អំឡុងពេលមករដូវកុំភ្លេចញ៉ាំអាហារ និងធ្វើលំហាត់ប្រាណទាំងនេះ
ព្រោះតែភាពរំខាននៃការមករដូវប៉ុន្មានថ្ងៃសឹងតែធ្វើឲ្យអ្នកមិនចង់ធ្វើអ្វីទាល់តែសោះមែនទេ? យ៉ាងណាមិញសូមកុំភ្លេចថាអំឡុងពេលនេះរាងកាយអ្នកបែរជាត្រូវការការថែរក្សាយ៉ាងដិតដល់ជាងថ្ងៃធម្មតាទៅវិញ។
ជាធម្មតា ស្រ្តីភាគច្រើនតែងជួបប្រទះរោគសញ្ញាដូចជា ឈឺចុកចាប់រមួលក្នុងពោះ អស់កម្លាំង ឈឺក្បាលនិងមានអារម្មណ៍មិនសូវល្អនៅមុនពេល និងអំឡុងពេលមករដូវ តែអ្នកប្រហែលមិនដឹងទេថា របបអាហារ និងលំហាត់ប្រាណមួយចំនួនអាចចូលរួមចំណែកក្នុងការសម្រាលភាពរំខានទាំងនោះ។
អាហារដែលស្រ្តីគួរទទួលទានអំឡុងពេលមករដូវ
- អាស៊ីតខ្លាញ់អូមេហ្គា-៣
អ័រម៉ូនក្នុងរាងកាយម៉្យាងដែលមានឈ្មោះថា Prostaglandin ត្រូវគេដឹងថាជាដើមហេតុនាំឲ្យមានការកន្ត្រាក់សាច់ដុំធ្វើឲ្យឈឺចាប់ពេលមករដូវ។ ដូច្នេះមធ្យោបាយមួយដើម្បីបិទប្រសិទ្ធភាព Prostaglandin គឺដោយប្រើប្រាស់អាស៊ីតខ្លាញ់អូមេហ្គា-៣ ដែលមានច្រើនក្នុងពពួកត្រីសម្បូរខ្លាញ់ ត្រីសាម៉ុង ត្រីធូណា និងបណ្តាសណ្តែកដែលមានជាតិប្រេងជាដើម។ លោកអ្នកអាចញ៉ាំជាតិខ្លាញ់អូមេហ្គា-៣ ក្នុងកម្រិត ១ក្រាម ដោយញ៉ាំ ២ ទៅ៣ដងក្នុងមួយថ្ងៃ។ ការសិក្សាមួយដែលចុះផ្សាយក្នុងទស្សនាវដ្តី European Journal of Clinical បានរកឃើញថាស្ត្រីដែលទទួលទានរបបអាហាររបស់ខ្លួនសម្បូរទៅដោយជាតិខ្លាញ់អូមេហ្គា-៣ ហាក់គ្មានអាការៈឈឺចាប់ខ្លាំងពេលមករដូវនោះទេ។
- អាហារសម្បូរជាតិដែក
អ្នកគួរទទួលទានអាហារដែលមានសារជាតិដែកឲ្យបានច្រើន ព្រោះនៅពេលមករដូវធ្វើឲ្យអ្នកបាត់បង់ឈាម ស្លេកស្លាំងដែលជាហេតុបង្កឲ្យអ្នកអស់កម្លាំងល្ហិតល្ហៃ ឬអាចប្រឈមទៅនឹងការកើតជំងឺផ្សេងបានយ៉ាងងាយ។ ជាក់ស្ដែងអ្នកអាចទទួលបានសារជាតិដែកឡើងវិញតាមរយៈអាហារដែលមាននៅក្នុង ថ្លើមសត្វ ស៊ុតលឿង និងបន្លែពណ៌បៃតងចាស់ ដើម្បីឲ្យរាងកាយបង្កើតគ្រាប់ឈាមក្រហមថ្មីៗ និងគួរទទួលទានបន្លែ ផ្លែឈើដែលមានវីតាមីន C ច្រើនដូចជាក្រូចឆ្មារ ក្រូចពោធិ៍សាត់ ត្របែក ខាត់ណា និងប៉េងប៉ោះជាដើម ព្រោះវីតាមីន C នឹងជួយឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមនិងសារធាតុដែកចូលទៅក្នុងរាងកាយបានយ៉ាងល្អប្រសើរ ដោយអាចបញ្ចៀសបញ្ហាផ្សេងៗ ឬសម្រាលអាការៈឈឺចាប់អំឡុងពេលមករដូវ។
- សាច់ក្រហម
ប្រភេទសាច់ក្រហមមានសារសំខាន់ណាស់សម្រាប់ជួយបង្កើនកម្តៅ និងសីតុណ្ហភាពក្នុងរាងកាយបានយ៉ាងល្អអំឡុងពេលមករដូវ។ ដោយហេតុថាសាច់ក្រហមមានផ្ទុកទៅដោយប្រូតេអុីន វីតាមីនB12 និងសារជាតិដែកគ្រប់គ្រាន់សម្រាប់បំប៉នរាងកាយរបស់អ្នកពេលដែលបាត់បង់ឈាមអំឡុងពេលមករដូវ។ ផ្ទុយទៅវិញអ្នកត្រូវចៀសវាងការញ៉ាំអាហារដែលមានជាតិហឹរ ប្រៃ និងមានជាតិខ្លាញ់ពីព្រោះអាហារប្រភេទនេះអាចឲ្យអ្នកមានការឈឺចាប់កាន់តែខ្លាំង។
- ម៉ាញ៉េស្យូម
អំឡុងពេលមករដូវធ្វើឲ្យស្រ្តីបាត់បង់ឈាមច្រើនហើយកម្រិតម៉ាញ៉េស្យូមមានការធ្លាក់ចុះដែលជាហេតុបណ្តាលឲ្យស្រ្តីអស់កម្លាំង ស្លេកស្លាំង ព្រមទាំងមានការឈឺចាប់។ យ៉ាងណាមិញ ការជ្រើសរើសរបបអាហារដែលមានផ្ទុកនូវជាតិម៉ាញ៉េស្យូមសម្រាប់អំឡុងពេលមករដូវពិតជាមានសារសំខាន់ណាស់នេះបើយោងតាមការសិក្សារបស់ The U.S. Department of Health and Human Services Office on Women’s Health ដោយបានបង្ហាញថាការទទួលទានជាតិម៉ាញ៉េស្យូមត្រឹមតែ ៤០០មិល្លីក្រាមក្នុងមួយថ្ងៃអំឡុងពេលមករដូវអាចជួយកាត់បន្ថយភាពឈឺចាប់ និងបំបាត់ភាពតានតឹងដោយវាទៅបញ្ចេញអ័រម៉ូន Serotonin ពិសេសវាជួយគ្រប់គ្រងសីតុណ្ហភាពក្នុងរាងកាយដែលអាចប្រឆាំងនឹងអុកស៊ីតកម្មបានយ៉ាងល្អផងដែរ។ អ្នកអាចទទួលទានអាហារដែលមានផ្ទុកជាតិម៉ាញ៉េស្យូមបានដូចជា ផ្លែចេកទុំ ប័រសណ្តែក គ្រាប់ស្វាយចន្ទី អាល់ម៉ុន អង្ករសម្រូប គ្រាប់ផ្កាឈូករ័ត្ន ទឹកដោះគោ និងសូកូឡាខ្មៅ។
លំហាត់ប្រាណអំឡុងពេលមករដូវ
កុំឲ្យវដ្តរដូវរំខានដល់លំហាត់ប្រាណប្រចាំថ្ងៃរបស់អ្នកដោយអ្នកអាចជ្រើសរើសរបៀបហាត់ប្រាណទៅតាមអារម្មណ៍របស់អ្នក ជាពិសេសប្រភេទលំហាត់ប្រាណស្រាលៗដែលមានដូចជា៖
- លំហាត់ប្រាណបែប Aerobic ស្រាលៗ
ការធ្វើលំហាត់ប្រាណនេះអាចធ្វើបានច្រើនវិធីសាស្រ្តឬច្រើនរបៀបដើម្បីបង្កើនចលនាសាច់ដុំក្បាលពោះបន្ថយអាការៈមួយចំនួនដូចជា ឈឺចង្កេះ ឈឺពោះពិសេសអាចជួយដល់ចលនាឈាម និងលំហូរឈាមអំឡុងពេលមករដូវបានយ៉ាងមានប្រសិទ្ធភាព ដោយហេតុថា វាជួយធ្វើឲ្យសាច់ដុំធំៗក្នុងរាងកាយធ្វើការក្នុងចង្វាក់ស៊ីមេទ្រីគ្នា។ បន្ថែមពីនេះវាជួយកាត់បន្ថយការអស់កម្លាំង បំបាត់ការឈឺចុកចាប់ ឈឺខ្នង ជំរុញ ឬពង្រឹងកោសិកាបេះដូងឲ្យមានសុខភាពល្អ ព្រមទាំងជួយគ្រប់គ្រងទម្ងន់ផងដែរ។ ដូច្នេះ យ៉ាងហោចណាស់អ្នកគួរចំណាយពេល ៣០នាទីដើម្បីទទួលបានលទ្ធផលល្អ។ គួរបញ្ជាក់ផងដែរថាការធ្វើលំហាត់ប្រាណតាមបែប Aerobics រួមមានការដើរ ឬការរត់ត្រឹកៗជាដើម។
- យូហ្គា
អំឡុងពេលមករដូវអាចធ្វើឲ្យសាច់ដុំប្រែប្រួល ដែលបង្កឲ្យមានការឈឺចាប់និងផលរំខានដល់ការរស់នៅរបស់ស្រ្តី។ ជាក់ស្តែង ការហាត់ប្រាណបែបយូហ្គាអាចជួយដោះស្រាយបញ្ហា ឬអាការៈមួយចំនួនក្នុងអំឡុងពេលមករដូវបានដូចជា បំបាត់ភាពតានតឹងកាត់បន្ថយការឈឺចាប់នៅសាច់ដុំជួយឲ្យមានលំហូរឈាមល្អ ពិសេសជួយឲ្យចង្វាក់បេះដូងដើរបានល្អប្រសើរផងដែរ។
- លំហាត់ប្រាណបែប Pilates
ជាលំហាត់ប្រាណម៉្យាងមានលក្ខណៈទន់ភ្លន់ និងមានភាពសាមញ្ញសម្រាប់មនុស្សគ្រប់វ័យ ស្រ្តីមានផ្ទៃពោះ ឬក្រោយពេលសម្រាល ពិសេសស្រ្តីអំឡុងពេលមករដូវ ព្រោះវាអាចជួយកាត់បន្ថយការឈឺចាប់កាត់បន្ថយភាពតានតឹង ពិសេសជួយដល់មេតាបូលីសក្នុងរាងកាយឲ្យដំណើរការបានល្អ។ Pilates ជាប្រភេទលំហាត់ប្រាណបែបស្រាល និងមានច្រើនវិធីសាស្រ្ត ដែលអនុញ្ញាតឲ្យអ្នកអាចធ្វើចលនាបានពេញរាងកាយ។ អ្នកអាចធ្វើលំហាត់ប្រាណបែបនេះបាននៅក្នុងផ្ទះ ឬកន្លែងហាត់ប្រាណ ប៉ុន្តែត្រូវមានកន្ទេលហាត់ប្រាណមួយ ឬវីដេអូដែលបង្ហាញពីក្បាច់នៃលំហាត់ប្រាណបែបនេះទើបជាការងាយស្រួល។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ