បញ្ហាសុខភាព ៤យ៉ាងដែលងាយកើតលើទារក
កូនយំម្ដងៗ មិនបានបញ្ជាក់ថាពួកគេចេះតាឃ្លានតែមួយមុខនោះទេ ដោយពេលខ្លះវាអាចបណ្ដាលមកពីវិបត្តិសុខភាពណាមួយក៏ថាបាន។ ដោយហេតុថាពួកគេស្ថិតក្នុងវ័យតូច មិនអាចនិយាយបាន នោះទើបលោកប៉ា អ្នកម៉ាក់ខ្លះមិនបានដឹងពីបញ្ហាណាមួយឲ្យពិតប្រាកដ ហើយភាពបារម្ភក៏កើតមានឡើង។ យ៉ាងណាមិញ បញ្ហាសុខភាពទូទៅភាគច្រើនគឺបណ្ដាលមកពីកង្វះអនាម័យ ដោយរួមបញ្ចូលពីកត្តាពួកគេផ្ទាល់ អនាម័យក្នុងផ្ទះ និងភាពស្អាតបាតរបស់លោកប៉ា អ្នកម៉ាក់ផងដែរ។ តោះដើម្បីជាចំណេះដឹងបន្ថែម My Bébe នឹងនាំលោកប៉ាអ្នកម៉ាក់ឲ្យស្វែងយល់ពីបញ្ហាសុខភាពទូទៅដែលអាចជួបប្រទះលើកូនតូចញឹកញាប់ ក៏ដូចជាការការពារផងដែរ៖
បញ្ហាទី១៖ ស្បែក
ស្នាមកន្ទួលក្រហមតូចៗ ឬបញ្ហាក្រមរលើស្បែកក្បាលអាចមើលទៅហាក់ដូចជាបញ្ហាតូចតាចនិងសាមញ្ញ តែតាមពិតវាបានបង្កភាពរំខានថែមទាំងផ្ដល់ការឈឺចាប់ដល់កូនតូចរបស់អ្នកទៅវិញនោះទេ។ ភាគច្រើនការកើតឡើងបញ្ហាស្បែកទាំងនេះបណ្ដាលមកពីមូលហេតុផ្សេងៗគ្នាទៅតាមស្ថានភាពជំងឺ ហើយអាចជាប់ពាក់ព័ន្ធនឹងបញ្ហាអនាម័យដែលរួមមាន៖
១. កន្ទួលក្រហមលើស្បែក ឬហៅថា Diaper Rash៖ ភាគច្រើនលេចឡើងនៅតំបន់គូទរបស់ទារកបណ្ដាលមកពីការស្លៀកផ្អាប់ទុកយូរនូវខោទឹកនោមដែលសើម ឬរឹងខ្លាំងពេក មួយចំនួនទៀតអាចជាបញ្ហាអាល្លែកហ្ស៊ីជាមួយនឹងថ្នាំពណ៌ ឬសារធាតុសម្រាប់ផលិតខោទឹកនោមទាំងនោះតែម្ដង។ ដូចនេះ អ្នកគួរធ្វើការពិនិត្យ និងជ្រើសរើសកន្ទបទឹកនោមប្រភេទណាដែលធានាបានពីសុវត្ថិភាពនិងគួរឧហ្សាស៍ផ្លាស់ប្ដូរកន្ទបឲ្យបានញឹកញាប់។
២. ក្រមរលើស្បែកក្បាល ឬហៅថា Cradle Cap៖ ការករជាក្រមរសៗនៅលើស្បែកក្បាលរបស់ទារក មួយផ្នែកអាចបណ្ដាលមកពីបញ្ហាអ័រម៉ូន និងកង្វះខាតអនាម័យតាមរយៈការសម្អាត។ យ៉ាងណាវិញបញ្ហានេះមិនមែនជាជំងឺឆ្លងធ្ងន់ធ្ងរនោះទេ ដោយអ្នកអាចដោះស្រាយបានដោយគ្រាន់តែធ្វើការសម្អាតស្បែកក្បាលរបស់ពួកគេជាមួយសាប៊ូដែលមានសារធាតុស្រាលៗឲ្យបានជាប្រចាំ។
បញ្ហាទី២៖ ផ្លូវដង្ហើម
បរិយាកាសមិនស្អាត និងការឆ្លងតាមដំណក់ទឹកបណ្ដាលមកពីការកណ្ដាស់ ឬសម្បោរជាមូលហេតុមួយដែលទារកងាយឆ្លងបំផុត បង្កឲ្យមានបញ្ហាផ្លូវដង្ហើមនិងភាគច្រើនកើតមានលើទារកអាយុ ១២ខែដំបូងដែលរួមមាន៖
១. ផ្ដាសាយធម្មតា៖ អ្នកអាចសង្កេតដឹងតាមរយៈរោគសញ្ញាដូចជា កណ្ដាស់ ហៀរសម្បោរ ក្អក ការមិនចង់ញ៉ាំអាហារ រួមនឹងបញ្ហាឈឺបំពង់ក ដែលបណ្ដាលមកពីការឆ្លងចូលនូវវីរុសជាង ២០០ប្រភេទ ពីមនុស្សម្នាក់ទៅម្នាក់ទៀត ឬតាមការប៉ះពាល់ដៃ និងវត្ថុនានា។ ជំងឺនេះអាចបាត់ទៅវិញនៅរយៈពេល ៧ថ្ងៃបន្ទាប់ តែអ្នកអាចជួយសម្រួលអាការៈរបស់កូនតូចតាមវិធីសាស្រ្តដូចជា លាងសម្អាតច្រមុះដែលស្ទះដោយសារសម្បោរ ឧហ្សាហ៍សម្អាតមុខ និងដៃ ហើយសម្រាប់ក្នុងករណីប្រើប្រាស់ឱសថអ្នកត្រូវពិភាក្សាជាមួយអ្នកជំនាញជាមុនសិន។
២. ផ្ដាសាយធំ៖ អាចមានរោគសញ្ញាស្រដៀងនឹងផ្ដាសាយធម្មតា តែទារកអាចមានបញ្ហាឡើងកម្ដៅ និងអស់កម្លាំងខ្លាំងដោយពួកគេមិនអាចលេងដូចសព្វមួយដងបាន។ សម្រាប់ដំណោះស្រាយអ្នកគួរស្វែងរកការព្យាបាលពីសំណាក់អ្នកជំនាញផ្នែកកុមារ និងបន្តអនុវត្តអនាម័យបន្ថែមទៀត។ ប្រសិនក្នុងករណីទារកមិនបានធូរស្បើយ ឬកាន់តែពិបាកដកដង្ហើម អ្នកគួរទៅពិគ្រោះជាមួយអ្នកជំនាញម្ដងទៀត ពីព្រោះវាអាចជាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ។
បញ្ហាទី៣៖ ឆ្លងរោគនៅត្រចៀក
ការចម្លងរោគនៅត្រចៀកក៏ជាបញ្ហាសុខភាពមួយផ្នែកដែលភាគច្រើនកើតលើទារកអាយុក្រោម ៣ឆ្នាំ និងជាវ័យមានប្រព័ន្ធភាពស៊ាំខ្សោយនៅឡើយ។ ជាទូទៅជំងឺនេះអាចលេចឡើងអំឡុងពេល ឬបន្ទាប់ពីមានជំងឺផ្ដាសាយ ឬបណ្ដាលមកពីការឆ្លងមេរោគពីពពួកវីរុស និងបាក់តេរីដទៃទៀត។ ទារកអាចប្រែជាយំច្រើន ក្ដៅខ្លួន ឧស្សាហ៍ទាញស្លឹកត្រចៀកដោយសារការឈឺចាប់ មិនញ៉ាំអាហារ ស្បែកក្នុងត្រចៀកមានពណ៌ក្រហមខុសធម្មតា ឬត្រចៀកហាក់ស្ងួតពេក ដែលទាំងនេះសុទ្ធសឹងតែបង្ហាញពីរោគសញ្ញានៃជំងឺត្រចៀក។ ដូចនេះ ការការពារទារកពីការឆ្លងជំងឺផ្ដាសាយជាវិធីបង្ការចម្បងមុនគេ ដោយអ្នកគួររក្សាអនាម័យតាមរយៈការសម្អាតដៃឲ្យបានញឹកញាប់ និងកាត់បន្ថយឲ្យពួកគេស្ថិតក្នុងស្ថានភាពដែលមានការជួបជុំច្រើន។ ចំណែកការព្យាបាលបញ្ហាឆ្លងរោគនៅត្រចៀកវិញ អ្នកអាចស្វែងរកការព្យាបាលពីវេជ្ជបណ្ឌិតជំនាញពីព្រោះក្នុងស្ថានភាពជំងឺមួយចំនួនគឺតម្រូវឲ្យប្រើប្រាស់ឱសថ បន្ថែមពីនោះអ្នកម៉ាក់គួរឲ្យកូនតូចបៅដោះឲ្យបានច្រើនដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំក្នុងការជាសះស្បើយពីជំងឺបានឆាប់រហ័ស។
បញ្ហាទី៤៖ ប្រព័ន្ធរំលាយអាហារ
ផលិតផលទឹកដោះគោ ការមិនបានសម្អាតដបទឹកដោះគោ ឬភាពគ្មានអនាម័យក្នុងការបំបៅដោះកូន អាចឲ្យពួកគេងាយប៉ះពាល់ទៅនឹងវិបត្តិផ្នែកប្រព័ន្ធរំលាយអាហារ ដែលជាទូទៅកើតមានច្រើនមានបំផុតនោះគឺ៖
១. ជំងឺរាក៖ ប្រសិនក្នុងករណីលាមកប្រែជារាវខ្លាំង ឬរហូតអាចហៀរចេញពីកន្ទបទឹកនោម និងរាកច្រើនដងទៀតនោះ ពួកគេកំពុងតែមានបញ្ហារាកហើយ។ ភាគច្រើននៃមូលហេតុនេះអាចបណ្ដាលមកពីរបបអាហារជាពិសេសគឺផលិតផលទឹកដោះគោតែម្ដង បូករួមនឹងការខ្វះអនាម័យ។ យ៉ាងណាមិញ កុមារតូចៗជាវ័យមួយក្នុងការសម្របខ្លួនទៅនឹងស្ថានភាពសុខភាពនានា ដោយពួកគេអាចជាសះស្បើយទៅវិញដោយឯកឯងក្នុងរយៈពេលណាមួយ តែអ្នកក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បន្តការរក្សាអនាម័យ និងសង្កេតមើលពីសញ្ញាមិនប្រក្រតីណាមួយដែលតម្រូវឲ្យមានការព្យាបាល។
២. ជ្រាំងអណ្ដាត៖ ទារកស្ថិតក្នុងអាយុក្រោម ២ខែ ងាយនឹងមានបញ្ហាជ្រាំងអណ្ដាតជាងគេ ដោយអណ្ដាតពួកគេអាចប្រែជាពណ៌ស ពិបាកបៅ និងបង្កការឈឺចាប់។ ភាគច្រើននៃជំងឺនេះបង្កពីពពួកផ្សិត ដែលពេលខ្លះអាចកើតឡើងនៅពេលអ្នកម៉ាក់មិនបានសម្អាត និងសម្ងួតក្បាលដោះឲ្យបានស្អាតនៅពេលបំបៅដោះម្ដងៗ។ សម្រាប់ការព្យាបាលគឺអាចប្រើប្រាស់ឱសថប្រឆាំងនឹងមេរោគផ្សិត ហើយក្នុងអំឡុងជាមួយគ្នា អ្នកម៉ាក់គួររក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន ដោយត្រូវធានាថាក្បាលដោះត្រូវបានសម្អាត និងសម្ងួតឲ្យបានស្ងួតមុនធ្វើការបំបៅ។
ឯកសារយោង៖
https://www.webmd.com/children/guide/childhood-skin-problems#1
https://www.aboutkidshealth.ca/Article?contentid=507&language=English
https://www.webmd.com/cold-and-flu/ear-infection/features/child-ear-infection#1
https://www.healthline.com/health/baby/baby-diarrhea#causes