Menu

Articles

ទម្លាប់ពេលព្រឹកដែលគួរតែមាន ដើម្បីអារម្មណ៍ស្រស់ថ្លា

ធ្លាប់ចាប់អារម្មណ៍ទេ៎? ឲ្យតែថ្ងៃណាក្រោកពីគេងយឺត មិនញ៉ាំអាហារពេលព្រឹកប្រញាប់ប្រញាល់រៀបចំខ្លួនចេញពីផ្ទះ ដឹងតែមានអារម្មណ៍ថា ថ្ងៃហ្នឹងមិនមែនជាថ្ងៃរបស់ខ្លួនឯង ហើយក៏មិនមានអារម្មណ៍ល្អក្នុងការបំពេញកិច្ចការងាររបស់ខ្លួនទាល់តែសោះ។ តាមការពិតទៅពេលដែលយើងចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងទម្លាប់ល្អ រយៈពេលក៏ដូចជាម៉ោងដែលនៅសេសសល់ក្នុងថ្ងៃនោះ ក៏នឹងអាចប្រព្រឹត្តបានរលូនដោយសារតែសុខភាពផ្លូវចិត្តរបស់យើងមានលក្ខណៈស្រស់ថ្លា និងរឹងមាំ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញសកម្មភាពផ្សេងៗផងដែរ។ ដោយហេតុថាអ្វីដែលយើងធ្វើ ឬជួបប្រទះនៅពេលព្រឹក ពិតជាមានឥទ្ធិពលចំពោះអារម្មណ៍ សកម្មភាព និងការគិតរបស់យើងពេញមួយថ្ងៃ ទើបយើងគួរតែរៀនបង្កើតនូវទម្លាប់ពេលព្រឹកងាយៗខាងក្រោមនេះជាមួយគ្នា… នៅឲ្យឆ្ងាយពីបច្ចេកវិទ្យា ការប្រើអុិនធើណែតឆែកមើលសារ ឬសារអេឡិចត្រូនិចនៃការងារភ្លាមៗក្រោយពេលភ្ញាក់ពីគេងធ្វើឲ្យអ្នកចាប់ផ្តើមមានប្រតិកម្មចំពោះអ្វីៗដែលនឹងកើតមាន ជាជាងគ្រប់គ្រងស្ថានការណ៍ឲ្យបានល្អ ហើយក៏បារម្ភ និងមានទុក្ខព្រួយក្នុងចិត្តច្រើនជាងស្ងប់សុខនៅក្នុងចិត្ត។ អ្នកគួរតែឃ្លាតឆ្ងាយពីបច្ចេកវិទ្យាយ៉ាងហោចណាស់ ១ម៉ោងក្រោយពីដំណេក ដើម្បីអាចតាំងអារម្មណ៍បានល្អ។ ផ្តល់ជាតិទឹកដល់សារពាង្គកាយ អាចញ៉ាំទឹកមួយកែវពេលព្រឹក ឬ ទឹកក្រូចឆ្មារលាយជាមួយទឹកក្តៅឧណ្ហៗ ដែលនឹងជួយសម្អាតសារធាតុពុល ផ្តល់នូវវីតាមីន C ធ្វើឲ្យខ្យល់ដង្ហើមស្រស់ថ្លាជួយឲ្យស្រកទម្ងន់ ព្រមទាំងជំរុញដល់ដំណើរការដុត និងរំលាយអាហារផងដែរ។ នឹកគិតបែបសុទិដ្ឋិនិយម និងការដឹងគុណ ចំណាយពេលប្រមាណ ១នាទី ញញឹម ហើយនឹកគិតដល់អ្វី ឬនរណាម្នាក់ដែលអ្នកដឹងគុណនិងមានអំណរចំពោះវត្តមានរបស់វា ឬគេ ព្រោះថាការញញឹមនឹងនាំឲ្យមានការផលិតចេញនូវអ័រម៉ូនដែលធ្វើឲ្យអារម្មណ៍ស្រស់ថ្លា ស្របពេលដែលការរំលឹកដឹងអាចនឹងកាត់បន្ថយស្ត្រេស និងនាំឲ្យមានអារម្មណ៍ល្អ។ រៀបចំគ្រែ ឬកន្លែងគេង វានឹងផ្តល់នូវអារម្មណ៍ថា អ្នកបានសម្រេចកិច្ចការមួយ ហើយអារម្មណ៍មោទនភាពក្នុងការសម្រេចការងារបែបនេះ នឹងជួយជំរុញទឹកចិត្តក្នុងការបំពេញកិច្ចការងារជាបន្តបន្ទាប់។ ធ្វើលំហាត់ប្រាណ លំហាត់ប្រាណងាយៗ យោគៈ ឬសកម្មភាពណាក៏ដោយ ឲ្យតែធ្វើឲ្យអ្នកមានថាមពលនិងឫកពារហ័សរហួន គួរតែត្រូវបានធ្វើក្នុងរយៈពេលសមល្មម (១០-២០នាទី) ហើយអាចធ្វើការឆ្លាស់នូវប្រភេទ ក៏ដូចជាសកម្មភាពទាំងនោះក៏បានដែរ។ រៀបចំខ្លួនឲ្យបានស្អាតបាត សកម្មភាពតូចៗតែសំខាន់ ចំពោះអនាម័យសម្ផស្ស និងសុខភាពរបស់អ្នក ពិតជាមិនអាចរំលងបានឡើយ ព្រោះការរៀបចំខ្លួនបានល្អប្រៀបនឹងការកសាងនូវទំនុកចិត្តដល់ខ្លួនឯងហើយជាលទ្ធផល អ្នកនឹងមានអារម្មណ៍ល្អសម្រាប់ថ្ងៃថ្មីរបស់អ្នក។ ញ៉ាំអាហារពេលព្រឹក ដែលល្អចំពោះសុខភាព អាហារពេលព្រឹក ជាអាហារដែលសំខាន់ជាងគេ ដូចនេះហើយ វាគួរតែមានសារធាតុចិញ្ចឹមទាំងនេះ (ប្រូតេអុីន ខ្លាញ់ល្អ គ្រាប់ធញ្ញជាតិ…) ដើម្បីឲ្យរាងកាយមានថាមពលព្រមទាំងផ្លូវចិត្តរឹងមាំល្អក្នុងការផ្ចង់អារម្មណ៍ និងបំពេញការងារ។ មានគម្រោងកិច្ចការដែលត្រូវបំពេញ ចំណាយពេលប៉ុន្មាននាទី រៀបចំនូវគម្រោងកិច្ចការដែលត្រូវបំពេញក្នុងមួយថ្ងៃហើយរៀបចំដាក់អាទិភាពលើកិច្ចការទាំងនោះ។ ទម្លាប់នេះនឹងបង្ការការគិត ឬរកនឹកសារឡើងវិញនូវអ្វីដែលត្រូវធ្វើ ហើយក៏ផ្តល់នូវអារម្មណ៍ដែលមានគោលដៅប្រចាំថ្ងៃដល់អ្នកផងដែរ។  ធ្វើសមាធិ សកម្មភាពនេះនឹងជួយត្រៀម ក៏ដូចជាហ្វឹកហាត់ចិត្ត និងអារម្មណ៍ ដែលនឹងមានឥទ្ធិពលលើប្រតិកម្មរបស់អ្នកចំពោះរឿងរ៉ាវគ្រប់យ៉ាងដែលនឹងកើតមានឡើង។ ការសមាធិអាចជាការអង្គុយចុះនៅកន្លែងដែលស្ងប់ស្ងាត់ បិទភ្នែក ហើយផ្តោតលើដង្ហើមចេញ និងចូល ប្រមាណ ៥នាទី ហើយគិតស្រមៃដល់រូបភាពដែលអ្នកនឹងត្រូវធ្វើក្នុងថ្ងៃនេះ រួចបើកភ្នែកសន្ធឹងដៃឡើងលើ ហើយងើបឡើង។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Mental Health​ & Entertainment Mental Health​ & Entertainment Mental Health​ & Entertainment
ធ្វើយ៉ាងណាទើបមានតុល្យភាពការងារ-ជីវិត?

ប្រហែលជាមានអ្នកខ្លះយល់ឃើញថា បើនៅទំនេរមិនធ្វើអ្វីសោះ ចេះតែមានអារម្មណ៍ថាខ្លួនឯងមិនបានការ ឬមិនមានប្រយោជន៍អ្វីសោះ ទើបតែងតែរៀបកាលវិភាគមមាញឹកសម្រាប់ខ្លួនឯង តែពួកគាត់មិនបានដឹងទេថាការធ្វើបែបនេះបាននិងកំពុងតែធ្វើឲ្យជីវិតរបស់ខ្លួនពិបាកក្នុងការមានតុល្យភាពការងារ-ជីវិតហើយក៏មានអ្នកខ្លះដាក់សម្ពាធចំពោះខ្លួនឯងក្នុងការសម្រេចគោលដៅជីវិតពេករហូតដល់ភ្លេចគិតពីសុខមាលភាពផ្លូវចិត្តរបស់ខ្លួន។ ប្រសិនបើអ្នកគិតថា ខ្លួនឯងហាក់ដូចជាបាត់បង់នូវរសជាតិជីវិត ឬជីវិតដែលមានគុណភាពនោះ អ្នកគួរងាកមកចាប់អារម្មណ៍ និងយកចិត្តទុកដាក់អាននូវសំណួរ-ចម្លើយខ្លីៗអំពីតុល្យភាពការងារ-ជីវិតខាងក្រោមនេះ… សំណួរ៖ អ្វីទៅជា«តុល្យភាពការងារ-ជីវិត»? ចម្លើយ៖ «តុល្យភាពការងារ-ជីវិត» សំដៅទៅលើតុល្យភាពរវាងការប្រកបកិច្ចការងារនិងជីវិតគ្រួសារការកម្សាន្ត ឬអាចនិយាយបានថាជាជីវិតដែលមិនទន់ទោរទៅលើខាងណាខ្លាំង ដោយមានការបែងចែកពេលវេលា២៤ម៉ោង/ថ្ងៃ បានល្អ។ សំណួរ៖ តើ «តុល្យភាពការងារ-ជីវិត» មានសារសំខាន់អ្វីខ្លះចំពោះប្រសិទ្ធភាពការងារ? ចម្លើយ៖ - បង្កើនប្រសិទ្ធភាពការងារ - កាត់បន្ថយការឈប់សម្រាកដោយសារជំងឺ ជាពិសេសបញ្ហាថប់បារម្ភ - កម្លាំងបំពេញការងារកាន់តែរឹងមាំ វិជ្ជមាន និងមិនមានបញ្ហាស្មុគស្មាញ - មានអារម្មណ៍ល្អចំពោះខ្លួនឯង និងទំនាក់ទំនងល្អជាមួយមិត្តរួមការងារ និងគ្រួសារ - បង្កើនភាពស្មោះត្រង់ ការប្តេជ្ញាចិត្ត និងកម្លាំងចិត្តចំពោះការងារ និងក្រុមហ៊ុន - កាត់បន្ថយសម្ពាធការងារ។ សំណួរ៖ តើ «សុខភាពផ្លូវចិត្ត» និង«តុល្យភាពការងារ-ជីវិត» មានទំនាក់ទំនងគ្នាបែបណាខ្លះ? ចម្លើយ៖ ប្រសិនបើជីវិត និងការងារមិនមានតុល្យភាពទេនោះ សម្ពាធផ្លូវចិត្ត និងស្ត្រេសនឹងធ្វើឲ្យអ្នកប្រឈមមុខខ្លាំងទៅនឹងបញ្ហាផ្លូវចិត្តរួមមានជំងឺធ្លាក់ទឹកចិត្ត ជំងឺថប់បារម្ភ។ល។ សំណួរ៖ តើគួរ និងមិនគួរធ្វើអ្វីខ្លះដើម្បីឲ្យមាន «តុល្យភាពការងារ-ជីវិត»? ចម្លើយ៖ • ក្នុងម៉ោងការងារ - រៀបចំបំបែកគោលដៅធំ ជាគោលដៅតូចៗដែលអាចសម្រេចបានជាប្រចាំថ្ងៃ - បែងចែកពេលវេលាម៉ោងការងារប្រកបដោយប្រសិទ្ធភាព - ស្នើសុំការឆ្លាស់ពេលវេលាធ្វើការ ក្នុងករណីចាំបាច់ - កុំក្រែងចិត្ត ឬរារែកក្នុងការសុំច្បាប់សម្រាក ពេលដែលត្រូវការពេលខ្លះសម្រាប់ខ្លួនឯង - សម្រាកពេលខ្លី ដោយស្តាប់នូវបទចម្រៀង ឬភ្លេងដែលខ្លួនចូលចិត្ត - កុំខ្លាចក្នុងការប្រាស្រ័យទាក់ទង និងស្នើសុំជំនួយពីមិត្តរួមការងារ និងថ្នាក់លើ - កុំព្យាយាមដាក់សម្ពាធខ្លួនឯងជ្រុលពេក។ • ក្រៅម៉ោងការងារ - កាត់ផ្តាច់ទំនាក់ទំនងរឿងការងារ លើកលែងតែករណីចាំបាច់ និងបន្ទាន់ - ចំណាយពេលវេលាដែលមានគុណភាពជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់ - បែងចែកឲ្យដាច់រវាងពេលវេលា និងបញ្ហាក្នុងការងារក្រុមហ៊ុន និងការងារ ក៏ដូចជាបញ្ហាក្នុងផ្ទះ - ធ្វើលំហាត់ប្រាណជាប្រចាំ - ទទួលទានអាហារ និងដំណេកឲ្យបានត្រឹមត្រូវនិងគ្រប់គ្រាន់ - ស្វែងរកជំនួយ រាល់ពេលដែលត្រូវការ។ សង្ឃឹមថាអាចធ្វើបាន...ស៊ូៗឡើង ដើម្បីជីវិតដែលមានតុល្យភាពណា៎!!! អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Mental Health​ & Entertainment Mental Health​ & Entertainment
ចេះតែគេចពីក្រសែភ្នែកគេក៏ជាជំងឺផ្លូវចិត្តដែរ

ធ្លាប់មានបទពិសោធន៍ពេលជួបមនុស្សមិនធ្លាប់ស្គាល់ស្រាប់តែនិយាយអីក៏លែងចេញ ឬបែកញើសបាតដៃជោគពេលត្រៀមធ្វើបទបង្ហាញធំៗម្តងៗដែរទេ? នេះគេហៅថាជំងឺចាញ់ច្រាបគេ។ អ្នកអាចនឹងព្យាយាមចៀសវាងនូវទំនាក់ទំនងសង្គមទាំងអស់សូម្បីតែការជជែកគ្នាតិចតួច ឬគេចពីក្រសែភ្នែកអ្នកដទៃ ព្រោះរឿងដែលអ្នកដទៃយល់ថាធម្មតា អ្នកបែរជាមានអារម្មណ៍ថាមិនស្រណុកខ្លួនទៅវិញ។ ជំងឺចាញ់ច្រាបគេ ច្រើនកើតឡើងក្នុងអំឡុងពេលអ្នកមានអាយុ ១៣ឆ្នាំ។ វាអាចជាប់ទាក់ទងទៅនឹងប្រវត្តិអ្នកជំងឺដែលធ្លាប់ត្រូវគេធ្វើបាបសម្លុត ឬចំអន់ជាដើម។ កូនក្មេងដែលមានការអៀនខ្មាសច្រើនមានទំនោរក្នុងការវិវឌ្ឍទៅជាជំងឺចាញ់ច្រាបគេនៅពេលដែលពួកគេធំឡើង ដោយសារតែការគ្រប់គ្រងលើសកម្រិតរបស់ឪពុកម្តាយ។ អ្នកដែលចាញ់ច្រាបគេ ភាគច្រើនលេចចេញសញ្ញានៅពេលពួកគេស្ថិតក្នុងស្ថានភាពដូចជា៖ • ត្រូវជួបជាមួយមនុស្សប្លែកមុខ • ត្រូវនិយាយជាសាធារណៈ • ត្រូវសម្តែងនៅលើឆាក • ត្រូវបានគេមើលពេលកំពុងធ្វើអ្វីមួយ • ត្រូវគ្រូហៅនៅក្នុងថ្នាក់ • ត្រូវនិយាយក្នុងកិច្ចប្រជុំ។ នៅពេលស្ថិតក្នុងស្ថានភាពបែបនោះ ពួកគេនឹងលេចចេញនូវសញ្ញាដូចជា៖ • អារម្មណ៍ - មានការបារម្ភច្រើនហួសលើស្ថានភាពសង្គម - បារម្ភរាប់ថ្ងៃ រាប់ខែនៅពេលមានកម្មវិធីអ្វីម្តងៗ - ភ័យខ្លាចជ្រុលថាមានគេវាយតម្លៃមិនល្អមកលើខ្លួន ជាពិសេសអ្នកដែលមិនធ្លាប់ស្គាល់ - ខ្លាចសកម្មភាពរបស់ខ្លួនធ្វើទៅខ្មាសគេ - ខ្លាចគេមើលដឹងថាខ្លួនឯងកំពុងតែភ័យ។ • រាងកាយ - មុខឡើងក្រហម - ពិបាកដកដង្ហើម - ឈឺពោះ ចង្អោរ - ញ័រ ដល់ថ្នាក់សំឡេងក៏ញ័រ - បេះដូងលោតញាប់ តឹងទ្រូង - បែកញើស - វិលមុខ ឬអស់កម្លាំង។ បើទោះអ្នកអាចគេចពីស្ថានភាពសង្គមទាំងនេះក៏ពិតមែន តែជំងឺនេះអាចធ្វើឲ្យប៉ះពាល់ដល់គុណភាពជីវិតរបស់អ្នកផងដែរព្រោះអ្នកនឹងបាត់បង់នូវការគោរពចំពោះខ្លួនឯង មានគំនិតអវិជ្ជមាន បាក់ទឹកចិត្ត ពិបាកក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ។ អ្នកដែលមានបញ្ហាចាញ់ច្រាបគេ មិនមែនថាមិនអាចងើបមុខរួចនោះទេ អ្នកអាចព្យាយាមជាមួយនឹងវិធីសាស្រ្តខាងក្រោមនេះដើម្បីធ្វើឲ្យជីវិតរបស់អ្នកមានពន្លឺឡើងវិញ៖ • ទៅឲ្យបានមុនគេ៖ ការទៅធ្វើការមុនគេ ឬចូលរួមកម្មវិធីមុនគេ ជាវិធីសាស្ត្រប្រាប់ខួរក្បាលអ្នកថា អ្នកមិនមានភាពភ័យខ្លាចនោះទេ ហើយអ្នកក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហាគ្រប់យ៉ាងដែលនៅចំពោះមុខ។ • សាកល្បងអ្វីថ្មី៖ អ្នកអាចសាកល្បងទៅកន្លែងដែលអ្នកមិនធ្លាប់ទៅ ឬចូលរៀនថ្នាក់សិល្បៈ។ ការធ្វើបែបនេះ អាចឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងកំពុងផ្សងព្រេងហើយអារម្មណ៍ភ័យខ្លាចរបស់អ្នកក៏លែងតាមបន្លាចអ្នកពីក្រោយទៀតដែរ។ • ផ្តល់ការគោរពដល់ខ្លួនឯង៖ និយាយពាក្យពិរោះៗមកកាន់ខ្លួនឯង។ អ្នកត្រូវនិយាយពាក្យដែលអ្នកចង់ឲ្យអ្នកដទៃនិយាយមកកាន់អ្នកមកខ្លួនឯងហើយនិយាយពាក្យដែលជួយជ្រោមជ្រែងគេទៅកាន់អ្នកដទៃ។ ការគោរពតាមនូវអ្វីដែលខ្លួនអ្នកបាននិយាយចេញមក នឹងធ្វើឲ្យខួរក្បាលអ្នកមានមហិច្ឆតាជាងមុន។ • កំណត់តម្លៃរបស់ខ្លួនឯង៖ សិក្សាពីខ្លួនឯងឲ្យបានស៊ីជម្រៅ ហើយកំណត់ពីតម្លៃរបស់ខ្លួន រួចជីកកកាយវាចេញមក។ អ្នកគួរធ្វើការជម្នះដើម្បីអ្វីដែលអ្នកជឿជាក់ថាខ្លួនអាចធ្វើបាន។ ការធ្វើតាមតម្លៃខ្លួនឯងនឹងធ្វើឲ្យអ្នកមានក្តីសង្ឃឹម និងជួយអ្នកឲ្យយកឈ្នះនូវការភ័យខ្លាចដែលធ្វើឲ្យអ្នកបាត់តម្លៃនោះ។ មិនមែនមានតែអ្នកម្នាក់ទេ ដែលកើតជំងឺចាញ់ច្រាបគេ មានមនុស្សជាច្រើនដែលមានបញ្ហាមួយនេះ។ អ្វីដែលអ្នកត្រូវធ្វើគឺមិនត្រូវបោះបង់ខ្លួនឯងចោលនោះទេ ព្យាយាមធ្វើតាមវិធីសាស្ត្រដែលបានរៀបរាប់ខាងលើ ហើយប្រាប់ខ្លួនឯងថា “ខ្ញុំអាចធ្វើបាន ខ្ញុំមិនខ្វល់ពីក្រសែភ្នែកអ្នកដទៃឡើយ”។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ​ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Mental Health​ & Entertainment Mental Health​ & Entertainment
ងាយៗដែលអ្នកគួរធ្វើដើម្បីសុខភាពផ្លូវចិត្ត

ប្រាកដណាស់ «មានរូប មានទុក្ខ» ដរាបណានៅមានជីវិត យើងនៅតែត្រូវប្រឈមនឹងបញ្ហា ក៏ដូចជាឧបសគ្គនានា ហើយក្នុងនោះ រឿងរ៉ាវខ្លះក៏បានប៉ះទង្គិចដល់សុខភាពផ្លូវចិត្តរបស់យើង។ ទោះបីបញ្ហាតូច ឬធំប៉ុណ្ណា បើយើងចេះមើលថែសុខភាពផ្លូវចិត្តរបស់ខ្លួនឯងបានរឹងមាំនោះ យើងក៏មិនសូវមានការព្រួយបារម្ភខ្លាំងដែរចំពោះផលប៉ះពាល់មកលើផ្លូវចិត្តរបស់យើង។ ជាមួយនឹងវិធីងាយៗខាងក្រោមនេះ មិត្តអ្នកអានអាចសាកល្បងអនុវត្តនិងជ្រើសរើសយកវិធីណាដែលអ្នកគិតថា ស័ក្តិសមសម្រាប់ខ្លួនអ្នកផ្ទាល់ ហើយធ្វើការអនុវត្តវាឲ្យបានជាប្រចាំ… សរសេរចេញនូវគំនិត និងអារម្មណ៍របស់អ្នក ត្រង់នេះមិនសំដៅលើការផុសនៅលើហ្វេសប៊ុក ឬបណ្តាញសង្គមណាមួយឡើយ គឺសំដៅលើការចាប់កាន់ប៊ិច និងក្រដាស ហើយចាប់ផ្តើមសរសេរនូវអារម្មណ៍និងអ្វីដែលអ្នកមាននៅក្នុងចិត្តទាំងអស់ ដោយកុំខ្វល់ពីអ្វីទាំងអស់ គ្រាន់តែឲ្យដៃរបស់អ្នក ភ្ជាប់ទំនាក់ទំនងទៅនឹងបេះដូង និងខួរក្បាលរបស់អ្នកតែម្យ៉ាង ជាពិសេសរឿងរ៉ាវដែលអ្នកគិតថា ពិបាកនឹងនិយាយចេញ ឬនៅពេលដែលមិនមាននរណាម្នាក់ចាំស្តាប់អ្នក។ ឈរលើជំហរ និងការគិតបែបវិជ្ជមាន មិនថាក្នុងកាលៈទេសៈបែបណា មិនថារឿងមួយអាចនឹងមានភាពអវិជ្ជមានខ្លាំងកម្រិតណា ក៏គង់តែមានចំណុចវិជ្ជមាននៅក្នុងនោះដែរ។ ជាក់ស្តែង បើអ្នកត្រូវសម្រេចកិច្ចការមួយក្នុងពេលដ៏ខ្លី ជំនួសដោយការគិតដែលមានសម្ពាធ និងមានអារម្មណ៍មិនល្អចំពោះវា អ្នកអាចគិតថា រយៈពេលកំណត់ខ្លីនេះ ជាកម្លាំងជំរុញទឹកចិត្តយ៉ាងមានប្រសិទ្ធភាព ក្នុងការធ្វើឲ្យអ្នកបញ្ចប់នូវកិច្ចការមួយនោះបានរហ័ស និងតាមកាលកំណត់។ កំណត់ពេលដើរលម្ហែឲ្យបានជាប្រចាំ បើសិនជាអាច អ្នកគួរតែសម្រាកការគិត និងដើរលម្ហែចិត្តរៀងរាល់២០នាទីម្តង ឬជាប្រចាំ ជាពិសេសអ្នកដែលធ្វើការដោយប្រើប្រាស់ខួរក្បាលច្រើន។ ការធ្វើបែបនេះ មិនត្រឹមតែធ្វើឲ្យចិត្តរបស់អ្នកបានធូរស្រាលពីសម្ពាធការងារនោះទេ ប្រសិទ្ធភាពការងារក៏អាចនឹងមានការរីកចម្រើនផងដែរនៅពេលដែលអ្នកផ្តល់ពេលសម្រាកដល់ខួរក្បាលអ្នកបានគ្រប់គ្រាន់។ មានមនុស្សដែលអ្នកអាចទុកចិត្ត និងចែករំលែករឿងរ៉ាវក្នុងចិត្តបាន មិនថាមានតិច ឬច្រើននោះទេ អ្នកគួរតែមាននរណាម្នាក់ដែលអ្នកជឿជាក់និងអាចចែករំលែកអ្វីគ្រប់យ៉ាងបាន ជាពិសេសពេលដែលមានទុក្ខសោក ឬបញ្ហាក្នុងចិត្ត ដើម្បីអាចឲ្យអ្នកមានអារម្មណ៍ថា«អ្នកមិនឯកាឡើយ»។ រំលឹករឿងវិជ្ជមានឲ្យបាន ៣ ពេលកំពុងមានអារម្មណ៍អវិជ្ជមាន ឲ្យតែជារឿងវិជ្ជមានដែលងាយនឹងរកនឹកឃើញ ទោះបីជាសាមញ្ញយ៉ាងណាក៏ដោយ អាចជារឿងដែលធ្វើឲ្យអ្នកសប្បាយចិត្ត ស្នាដៃដែលធ្វើឲ្យអ្នកមានមោទនភាព និងនរណាម្នាក់ដែលអ្នកស្រលាញ់ចូលចិត្ត ។ល។ ឆ្លើយតបនឹងសំឡេងក្នុងចិត្តរបស់អ្នកដោយឆ្លាតវៃបើសិនជាសំឡេងនោះកំពុងគិតអវិជ្ជមាន អ្នកគួរសាកល្បងគិតថា អ្នកជាមិត្តភក្តិម្នាក់របស់ខ្លួនអ្នកហើយសួរខ្លួនឯងថា «តើអ្នកនឹងផ្តល់យោបល់ ឬឆ្លើយតបបែបណា ចំពោះស្ថានភាពបែបនេះ?» ហើយធ្វើការថ្លឹងថ្លែងអំពីគំនិត ឬដំណោះស្រាយដែលល្អសម្រាប់ខ្លួនអ្នក។ សួរខ្លួនឯងថា «បន្ទាប់ពីនេះ តើនឹងអាចមានអ្វីខ្លះកើតឡើង?» ក្នុងករណីកំពុងមានបញ្ហាប្រឈមណាមួយដែលមិនមានអ្វីអាចកែប្រែ ឬធ្វើឲ្យប្រសើរបាន អ្នកត្រូវតែទទួលស្គាល់ការពិត ហើយជំនួសដោយការសម្ងំនៅសោកសៅចំពោះបញ្ហានោះ អ្នកអាចគិតបន្តទៅលើអ្វី ដែលនឹងកើតឡើងបន្ទាប់ពីបញ្ហានេះកើតមានឡើងដើម្បីអាចគិតគូរអំពីអ្វីដែលអ្នកអាចធ្វើបាន។ បណ្តុះទម្លាប់ល្អ មុនពេលចូលគេង បញ្ឈប់ការគិត និងព្រួយបារម្ភពីបញ្ហានានា (អ្នកអាចកត់ចំណំានូវបញ្ហាទាំងនោះដើម្បីបន្តការគិតនៅថ្ងៃស្អែកហើយប្រសិនបើនឹកឃើញអំពីគំនិតអ្វីមួយនោះអ្នកអាចសរសេរចេញមកឲ្យអស់ រហូតដល់ខួរក្បាលរបស់អ្នកលែងគិតអំពីរឿងរ៉ាវទាំងនោះទៀត)។ ទន្ទឹមនឹងគ្នានេះដែរ ការចៀសវាងការសម្លឹងមើលអេក្រង់ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចផ្សេងៗក៏ជាទង្វើដែលអ្នកគួរតែធ្វើ មុនពេលបិទភ្នែកចូលគេងផងដែរ។ ព្រោះថា…សុខភាពផ្លូវចិត្ត ក៏សំខាន់ដូចជាសុខភាពផ្លូវកាយផងដែរ… 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Mental Health​ & Entertainment
ទម្លាប់នៃការញ៉ាំអាហារចាប់ផ្តើមប្រែប្រួលតើត្រូវដោះស្រាយបែបណា?

ការឡើងទម្ងន់ ឬស្រកទម្ងន់ខ្លាំងពេកបានក្លាយជាកង្វល់របស់បុគ្គលភាគច្រើន ដោយសារតែការមិនអាចបង្ហាញដងខ្លួនដែលស្អាត ស៊ិចស៊ីដល់មនុស្សជុំវិញខ្លួនបាន។ មិនត្រឹមតែប៉ុណ្ណោះ ការចំអកឡកឡាយពីគ្រួសារ មិត្តភក្តិ ក្លាយជាសម្ពាធមួយ ដែលធ្វើឲ្យពួកគេស្វែងរកដំណោះស្រាយ ហើយមូលហេតុនៃបញ្ហាទម្ងន់ដែលគ្រប់គ្នា នឹងគិតដល់មុនគេនោះគឺអាហារ។ ហេតុដូច្នេះហើយ របបអាហារក៏ត្រូវចាប់ផ្តើមប្រែប្រួល ដោយបុគ្គលខ្លះធ្វើការតមអាហារយ៉ាងគំហុកដើម្បីសម្រកទម្ងន់ ឯអ្នកខ្លះទៀត ក៏ចាប់ផ្តើមបង្កើនបរិមាណនៃការញ៉ាំឲ្យបានច្រើនដើម្បីឲ្យទម្ងន់កើនឡើង។ សកម្មភាពនេះមើលទៅដូចជាមិនមានអ្វីប្លែកទេ ប៉ុន្តែបើអ្នកសង្កេតឲ្យបានម៉ត់ចត់ជាងនេះវាអាចជាសម្ពាធមួយដែលធ្វើឲ្យមនុស្សទាំងនោះទទួលរងនូវជំងឺផ្លូវចិត្តម្យ៉ាងដែលគេឲ្យឈ្មោះថា Eating Disorder។ តើធ្វើយ៉ាងម៉េចទើបអាចដឹងថាខ្លួនអ្នកមានជំងឺ Eating Disorder? ចម្លើយនេះ អ្នកដែលបានតាមដានទស្សនាវដ្តីហេលស៍ថាមលេខ ៧៧ ដែលចេញផ្សាយក្នុងខែមីនា ឆ្នាំ២០១៩ ប្រាកដជាបានដឹងនិងបានធ្វើតេស្តខ្លះៗហើយមែនទេ? តែសម្រាប់អ្នកដែលមិនទាន់បានអានវិញ អាចចូលអានអត្ថបទនេះតាមតំណនេះ៖ អ្នកអាចកំពុងមានជំងឺផ្លូវចិត្តទាក់ទង Eating Disorders សិនណាសឹមយើងទៅស្វែងយល់ជាមួយគ្នាបន្តពីដំណោះស្រាយនៃបញ្ហានេះ។ តើ Eating Disorder អាចព្យាបាលបែបណា? តោះ! បើបានដឹងថាខ្លួនមានបញ្ហានេះហើយ មកតាមដានទាំងអស់គ្នាពីការដោះស្រាយម្តង... - ការពិនិត្យសុខភាពទូទៅ៖ កង្វល់ធ្ងន់ធ្ងរជាងគេក្នុងការព្យាបាលជំងឺ Eating Disorder គឺការរកមើលថាតើមានបញ្ហាសុខភាពណាមួយទេ ដែលបណ្តាលមកពីការប្រែប្រួលទម្លាប់បរិភោគអាហារនេះ។ - ការបំពេញអាហារូបត្ថម្ភ៖ អ្នកជំងឺនឹងត្រូវបានណែនាំឲ្យបរិភោគតាមធម្មតាវិញហើយគ្រូពេទ្យនឹងរៀបចំគម្រោងអាហារផ្ទាល់ខ្លួនសម្រាប់អ្នកជំងឺម្នាក់ៗដើម្បីឲ្យទម្ងន់ត្រឡប់មកធម្មតាវិញ និងរក្សាទម្ងន់ដែលសមស្រប។ - ការព្យាបាលផ្នែកផ្លូវចិត្ត៖ ការព្យាបាលផ្នែកផ្លូវចិត្តរបស់អ្នកជំងឺ អាចមានទម្រង់ផ្សេងៗគ្នា ដោយមានការចូលរួមពីបុគ្គលខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ ឬមនុស្សនៅជុំវិញខ្លួន អាស្រ័យទៅតាមមូលហេតុនៃ Eating Disorder របស់អ្នកជំងឺនីមួយៗ។ ការព្យាបាលនេះ គឺជាផ្នែកមួយសំខាន់ក្នុងការធ្វើឲ្យអ្នកជំងឺមានឱកាសជាសះស្បើយឡើងវិញ និងព្យាបាលការប៉ះទង្គិចផ្លូវអារម្មណ៍របស់ពួកគាត់ហើយក៏អាចស្វែងរកគុណភាពជីវិតរបស់ខ្លួនឯងមកវិញផងដែរ។ - ការព្យាបាលដោយឱសថ៖ ឱសថមួយចំនួនអាចមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាអារម្មណ៍តានតឹងដែលអាចកើតឡើងរួមគ្នាជាមួយនឹងការប្រែប្រួលទម្លាប់នៃការញ៉ាំ។ បើទោះបីជាអ្នកបានដឹងពីវិធីសាស្រ្តក្នុងការព្យាបាលជំងឺ Eating Disorder នេះហើយក៏ដោយតែអ្នកមិនត្រូវភ្លេចធ្វើការតាមដានស្ថានភាពរបស់ខ្លួនជាមួយនឹងគ្រូពេទ្យជំនាញនោះឡើយ ព្រោះការព្យាបាលជំងឺនេះ គឺត្រូវការចំណាយពេលវេលាយូររួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់អ្នកផ្ទាល់ ព្រមទាំងការគាំទ្រពីក្រុមគ្រួសារ មិត្តភក្តិនិងមនុស្សជុំវិញខ្លួនផងដែរ។ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Mental Health​ & Entertainment Mental Health​ & Entertainment Mental Health​ & Entertainment
លេង Facebook យូរទៅធ្វើឲ្យបាក់ទឹកចិត្ត?

ធ្លាប់មានអារម្មណ៍ថា ច្រណែនមិត្តក្នុង Facebook មែនទេ? ធ្លាប់គិតថា ហេតុអ្វីខ្ញុំចំណាយពេលឥតប្រយោជន៍ច្រើនជាមួយ Facebookបែបនេះ? ហេតុអ្វី?.....តាមពិតមានហេតុផល ២យ៉ាងរវាងទំនាក់ទំនងនៃការបាក់ទឹកចិត្ត និងការប្រើប្រាស់ Facebook ដែលត្រូវបានបកស្រាយដូចខាងក្រោម៖ ១. ចំណាយពេលច្រើនពេក ការប្រើប្រាស់ហ្វេសប៊ុកដោយមានពេលវេលាត្រឹមត្រូវនិងក្នុងគោលបំណងប្រើប្រាស់ជាប្រយោជន៍ណាមួយច្បាស់លាស់ពិតជាមិនបានផ្តល់ជាបញ្ហាចោទនោះទេ។ ប៉ុន្តែភាគច្រើននៃអ្នកប្រើប្រាស់ដែលទទួលអារម្មណ៍អវិជ្ជមាន ពិសេសអាចបណ្តាលឲ្យបាក់ទឹកចិត្តនោះ គឺប្រើច្រើនលើសកម្រិត អូសចុះ អូសឡើង ជាពិសេសមិនបានបែងចែកពេលវេលាសម្រាប់ការប្រកបការងារ ឬរៀនសូត្រឲ្យមានប្រសិទ្ធភាពឡើយ ជាហេតុធ្វើឲ្យពួកគាត់តែងមានអារម្មណ៍ខុសឆ្គងចំពោះខ្លួនឯង ដែលមិនអាចប្រើប្រាស់ពេលវេលាឲ្យមានតម្លៃ បង្កើនចំណូល ឬបង្កើនចំណេះដូចអ្នកដទៃឬដូចដែលបានគ្រោងទុក។ ២. ចូលចិត្តប្រៀបធៀប ការសិក្សាមួយដែលត្រូវបានបោះពុម្ពផ្សាយក្នុងខែមិថុនា ឆ្នាំ២០១៦ នៃ Current Opinion in Psychology បានរកឃើញថាភាពច្រណែនមិត្តភក្តិក្នុង Facebook អាចបណ្តាលឲ្យកើតជាជំងឺបាក់ទឹកចិត្ត។ តាមរយៈ ការអូសចុះឡើង New Feeds ដែលសុទ្ធតែជារូបភាពពោរពេញដោយសុភមង្គលភាពជោគជ័យនានា ដំណើរកម្សាន្តក្រៅប្រទេស គូស្នេហ៍ដ៏ផ្អែមល្អែម ឡើងតំណែងការងារ ជាប់អាហារូបករណ៍ទៅសិក្សាក្រៅប្រទេស រាងកាយដ៏ស្រលូន ស៊ិចស៊ីចំពោះនារី ឬរាងកាយសម្បូរទៅដោយសាច់ដុំចំពោះបុរស។ល។ សុទ្ធតែអាចបណ្តាលឲ្យអ្នកទទួលអារម្មណ៍ច្រណែន ប្រៀបធៀបជីវិតអ្នកជាមួយគេព្រមទាំងប្រាថ្នាឲ្យបានដូចគេទៀតផង។ ពេលខ្លះ អ្នកតែងគិតថាហេតុអ្វីពិភពលោកនេះលម្អៀងចំពោះអ្នកម្ល៉េះ? ហេតុអ្វីអ្នកមិនអាចទទួលបានភាពរីករាយដូចគេ? ក្នុងករណីអ្នកកំពុងមានអារម្មណ៍អវិជ្ជមានបែបនេះសូមព្យាយាមអនុវត្តការគិតនិងដាក់ផែនការចំពោះខ្លួនឯងដូចខាងក្រោមដើម្បីទទួលបានអារម្មណ៍ប្រសើរឡើងវិញ៖ - ព្យាយាមកាត់បន្ថយការប្រើប្រាស់ Facebook បែបអកម្ម (Passive User) ដែលគ្រាន់តែអូសចុះឡើងដើម្បីមើលថាមានអ្វីខ្លះដែលបានកើតឡើងចំពោះមិត្តភក្តិអ្នក - កំណត់ពេលវេលាប្រើប្រាស់ឲ្យបានច្បាស់លាស់ និងប្រើក្នុងពេលកំណត់មួយ (ក្នុងករណីជា Passive User) - ត្រូវសប្បាយរីករាយ និងត្រេកអរជាមួយការទទួលបានរបស់មិត្តភក្តិអ្នក តែមិនមែនច្រណែននោះទេ - ត្រូវគិតថា ការបង្ហាញចេញរបស់មិត្តភក្តិអ្នកក្នុងបណ្តាញសង្គម គ្រាន់ជាផ្នែកមួយនៃជីវិតរបស់ពួកគេប៉ុណ្ណោះ។ គ្មាននរណាម្នាក់នឹងបង្ហាញភាពឥតខ្ចោះនៃគ្រួសារ ឬជីវិតផ្ទាល់ខ្លួនទៅឲ្យអ្នកដទៃដឹងឡើយ! ជីវិតពោរពេញទៅដោយភាពផ្អែមល្អែម ល្វីង ជូរចត់ដូចគ្នា។ ម៉្យាងអ្នកត្រូវចាំថា ជីវិតរបស់បុគ្គលម្នាក់ៗលើលោកយើងនេះមានវាសនាមិនដូចគ្នាទេ ចំណែកការកំណត់និយមន័យជោគជ័យ និងសុភមង្គលកាន់តែផ្សេងគ្នាទៀត ប៉ុន្តែសំខាន់អ្នកត្រូវចេះប្រើប្រាស់ពេលវេលាប្រចាំថ្ងៃអ្នកឲ្យអស់លទ្ធភាព ព្រមទាំងរីករាយនូវអ្វដែលអ្នកកំពុងមាន និងព្យាយាមសម្រេចនូវអ្វីដែលអ្នកប្រាថ្នានាពេលអនាគត។ Facebook មិនមែនជាកត្តាបង្កហេតុទេ ប៉ុន្តែការប្រើប្រាស់មិនត្រឹមត្រូវទៅវិញទេដែលជាបញ្ហាប្រឈមសំខាន់បណ្តាលឲ្យបាក់ទឹកចិត្តដោយមិនដឹងខ្លួន។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Mental Health​ & Entertainment Mental Health​ & Entertainment
តើអ្នកជំងឺបាក់ទឹកចិត្តចង់ឮ និងមិនចង់ឮសម្តីបែបណា?

បច្ចុប្បន្ន ជំងឺបាក់ទឹកចិត្តបានកំពុងធ្វើការវាយប្រហារយ៉ាងខ្លាំង មិនថាអ្នកជាអ្នកណា ជាអ្នកមាន អ្នកក្រ ក្មេង ចាស់ ប្រុស ឬស្រីនោះឡើយ។ ជួនកាល ជំងឺនេះអាចកំពុងស្ថិតនៅជាមួយមិត្តភក្តិ ឬមនុស្សជាទីស្រលាញ់របស់អ្នកទៀតផង។ ប្រាកដណាស់អ្នកពិតជាចង់ជួយពួកគេឲ្យចៀសផុតពីឃាតករលាក់មុខនេះ ប៉ុន្តែពេលខ្លះអ្នកមិនដឹងថាគួរត្រូវនិយាយអ្វីទៅកាន់ពួកគេនោះឡើយ។ ហេតុនេះប្រសិនបើអ្នកមិនប្រាកដថាត្រូវនិយាយអ្វី សូមព្យាយាមប្រើឃ្លាទាំងនេះដើម្បីបង្ហាញការគាំទ្ររបស់អ្នកដល់ពួកគេ៖ ខ្ញុំគឺនៅទីនេះដើម្បីអ្នក ជាពាក្យសម្តីដែលងាយនិយាយ ហើយថែមទាំងមានឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងចំពោះពួកគាត់ ដោយហេតុថាឃ្លានេះហាក់ដូចជាបានជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកនិងគាត់។ អ្នកដែលមានជំងឺបាក់ទឹកចិត្តតែងមានអារម្មណ៍ឯកការ គ្មានអ្នកកំដរ គ្មានអ្នកដែលអាចទុកចិត្តបានដើម្បីនិយាយប្រាប់អំពីបញ្ហាដែលកំពុងប្រឈមរាល់ថ្ងៃ។ ដូច្នេះ អ្នកអាចជួយពួកគេតាមរយៈសកម្មភាពតូចតាចប្រចាំថ្ងៃ មានដូចជាចាប់ផ្តើមសន្ទនាគ្នារាល់ថ្ងៃ ដើរលេងជាមួយគ្នា ណាត់គ្នាមើលកុន ឬអាចជូនគាត់ទៅជួបគ្រូពេទ្យជាដើម។ នេះមិនមែនជាកំហុសអ្នកទេ អនុញ្ញាតឲ្យមនុស្សជាទីស្រលាញ់របស់អ្នកបានដឹងថា ពួកគេមិនគួរត្រូវបានស្តីបន្ទោសឡើយ ព្រោះការពិតជំងឺបាក់ទឹកចិត្តមិនមែនជាជម្រើស។ វាមិនមែនជាជំងឺដែលត្រូវបានចម្លងដូចជំងឺផ្តាសាយឡើយ ផ្ទុយមកវិញមនុស្សភាគច្រើនដែលមានជំងឺបាក់ទឹកចិត្តមានអារម្មណ៍ថាពួកគេបានធ្វើអ្វីមួយខុសឆ្គងដែលបណ្តាលឲ្យមានជំងឺនេះ។ ការប្រាស្រ័យទាក់ទងដោយក្ដីស្រលាញ់ដែលកើតចេញការយល់ដឹងរបស់អ្នកចំពោះបញ្ហានេះពិតជាអាចជួយពួកគេកាត់បន្ថយការស្តីបន្ទោសខ្លួនឯង និងអាចឈានដល់ការបំបាត់អារម្មណ៍ខុសឆ្គងមួយនេះផងដែរ។ ខ្ញុំពិតជាចង់ទៅជាមួយអ្នក ជំងឺបាក់ទឹកចិត្តអាចបណ្តាលឲ្យអស់កម្លាំង ល្ហិតល្ហៃយល់ថាខ្លួនគ្មានតម្លៃ មានកំហុសឆ្គង និងពិបាកផ្ចង់អារម្មណ៍។ រោគសញ្ញាទាំងនេះជ្រៀតជ្រែកទៅដល់ទម្លាប់ប្រចាំថ្ងៃនៃផែនការព្យាបាលរបស់ពួកគេ ដូចជាការណាត់ជួបវេជ្ជបណ្ឌិត ការប្រើប្រាស់ថ្នាំ ធ្វើលំហាត់ប្រាណ ឬផែនការនៃការព្យាបាលជាដើម។ រោគសញ្ញានៃជំងឺបាក់ទឹកចិត្តក៏អាចធ្វើឲ្យអ្នកជំងឺផ្ទាល់មានអារម្មណ៍ថាបានដាក់បន្ទុកលើមនុស្សដែលពួកគេស្រលាញ់ផងដែរ។ ហេតុនេះដំណោះស្រាយដែលអ្នកអាចជួយមនុស្សជាទីស្រលាញ់អ្នកបានគឺ ណាត់ជួបគ្រូពេទ្យ និងកំដរពួកគាត់ទៅជាមួយគ្នា។ ការធ្វើបែបនេះកាន់តែធ្វើឲ្យពួកគេមានអារម្មណ៍កក់ក្តៅមិននៅដាច់តែឯង និងយល់ថាមានមនុស្សកំពុងយកចិត្តទុកដាក់ចំពោះពួកគេពិតប្រាកដមែន។ តើខ្ញុំអាចជួយអ្នកបានតាមវិធីណា? វាជាសំណួរមួយដ៏ល្អដើម្បីសួរមនុស្សជាទីស្រលាញ់របស់អ្នកថាតើ អ្នកអាចជួយពួកគេបានអ្វីខ្លះ។ ការងារដែលអ្នកអាចជួយបានគឺអាចជាការងារប្រចាំថ្ងៃមានដូចជា ការបោកគក់ ការថែទាំសត្វចិញ្ចឹម ការសម្អាតផ្ទះ។ ទង្វើនេះអាចបង្ហាញថាអ្នកចង់ឲ្យមនុស្សជាទីស្រលាញ់របស់អ្នកមានអារម្មណ៍ថាបានទទួលការគាំទ្រ និងថែទាំក្នុងអំឡុងពេលព្យាបាល។ ការជួយកិច្ចការតូចៗបែបនេះប្រហែលជាមិនសូវសំខាន់ទេ ប៉ុន្តែវាក៏ជាកត្តាជំរុញដល់ការចូលរួមក្នុងផែនការព្យាបាលផងដែរ។ មិននិយាយអ្វីទាំងអស់ ជាកាដូដ៏អស្ចារ្យសម្រាប់ពួកគេ ជួនកាល ភាពស្ងៀមស្ងាត់ពិតជាទង្វើល្អបំផុតដែលអ្នកអាចធ្វើបាន គឺគ្រាន់តែបង្ហាញវត្តមានរបស់អ្នកនៅក្បែរពួកគេដោយមិនចាំបាច់និយាយអ្វីទាំងអស់ ប៉ុន្តែធ្វើជាអ្នកស្តាប់ដ៏ល្អ ឬគ្រាន់តែបង្ហាញការយកចិត្តទុកដាក់តាមរយៈកាយវិការយកចិត្តទុកដាក់ដោយគិតចាប់ពីការធ្វើរឿងតូចតាចឡើងទៅ។ បន្ថែមពីនេះ អ្នកក៏ត្រូវចៀសវាងសម្តីនិងសំណួរមួយចំនួនដូចជា៖  1. តើអ្នកមិនយល់ថា អ្នកជាមនុស្សដែលសំណាងយ៉ាងណាទេ?  2. ហេតុអ្វីអ្នកចូលចិត្តគិតរឿងតូចតាច ឲ្យក្លាយជារឿងធំម្ល៉េះ?  3. តើអ្នកមានអារម្មណ៍គ្រាន់បើហើយឬនៅ?  4. តើមានបញ្ហាអ្វីចំពោះអ្នក?  5. តើអ្នកចាំបាច់ព្រួយបារម្ភអ្វីខ្លាំងយ៉ាងនេះ? អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Mental Health​ & Entertainment Mental Health​ & Entertainment Mental Health​ & Entertainment
ចូលឆ្នាំខ្មែរដេកផ្ទះ តើគួរធ្វើអ្វីខ្លះ?

មុខអ្នកចុចមើលអត្ថបទហ្នឹងដឹងតែដេកផ្ទះស្អាតហ្មងចូលឆ្នាំហ្នឹង រួមទាំងអ្នកសរសេរផងដែរ ដេកផ្ទះទៀតហើយឆ្នាំហ្នឹង។ កនយើងអើយ! មិនបានទៅណាចូលឆ្នាំ ហើយនៅដេកផ្ទះដូចគ្នាអ៊ីចឹងបានយើងយល់គ្នាត្រូវទេ? យ៉ាងណាៗ កុំឲ្យនៅផ្ទះអផ្សុក ហើយទៅច្រណែនអ្នកដើរលេងនោះ មកអានអត្ថបទនេះថាតើចូលឆ្នាំគួរធ្វើអ្វីខ្លះ ដើម្បីបន្លប់កុំឲ្យកើតទុកមិនសុខចិត្ត មិនបានទៅណាហ្នឹងគេនុះ! ១. ជប់លៀង បើថាជ្រុលមិនបានដើរលេងហើយ នៅផ្ទះជប់លៀងឲ្យណាណីម្តងមើល! ក្នុងឱកាសសម្រាកចូលឆ្នាំ អ្នកប្រាកដជាបានជួបជាមួយគ្រួសារ សាច់ញាតិ បងប្អូនខ្លះ ហើយឆ្លៀតពេលហ្នឹង រៀបចំញ៉ាំអីជុំគ្នាទៅ។ អ្នកអាចសាករៀបចំជប់លៀងបែបគ្រួសារ ឬមិត្តភក្តិ បែបតូចតាច ដូចជាអាំងសាច់ប៊ីប៊ីឃ្យូ មាន់ដុត អីអ៊ីចឹងទៅ ហើយរើសមុខម្ហូបតាមចិត្តដែលអ្នកចង់។ តាមពិតទៅ ការរៀបចំនេះក៏ជួយបង្កើនភាពស្រស់ស្រាយ និងសិ្នតស្នាលរវាងគ្រួសារ ឬមិត្តភក្តិជាដើម រួមទាំងបង្កើនភាពសប្បាយរីករាយ ក្នុងឱកាសចូលឆ្នាំខ្មែរ ដែលបានសម្រាកគ្រប់គ្នាផងដែរ។ ២. លេងល្បែងផ្សេងៗ និយាយរួចមុនហ្នឹងហើយថាមានឱកាសជុំគ្នាច្រើន រួចប្រាកដជាអាចលេងល្បែងកំដរខ្លះៗដូចជា បៀរ ខ្លាឃ្លោកជាដើម ហើយប្រសិនបើរៀងទាន់សម័យទៀតអាចមានជា UNO, JENGA, MONOPOLY និងរបស់លេងផ្សេងៗច្រើនទៀត សម្រាប់លេងជាមួយគ្នាច្រើន។ ប៉ុន្តែយើងមិនគាំទ្រនូវល្បែងស៊ីសងនោះទេ ព្រោះយើងគ្រាន់តែចង់ណែនាំនូវល្បែងខ្លះ សម្រាប់លេងកំដរបរិយាកាស កុំឲ្យអផ្សុកតែប៉ុណ្ណោះ។ ៣. មើលរឿង មិនងាយមានឱកាសបានឈប់ទេលោកអើយ! អ្នកដែលនិយមចូលចិត្តមើលរឿង ឬភាគដ្រាម៉ាអី ត្រូវម៉ាច់ហើយបានថ្ងៃឈប់ច្រើនថ្ងៃចឹងមើលឲ្យណាណីទៅ! ជាការពិតមួយ សម្រាប់អ្នកចូលចិត្តមើលរឿង គឺរកតែពេលទំនេរ អាលបានតភាគ ឬមើលរឿងថ្មីទៀត ហើយសម្រាប់អ្នកមិនសូវស្គាល់កន្លែងសម្រាប់មើលរឿង យើងមានកម្មវិធីខ្លះនៅខ្មែរសម្រាប់មើល ដូចជា NETFLIX, IFLIX, SOYO, JAIKON,... ប៉ុន្តែទាំងអស់នេះអត់ហ្វ្រីទេ ប៉ុន្តែក៏មាន Websites ជាច្រើនសម្រាប់មើលបានហ្រ្វីៗផងដែរ។ តោះចាំកាល!  ៤. អានសៀវភៅ ក្រៅពីអ្នកដែលចូលចិត្តមើលរឿង ក៏មានអ្នកចូលចិត្តអានសៀវភៅដែរ (អង់គ្លេសហៅថា BOOKWORM នុះអី!) ហើយជឿថាក៏មានអ្នកអានច្រើនប្រភេទដែរ ដូចអ្នកខ្លះចូលចិត្តអានប្រលោមលោក សៀវភៅត្លុក សៀវភៅបែបអភិវឌ្ឍខ្លួន សៀវភៅសម្រាប់រៀនក៏មាន ព្រោះនិយាយរួមទៅចំណូលចិត្តអ្នកអានខុសគ្នា ប៉ុន្តែសរុបមកវិញ អ្នកក៏អាចចាយពេលសម្រាកច្រើនថ្ងៃមកអានសៀវភៅកំដរដែរ មិនថាសៀវភៅប្រភេទណាទេពួកវាសុទ្ធតែមានប្រយោជន៍ដូចគ្នា។ មេឃក្តៅណាស់ ដើរលេងអីទេ នាំខូចស្បែក! មិនបាច់ទៅណាទេ! ដេកផ្ទះ ផឹកកាហ្វេទឹកកក តែទឹកកក អានសៀវភៅបានស្ទាវ!  ៥. លេងហ្គេម Online គាស់គីឡូ ប្រមូលគ្នាដេកផ្ទះហ្នឹង មកលេងហ្គេម Online ជុំគ្នាទៀត បានកាន់តែស្ទាវ ប៉ុន្តែ យើងក៏ជឿថា មិនមែនគ្រប់គ្នាទេ ដែលលេងហ្គេម Online ដូចជា PUBG, Rule of Survival, DOTA, Warcraft, Dynasty Worrior, GTA, Clash of Clans,... មានច្រើនណាស់ស្គាល់មិនអស់ទេបងប្អូនអើយ! និយាយមកវិញ ចង់ថាទាន់មានពេលដេកផ្ទះបានយូរ កុំឲ្យខាតពេលផង អ្នកមានគ្នា គាស់គីឡូមក អាលបានបាញ់ កាប់ ចាក់គ្នាលេង ហាហា៎! ហើយអ្នកអត់ដែលលេង អាចសាកលេងសាកមើលក្រែងលបានវក់ហ្នឹងគេដែរ។ អានហើយនៅ មុខអ្នកអត់បានដើរលេងទាំងឡាយ? យើងកំសត់ដូចគ្នាទេ បានយើងយល់ចិត្ត ហើយសរសេររៀបរាប់ចេញនូវអត្ថបទមួយនេះ។ ក្នុងឱកាសចូលឆ្នាំ កុំទៅតូចចិត្តតូចថ្លើម អត់មានបានដើរលេងហ្នឹងគេអី! យើងមកមើលរករបស់លេងសប្បាយៗវិញធ្វើម៉េចបើវាសនាមនុស្សយើងខុសគ្នាទៅហើយ។ សូមសុខសប្បាយគ្រប់គ្នាទាំងអ្នកធ្វើដំណើរ និងអ្នកដេកផ្ទះណ៎ា! ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Mental Health​ & Entertainment
អ្នកអាចកំពុងមានជំងឺផ្លូវចិត្តទាក់ទង Eating Disorders

នាពេលបច្ចុប្បន្ន មនុស្សជាច្រើនបានកំពុងព្យាយាមសម្រកទម្ងន់ ដើម្បីទទួលបានរាងកាយតូចច្រឡឹងដូចជាតារាម៉ូឌែល ដោយពួកគេយល់ថាកាន់តែស្គមកាន់តែស្អាត។ ហេតុនេះការបង្អត់អាហារជាជម្រើសទីមួយដែលពួកគេគិតដល់! ប៉ុន្តែសតិអារម្មណ៍ដែលតែងស្រមៃដល់ការសម្រកទម្ងន់នេះបានធ្វើឲ្យពួកគេមានបញ្ហាផ្លូវចិត្តមួយប្រភេទឈ្មោះថា Eating Disorders។ Eating Disorders គឺជាជំងឺផ្លូវចិត្តដែលប៉ះពាល់ដល់អារម្មណ៍ដែលអ្នកមានចំពោះអាហារ និងរបៀបដែលអ្នកមានគិតអំពីរាងកាយរបស់អ្នកផ្ទាល់។ វានឹងបង្កជាបញ្ហាធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់សុខភាពរាងកាយ និងចិត្ត ព្រមទាំងអាចជះឥទ្ធិពលដល់សកម្មភាពប្រចាំថ្ងៃ ការងារ ទំនាក់ទំនងគ្រួសារ សង្គម និងអាចគំរាមកំហែងដល់អាយុជីវិតទៀតផង។ ជាទូទៅអ្នកដែលកំពុងមានបញ្ហាជាមួយ Eating Disorders  តែងទទួលបាននូវអារម្មណ៍អវិជ្ជមានដូចខាងក្រោម៖ • ពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ និងពិបាកក្នុង  ការដោះស្រាយបញ្ហាដែលកំពុងប្រឈម • អន្ទះអន្ទែង រសេះរសោះ • មានអារម្មណ៍ខ្មាសអៀន ខុសឆ្គង ឬបរាជ័យ ក្នុងកិច្ចការងារ • កាន់តែមានការប្រុងប្រយ័ត្ន ដោយយល់ថាអ្នក ដទៃកំពុងមើល និងតាមដានខ្លួន • ភ័យខ្លាច និងបាត់បង់ទំនុកចិត្ត • គិតច្រើន និងខ្វល់ខ្វាយជានិច្ច • យល់ថាឯកា  គ្មានទីកន្លែងណាដែលស័ក្តិសម។ លទ្ធផលផ្លូវចិត្តទាំងអស់នេះសុទ្ធតែបណ្តាលមកពីភាពប្រែប្រួល និងការខូចខាតសុខភាពរាងកាយ ដែលមានជាការប្រែប្រួលអ័រម៉ូន និងភាពមិនប្រក្រតីនៃដំណើរការរបស់សរីរាង្គផ្សេងៗ។ សូមសាកល្បងឆ្លើយនឹងសំណួរ ៩ ខាងក្រោម ដើម្បីបញ្ជាក់ថាតើអ្នកកំពុងមានបញ្ហានេះ ឬយ៉ាងណា៖ 1. តើអ្នកតែងតែគិតអំពីចំណីអាហារដែលត្រូវញ៉ាំ ការតមអាហារ និងទម្ងន់មែនទេ? 2. តើអ្នកឧស្សាហ៍បង្អត់អាហារខ្លួនឯង បើទោះជាឃ្លានក៏ដោយ? 3. តើអ្នកតែងបន្ទោសខ្លួនឯង និងស្តាយក្រោយជានិច្ច បន្ទាប់ញ៉ាំអាហាររួច (ដោយគិតថាអ្នកមិនគួរញ៉ាំល្អជាង)? 4. រាល់ពេលអ្នកញ៉ាំអាហារម្តងៗ តើអ្នកមិនអាចគ្រប់គ្រងបរិមាណដែលអ្នកគួរញ៉ាំបានមែនទេ? 5. តើអ្នកមានអារម្មណ៍សប្បាយរីករាយ នៅពេលអ្នកមិនបានញ៉ាំអាហារឬ? 6. តើអ្នកតែងមានអារម្មណ៍ស្មុគស្មាញ និងពិបាកចិត្ត ប្រសិនបើអ្នកមិនបានស្រកដល់ទម្ងន់ដែលអ្នកចង់បាន? 7. តើវដ្តរដូវរបស់អ្នកតែងមកមិនទៀង និងខកខានជានិច្ចមែនទេ (ចំពោះស្ត្រី)? 8. តើអ្នកតែងព្យាយាមប្រើប្រាស់វិធីសាស្ត្រជម្រុះអាហារដែលអ្នកបានបរិភោគរួចចោល ដោយអាចមានជាវិធីសាស្រ្តក្អួតចេញ ប្រើថ្នាំធ្វើឲ្យរាក ថ្នាំបញ្ចុះទឹកនោម ឬលាមក? 9. តើអ្នកបានសង្កេតឃើញថាខ្លួនឯងមានសញ្ញានៃការមិនបានទទួលសារជាតិចិញ្ចឹមពីអាហារគ្រប់គ្រាន់ ដែលអាចមានជា   ជ្រុះសក់ ស្បែកស្ងួត អស់កម្លាំង វិលមុខមែនឬទេ? ប្រសិនបើអ្នកបានកំពុងតែមានសញ្ញាទាំងនេះ សូមពិភាក្សាជាមួយអ្នកជំនាញ និងក្រុមគ្រូពេទ្យឲ្យបានកាន់តែឆាប់កាន់តែប្រសើរ។ ថ្វីត្បិតការសម្រកទម្ងន់គឺជាគោលដៅដែលអ្នកចង់បាន ប៉ុន្តែសុំកុំបណ្តោយឲ្យបញ្ហានេះគ្រប់គ្រងលើរូបអ្នកវិញឲ្យសោះ! ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Mental Health​ & Entertainment
សញ្ញាបញ្ជាក់ពីជំងឺភ័យខ្លាចក្រោ​​​​​យ​​​​មា​ន​​​គ្រោះ​​​​ថ្នាក់

ជំងឺភ័យខ្លាចក្រោយពេលមានគ្រោះថ្នាក់ ឬ​ Post-Traumatic Stress Disorder (PTSD) គឺជាបញ្ហាសុខភាពផ្លូវចិត្តដែលត្រូវបានបង្កឡើងដោយព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់មួយដែលអ្នកបានឆ្លងកាត់ ឬបានឃើញហេតុការណ៍ណាមួយដោយផ្ទាល់ ហើយវាហាក់បីដូចជានៅដក់ជាប់ក្នុងខួរក្បាល និងលងបន្លាចអ្នកជានិច្ច។ រោគសញ្ញាដែលអ្នកជំងឺតែងជួបប្រទះមានដូចជាភាពញឹកញាប់នៃការរំឭកហេតុការណ៍នោះឡើងវិញសុបិន្តអាក្រក់ និងការថប់បារម្ភកម្រិតធ្ងន់ធ្ងរ ព្រមទាំងមិនអាចគ្រប់គ្រងការគិតអំពីព្រឹត្តិការណ៍នោះបាន។ ជំងឺភ័យខ្លាចនេះអាចបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរណាស់ដល់សុខភាពផ្លូវចិត្ត ផ្លូវកាយ សមត្ថភាពក្នុងការធ្វើការងារប្រចាំថ្ងៃ ការប្រាស្រ័យទាក់ទងក្នុងសង្គម ហើយពេលខ្លះអាចឈានដល់ការធ្វើអត្តឃាតទៀតផង ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលឲ្យបានទាន់ពេលវេលានោះទេ។   បើយោងតាមមជ្ឈមណ្ឌលជាតិព្យាបាលជំងឺ PTSD របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ដើម្បីព្យាបាលជំងឺនេះឲ្យកាន់តែមានប្រសិទ្ធភាព អ្នកជំងឺត្រូវទទួលការព្យាបាលពីរប្រភេទ គឺការព្យាបាលដោយប្រើប្រាស់ថ្នាំ និងមិនប្រើប្រាស់ថ្នាំ។ ខណៈពេលដែលការសិក្សាជាច្រើនបានបង្ហាញថាការប្រើប្រាស់ថ្នាំបានជួយបំបាត់រោគសញ្ញាបានលឿន ចំណែកការព្យាបាលដោយមិនប្រើប្រាស់ថ្នាំក៏អាចជួយសម្រាលអាការៈយ៉ាងសន្សឹមៗ និងមានប្រសិទ្ធភាពផងដែរ។ ម៉្យាងវិញទៀត អ្នកជំងឺត្រូវប្រញាប់ស្វែងរកការព្យាបាលឲ្យបានកាន់តែឆាប់កាន់តែប្រសើរ ដោយហេតុថាការព្យាបាលនៅដំណាក់កាលដំបូងអាចទទួលបានប្រសិទ្ធភាពខ្ពស់ ហើយងាយក្នុងការព្យាបាល។ ដូច្នេះ ដើម្បីជាជំនួយក្នុងការបញ្ជាក់ថាអ្នកកំពុងមានជំងឺនេះ អ្នកអាចឆ្លើយនឹងសំណួរចំនួន ៨ ខាងក្រោម។ ប្រសិនបើអ្នកឆ្លើយថា “យល់ព្រម” ចាប់ពី ៣ សំណួរឡើងទៅ នោះអ្នកប្រហែលជាអាចមានជំងឺភ័យខ្លាចពិតប្រាកដមែន ហេតុនេះអ្នកចាំបាច់គួរតែទៅជួបជាមួយគ្រូពេទ្យជំនាញដើម្បីពិនិត្យ និងព្យាបាលឲ្យបានត្រឹមត្រូវ។ សំណួរទាំងនោះមានដូចតទៅ៖ ១. តើអ្នកធ្លាប់ជួបប្រទះជាមួយព្រឹតិ្តការណ៍ដែលអាចគ្រោះថ្នាក់ដល់ជីវិត ឬការរំលោភបំពានផ្លូវកាយ និងផ្លូវចិត្តដែរទេ? ២. តើព្រឹតិ្តការណ៍ទាំងនោះបានធ្វើឲ្យអ្នកមានអារម្មណ៍ភ័យខ្លាច ឬធ្វើឲ្យ អ្នកអស់សង្ឃឹមយ៉ាងខ្លាំងក្នុងជីវិតមែនទេ? ៣.តើអ្នកពិបាកក្នុងការជម្រុះចោលហេតុការណ៍ទាំងនោះចេញពីជីវិតមែនទេ? ៤. តើអ្នកយល់ថា អ្នកងាយភ្ញាក់ផ្អើល មានភាពឆេវឆាវ តានតឹង ឆាប់ខឹងជាងកាលពីមុនដែលអ្នកមិនទាន់ជួបព្រឹត្តិការណ៍នេះមែនទេ? ៥. តើអ្នកតែងព្យាយាមចៀសពីសកម្មភាព ឬមនុស្សម្នាទាំងឡាយដែលធ្វើឲ្យអ្នកអាចគិតដល់ព្រឹតិ្តការណ៍នោះឡើងវិញមែនទេ? ៦. តើបញ្ហាពិបាកគេង ឬពិបាកក្នុងការផ្ចង់អារម្មណ៍របស់អ្នកកាន់តែមានភាពធ្ងន់ធ្ងរជាងពេលដែលអ្នកមិនទាន់ជួបព្រឹតិ្តការណ៍នោះមែនទេ? ៧. តើអាការៈនេះកើតឡើងរយៈពេលលើសពី១ខែហើយមែនទេ? ៨. តើបញ្ហានេះបណ្តាលឲ្យអ្នកពិបាកក្នុងការធ្វើការងារប្រចាំថ្ងៃ និងការងារផ្សេងៗទៀតមែនឬទេ? ប្រសិនបើអ្នកមានការស្ទាក់ស្ទើរក្នុងការស្វែងរកជំនួយ សូមចងចាំក្នុងចិត្តថា  PTSD មិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ ហើយវិធីតែមួយគត់ដើម្បីយកឈ្នះវាបានគឺ ហ៊ានប្រឈមមុខនឹងអ្វីដែលបានកើតឡើងចំពោះអ្នក ព្រមទាំងរៀនទទួលស្គាល់ថាវាជាផ្នែកមួយនៃអតីតកាលរបស់អ្នកតែប៉ុណ្ណោះ។ គួរបញ្ជាក់ថា ដំណើរការនេះនឹងកាន់តែមានភាពងាយស្រួលនៅពេលដែលអ្នកទទួលបានការណែនាំ និងការគាំទ្រពីអ្នកជំនាញ ឬគ្រូពេទ្យឯកទេស។​ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Mental Health​ & Entertainment Mental Health​ & Entertainment
លំហាត់ប្រាណដែលអ្នកមានបញ្ហាផ្លូវចិត្តគួរធ្វើ

សម្រាប់អ្នកដែលមានបញ្ហាផ្លូវចិត្ត ដូចជាបញ្ហាថប់អារម្មណ៍ និងជំងឺធ្លាក់ទឹកចិត្ត វិធីព្យាបាលរបស់ពួកគាត់ គឺការជួបពិគ្រោះជាមួយអ្នកជំនាញ និងប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា។ បន្ថែមពីលើនេះ ការធ្វើលំហាត់ប្រាណក៏ជាចំណែកមួយដ៏សំខាន់ក្នុងការជួយសម្រួលដល់បញ្ហាផ្លូវចិត្ត ជាពិសេសអារម្មណ៍ដែរដោយហេតុថា កាលណាអ្នកធ្វើលំហាត់ប្រាណជាប្រចាំនោះ សុខភាពផ្លូវកាយ និងចិត្តរបស់អ្នកនឹងកាន់តែមានភាពស្និទ្ធស្នាលជាមួយគ្នាដែលនឹងបង្កជាផលវិជ្ជមានដល់ជីវិតរបស់អ្នក។  ជាក់ស្តែង ការសិក្សាស្រាវជ្រាវមួយចំនួនបានរកឃើញថា «លំហាត់ប្រាណជាប្រចាំជួយបន្ធូរនូវអារម្មណ៍ក្រៀមក្រំរបស់អ្នកមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ» ហើយឥទ្ធិពលរបស់វា គឺមានយូរជាងថ្នាំរម្ងាប់អារម្មណ៍ទៅទៀត។ ប្រសិនបើអ្នកចង់ដឹងថាមាន លំហាត់ប្រាណបែបណាខ្លះល្អសម្រាប់អ្នកមានបញ្ហាផ្លូវចិត្តនោះសូមតាមដានអានជាមួយគ្នា… យោគៈ យោគៈ ជាទូទៅ គឺធ្វើឲ្យមានអារម្មណ៍ថាស្រណុកកាយ និងចិត្ត ហើយឥទ្ធិពលរបស់វា មានរយៈពេលវែង។ មានការសិក្សាមួយបានបង្ហាញដែរថា អ្នកដែលចូលរួមក្នុងការហាត់យោគៈជាប្រចាំ ពិតជាមានអារម្មណ៍ធូរស្បើយអំពីបញ្ហាថប់់អារម្មណ៍ ជំងឺធ្លាក់ទឹកចិត្ត កំហឹង និងបញ្ហាប្រព័ន្ធប្រសាទផ្សេងៗផងដែរ។ ជាក់ស្តែង យោគៈច្រើនតែជាការដកដង្ហើមវែងៗ និងការផ្តោតសំខាន់ទៅលើផ្នែកខាងក្នុងនៃរាងកាយ ដែលពិតជាមានគុណប្រយោជន៍សម្រាប់អ្នកមានបញ្ហាផ្លូវចិត្ត។ ការរត់ មនុស្សភាគច្រើនចាប់ផ្តើមរត់មួយភ្លែត (រត់ម៉ាអស់ជើង) ឬរត់ត្រឹកៗមួយរយៈពេល រាល់ពេលដែលមានអារម្មណ៍ពិបាកចិត្ត។ នេះគឺពិតជាជម្រើសដ៏ល្អ ដោយហេតុថា ការរត់នឹងធ្វើឲ្យអ្នកបញ្ចេញនូវអង់ដូហ្វីន (Endorphins) ដែលជាអ័រម៉ូនជំរុញឲ្យមានអារម្មណ៍ល្អ ហើយមិនខុសពីយោគៈដែរ វាមានឥទ្ធិពលមិនត្រឹមតែក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ ក្នុងការសម្រួលដល់អារម្មណ៍នៃការធ្លាក់ទឹកចិត្ត។ ការឡើងភ្នំ មិនត្រឹមតែជាសកម្មភាពដែលជាជំនួយដល់សុខភាពបេះដូងប៉ុណ្ណោះទេ ការឡើងភ្នំក៏បង្កើតនូវឱកាសក្នុងការនៅខាងក្រៅ និងចំណាយពេលច្រើនជាមួយនឹងធម្មជាតិទៀតផងដែលប្រាកដណាស់ គឺផ្តល់នូវផលវិជ្ជមានដល់សុខភាពផ្លូវចិត្ត។ លទ្ធផលស្រាវជ្រាវមួយដោយ Environmental Health and Preventive Medicine បានរកឃើញថា អ្នកដែលបានដើរកម្សាន្ត ឬចំណាយពេលនៅក្នុងតំបន់ព្រៃ គឺមានអ័រម៉ូនស្ត្រេសទាបជាងអ្នកដែលដើរកម្សាន្តនៅក្នុងទីក្រុង ឬទីប្រជុំជន។ ការរាំ មិនថាការរាំចង្វាក់ហ្សូមបា ឬចង្វាក់ដែលមានដៃគូរាំការហាត់ប្រាណតាមចង្វាក់ភ្លេងជាក្រុម ឬការរាំតាមចង្វាក់ភ្លេង (បែប Freestyle) តែម្នាក់ឯងនោះទេ ការរាំ គឺពិតជាមានប្រសិទ្ធភាពក្នុងការបំបាត់នូវអាការៈស្ត្រេស និងថប់អារម្មណ៍។ ប្រៀបធៀបនឹងថ្នាក់កីឡាធម្មតា ថ្នាក់រាំ គឺមានឥទ្ធិពលលើបញ្ហាផ្លូវចិត្តច្រើនជាងគេ ព្រោះតែការរាំប្រៀបបានជាការបង្ហាញចេញនូវអ្វីពីក្នុងខ្លួន ដែលអាចពង្រឹងដល់ទំនាក់ទំនងរវាងសុខភាពផ្លូវកាយ និងចិត្ត។ ថៃជី នេះប្រហែលជាធ្លាប់បានស្គាល់ហើយថា វាជាប្រភេទលំហាត់ប្រាណដែលមានដើមកំណើតមកពីប្រទេសចិនដែលជាការលាយឡំគ្នារវាងក្បាច់គុណ និងចលនាសមាធិ។ ជាក់ស្តែងណាស់ វាជាប្រភេទលំហាត់ប្រាណដែលតម្រូវឲ្យមានការផ្តោតអារម្មណ៍ ការរក្សាលំនឹងរាងកាយ ការសម្រាកនៃសាច់ដុំ និងការដកដង្ហើមដោយមិនបង្ខំ ដែលសុទ្ធតែជាសកម្មភាពអំណោយផលដល់ផ្លូវចិត្ត។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Mental Health​ & Entertainment Mental Health​ & Entertainment
៦ យ៉ាងគួរធ្វើសម្រាប់ អ្នកអត់គូ ក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់

ទិវានៃក្តីស្រលាញ់ជិតមកដល់ហើយ តើអ្នកមានគូនៅហ្នឹង? មិនប្រាប់ក៏ដឹងដែរអ្នកចុចមើលហ្នឹងច្បាស់ជាអត់ហើយបានគ្រាន់តែឃើញចំណងជើងចុចភ្លាមនោះ! អញ្ចឹងកុំឲ្យខាតពេល យើងទៅមើលទាំងអស់គ្នាថា អ្នកអត់គូដូចយើងចឹង គួរទៅណា ឬធ្វើអ្វីខ្លះក្នុងថ្ងៃ១៤ កុម្ភៈ កុំឲ្យសេដរឿងអត់គ្នាហ្នឹងទៀត។ ១. ជប់លៀងជាមួយមិត្តភក្ដិអត់គូដូចគ្នា ជារឿងធម្មតាទេ ដែលមិត្តភក្ដិយើងខ្លះមានគូ ឯខ្លះទៀតក៏នៅអត់គូដូចយើង។ អ្នកមានគូហើយឲ្យគេទៅជាមួយគ្នាគេទៅហើយយើងប្រមូលមិត្តភក្ដិអត់ដូចគ្នាហ្នឹងមកជប់លៀងជុំគ្នាដែរទៅ (Galantine’s Day)។ អ្នកអាចទៅញ៉ាំអីធម្មតា រៀបចំជប់លៀងនៅផ្ទះនរណាម្នាក់ ឬបបួលគ្នាទៅផាប់កាត់សាញ តែកុំផឹកច្រើនពេក ព្រោះវាមិនល្អសម្រាប់សុខភាពទេ ហើយណាមួយប្រយ័ត្នអត់មានអ្នកសែងទៅផ្ទះវិញ។ អ្នកអត់គូដូចគ្នាច្បាស់ជាយល់ចិត្តគ្នាថាយើងមានអារម្មណ៍យ៉ាងណា ហើយយើងអាចឆ្លៀតពេលជជែកគ្នារឿងក្នុងចិត្ត ទាំងសប្បាយនិងមិនសប្បាយ ដើម្បីរំសាយភាពតានតឹងផងក៏ថាបាន។ ២. ទៅញ៉ាំរបស់ ដែលអ្នកចូលចិត្តជាងគេ ដឹងអត់ថាញ៉ាំរបស់ចូលចិត្តជាងគេ ធ្វើឲ្យអារម្មណ៍ល្អខ្លាំង? ដើម្បីការពារកុំឲ្យខូចចិត្ត ខូចថ្លើម ហើយជំងឺច្រណែនគេហ្នឹងរើឡើងយើងត្រូវប៉ាវខ្លួនឯងញ៉ាំអីឆ្ញាញ់ៗ និងជារបស់ដែលយើងចូលចិត្ត នោះវានឹងជួយឲ្យអារម្មណ៍យើងប្រសើរឡើងថែមទៀត។ អត់មានអ្នកប៉ាវ? អត់មានអ្នកទៅជាមួយ? អត់បញ្ហា! ទៅម្នាក់ឯងបានតើ! ណាត់ជាមួយខ្លួនឯងមានអីមិនល្អ! ៣. មើលរឿង ឬកុន បម្រាមមួយគឺហាមទៅរោងកុនម្នាក់ឯងថ្ងៃបុណ្យសង្សារ ប្រយ័ត្ន Depressed នៅរោងកុនហ្នឹងអត់អ្នកជួយ។ ចំណងជើងហ្នឹងចង់ថានៅមើលរឿងនៅផ្ទះទេតើ! អ្នកមាន Netflix, Iflix, Soyo, Jaikon, និង Website រឿងលើអ៊ីនធើណេតជាច្រើនទៀត ដែលយើងអាចទស្សនារឿងបានតាមចិត្តមិនថារឿងភាគ រឿងដុំ។ មើលរឿងថ្ងៃ១៤ កុម្ភៈ តែម្តងទៅ មិនបាច់ចេញទៅក្រៅទេ នាំតូចចិត្តអត់គូហ្នឹងគេ។ មើលរឿងដាច់យប់ ផឹកកូកា ញ៉ាំពោតផ្ទុះ ឬនំកញ្ចប់ផ្សេងៗ យើងនឹងទទួលបានអារម្មណ៍ប្លែកថែមទៀត។ តែហាមឲ្យហើយណា កុំមើលរឿងស្នេហា រ៉ូមែនទិកអីនុះ! ៤. ដើរលេងបែបសូឡូ ធ្លាប់ដើរលេងម្នាក់ឯងទេ? សាកម្តងមើល! ធ្វើដំណើរចេញពីក្រុង ឬកន្លែងអ្នករស់នៅរាល់ថ្ងៃ ស្តាប់ចម្រៀងតាមផ្លូវ ថតរូបស្អាតៗទុកផុស ជាដើម។អ្នកប្រហែលអផ្សុកនៅម្នាក់ឯង ប៉ុន្តែដំណើរសូឡូមិនដូចគ្នាទេណា៎! ទៅកន្លែងមិនមានអ្នកធ្លាប់ស្គាល់ ស្រែកឲ្យអស់ពាក្យក្នុងចិត្តចេញមកអ្នកនឹងបានធូរចិត្តច្រើនខុសពីធម្មតា។ ធ្វើបែបនេះ អ្នកអាចបង្ហាញប្រាប់ពិភពលោក និងខ្លួនឯងថា «ម្នាក់ឯងមិនស្លាប់ទេ!» ៥. បិទទូរស័ព្ទ ថ្ងៃបុណ្យសង្សារ បើចៀសបានចៀសទៅបណ្តាញសង្គម ដូចជា Facebook, Instagram, Snapchat អីអស់ហ្នឹងនោះ ព្រោះប្រាកដជាគេអ្នកមានគូចែកចាយ និងអួតគ្នាពេញទំហឹងហើយ ដូចនេះ ចៀសវាងមើលគេច្រើនពេក កើតរោគចិត្ត កុំមើលតែម្តងទៅ បើបិទទូរស័ព្ទ ហើយទៅមើលថ្ងៃលិចឬមើលផ្កាយពេលយប់ កាន់តែស្រស់ស្រាយជាងធម្មតាថែមទៀត។សាកធ្វើម្តងទៅ បើមិនដែលនុះ! ៦. ចំណាយពេលជាមួយគ្រួសារ មនុស្សគ្រប់រូបត្រូវមានគូពិតមែន តែយើងមិនត្រូវបំភ្លេចស្នេហ៍គ្រាដំបូងរបស់យើងទេ នោះគឺគ្រួសាររបស់យើង។ ទិវាក្តីស្រលាញ់មិនប្រាកដថាត្រូវតែចំណាយជាមួយគូស្នេហ៍ទេ គ្រួសារក៏ជាមនុស្សជាទីស្រលាញ់របស់យើងដែរ។យើងគួរទៅញ៉ាំអី មើលរឿង ដើរលេង ទិញផ្កា ឬអំណោយជូនពួកគាត់មានអីមិនល្អ។ ចំណាយពេលជាមួយគ្រួសារ ប៉ាម៉ាក់ បងប្អូន ឬនរណាក៏ដោយឲ្យតែជាចំណែកគ្រួសាររបស់យើងដែលយើងមានអារម្មណ៍ល្អពេលនៅជាមួយជាងគេ ប្រហែលជាប្រសើរជាងដើរជាមួយគូស្នេហ៍ទៅទៀត។ អត់មានគូដូចគេបណ្តើរថ្ងៃ១៤ កុម្ភៈ យើងមិនបាច់ទៅច្រណែន ឬខូចចិត្តអីទេ នាំតែមុខចាស់ជាងវ័យ! ការពិតមួយ ដែលមិនអាចប្រកែកបានគឺថា មិនមែនមានតែយើងម្នាក់ទេ ដែលអត់លិឌនោះ នៅមានអ្នកផ្សេងទៀតដូចយើងដែរហើយគង់តែមានថ្ងៃណាមួយ យើងនឹងបានជួបមនុស្សម្នាក់ដែលជាគូរបស់យើងពិតប្រាកដនោះទេ តែបើថាឆ្នាំហ្នឹងនៅអត់ទាន់មានទេ ក៏ទៅតាមហ្នឹងសិនទៅ។ អាច Save link ហ្នឹងទុកបានទៀត ក្រែងប្រើប្រាស់បាននៅឆ្នាំក្រោយៗទៀតណា៎! លលេងទេ! កុំនៅម្នាក់ឯងយូរពេក ប្រយ័ត្ន Depressed ជួយអត់ទាន់។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Mental Health​ & Entertainment