លំហាត់ប្រាណសម្រកក្បាលពោះចំពោះមនុស្សប្រុស
សុភាពបុរសទាំងឡាយដែលមានក្បាលពោះកំភីងៗ ប្រាកដជាមានការបារម្ភចំពោះបញ្ហានេះហើយ តែកុំភ្លេចថា បញ្ហាណាក៏មានដំណោះស្រាយដែរ ឲ្យតែយើងទទួលស្គាល់វាថាជាបញ្ហា ហើយរកដំណោះស្រាយដែលសមស្របនោះ។ សម្រាប់បញ្ហាមានក្បាលពោះនេះដែរ បុរសៗយើងអាចចំណាយពេលខ្លះក្នុង ២៤ម៉ោងរបស់ខ្លួនជារៀងរាល់ថ្ងៃ ធ្វើចលនាលំហាត់ប្រាណទាំងនេះ ដើម្បីបណ្តេញចេញនូវសាច់ដែលមិនចង់ឲ្យមាននោះបាន អ្វីដែលពិសេសនោះគឺមិនត្រូវការឧបករណ៍ឬម៉ាស៊ីនអ្វីឡើយ…
លោតដូចឡើងភ្នំ (Mountain Climbers)
• ត្រៀមដូចជាសម្រាប់ការអាវ៉ង់ (push-up) ដោយដាក់ដៃឲ្យត្រង់សន្ធឹងអស់ ហើយដងខ្លួនស្របគ្នាពីក្បាលដល់ចុងជើង
• លើកជង្គង់ខាងឆ្វេងសំដៅទៅទ្រូងខាងឆ្វេង
• ទម្លាក់ចុះទៅទីតាំងដើម រួចធ្វើដូចគ្នាចំពោះជង្គង់ម្ខាងទៀត។
*** ធ្វើបែបនេះឆ្លាស់គ្នាទាំងសងខាង ក្នុងចង្វាក់មួយលឿនល្មម ដោយធ្វើម្តង ២០វិនាទីហើយសម្រាក១០វិនាទី និងគួរធ្វើឲ្យបាន៤-៥នាទី
លោតឡើងលើត្រង់ (Burpee)
• ឈរដោយដាក់ដៃទាំងពីរស្របនឹងដងខ្លួន
• បន្ទាបខ្លួនចុះក្រោម ដោយដាក់ប្រអប់ដៃនៅជាប់នឹងផ្ទៃដី ឬកម្រាល
• ធ្វើការអាវ៉ង់ (push-ups)មួយ
• រួចត្រឡប់ទៅដូចចលនាដើមវិញ ហើយលោតមួយ ពេលដែលងើបឈរឡើង។
*** ធ្វើចលនានេះ១0-១៥ដង
Plank ដោយលើកដងខ្លួនឡើងលើ (Plank Body Raise)
• គេងផ្កាប់ ដោយដាក់កំភួនដៃនៅលើផ្ទៃដី ឬកម្រាល និងដាក់ដៃឲ្យស្របនឹងស្មា (បើការដាក់ប្រអប់ដៃរាបមិនសូវស្រួលសម្រាប់អ្នក អ្នកក៏អាចក្តាប់ដៃទាំងពីរចូលគ្នាក៏បាន)
• លាតសន្ធឹងជើងឲ្យអស់
• ងើបខ្លួនឡើងលើឲ្យផុតពីដី ឬកម្រាល ហើយប្រើកជើង និងកំភួនដៃ ដើម្បីទប់លំនឹងដងខ្លួន
• លើកត្រគាក និងដងខ្លួនឡើងលើ ដោយរក្សាទីតាំងកំភួនដៃ និងកជើងនៅដដែល
• ទម្លាក់ខ្លួនចុះក្រោមវិញ។
*** ធ្វើបែបនេះពី៣-៤នាទីក្នុងមួយថ្ងៃ
Plank មួយចំហៀងខ្លួន ហើយបង្វិលទៅម្ខាងៗ (Side Plank Rotation)
• គេងចំហៀង ទុកតែកំភួនដៃនៅលើផ្ទៃ ឬកម្រាល ហើយស្មានៅត្រង់ស្របពីលើដៃ
• លើកដៃមួយចំហៀងទៀតត្រង់ឡើងលើ ហើយងើបខ្លួនឡើងលើដោយប្រើកំភួនដៃនិងកជើងដើម្បីទប់លំនឹង
• ទម្លាក់ដៃម្ខាងនោះចុះក្រោម រួចដាក់កំភួនដៃនោះនៅលើផ្ទៃ ឬកម្រាលវិញម្តង រួចធ្វើចលនាដូចមុនដែរ
• ឆ្លាស់ទៅមកទាំងសងខាងដោយរក្សាលំនឹងឲ្យបានល្អ។
*** ធ្វើបែបនេះឲ្យបាន១០-១២ដងក្នុងមួយលើក
ជិះកង់ដោយប្រើសាច់ដុំពោះ (Ab Bicycles)
• គេងផ្ងារ ដោយដាក់ដៃទាំងពីរផ្អោបជាប់គ្នាទប់ក្បាល
• ព្យាយាមងើបក្បាល និងស្មា ឲ្យផុតពីកម្រាល
• លើកជើងទាំងពីរក្នុងកាយវិការដូចធាក់ឈ្នាន់កង់ ស្របពេលដែលដៃទាំងពីរក៏ធ្វើចលនាដូចគ្នា ដោយលើកកែងដៃស្តាំទៅប៉ះនឹងជង្គង់ឆ្វេង ហើយធ្វើដូចគ្នាចំពោះម្ខាងទៀត។
*** ធ្វើចលនានេះឲ្យបាន១៥-២០ដងក្នុងមួយលើក រួចសម្រាកបន្តិច ហើយបន្តធ្វើឲ្យបាន ៣លើក
Plank ដោយយកដៃម្ខាងប៉ះស្មា (Plank Shoulder Touch)
• គេងផ្កាប់ ដោយដាក់ប្រអប់ដៃនៅលើផ្ទៃដី ឬកម្រាល និងដាក់ដៃឲ្យស្របនឹងស្មា
• លាតសន្ធឹងជើងឲ្យអស់
• ងើបខ្លួនឡើងលើឲ្យផុតពីដី ឬកម្រាល ហើយប្រើកជើង និងកំភួនដៃ ដើម្បីទប់លំនឹងដងខ្លួន
• ព្រលែងដៃឆ្វេង ទៅប៉ះស្មាស្តាំ រួចធ្វើដូចគ្នាចំពោះដៃម្ខាងទៀត។
*** ធ្វើចលនានេះ៣-៤នាទីក្នុងមួយថ្ងៃ
អត្ថបទ៖ ដកស្រង់ចេញពី ទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ