RELAXaHEAD កម្មវិធីទូរស័ព្ទយ៉ាងពិសេសសម្រាប់អ្នកជំងឺប្រកាំង
អ្នកជំងឺប្រកាំង (Migraine) ដែលបានប្រើប្រាស់កម្មវិធីទូរស័ព្ទដៃក្នុងមុខងារសម្រួលភាពតានតឹងយ៉ាងតិច ២ដងក្នុងមួយសប្ដាហ៍ បានបង្ហាញពីការថយចុះនូវអាការៈឈឺចាប់ក្នុងកម្រិត តែ ៤ ដងក្នុងមួយខែប៉ុណ្ណោះនេះបើយោងតាមការសិក្សានាពេលថ្មីៗនេះ។
ក្រុមអ្នកស្រាវជ្រាវនៅ NYU School of Medicine បានសិក្សាពីកម្មវិធីទូរស័ព្ទមួយដែលមានឈ្មោះថា RELAXaHEAD ដែលជាការណែនាំអ្នកជំងឺដើម្បីធ្វើការសម្រាកសាច់ដុំ។ ការព្យាបាលបែបនេះអាចធ្វើឲ្យអ្នកជំងឺសម្រាកបានច្រើន និងកាត់បន្ថយស្ត្រេសបានផងដែរ។ ការសិក្សានេះបានចុះផ្សាយតាមរយៈ Nature Digital Medicine នៅថ្ងៃទី ០៤ ខែមិថុនា ដែលជាការផ្សព្វផ្សាយដំបូង និងវាយតម្លៃពីប្រសិទ្ធភាពរបស់កម្មវិធីទូរស័ព្ទដែលអាចជួយសម្រួលដល់អ្នកជំងឺប្រកាំង ហើយអ្នកស្រាវជ្រាវកំពុងសិក្សាបន្ថែមដើម្បីឲ្យការព្យាបាលនេះមានលក្ខណៈស្តង់ដារ។ លោកវេជ្ជបណ្ឌិតផ្នែកប្រព័ន្ធប្រសាទ Mia Minen បានលើកឡើងថា ការសិក្សានេះបានបង្ហាញភស្តុតាងថាអ្នកជំងឺអាចព្យាបាលតាមអាកប្បកិរិយាបានយ៉ាងងាយស្រួលចំណាយលុយតិច ហើយអាចធ្វើបានដោយខ្លួនឯងនៅទីណាក៏បាន។
អ្នកជំងឺប្រកាំងមានច្រើនជាង ៣៦ លាននាក់ក្នុងប្រទេសអាមេរិក ហើយរោគសញ្ញាដំបូងមានដូចជាការឈឺក្បាលពីតិចទៅខ្លាំង ហើយតែងតែមានអារម្មណ៍ចង់ក្អួត និងមានភាពប្រែប្រួលជាមួយនឹងសំឡេង និងពន្លឺ។ អ្នកជំងឺប្រកាំងតែងតែប្រើប្រាស់ថ្នាំ ប៉ុន្តែពួកគេពុំសូវបន្តការព្យាបាលទេ ដោយសារតែការចំណាយច្រើនទៅលើថ្នាំ និងភាពមិនងាយស្រួលមួយចំនួន។
ជាក់ស្ដែងការសិក្សាមួយនេះបានធ្វើតេស្តទៅលើអ្នកជំងឺប្រកាំងចំនួន ៥១នាក់ដែលមានទូរស័ព្ទទំនើបប្រើប្រាស់។ អ្នកជំងឺតម្រូវឲ្យប្រើប្រាស់ក្នុងរយៈពេល ៩០ថ្ងៃ ហើយកត់ចំណាំទុករៀងរាល់ថ្ងៃពីភាពធ្ងន់ធ្ងរនៃភាពឈឺចាប់របស់ពួកគេ។ ក្រុមអ្នកសិក្សាបានបន្តការស្រាវជ្រាវដើម្បីអ្នកជំងឺប្រើប្រាស់ឲ្យបានទូលំទូលាយ និងមានគម្រោងដាក់ឲ្យប្រើប្រាស់ជាការអនុវត្តក្នុងមន្ទីរពេទ្យផងដែរ។
លោកវេជ្ជបណ្ឌិតផ្នែកប្រព័ន្ធប្រសាទ Mia Minen បន្តបន្ថែមថា លទ្ធផលនេះអាចជួយបានច្រើន និងអាចបង្រៀនអ្នកជំងឺក្នុងការគ្រប់គ្រងការឈឺក្បាលរបស់ពួកគេ ប៉ុន្តែកម្មវិធីនេះ នៅពុំទាន់ចេញឲ្យប្រើប្រាស់ជាសាធារណៈនៅឡើយទេ។
ឯកសារយោង៖ https://www.sciencedaily.com/releases/2019/06/190604084850.htm
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ