ចម្ងល់ជុំវិញបញ្ហាផលិតទឹកដោះមិនគ្រប់គ្រាន់ក្រោយសម្រាល
ការបំបៅដោះកូនពិតជាមានសារសំខាន់ណាស់ចំពោះទារក ព្រោះមិនត្រឹមតែជាអាហារបំប៉នដ៏មានសុវត្ថិភាពប៉ុណ្ណោះទ វាថែមទាំងអាចជួយកាត់បន្ថយនូវហានិភ័យនៃជំងឺមហារីកផងដែរ។ ដូច្នេះប្រសិនការផលិតទឹកដោះរបស់ស្ត្រីមិនបានគ្រប់គ្រាន់នៅពេលក្រោយសម្រាលនោះវាជាបញ្ហាចម្បងមួយដែលស្ត្រីមិនគួរមើលរំលង។
អ្វីជាមូលហេតុនៃការផលិតទឹកដោះមិនគ្រប់គ្រាន់?
ករណីទាក់ទងនឹងបញ្ហាផលិតទឹកដោះមិនគ្រប់គ្រាន់របស់ស្ត្រីអាចបណ្តាលមកពីមូលហេតុជាច្រើនអាស្រ័យលើ៖
• ការយល់ដឹង៖ ស្ត្រីមួយចំនួនអាចខ្វះការយល់ដឹងអំពីការបំបៅដោះកូន ឬរបៀបនៃការបំបៅឲ្យបានល្អត្រឹមត្រូវ និងមានអនាម័យ ដែលជាហេតុបង្កឲ្យមានការឈឺសុដន់ រហូតបង្ខំចិត្តបញ្ឈប់ការបំបៅដោះកូនដោយខ្លួនឯង។
• កាតព្វកិច្ចប្រចាំថ្ងៃ៖ នៅប្រទេសកម្ពុជាស្ត្រីត្រូវបានអនុញ្ញាតឲ្យសម្រាករយៈពេល ៣ខែទាំងមុននិងក្រោយសម្រាល ដូច្នេះស្ត្រីអាចនឹងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់បំបៅកូននៅពេលទំនួលខុសត្រូវការងារចាប់ផ្តើមឡើងវិញ។
មូលហេតុផ្សេងទៀតដែលអាចឲ្យស្ត្រីប្រឈមនឹងការផលិតទឹកដោះមិនគ្រប់គ្រាន់រួមមាន បញ្ហាពីធម្មជាតិសុដន់មិនលូតលាស់គ្រប់លក្ខណៈ ការវះកាត់ពង្រីកឬបង្រួមទំហំសុដន់ដែលធ្វើឲ្យប៉ះពាល់ដល់ក្រពេញទឹកដោះ និងករណីដែលស្ត្រីមានជំងឺប្រចាំកាយដូចជា ជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ ជំងឺលើក្រពេញទីរ៉ូអុីត ឬជំងឺសួតរ៉ាំរ៉ៃជាដើម។ ទោះជាយ៉ាងណាក៏ដោយ ទារកខ្លះអាចនឹងបៅមិនបានគ្រប់គ្រាន់ ឬមិនអាចបៅបានក្នុងករណីទារកមានក្រអូមមាត់មិនធម្មតា និងកើតមិនគ្រប់ខែ។
ស្ត្រីគួរធ្វើបែបណាដើម្បីត្រៀមខ្លួន ឬកាត់បន្ថយបញ្ហានេះ?
ជាការពិតណាស់ ដើម្បីអាចត្រៀមខ្លួនបាន ដំបូងស្ត្រីចាំបាច់ត្រូវយល់ដឹងអំពីសារប្រយោជន៍នៃទឹកដោះម្តាយ និងរបៀបបំបៅកូនជាមុនសិន។ ស្ត្រីត្រូវបំបៅដោះកូនភ្លាមៗបន្ទាប់ពីសម្រាលដោយឥរិយាបទសមស្រប ប្រកបដោយអនាម័យត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ។ ប្រសិនបើមានបញ្ហាណាមួយអំឡុងពេលនៃការបំបៅដោះកូនស្ត្រីគួរជួបពិគ្រោះជាមួយគ្រូពេទ្យមុនពេលសម្រេចចិត្តឈប់បំបៅកូន ឬព្យាយាមរកដំណោះស្រាយខ្លួនឯងដោយការប្រើថ្នាំផ្សេងៗ។ ម៉្យាងទៀត គួរចៀសវាងការផ្តល់ក្បាលដោះឲ្យទារកបៅ ឬជញ្ជក់លេង ឬផ្តល់ចំណីបន្ថែមនៅពេលទារកអាយុក្រោម ៦ខែ។
តើបញ្ហានេះផ្តល់ផលប៉ះពាល់បែបណាខ្លះ?
ជាក់ស្តែង នៅពេលទារកបៅមិនគ្រប់គ្រាន់ រួមជាមួយការទទួលទានអាហារមិនសមស្រប ឬទឹកដោះគោមិនល្អក្នុងវ័យតូចពេក អាចឲ្យពួកគេប្រឈមនឹងផលប៉ះពាល់ដូចជា៖
• មានការលូតលាស់យឺតទាំងផ្នែករាងកាយ និងប្រាជ្ញាស្មារតី
• ប្រព័ន្ធការពាររាងកាយរបស់ទារកថយចុះ ដែលងាយប្រឈមនឹងជំងឺផ្សេងៗ ពិសេសបញ្ហាសួត និងក្រពះ-ពោះវៀន
• ងាយប្រឈមនឹងការស្លាប់ទាំងវ័យកុមារ ដោយសារឈឺច្រើន និងការព្យាបាលមិនបានត្រឹមត្រូវ។ ដោយឡែក ចំពោះម្តាយមិនបំបៅដោះកូន នោះពួកគេអាចប្រឈមនឹងការកើតមហារីកនៅក្រពេញសុដន់ និងក្រពេញអូវែ។
អ្វីខ្លះដែលទារកអាចទទួលទានជំនួស?
ប្រសិនរកឃើញថា ស្ត្រីមិនអាចផលិតទឹកដោះបានគ្រប់គ្រាន់ ឬទារកកំពុងស្ថិតក្នុងលក្ខខណ្ឌណាមួយដែលមិនអាចបៅដោះបាន នោះទារកនឹងតម្រូវឲ្យផ្តល់នូវអាហារបំប៉ន ឬប្រភេទទឹកដោះគោពិសេសខុសៗគ្នាផ្អែកតាមករណី ឬស្ថានភាពនោះចំពោះទារកកើតមិនគ្រប់ខែពួកគេអាចនឹងត្រូវផ្តល់នូវម្សៅទឹកដោះគោពិសេស រីឯករណីផ្សេងទៀត ឬទារកកើតគ្រប់ខែជាធម្មតាតែមិនអាចបៅបាន នោះពួកគេនឹងត្រូវបានផ្តល់ឲ្យនូវប្រភេទម្សៅទឹកដោះគោដែលផលិតតាមក្បួនខ្នាតចំណីអាហារសម្រាប់ចិញ្ចឹមទារក។
គួរធ្វើយ៉ាងណាដើម្បីចៀសវាងបញ្ហានេះ?
ការយល់ឲ្យបានច្បាស់ និងត្រៀមខ្លួនជាស្រេចមុនពេលសម្រាល អាចជួយឲ្យស្ត្រីកាត់បន្ថយនូវហានិភ័យនៃបញ្ហាផលិតទឹកដោះមិនគ្រប់គ្រាន់បាន។ ម៉្យាងទៀតស្ត្រីត្រូវស្វែងយល់ពីវិធីសាស្រ្តក្នុងការបំបៅឲ្យបានត្រឹមត្រូវ និងរបៀបនៃការរក្សាអនាម័យដែលគ្រូពេទ្យបានណែនាំ។ ក្រៅពីនេះស្ត្រីត្រូវប្រឹក្សាជាមួយគ្រូពេទ្យជានិច្ចរាល់បញ្ហាដែលកើតមានអំឡុងពេលបំបៅចៀសវាងឲ្យកូនបៅទឹកដោះគោ ឬបៅក្បាលដោះលេងមុនពេលទារកអាយុ៦ខែ។
ទោះបីមានបញ្ហាអ្វីកើតឡើង ស្ត្រីជាម្តាយគួរបំបៅដោះកូនតែមួយមុខគត់ឲ្យបានយ៉ាងតិចបំផុតត្រឹមអាយុ៦ខែ សឹមចាប់ផ្តើមបន្ថែមនូវចំណីអាហារផ្សេងទៀត និងបន្តបំបៅដោះកូនរហូតដល់អាយុ ២ឆ្នាំ ដើម្បីឲ្យម្តាយ និងកូនមានសុខភាពល្អ។
បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គី សុីវ៉ាន់ថា នាយអគារផ្នែកសម្ភព-រោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ