ អ្នកអាចហាលសម្លៀកបំពាក់ទាំងនោះក្នុងម៉ាស៊ីនសម្ងួត ឬខាងក្នុងផ្ទះ ដើម្បីបង្ការការឆ្លងមេរោគពីបរិយាកាសខាងក្រៅ។ មួយវិញទៀត កុមារអាចនឹងងាយក្អែរ ឬធ្វើឲ្យខោអាវរបស់ពួកគេងាយប្រលាក់ ដែលអ្នកអាចធ្វើការផ្លាស់ប្តូរសម្លៀកបំពាក់ពួកគេពី ៣ ទៅ ៤ដងក្នុងមួយថ្ងៃ។   ៣. លាងដបទឹកដោះគោ ឬសម្ភារៈផ្សេងៗ លោកប៉ា អ្នកម៉ាក់គួរត្រៀមទុកកំប៉ុងទឹកដោះគោក្នុងចំនួនច្រើនសម្រាប់ដាក់អាហារដាច់ដោយឡែកពីគ្នា។ កំប៉ុងទាំងអស់ ត្រូវលាងនិងសម្លាប់មេរោគជាមួយទឹកក្ដៅ ឬសាប៊ូដែលផលិតឡើងសម្រាប់តែលាងសម្អាតកំប៉ុងទឹកដោះគោ និងសម្ភារៈក្មេងលេងតែប៉ុណ្ណោះ។ បន្ទាប់ពីលាងរួចរាល់​ អ្នកអាចទុកវាចោលក្នុងឆ្នាំងដែលមានទឹកក្ដៅនោះជាមួយនឹងគម្របបិតជិត ហើយអាចយកចេញក្នុងករណីដែលអ្នកត្រូវប្រើប្រាស់តែប៉ុណ្ណោះ។ ត្រូវចាំថា កំប៉ុងដែលប្រើប្រាស់រួចត្រូវដាក់ឲ្យឆ្ងាយពីកំប៉ុងថ្មី ដើម្បីចៀសវាងក្នុងការភ័ន្តច្រឡំប្រើប្រាស់កំប៉ុងដែលមិនទាន់បានធ្វើការសម្លាប់មេរោគ។ ក្រៅពីនេះ អ្នកក៏កុំភ្លេចលាងសម្អាតសម្ភារៈក្មេងលេង ឬជូតជាមួយនឹងទឹកសាប៊ូឲ្យបានញឹកញាប់ផងដែរ។   ៤. កាត់តម្រឹមក្រចក និងសក់ សក់ និងក្រចករបស់ទារកអាចដុះលឿនដែលអ្នកគួរសង្កេតមើលដើម្បីធ្វើការកាត់ចោលខ្លះ។ ការធ្វើបែបនេះអាចជួយឲ្យកូនតូចចៀសផុតពីធូលីដី ឬមេរោគនានាដែលកំពុងតោងភ្ជាប់។ មួយវិញទៀត ការតម្រឹមក្រចកនិងសក់បែបនេះក៏អាចធ្វើឲ្យអ្នកងាយស្រួលក្នុងការសម្អាតម្រាមដៃ និងស្បែកក្បាលរបស់ពួកគេផងដែរ។ អ្នកអាចកាត់ក្រចក ឬសក់ នៅពេលដែលពួកគេកំពុងគេងលក់ ហើយស្របពេលជាមួយគ្នាអ្នកត្រូវមានបម្រុងប្រយ័ត្នខ្ពស់ចៀសសវាងការដាច់រលាត់ដែលអាចឲ្យទារកងាយមានជំងឺតេតាណូស។   ៥. ប៉ះពាល់ទារក ការប៉ះពាល់ទារកដោយការពរ បី និងឱបក៏ជាប្រភពនៃការចម្លងភាពកង្វក់ទៅកាន់ពួកគេបានដូចគ្នា ដូចនេះលោកប៉ា អ្នកម៉ាក់ និងសមាជិកគ្រួសារផ្សេងទៀតគួរសម្អាតដៃជាមួយសាប៊ូកម្ចាត់បាក់តេរីឲ្យបានស្អាតជាមុនសិនមុនពេលចាប់កាន់កូនតូច។   ក្រៅពីនេះ អ្នកគួរចៀសវាងអនុវត្តនូវតំណមមួយចំនួនពីបុរាណដូចជាការតមទឹក បន្តក់ទឹកដោះក្នុងភ្នែក ឬលាបប្រេងក្រឡាលើក្បាលទារកជាដើម ដែលជាហេតុបណ្ដាលឲ្យមានគ្រោះថ្នាក់ចំពោះសុខភាពណាមួយ។ ត្រូវចាំថាកូនតូចមានប្រព័ន្ធការពាររាងកាយខ្សោយជាងមនុស្សធំ ដូចនេះគួរដាក់ឲ្យពួកគេនៅក្នុងបរិយាកាសដែលមានខ្យល់ចេញចូលបានគ្រប់គ្រាន់ និងគប្បីថែរក្សាអនាម័យតាមការណែនាំខាងលើ។ My​​ Bébé សង្ឃឹមថាម៉ាក់ៗទាំងអស់គ្នាប្រាកដជាអាចធ្វើជាម៉ាក់ៗដ៏ជំនាញ និងឆ្លាតវៃបាន!   ប្រភព https://www.thehealthsite.com/pregnancy/8-tips-to-keep-your-newborn-clean-93392/

កំហុសធំបំផុតនោះគឺ ឪពុកម្តាយ ចាំទាល់តែក្មេងធំ ទើបនិយាយណែនាំ ពីការគ្រប់គ្រងលុយ! ការស្រាវជ្រាវបង្ហាញឲ្យឃើញថា ក្មេងអាចទទួលចំណេះដឹងចាប់ពីអាយុ៣ឆ្នាំទៅ! នោះជាពេលដែលលោកអ្នកត្រូវបង្រៀនគេ! ខាងក្រោមជាគន្លឹះខ្លះៗ ១ បង្រៀនឲ្យគេក្លាយជាអ្នកគីតដែលមានភាពបត់បែន! នាំពួកគេទៅសារមន្ទីរ ឲ្យគេ បញ្ចេញគំនិតពីរូបភាព ឬចម្លាក់នីមួយៗ ហើយឲ្យគេ រៀនគូសវាសរួចបកស្រាយ! ឲ្យក្មេងរៀនកែច្នៃរបស់ដែលចាស់ៗ ថាអាចកែយ៉ាងម៉េចឲ្យប្រើប្រាស់បាន! វិធីនេះនឹងធ្វើឲ្យគេចេះសន្សំសំចៃ ស្រឡាញ់បរិស្ថាន និងបង្កើនការច្នៃប្រឌិត   ២ ដើម្បីឲ្យក្មេងចេះចាត់ចែងលុយ អ្នកត្រូវឲ្យគេដឹងពីភាពខុសគ្នារវាងរបស់ដែលចង់បាន និងរបស់ដែលត្រូវការ! ឲ្យកូនអ្នកនូវថង់ ឬប្រអប់ចំនួន២ មួយសម្រាប់សន្សំ មួយសម្រាប់ចាយ ហើយរាល់ពេលទទួលអាំងប៉ាវ ឬលុយផ្សេងៗ សួរកូនអ្នកថា ឥឡូវដាក់ប៉ុន្មានក្នុងសន្សំ និងប៉ុន្មានក្នុងលុយសម្រាប់ចាយ! ឲ្យកូនលោកអ្នក កាត់រូបផ្សេងៗពីទស្សនាវដ្តី ឬសរសេររបស់៥​ ទៅ១០ ដែលកូនអ្នកពេញចិត្ត! រួចសួរថា របស់ណាដែលវាចង់បាន និងរបស់ណាដែលវាត្រូវការ?   ៣ គន្លឹះសំខាន់នៃការសម្រេចចិត្តដ៏ឆ្លាតវៃ គឺគិតពីភាពខុសគ្នានៃលទ្ធផលអនាគត នៃជម្រើសនីមួយៗ! វិធីងាយជាងគេដែលធ្វើឲ្យក្មេងយល់ពីការសម្រេចចិត្តគឺ និយាយពីមូលហេតុពេលដែលអ្នកកំពុងសម្រេចចិត្ត! ឧទាហរណ៍ថា យើងចង់ទិញទូរស័ព្ទថ្មី តែម៉ាសុីនត្រជាក់កំពុងខូច អញ្ចឹងយើងត្រូវសន្សំលុយសម្រាប់ជួសជុលម៉ាសុីនត្រជាក់ បើមិនអញ្ចឹងដល់ខែក្តៅ យើងនឹងពិបាក។ អញ្ចឹងជួសជុលម៉ាសុីនត្រជាក់សិន ហើយសល់លុយបានទិញទូរស័ព្ទ! ម៉្យាងទៀត ពេលកូនអ្នកចង់ទិញហ្គេមមកលេង អាចសួរថាយើងចាំបាច់ត្រូវតែមានវានៅផ្ទះ ឬយើងអាចជួល ឬទៅលេងនៅកន្លែងគេម្តងម្កាលបាន? នាំមកជូនដោយ ហាងលក់របស់របរក្មេងលេងបែបវិទ្យាសាស្រ្ត DreamKid! 

លោកប៉ា អ្នកម៉ាក់គ្រប់រូបតែងមានកង្វល់ចំពោះកូនៗជាទីស្រលាញ់របស់ខ្លួន ពាក់ព័ន្ធនឹងការអភិវឌ្ឍផ្នែកស្មារតី និងចិត្តគំនិត ហើយតែងតែព្យាយាមរិះរកវិធីអប់រំពួកគេដើម្បីឲ្យកូនក្លាយជាបុគ្គលដែលមានចិត្តគំនិតល្អប្រសើរ។ ការបណ្តុះកូនឲ្យមានចិត្តគំនិតល្អប្រសើរតាំងពីកុមារភាពទៅនឹងក្លាយជាប្រយោជន៍ដ៏ល្អសម្រាប់ពួកគេនាថ្ងៃអនាគត។ ដើម្បីជាជំនួយដល់លោកប៉ាអ្នកម៉ាក់ទាំងឡាយ យើងនឹងលើកយកនូវគន្លឹះ ៧ ចំណុចជួយឲ្យកុមារមានចិត្តគំនិតល្អប្រសើរ៖ ១. ធ្វើជាគំរូរបស់កូន ដោយសារតែឪពុកម្តាយជាអ្នកដែលជិតស្និទ្ធ និងមានទំនាក់ទំនងស្អិតរមួតនឹងកូនជាងគេ ដូច្នេះការចូលរួមចំណែកពីលោកអ្នកជារឿងមួយសំខាន់។ ឪពុកម្តាយប្រៀបដូចជាកញ្ចក់ឆ្លុះសម្រាប់កុមារ ដោយសារស្ថិតនៅក្នុងវ័យនេះ កុមារអាចរៀនសូត្រចេះចាំបានយ៉ាងងាយនូវរាល់សកម្មភាព មិនថាជាកាយវិការ ពាក្យសម្តី ទម្លាប់ ឬអាកប្បកិរិយាផ្សេងៗ។ មាតាបិតាគួរគប្បីបង្ហាញនូវទម្លាប់ ឬអាកប្បកិរិយាល្អៗឲ្យកូនៗអនុវត្តតាម។ ២. លើកសរសើរនៅពេលជោគជ័យ ជាជាងផ្តោតទៅលើថាតើកូនរបស់លោកអ្នកជោគជ័យ ឬមិនជោគជ័យលើរឿងអ្វីមួយ ឪពុកម្តាយគួរតែសាកល្បងលើកសរសើរ លើកទឹកចិត្តចំពោះការព្យាយាម និងប្រឹងប្រែងរបស់ពួកគេ។ នេះមិនត្រឹមតែជួយកូនៗក្នុងការជំនះឧបសគ្គ ថែមទាំងអាចជួយបណ្តុះគំនិត ពង្រឹងស្មារតីក្លាហានដែលជាកត្តាជំរុញឲ្យមានភាពជោគជ័យក្នុងជីវិត។ ៣. យកចិត្តទុកដាក់លើសកម្មភាព និងអាកប្បកិរិយាកូនៗ ការសង្កេតដោយយកចិត្តទុកដាក់លើសកម្មភាព និងអាកប្បកិរិយាកូនៗរបស់លោកអ្នកមានសារៈសំខាន់មិនត្រឹមតែធ្វើឲ្យឪពុកម្តាយមានឱកាសស្វែងយល់ពីកូនៗនោះទេ ថែមទាំងធ្វើឲ្យកុមារមានភាពក្លាហានក្នុងការបង្ហាញពីគំនិតនិងអារម្មណ៍របស់ពួកគេ។ កុមារតែងបង្ហាញអារម្មណ៍របស់គេតាមរយៈអាកប្បកិរិយា និងពាក្យសម្តី។ ដូច្នេះនៅពេលពួកគេមានកាយវិការ ឬសម្តីប្លែកខុសពីធម្មតា វាអាចជាសញ្ញាបង្ហាញថាកុមារមានបញ្ហាណាមួយដែលត្រូវការជំនួយការណែនាំ ឬការលើកទឹកចិត្ត។ ឪពុកម្តាយត្រូវព្យាយាមចំណាយពេលវេលាស្វែងយល់ សួរសំណួរនិងស្តាប់ពួកគេឲ្យបានច្រើន មិនថាជាចំណង់ចំណូលចិត្ត សកម្មភាព តម្រូវការ ឬបញ្ហាដែលពួកគេជួបប្រទះ។ ៤. បង្កើតទម្លាប់ល្អក្នុងការរស់នៅ ការបរិភាគអាហារមានតុល្យភាព ការសម្រាកបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណទៀងទាត់ជាគន្លឹះសំខាន់ ដែលវាមិនត្រឹមតែ ជួយឲ្យកុមារលូតលាស់ផ្នែករាងកាយ និងបង្កើតទម្លាប់ល្អសម្រាប់ខ្លួនគេតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍនូវបញ្ញាស្មារតីរបស់កុមារផងដែរ។ ឪពុកម្តាយគួរតែផ្តល់និងលើកទឹកចិត្តឲ្យកូនបរិភោគអាហារទាំងឡាយណាដែលផ្តល់ផលល្អដល់សុខភាព រួមទាំងចំណាយពេលធ្វើសកម្មភាពផ្សេងៗដូចជាលេងកីឡា ធ្វើដំណើរកម្សាន្តនានា ចូលរួមសកម្មភាពផ្សេងៗ និងណែនាំពួកគេឲ្យមានទម្លាប់គេងល្អ។ ៥. ផ្តល់បរិយាកាសរស់នៅល្អ ការផ្តល់ឲ្យកុមារនូវបរិយាកាសរស់នៅប្រកបដោយក្តីស្រលាញ់ ភាពកក់ក្តៅ ការជឿជាក់ និងការយល់ចិត្តក៏ជាកត្តាមួយសំខាន់ដែរ។ កុមារមួយចំនួនដែលរស់នៅក្នុងស្ថានភាពខ្វះភាពកក់ក្តៅ ខ្វះភាពស្និទ្ធស្នាល បាត់បង់ទំនុកចិត្ត អាចបណ្តាលឲ្យពួកគេមិនអាច គ្រប់គ្រងអារម្មណ៍បាន និងក្លាយជាកុមារមានបញ្ហាផ្នែកស្មារតី។ កុមារមួយចំនួនត្រូវធំធាត់មកប្រឈមមុខនឹងស្ថានភាពបែបនេះតែម្នាក់ឯង ជាហេតុបណ្តាលឲ្យមានបញ្ហាក្នុងការលូតលាស់ចិត្តគំនិតរបស់ពួកគេ។  ៦. ផ្តល់ឱកាសសម្រាប់កូនៗអ្នក ការផ្តល់ឱកាសឲ្យកូនរបស់លោកអ្នកមានឯករាជ្យភាពខ្លះ ក៏ជាកត្តាដ៏ចាំបាច់មួយសម្រាប់ពង្រឹងចិត្តគំនិតរបស់កុមារ។ នៅពេលកូនៗជួបបញ្ហា ឪពុកម្តាយអាចជួយពួកគេស្វែងយល់ពីបញ្ហានោះ ហើយបង្រៀនឲ្យពួកគេចេះរកដំណោះស្រាយ។ លោកអ្នកគួរតែសាកល្បងផ្តល់ឱកាសឲ្យពួកគេអាចសម្រេចចិត្តដោយខ្លួនឯងបាន។ឋ កាលណាពួកគេមានសេរីភាពក្នុងការគិត ពេលនោះផ្លូវចិត្តរបស់ពួកគេក៏មានភាពរឹងមាំផងដែរ។ ៧. ពិគ្រោះជាមួយគ្រូពេទ្យឯកទេស ឬអ្នកជំនាញចិត្តសាស្ត្រ ប្រសិនបើលោកអ្នកសង្ស័យថាកូនមានបញ្ហាផ្លូវចិត្តលោកអ្នកគួរតែស្វែងរកការពិគ្រោះជាមួយគ្រូពេទ្យឯកទេស ឬអ្នកជំនាញផ្នែកចិត្តសាស្ត្រដើម្បីទប់ស្កាត់ និងព្យាបាលបញ្ហានេះ។ ផលវិបាកនៃការប៉ះពាល់ផ្លូវចិត្តរបស់កុមារនឹងបណ្តាលឲ្យកុមារមានគំនិតអវិជ្ជមានចំពោះខ្លួនឯង មានឥរិយាបថមិនល្អនៅសាលារៀន ក៏ដូចជាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ឪពុកម្តាយមានតួនាទីសំខាន់ណាស់ក្នុងការធានាការលូតលាស់ផ្នែកចិត្តគំនិត និងស្មារតីរបស់កូនៗខ្លួន។ ការយកចិត្តទុកដាក់ថែរក្សាសុខភាពចិត្តគំនិតរបស់កូននៅវ័យកុមារភាព នឹងផ្តល់ផលល្អដល់ពួកគេនាថ្ងៃអនាគត។ គន្លឹះ ៧ចំណុចខាងលើអាចជួយឲ្យលោកប៉ាអ្នកម៉ាក់ទាំងឡាយស្វែងយល់ អនុវត្តតាម និងកែប្រែប្រសិនបើការប្រព្រឹត្តនាពេលកន្លងមកមានកំហុសឆ្គង។  អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Top