កូនក្តៅខ្លួនហាមធ្វើរឿងទាំងនេះ ប្រសិន.....
អាការៈក្ដៅខ្លួន អាចជាជំងឺសាមញ្ញ និងជាសះស្បើយដោយខ្លួនឯង ឬតាមរយៈការអនុវត្តវិធីសាស្រ្តនានានៅផ្ទះបានដោយមិនចាំបាច់ទទួលការព្យាបាលពីសំណាក់វេជ្ជបណ្ឌិត លើកលែងតែករណីធ្ងន់ធ្ងរមួយចំនួន។ ស្របពេល ដែលការព្យាបាលអាចធ្វើបានដោយខ្លួនឯង អាណាព្យាបាលទាំងអស់ក៏គួរតែចៀសវាងនូវទម្លាប់ដែលខុសខ្លះៗអំឡុងពេលកូនតូចមានជំងឺបង្កឲ្យរាងកាយឡើងកម្ដៅផងដែរ។
ហាមប្រើប្រាស់ថ្នាំភ្លាមៗ
អាការៈក្ដៅក្នុងកម្រិតត្រឹម ៣៧.៦ ទៅ៣៧.៩ អង្សាមិនមែនជារឿងអាក្រក់ទេ ពីព្រោះក្នុងលក្ខខណ្ឌនេះខ្លួនប្រាណរបស់កុមារកំពុងធ្វើការប្រឆាំងទៅនឹងការឆ្លងរោគ។ ការសិក្សាបានបង្ហាញបន្ថែមថា ប្រសិនអ្នកចាប់ផ្ដើមប្រើប្រាស់ថ្នាំបញ្ចុះកម្តៅលឿនពេកនោះអាចឲ្យដំណើរការជាសះស្បើយដោយខ្លួនឯងត្រូវប្រើរយៈពេលយូរ។ ក្នុងដំណាក់កាលនេះ អ្នកអាចបន្តតាមដានដោយវាស់កម្ដៅឲ្យបានញឹកញាប់ សង្កេតមើលចលនានិងដាក់កុមារឲ្យនៅក្នុងបន្ទប់ដែលមានសីតុណ្ហភាពសមស្រប។ យ៉ាងណាមិញ ប្រសិនកម្ដៅនៅតែបន្តកើនឡើង អ្នកអាចផ្ដល់ឱសថដំបូងជាពពួក ប៉ារ៉ាសេតាម៉ុលជាមុនសិន។
ហាមដណ្តប់ភួយ
នៅពេលរាងកាយកុមារកំពុងឡើងកម្ដៅ អាណាព្យាបាលគួរចៀសវាងប្រើភួយដើម្បីដណ្តប់ ឬបិទទ្វារឲ្យជិត តែអ្នកត្រូវបើកទ្វារ និងកង្ហារដើម្បីជួយផ្ដល់នូវចរន្ដខ្យល់ស្អាតចេញចូលនៅក្នុងផ្ទះ។ វិធីសាស្រ្តបែបនេះអាចនឹងធ្វើឲ្យក្មេងមានអារម្មណ៍ថាត្រជាក់ខ្លួន ប៉ុន្ដែស្របពេលជាមួយគ្នា កម្ដៅរាងកាយក៏កំពុងតែមានភាពប្រសើរឡើងមកវិញផងដែរ។ ដោយឡែកបើយោងតាមការសិក្សាមួយបានបញ្ជាក់ថាការដណ្តប់ភួយពេលកុមារគ្រុនក្តៅអាចធ្វើឲ្យកូនរបស់អ្នកឡើងកម្តៅក្នុងខ្លួនទៅវិញ។
ហាមងូតទឹកត្រជាក់
ទឹកត្រជាក់មិនមែនជាវិធីសាស្រ្តក្នុងការបំបាត់កម្ដៅនោះទេតែវាបែរជាបង្កឲ្យក្មេងឡើងកម្ដៅកាន់តែខ្លាំងនិងប៉ះពាល់ដល់ផ្លូវដង្ហើមទៀតផងជាពិសេសក្មេងដែលក្តៅខ្លួនដោយសារការបង្ករោគនៅតាមផ្លូវដង្ហើមដូចជាជំងឺរលាកសួត និងរលាកបំពង់ក។ ចៀសវាងឲ្យកុមារងូតទឹកត្រជាក់ប៉ុន្តែអ្នកត្រូវប្រាកដថាកូនរបស់អ្នកមានភាពស្ងួតនៅតំបន់ក្លៀក និងក្រលៀនព្រមទាំង ពិនិត្យសីតុណ្ហភាពរាងកាយរៀងរាល់ ៣ ទៅ៤ម៉ោងម្តង ឬទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញផ្នែកកុមារ ប្រសិនបើកូនរបស់អ្នកមានរោគសញ្ញា ញុំាមិនបាន អស់កម្លាំង ងងុយគេង ពិបាកដកដង្ហើម ក្អួត និងមានកន្ទួលរមាស់ជាដើម។
ដំណាក់កាលគួរស្វែងរកការព្យាបាល
ក្តៅខ្លួន អាចជាអាការៈជំងឺធម្មតា និងមិនធ្ងន់ធ្ងរនោះទេ ហើយអាចនឹងបាត់ទៅវិញបន្ទាប់ពី ២ ទៅ៣ថ្ងៃក្រោយ។ ក្នុងករណីក្តៅល្មមៗ ហើយកុមារនៅទប់ទល់បាន នោះការផ្ដល់ថ្នាំអាចមិនចាំបាច់ តែត្រូវតាមដាន និងប្រុងប្រយ័ត្នជាប់ជានិច្ច។ ផ្ទុយទៅវិញលោកអ្នកត្រូវស្វែងរកការព្យាបាល និងទៅជួបគ្រូពេទ្យប្រសិនបើ៖
• កុមារមានអាការៈក្តៅខ្លួនលើសពីពីរថ្ងៃ
• កម្តៅឡើងលើសពី ៣៨,៥អង្សា
• កុមារលែងលេង លែងញ៉ាំ
• កុមារមានបញ្ហាសុខភាពជាប់នឹងខ្លួន ឬធ្លាប់មាន ជំងឺរ៉ាំរ៉ៃ។
ប៉ុន្តែក្នុងពេលរង់ចាំ និងមុនទៅដល់មន្ទីរពេទ្យអាណាព្យាបាលអាច៖
• ប្រើកន្សែងសើមជ្រលក់ទឹកធម្មតា (មិនត្រជាក់ពេក មិនក្តៅពេក) ជូតថ្មមៗ និងបន្តិចម្តងៗឲ្យសព្វពេញខ្លួន និងគ្របតាមគន្លាក់ដៃជើងក្រលៀន ដើម្បីបញ្ចុះសីតុណ្ហភាព
• ព្រលែងខ្លួនកុមារ ឬទារក និងកុំពាក់ខោអាវជិត ឬក្រាស់ៗ
• ផ្តល់ទឹកឲ្យកុមារញ៉ាំឲ្យបានច្រើនតាមដែលអាច ធ្វើទៅបាន
• ផ្តល់ថ្នាំត្រជាក់ ដូចជា ប៉ារ៉ាសេតាម៉ុលទៅតាមកម្រិតទម្ងន់ និងអាយុរបស់កុមារ។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ