ញ៉ាំអាហារល្អចំពោះសុខភាពទាំងនេះដឹងតែឡើងគីឡូហ្មង៎…
ស្របពេលដែលអ្នកខ្លះប្រាថ្នាចង់ស្រកគីឡូ តែមិនស្រកសោះនោះ ក៏មានអ្នកខ្លះទៀតប្រាថ្នាចង់បានគីឡូបន្ថែម តែក៏មិនងាយដូចចិត្តប៉ងដែរ។ ហេតុនេះហើយ ទើបអត្ថបទនេះនឹងណែនាំអ្នកអំពីប្រភេទអាហារដែលល្អចំពោះសុខភាព ហើយជួយបំពេញក្តីប្រាថ្នានៃការឡើងគីឡូរបស់អ្នកផងដែរ…
ទឹកដោះគោ៖ ទទួលទាន ១ទៅ២កែវ ពេលញ៉ាំអាហារសម្រន់ ឬមុន និងក្រោយពេលហាត់ប្រាណ វានឹងជួយបន្ថែមប្រូតេអុីនទៅក្នុងរាងកាយអ្នក។
ភេសជ្ជៈក្រឡុកដោយខ្លួនឯង៖ រូបមន្តភេសជ្ជៈដែលមានជាតិប្រូតេអុីនជាច្រើនដែលអ្នកអាចសាកល្បងបាននៅផ្ទះរួមមានក្រឡុកផ្លែឈើដែលអ្នកចូលចិត្ត បន្លែបៃតងលាយចូលគ្នា។ល។
ពពួកគ្រាប់ធញ្ញជាតិ៖ គ្រាប់អាល់ម៉ុន គ្រាប់ស្វាយចន្ទី ប៊័រសណ្តែកដី (មិនមានជាតិស្ករសិប្បនិម្មិត)។ល។ សុទ្ធតែអាចញ៉ាំបានជាលក្ខណៈអាហារសម្រន់។
សាច់៖ បន្ថែមប្រូតេអុីន ដែលនឹងជួយបង្កើនសាច់ដុំ ដោយការទទួលទានសាច់ដែលមានគុណភាពល្អ។
ត្រីសាល់ម៉ុន៖ សាល់ម៉ុន និងប្រភេទត្រីដែលមានខ្លាញ់ច្រើន ជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា-៣ និងប្រូតេអុីន។
ផ្លែប៊័រ៖ អាចញ៉ាំរួមជាមួយនឹងផ្លែឈើផ្សេង ឬញ៉ាំសុទ្ធតែម្តងក៏បាន ព្រោះវាពោរពេញទៅដោយសារធាតុចិញ្ចឹម និងខ្លាញ់ល្អ។
ផ្លែឈើក្រៀម៖ ជាមួយនឹងកាល់ឡូរី សារធាតុសរសៃល្អចំពោះសុខភាព និងសារធាតុប្រឆាំងអុកស៊ីតកម្ម វាបន្ថែមនូវសារធាតុចិញ្ចឹម និងកាល់ឡូរីច្រើនទៅក្នុងរបបអាហារអ្នក។
ស៊ុត៖ ញ៉ាំស៊ុតច្រើនរឹតតែល្អ ជាពិសេសអ្នកព្យាយាមហាត់ប្រាណយកសាច់ដុំ ហើយគួរតែញ៉ាំទាំងអស់តែម្តង (ដោយមិនបែងចែកយកតែស៊ុតសទេ)។
សូកូឡា៖ វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុចិញ្ចឹម ក៏ដូចជាកាល់ឡូរីជាច្រើន ដែលនឹងជួយឲ្យគីឡូអ្នកឡើងស្រឺតៗ។
ប្រេង និងខ្លាញ់ធម្មជាតិ៖ ប្រេងអូលីវ ប្រេងដូង…ឲ្យតែប្រេងដែលចម្រាញ់ចេញពីធម្មជាតិ សុទ្ធតែល្អសម្រាប់អ្នក។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ