កុំភ្លេចយកកូនតូចៗទៅជាមួយអ្នកពេលមានដំណើរកម្សាន្ត
ភាពមមាញឹកជាមួយនឹងការប្រកបការងារ និងការរកប្រាក់ចំណូលប្រចាំថ្ងៃសម្រាប់ផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារ នាំឲ្យការចំណាយពេលជាមួយកូនតូចៗរបស់អ្នកហាក់មានកម្រិត និងកង្វះខាតនូវការយកចិត្តទុកដាក់ផងដែរ។
ទោះជាយ៉ាងណាក្តី អ្នកគួរតែឆ្លៀតពេលទំនេរបង្កើតជាបរិយាកាសរីករាយ និងផ្តល់ពេលវេលាឲ្យពួកគេតាមរយ:ការនាំពួកគេដើរកម្សាន្ត មិនថាជាការដើរផ្សារ ការរៀបចំដំណើរកម្សាន្ត ជួបជុំគ្រួសារនាចុងសប្តាហ៍ឬពេលសម្រាកពីការងារជាដើម។ ថ្វីត្បិតតែកុមារតែងតែបង្កការរំខាន និងបញ្ហា តែការចំណាយពេលធ្វើដំណើរកម្សាន្តជាមួយពួកគេគឺជាកាតព្វកិច្ចមួយរបស់លោកអ្នកជាប៉ាម៉ាក់ ដោយសារវាអាចផ្តល់ឲ្យពួកគេនូវផលប្រយោជន៍មួយចំនួនបន្ថែមពីលើភាពសប្បាយរីករាយដូចខាងក្រោម៖
បង្កើនភាពវ័យឆ្លាត និងចំណេះដឹងជាមួយនឹងពិភពខាងក្រៅ
ការធ្វើដំណើរកម្សាន្តមិនត្រឹមតែផ្តល់ភាពសប្បាយរីករាយដល់កុមារប៉ុណ្ណោះទេ លើសពីនេះទៅទៀតវាក៏ជាឱកាសមួយដែលពួកគេបានរៀន និងស្វែងយល់ពីបរិស្ថានជុំវិញ ដែលសុទ្ធសឹងតែជាចំណុចល្អដែលលោកប៉ាអ្នកម៉ាក់ទាំងឡាយ មិនគួរមើលរំលង។ តាមការសិក្សារបស់លោក ហ្សង់ ផ្យាហ៊្សេ (Jean Piaget) អ្នកចិត្តសាស្ត្រកុមារ បានបង្ហាញថា ការលូតលាស់ផ្នែកបញ្ញាស្មារតីរបស់ក្មេងមានឥទ្ធិពលមួយផ្នែកពីហ្សែនតំណពូជ និងមួយផ្នែកទៀតបានមកពីការរៀនស្វែងយល់ពីបរិយាកាសខាងក្រៅ។ ដូចនេះលោកអ្នកគួរតែឆ្លៀតបង្ហាញ ឬបង្រៀនពួកគេឲ្យស្គាល់ពីអ្វីមួយដូចជា សួរឈ្មោះសត្វ ឬរុក្ខជាតិដែលពួកគេជួបនៅពេលដើរកម្សាន្តនៅសួនសត្វ ឬការបង្រៀនឲ្យគេស្គាល់ពីរបស់របរប្រើប្រាស់ ពេលដើរទិញឥវ៉ាន់ជាដើម។
បង្រៀនឲ្យក្មេងចេះអត់ធ្មត់ និងសុជីវធម៌ក្នុងការរស់នៅ
ជាការពិតណាស់ សភាវ:ធម្មជាតិរបស់កុមារគ្រប់រូបគឺពួកគេមិនសូវមានការអត់ធ្មត់។ ជាធម្មតា ពួកគេតែងតែចង់បាន ឬចង់ឲ្យរឿងអ្វីមួយកើតឡើងភ្លាមៗ ទៅតាមសន្ទុះចិត្តរបស់ពួកគេ។ ការធ្វើដំណើរកម្សាន្តអាចជាពេលវេលាមួយដែលប៉ាម៉ាក់គួរបង្រៀនពួកគេឲ្យចេះរង់ចាំ និងមានសុជីវធម៌ ឧទាហរណ៍ ការរង់ចាំនៅអាកាសយានដ្ឋាន ការធ្វើដំណើរតាមមធ្យោបាយសាធារណ: ដែលតម្រូវឲ្យប្រើរយ:ពេលវែង ការតម្រង់ជួរនៅកន្លែងញ៉ាំអាហារ ការរក្សាសណ្តាប់ធ្នាប់ និងភាពស្ងៀមស្ងាត់ ការរក្សាអនាម័យ ការបង្រៀនឲ្យពួកគេរង់ចាំភ្លើងចរាចរណ៍។ល។
បង្រៀនក្មេងពីទំនួលខុសត្រូវ និងម្ចាស់ការលើខ្លួនឯង
ទំនួលខុសត្រូវ និងភាពមានម្ចាស់ការលើខ្លួនឯងគឺជាអ្វីដែលក្មេងត្រូវរៀនទោះបីជាពួកគេនៅតូចក្តី។ កាលបើលោកអ្នកអនុញ្ញាតឲ្យកូនៗរៀបចំសម្ភារ:ចាំបាច់សម្រាប់ការធ្វើដំណើរកម្សាន្តដោយខ្លួនឯងការបង្ហាត់ឲ្យពួកគេមានការប្រុងប្រយ័ត្ន និងចេះទុកដាក់របស់របរប្រើប្រាស់ វាក៏ជាផ្នែកមួយក្នុងការបង្រៀនពួកគេឲ្យយល់ដឹងពីទំនួលខុសត្រូវ និងភាពមានម្ចាស់ការផងដែរ។
បង្រៀនឲ្យក្មេងចេះបត់បែន បង្កើតទំនាក់ទំនង និងរស់នៅក្នុងសង្គម
ពេលធ្វើដំណើរកម្សាន្ត មិនថាជាលក្ខណ:គ្រួសារ ឬជាក្រុម កុមារនឹងមានឱកាសជួបជាមួយមនុស្សថ្មីៗ ដែលអាចឲ្យពួកគេចេះបង្កើតទំនាក់ទំនងជាមួយក្មេងៗ ឬមនុស្សធំដទៃទៀត។ ពួកគេអាចចែករំលែកឲ្យគ្នាទៅវិញទៅមកនូវភាពសប្បាយរីករាយចំណេះដឹង និងបទពិសោធន៍ផ្សេងៗគ្នាដែលពួកគេមាន។
ពង្រឹងទំនាក់ទំនង និងបង្កើនភាពស្និទ្ធស្នាលរវាងប៉ាម៉ាក់និងកូនតូចៗ
ជាទម្លាប់ធម្មជាតិរបស់ពួកគេ កុមារតូចៗតែងចង់ទទួលបាននូវការថ្នាក់ថ្នម និងការយកចិត្តទុកដាក់ពីលោកប៉ាអ្នកម៉ាក់។ ក្នុងដំណើរកម្សាន្តនីមួយៗតែងមានការជជែកពិភាក្សា ការលេងកម្សាន្ត ហើយទាំងនេះគឺជាឱកាសមួយដែលលោកអ្នកអាចផ្តល់ភាពកក់ក្តៅ ថែមទាំងធ្វើឲ្យចំណងទំនាក់ទំនងក្នុងគ្រួសាររបស់អ្នកកាន់តែមានភាពរឹងមាំ បើទោះបីជាលោកអ្នកមិនសូវមានពេលវេលាច្រើនឲ្យពួកគេក៏ដោយ។
សាកល្បងបង្កើតពេលទំនេរជាមួយពួកគេ ព្រោះវាបានផ្ដល់ជាគុណប្រយោជន៍ដ៏អស្ចារ្យសម្រាប់កូនរបស់លោកអ្នក ដោយសង្ឃឹមថាដំណើរកម្សាន្តបន្ទាប់របស់អ្នកនឹងផ្តល់ឲ្យអ្នក និងកូនតូចៗនូវបទពិសោធន៍ថ្មីៗ និងអនុស្សាវរីយ៍មួយដែលលោកអ្នកមិនអាចបំភ្លេចបាន៕
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ