៦ យ៉ាងគួរធ្វើសម្រាប់ អ្នកអត់គូ ក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់
ទិវានៃក្តីស្រលាញ់ជិតមកដល់ហើយ តើអ្នកមានគូនៅហ្នឹង? មិនប្រាប់ក៏ដឹងដែរអ្នកចុចមើលហ្នឹងច្បាស់ជាអត់ហើយបានគ្រាន់តែឃើញចំណងជើងចុចភ្លាមនោះ! អញ្ចឹងកុំឲ្យខាតពេល យើងទៅមើលទាំងអស់គ្នាថា អ្នកអត់គូដូចយើងចឹង គួរទៅណា ឬធ្វើអ្វីខ្លះក្នុងថ្ងៃ១៤ កុម្ភៈ កុំឲ្យសេដរឿងអត់គ្នាហ្នឹងទៀត។
១. ជប់លៀងជាមួយមិត្តភក្ដិអត់គូដូចគ្នា
ជារឿងធម្មតាទេ ដែលមិត្តភក្ដិយើងខ្លះមានគូ ឯខ្លះទៀតក៏នៅអត់គូដូចយើង។ អ្នកមានគូហើយឲ្យគេទៅជាមួយគ្នាគេទៅហើយយើងប្រមូលមិត្តភក្ដិអត់ដូចគ្នាហ្នឹងមកជប់លៀងជុំគ្នាដែរទៅ (Galantine’s Day)។ អ្នកអាចទៅញ៉ាំអីធម្មតា រៀបចំជប់លៀងនៅផ្ទះនរណាម្នាក់ ឬបបួលគ្នាទៅផាប់កាត់សាញ តែកុំផឹកច្រើនពេក ព្រោះវាមិនល្អសម្រាប់សុខភាពទេ ហើយណាមួយប្រយ័ត្នអត់មានអ្នកសែងទៅផ្ទះវិញ។ អ្នកអត់គូដូចគ្នាច្បាស់ជាយល់ចិត្តគ្នាថាយើងមានអារម្មណ៍យ៉ាងណា ហើយយើងអាចឆ្លៀតពេលជជែកគ្នារឿងក្នុងចិត្ត ទាំងសប្បាយនិងមិនសប្បាយ ដើម្បីរំសាយភាពតានតឹងផងក៏ថាបាន។
២. ទៅញ៉ាំរបស់ ដែលអ្នកចូលចិត្តជាងគេ
ដឹងអត់ថាញ៉ាំរបស់ចូលចិត្តជាងគេ ធ្វើឲ្យអារម្មណ៍ល្អខ្លាំង? ដើម្បីការពារកុំឲ្យខូចចិត្ត ខូចថ្លើម ហើយជំងឺច្រណែនគេហ្នឹងរើឡើងយើងត្រូវប៉ាវខ្លួនឯងញ៉ាំអីឆ្ញាញ់ៗ និងជារបស់ដែលយើងចូលចិត្ត នោះវានឹងជួយឲ្យអារម្មណ៍យើងប្រសើរឡើងថែមទៀត។ អត់មានអ្នកប៉ាវ? អត់មានអ្នកទៅជាមួយ? អត់បញ្ហា! ទៅម្នាក់ឯងបានតើ! ណាត់ជាមួយខ្លួនឯងមានអីមិនល្អ!
៣. មើលរឿង ឬកុន
បម្រាមមួយគឺហាមទៅរោងកុនម្នាក់ឯងថ្ងៃបុណ្យសង្សារ ប្រយ័ត្ន Depressed នៅរោងកុនហ្នឹងអត់អ្នកជួយ។ ចំណងជើងហ្នឹងចង់ថានៅមើលរឿងនៅផ្ទះទេតើ! អ្នកមាន Netflix, Iflix, Soyo, Jaikon, និង Website រឿងលើអ៊ីនធើណេតជាច្រើនទៀត ដែលយើងអាចទស្សនារឿងបានតាមចិត្តមិនថារឿងភាគ រឿងដុំ។ មើលរឿងថ្ងៃ១៤ កុម្ភៈ តែម្តងទៅ មិនបាច់ចេញទៅក្រៅទេ នាំតូចចិត្តអត់គូហ្នឹងគេ។ មើលរឿងដាច់យប់ ផឹកកូកា ញ៉ាំពោតផ្ទុះ ឬនំកញ្ចប់ផ្សេងៗ យើងនឹងទទួលបានអារម្មណ៍ប្លែកថែមទៀត។ តែហាមឲ្យហើយណា កុំមើលរឿងស្នេហា រ៉ូមែនទិកអីនុះ!
៤. ដើរលេងបែបសូឡូ
ធ្លាប់ដើរលេងម្នាក់ឯងទេ? សាកម្តងមើល! ធ្វើដំណើរចេញពីក្រុង ឬកន្លែងអ្នករស់នៅរាល់ថ្ងៃ ស្តាប់ចម្រៀងតាមផ្លូវ ថតរូបស្អាតៗទុកផុស ជាដើម។អ្នកប្រហែលអផ្សុកនៅម្នាក់ឯង ប៉ុន្តែដំណើរសូឡូមិនដូចគ្នាទេណា៎! ទៅកន្លែងមិនមានអ្នកធ្លាប់ស្គាល់ ស្រែកឲ្យអស់ពាក្យក្នុងចិត្តចេញមកអ្នកនឹងបានធូរចិត្តច្រើនខុសពីធម្មតា។ ធ្វើបែបនេះ អ្នកអាចបង្ហាញប្រាប់ពិភពលោក និងខ្លួនឯងថា «ម្នាក់ឯងមិនស្លាប់ទេ!»
៥. បិទទូរស័ព្ទ
ថ្ងៃបុណ្យសង្សារ បើចៀសបានចៀសទៅបណ្តាញសង្គម ដូចជា Facebook, Instagram, Snapchat អីអស់ហ្នឹងនោះ ព្រោះប្រាកដជាគេអ្នកមានគូចែកចាយ និងអួតគ្នាពេញទំហឹងហើយ ដូចនេះ ចៀសវាងមើលគេច្រើនពេក កើតរោគចិត្ត កុំមើលតែម្តងទៅ បើបិទទូរស័ព្ទ ហើយទៅមើលថ្ងៃលិចឬមើលផ្កាយពេលយប់ កាន់តែស្រស់ស្រាយជាងធម្មតាថែមទៀត។សាកធ្វើម្តងទៅ បើមិនដែលនុះ!
៦. ចំណាយពេលជាមួយគ្រួសារ
មនុស្សគ្រប់រូបត្រូវមានគូពិតមែន តែយើងមិនត្រូវបំភ្លេចស្នេហ៍គ្រាដំបូងរបស់យើងទេ នោះគឺគ្រួសាររបស់យើង។ ទិវាក្តីស្រលាញ់មិនប្រាកដថាត្រូវតែចំណាយជាមួយគូស្នេហ៍ទេ គ្រួសារក៏ជាមនុស្សជាទីស្រលាញ់របស់យើងដែរ។យើងគួរទៅញ៉ាំអី មើលរឿង ដើរលេង ទិញផ្កា ឬអំណោយជូនពួកគាត់មានអីមិនល្អ។ ចំណាយពេលជាមួយគ្រួសារ ប៉ាម៉ាក់ បងប្អូន ឬនរណាក៏ដោយឲ្យតែជាចំណែកគ្រួសាររបស់យើងដែលយើងមានអារម្មណ៍ល្អពេលនៅជាមួយជាងគេ ប្រហែលជាប្រសើរជាងដើរជាមួយគូស្នេហ៍ទៅទៀត។ អត់មានគូដូចគេបណ្តើរថ្ងៃ១៤ កុម្ភៈ យើងមិនបាច់ទៅច្រណែន ឬខូចចិត្តអីទេ នាំតែមុខចាស់ជាងវ័យ! ការពិតមួយ ដែលមិនអាចប្រកែកបានគឺថា មិនមែនមានតែយើងម្នាក់ទេ ដែលអត់លិឌនោះ នៅមានអ្នកផ្សេងទៀតដូចយើងដែរហើយគង់តែមានថ្ងៃណាមួយ យើងនឹងបានជួបមនុស្សម្នាក់ដែលជាគូរបស់យើងពិតប្រាកដនោះទេ តែបើថាឆ្នាំហ្នឹងនៅអត់ទាន់មានទេ ក៏ទៅតាមហ្នឹងសិនទៅ។ អាច Save link ហ្នឹងទុកបានទៀត ក្រែងប្រើប្រាស់បាននៅឆ្នាំក្រោយៗទៀតណា៎! លលេងទេ! កុំនៅម្នាក់ឯងយូរពេក ប្រយ័ត្ន Depressed ជួយអត់ទាន់។
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ