អំឡុងពេលមករដូវមិនគួរញ៉ាំអាហារ និងធ្វើលំហាត់ប្រាណទាំងនេះ

ធ្លាប់មានការណែនាំជាច្រើនរួចមកហើយពីប្រភេទអាហារ និងលំហាត់ប្រាណដែលអ្នកគួរធ្វើអំឡុងពេលមករដូវ។ ស្របពេលដែលអ្នកកំពុងតែអនុវត្តទៅតាមការណែនាំទាំងអស់នោះ អ្នកក៏គួរស្វែងយល់ផងដែរពីការចៀសវាងមួយចំនួន រួមបញ្ចូលទាំងរបបអាហារ និងលំហាត់ប្រាណផងដែរ។ ចង់ដឹងថាគួរចៀសវាងទៅលើអ្វីខ្លះ អត្ថបទខាងក្រោមអាចជាការបកស្រាយសម្រាប់អ្នកអំឡុងពេលមករដូវម្ដងៗ។

អាហារដែលស្រ្តីមិនគួរទទួលទានអំឡុងពេលមករដូវ

ប្រភេទអាហារកែច្នៃ
អាហារប្រភេទនេះជាជម្រើសមួយដែលងាយស្រួលនិងឆាប់រហ័ស ប៉ុន្តែវាអាចធ្វើឲ្យអាការៈរបស់អ្នកកាន់តែយ៉ាប់ទៅបាន។ ជាក់ស្ដែងអាហារកំប៉ុង ឬនំចំណិតដំឡូងកំប៉ុងដែលមានផ្ទុកសារធាតុសូដ្យូមក្នុងបរិមាណច្រើន សុទ្ធតែជាប្រភេទអាហារដែលអាចបណ្តាលឲ្យស្ត្រីជួបបញ្ហាមិនស្រួល ឈឺចុកចាប់ ធុំក្លិន ហើមពោះពិសេសអាចឲ្យលំហូរឈាមមិនបានល្អផងដែរ។

អាហារមានជាតិស្ករ
នំខេក ស្ករគ្រាប់ អាហារសម្រន់ និងបណ្តាអាហារផ្អែមដទៃទៀតជាជម្រើសដែលគ្មានគុណប្រយោជន៍ចំពោះសុខភាពនិងមិនគួរទទួលទានជាពិសេសអំឡុងពេលមករដូវ និងនៅពេលដែលអ្នកមិនចង់ធាត់។ ម្យ៉ាងទៀតអាហារទាំងនេះ អាចបណ្តាលឲ្យការឈឺចាប់អំឡុងពេលមករដូវកាន់តែអាក្រក់។ ក្នុងករណីនេះដែរ សុភាពនារីទាំងឡាយដែលចង់ទទួលទានរបស់ផ្អែមៗក្រៅពីអាហារសម្រន់ ឬនំទាំងនោះ អ្នកអាចជ្រើសរើសអាហារ និងផ្លែឈើមួយចំនួនជំនួសវិញដូចជា ឪឡឹក ស្វាយទុំ ចេកទុំ និងផ្លែល្ហុងជាដើម។

អាហារហឹរ
អ្នកគួរចៀសវាងអាហារដែលមានជាតិហឹរជាដាច់ខាតប្រសិនឈាមរដូវមានលក្ខណៈច្រើន អស់កម្លាំងខ្លាំង និងឈឺចុកចាប់ ពីព្រោះជាតិហឹរក្នុងអាហារនឹងកាន់តែធ្វើឲ្យមានខ្យល់ក្នុងពោះ និងហើមពោះទៅវិញ។ យ៉ាងណាមិញចំពោះអ្នកដែលមានវដ្ដរដូវធម្មតា អាចបន្តការញ៉ាំអាហារហឹរបាន ប៉ុន្តែត្រូវស្ថិតក្នុងកម្រិតសមស្របដែលមិនប៉ះពាល់ដល់សុខភាពក្រពះ។

ពិសាគ្រឿងស្រវឹង
សម្ពាធឈាម អំឡុងពេលមករដូវនឹងមានការថយចុះដែលជាហេតុធ្វើឲ្យផលរំខាននៃគ្រឿងស្រវឹងកាន់តែមានឥទ្ធិពលអាក្រក់មកលើខ្លួនរបស់អ្នក។ ជាក់ស្ដែង ថាមពលរាងកាយរបស់អ្នកនឹងបន្តចុះខ្សោយប្រសិនអ្នកពិសាគ្រឿងស្រវឹងក្នុងពេលជាមួយគ្នានៃវដ្តរដូវ។ ម៉្យាងទៀត សារធាតុអាល់កុលក៏អាចធ្វើឲ្យកើនឡើងនៃលំហូរឈាមដែលធ្វើឲ្យអ្នកបាត់បង់ឈាមកាន់តែច្រើន។

ជាតិកាហ្វេអុីន
អ្នកត្រូវចៀសវាងការទទួលទានជាតិកាហ្វេអុីន និងផលិតផលដូចជាសូកូឡា សូដា តែ និងកាហ្វេនៅក្នុងអំឡុងពេលមានរដូវ ព្រោះជាតិកាហ្វេអុីនអាចបង្រួមសរសៃឈាម និងនាំឲ្យខ្សោះជាតិទឹក ដែលអាចបណ្តាលឲ្យមានបញ្ហាឈឺក្បាល ស្លេកស្លាំង អស់កម្លាំង និងការថប់អារម្មណ៍ទៀតផង។

លំហាត់ប្រាណដែលស្រ្តីមិនគួរធ្វើអំឡុងពេលមករដូវ
មិនប្រាកដថាលំហាត់ប្រាណទំាងអស់សុទ្ធសឹងតែល្អនោះទេអំឡុងពេលមករដូវ  តែវាក៏អាចផ្តល់ផលរំខានទៅដល់អ្នកវិញផងដែរ ជាពិសេសប្រភេទលំហាត់ប្រាណដូចជា៖

លំហាត់ប្រាណដែលប្រើកម្លាំងខ្លាំង ឬរយៈពេលយូរ
ការធ្វើលំហាត់ប្រាណដោយប្រើកម្លាំងខ្លាំង ឬរយៈពេលយូរអាចធ្វើឲ្យប៉ះពាល់ដល់រាងកាយរបស់អ្នកអំឡុងពេលមករដូវ។ នេះបើយោងតាមការសិក្សាមួយដែលបានចេញផ្សាយនៅក្នុងកាសែត Journal of Physiotherapy and Physical Rehabilitation បានបង្ហាញថាការធ្វើលំហាត់ប្រាណខ្លាំងក្លារយៈពេល ៦០នាទីក្នុងអំឡុងពេលមករដូវនោះ  វាអាចមានផលវិបាកកាន់តែខ្លាំងដល់សុខភាព ហើយការឈឺចាប់និងហូរឈាមក៏កើតមានកាន់តែខ្លាំងផងដែរ។

កីឡាយោគៈបែបដាំក្បាលចុះក្រោម (Inversion-type poses)
កីឡាយោគៈបែបនេះត្រូវបានណែនាំឲ្យចៀសវាងដោយសារវាជាប្រភេទកាយវិការដែលមានលក្ខណៈប្រឆាំងទៅនឹងលំហូរឈាមរបស់វដ្តរដូវ ដែលអាចរំខាន ឬបញ្ឈប់លំហូរឈាម ថែមទាំងអាចប៉ះពាល់ដល់មុខងារបន្តពូជទៀតផង។ បន្ថែមពីនោះ ស្បូន របស់អ្នកនឹងស្ថិតនៅទីតាំងបញ្រ្ចាស់ ដែលបណ្តាលឲ្យចរន្តឈាមរត់ទៅកាន់ស្បូនមិនអាចប្រព្រឹត្តទៅបានល្អ។

ការលើកទម្ងន់ ឬធ្វើការធ្ងន់
ការបញ្ចេញកម្លាំងច្រើននៅក្នុងអំឡុងពេលមករដូវអាចធ្វើឲ្យមានផលប៉ះពាល់កាន់តែខ្លាំងសម្រាប់សុខភាព ព្រោះរាងកាយមិនអាចធន់នឹងការធ្វើសកម្មភាពធ្ងន់បានឡើយ។ ដូច្នោះហើយ អ្នកគួរតែរក្សាតុល្យភាពនៃការងារនិងយកពេលសម្រាកឲ្យបានច្រើន។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨២

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Related Word


Comment