ទម្លាប់ពេលព្រឹកដែលគួរតែមាន ដើម្បីអារម្មណ៍ស្រស់ថ្លា
ធ្លាប់ចាប់អារម្មណ៍ទេ៎? ឲ្យតែថ្ងៃណាក្រោកពីគេងយឺត មិនញ៉ាំអាហារពេលព្រឹកប្រញាប់ប្រញាល់រៀបចំខ្លួនចេញពីផ្ទះ ដឹងតែមានអារម្មណ៍ថា ថ្ងៃហ្នឹងមិនមែនជាថ្ងៃរបស់ខ្លួនឯង ហើយក៏មិនមានអារម្មណ៍ល្អក្នុងការបំពេញកិច្ចការងាររបស់ខ្លួនទាល់តែសោះ។ តាមការពិតទៅពេលដែលយើងចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងទម្លាប់ល្អ រយៈពេលក៏ដូចជាម៉ោងដែលនៅសេសសល់ក្នុងថ្ងៃនោះ ក៏នឹងអាចប្រព្រឹត្តបានរលូនដោយសារតែសុខភាពផ្លូវចិត្តរបស់យើងមានលក្ខណៈស្រស់ថ្លា និងរឹងមាំ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញសកម្មភាពផ្សេងៗផងដែរ។ ដោយហេតុថាអ្វីដែលយើងធ្វើ ឬជួបប្រទះនៅពេលព្រឹក ពិតជាមានឥទ្ធិពលចំពោះអារម្មណ៍ សកម្មភាព និងការគិតរបស់យើងពេញមួយថ្ងៃ ទើបយើងគួរតែរៀនបង្កើតនូវទម្លាប់ពេលព្រឹកងាយៗខាងក្រោមនេះជាមួយគ្នា…
នៅឲ្យឆ្ងាយពីបច្ចេកវិទ្យា
ការប្រើអុិនធើណែតឆែកមើលសារ ឬសារអេឡិចត្រូនិចនៃការងារភ្លាមៗក្រោយពេលភ្ញាក់ពីគេងធ្វើឲ្យអ្នកចាប់ផ្តើមមានប្រតិកម្មចំពោះអ្វីៗដែលនឹងកើតមាន ជាជាងគ្រប់គ្រងស្ថានការណ៍ឲ្យបានល្អ ហើយក៏បារម្ភ និងមានទុក្ខព្រួយក្នុងចិត្តច្រើនជាងស្ងប់សុខនៅក្នុងចិត្ត។ អ្នកគួរតែឃ្លាតឆ្ងាយពីបច្ចេកវិទ្យាយ៉ាងហោចណាស់ ១ម៉ោងក្រោយពីដំណេក ដើម្បីអាចតាំងអារម្មណ៍បានល្អ។
ផ្តល់ជាតិទឹកដល់សារពាង្គកាយ
អាចញ៉ាំទឹកមួយកែវពេលព្រឹក ឬ ទឹកក្រូចឆ្មារលាយជាមួយទឹកក្តៅឧណ្ហៗ ដែលនឹងជួយសម្អាតសារធាតុពុល ផ្តល់នូវវីតាមីន C ធ្វើឲ្យខ្យល់ដង្ហើមស្រស់ថ្លាជួយឲ្យស្រកទម្ងន់ ព្រមទាំងជំរុញដល់ដំណើរការដុត និងរំលាយអាហារផងដែរ។
នឹកគិតបែបសុទិដ្ឋិនិយម និងការដឹងគុណ
ចំណាយពេលប្រមាណ ១នាទី ញញឹម ហើយនឹកគិតដល់អ្វី ឬនរណាម្នាក់ដែលអ្នកដឹងគុណនិងមានអំណរចំពោះវត្តមានរបស់វា ឬគេ ព្រោះថាការញញឹមនឹងនាំឲ្យមានការផលិតចេញនូវអ័រម៉ូនដែលធ្វើឲ្យអារម្មណ៍ស្រស់ថ្លា ស្របពេលដែលការរំលឹកដឹងអាចនឹងកាត់បន្ថយស្ត្រេស និងនាំឲ្យមានអារម្មណ៍ល្អ។
រៀបចំគ្រែ ឬកន្លែងគេង
វានឹងផ្តល់នូវអារម្មណ៍ថា អ្នកបានសម្រេចកិច្ចការមួយ ហើយអារម្មណ៍មោទនភាពក្នុងការសម្រេចការងារបែបនេះ នឹងជួយជំរុញទឹកចិត្តក្នុងការបំពេញកិច្ចការងារជាបន្តបន្ទាប់។
ធ្វើលំហាត់ប្រាណ
លំហាត់ប្រាណងាយៗ យោគៈ ឬសកម្មភាពណាក៏ដោយ ឲ្យតែធ្វើឲ្យអ្នកមានថាមពលនិងឫកពារហ័សរហួន គួរតែត្រូវបានធ្វើក្នុងរយៈពេលសមល្មម (១០-២០នាទី) ហើយអាចធ្វើការឆ្លាស់នូវប្រភេទ ក៏ដូចជាសកម្មភាពទាំងនោះក៏បានដែរ។
រៀបចំខ្លួនឲ្យបានស្អាតបាត
សកម្មភាពតូចៗតែសំខាន់ ចំពោះអនាម័យសម្ផស្ស និងសុខភាពរបស់អ្នក ពិតជាមិនអាចរំលងបានឡើយ ព្រោះការរៀបចំខ្លួនបានល្អប្រៀបនឹងការកសាងនូវទំនុកចិត្តដល់ខ្លួនឯងហើយជាលទ្ធផល អ្នកនឹងមានអារម្មណ៍ល្អសម្រាប់ថ្ងៃថ្មីរបស់អ្នក។
ញ៉ាំអាហារពេលព្រឹក ដែលល្អចំពោះសុខភាព
អាហារពេលព្រឹក ជាអាហារដែលសំខាន់ជាងគេ ដូចនេះហើយ វាគួរតែមានសារធាតុចិញ្ចឹមទាំងនេះ (ប្រូតេអុីន ខ្លាញ់ល្អ គ្រាប់ធញ្ញជាតិ…) ដើម្បីឲ្យរាងកាយមានថាមពលព្រមទាំងផ្លូវចិត្តរឹងមាំល្អក្នុងការផ្ចង់អារម្មណ៍ និងបំពេញការងារ។
មានគម្រោងកិច្ចការដែលត្រូវបំពេញ
ចំណាយពេលប៉ុន្មាននាទី រៀបចំនូវគម្រោងកិច្ចការដែលត្រូវបំពេញក្នុងមួយថ្ងៃហើយរៀបចំដាក់អាទិភាពលើកិច្ចការទាំងនោះ។ ទម្លាប់នេះនឹងបង្ការការគិត ឬរកនឹកសារឡើងវិញនូវអ្វីដែលត្រូវធ្វើ ហើយក៏ផ្តល់នូវអារម្មណ៍ដែលមានគោលដៅប្រចាំថ្ងៃដល់អ្នកផងដែរ។
ធ្វើសមាធិ
សកម្មភាពនេះនឹងជួយត្រៀម ក៏ដូចជាហ្វឹកហាត់ចិត្ត និងអារម្មណ៍ ដែលនឹងមានឥទ្ធិពលលើប្រតិកម្មរបស់អ្នកចំពោះរឿងរ៉ាវគ្រប់យ៉ាងដែលនឹងកើតមានឡើង។ ការសមាធិអាចជាការអង្គុយចុះនៅកន្លែងដែលស្ងប់ស្ងាត់ បិទភ្នែក ហើយផ្តោតលើដង្ហើមចេញ និងចូល ប្រមាណ ៥នាទី ហើយគិតស្រមៃដល់រូបភាពដែលអ្នកនឹងត្រូវធ្វើក្នុងថ្ងៃនេះ រួចបើកភ្នែកសន្ធឹងដៃឡើងលើ ហើយងើបឡើង។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ