ទម្លាប់នៃការញ៉ាំអាហារចាប់ផ្តើមប្រែប្រួលតើត្រូវដោះស្រាយបែបណា?
ការឡើងទម្ងន់ ឬស្រកទម្ងន់ខ្លាំងពេកបានក្លាយជាកង្វល់របស់បុគ្គលភាគច្រើន ដោយសារតែការមិនអាចបង្ហាញដងខ្លួនដែលស្អាត ស៊ិចស៊ីដល់មនុស្សជុំវិញខ្លួនបាន។ មិនត្រឹមតែប៉ុណ្ណោះ ការចំអកឡកឡាយពីគ្រួសារ មិត្តភក្តិ ក្លាយជាសម្ពាធមួយ ដែលធ្វើឲ្យពួកគេស្វែងរកដំណោះស្រាយ ហើយមូលហេតុនៃបញ្ហាទម្ងន់ដែលគ្រប់គ្នា នឹងគិតដល់មុនគេនោះគឺអាហារ។ ហេតុដូច្នេះហើយ របបអាហារក៏ត្រូវចាប់ផ្តើមប្រែប្រួល ដោយបុគ្គលខ្លះធ្វើការតមអាហារយ៉ាងគំហុកដើម្បីសម្រកទម្ងន់ ឯអ្នកខ្លះទៀត ក៏ចាប់ផ្តើមបង្កើនបរិមាណនៃការញ៉ាំឲ្យបានច្រើនដើម្បីឲ្យទម្ងន់កើនឡើង។ សកម្មភាពនេះមើលទៅដូចជាមិនមានអ្វីប្លែកទេ ប៉ុន្តែបើអ្នកសង្កេតឲ្យបានម៉ត់ចត់ជាងនេះវាអាចជាសម្ពាធមួយដែលធ្វើឲ្យមនុស្សទាំងនោះទទួលរងនូវជំងឺផ្លូវចិត្តម្យ៉ាងដែលគេឲ្យឈ្មោះថា Eating Disorder។
តើធ្វើយ៉ាងម៉េចទើបអាចដឹងថាខ្លួនអ្នកមានជំងឺ Eating Disorder?
ចម្លើយនេះ អ្នកដែលបានតាមដានទស្សនាវដ្តីហេលស៍ថាមលេខ ៧៧ ដែលចេញផ្សាយក្នុងខែមីនា ឆ្នាំ២០១៩ ប្រាកដជាបានដឹងនិងបានធ្វើតេស្តខ្លះៗហើយមែនទេ? តែសម្រាប់អ្នកដែលមិនទាន់បានអានវិញ អាចចូលអានអត្ថបទនេះតាមតំណនេះ៖ អ្នកអាចកំពុងមានជំងឺផ្លូវចិត្តទាក់ទង Eating Disorders សិនណាសឹមយើងទៅស្វែងយល់ជាមួយគ្នាបន្តពីដំណោះស្រាយនៃបញ្ហានេះ។
តើ Eating Disorder អាចព្យាបាលបែបណា?
តោះ! បើបានដឹងថាខ្លួនមានបញ្ហានេះហើយ មកតាមដានទាំងអស់គ្នាពីការដោះស្រាយម្តង...
- ការពិនិត្យសុខភាពទូទៅ៖ កង្វល់ធ្ងន់ធ្ងរជាងគេក្នុងការព្យាបាលជំងឺ Eating Disorder គឺការរកមើលថាតើមានបញ្ហាសុខភាពណាមួយទេ ដែលបណ្តាលមកពីការប្រែប្រួលទម្លាប់បរិភោគអាហារនេះ។
- ការបំពេញអាហារូបត្ថម្ភ៖ អ្នកជំងឺនឹងត្រូវបានណែនាំឲ្យបរិភោគតាមធម្មតាវិញហើយគ្រូពេទ្យនឹងរៀបចំគម្រោងអាហារផ្ទាល់ខ្លួនសម្រាប់អ្នកជំងឺម្នាក់ៗដើម្បីឲ្យទម្ងន់ត្រឡប់មកធម្មតាវិញ និងរក្សាទម្ងន់ដែលសមស្រប។
- ការព្យាបាលផ្នែកផ្លូវចិត្ត៖ ការព្យាបាលផ្នែកផ្លូវចិត្តរបស់អ្នកជំងឺ អាចមានទម្រង់ផ្សេងៗគ្នា ដោយមានការចូលរួមពីបុគ្គលខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ ឬមនុស្សនៅជុំវិញខ្លួន អាស្រ័យទៅតាមមូលហេតុនៃ Eating Disorder របស់អ្នកជំងឺនីមួយៗ។ ការព្យាបាលនេះ គឺជាផ្នែកមួយសំខាន់ក្នុងការធ្វើឲ្យអ្នកជំងឺមានឱកាសជាសះស្បើយឡើងវិញ និងព្យាបាលការប៉ះទង្គិចផ្លូវអារម្មណ៍របស់ពួកគាត់ហើយក៏អាចស្វែងរកគុណភាពជីវិតរបស់ខ្លួនឯងមកវិញផងដែរ។
- ការព្យាបាលដោយឱសថ៖ ឱសថមួយចំនួនអាចមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាអារម្មណ៍តានតឹងដែលអាចកើតឡើងរួមគ្នាជាមួយនឹងការប្រែប្រួលទម្លាប់នៃការញ៉ាំ។
បើទោះបីជាអ្នកបានដឹងពីវិធីសាស្រ្តក្នុងការព្យាបាលជំងឺ Eating Disorder នេះហើយក៏ដោយតែអ្នកមិនត្រូវភ្លេចធ្វើការតាមដានស្ថានភាពរបស់ខ្លួនជាមួយនឹងគ្រូពេទ្យជំនាញនោះឡើយ ព្រោះការព្យាបាលជំងឺនេះ គឺត្រូវការចំណាយពេលវេលាយូររួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់អ្នកផ្ទាល់ ព្រមទាំងការគាំទ្រពីក្រុមគ្រួសារ មិត្តភក្តិនិងមនុស្សជុំវិញខ្លួនផងដែរ។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ