រូបមន្តភេសជ្ជៈពិសេសៗសម្រាប់អ្នកចង់ឡើងទម្ងន់
មានអារម្មណ៍ថាគីឡូនៅរាងស្ទើរបន្តិចមែនទេ៎? ហើយមានបំណងចង់ឲ្យទម្ងន់របស់អ្នកឡើងតាមបែបធម្មជាតិ? ជាក់ស្តែង បន្ថែមពីលើទម្លាប់ប្រចាំថ្ងៃនិងរបបអាហារដែលល្អចំពោះសុខភាព ដែលជួយជំរុញដល់ការឡើងទម្ងន់ហើយនោះ អ្នកក៏អាចធ្វើនូវភេសជ្ជៈងាយៗ ហើយសម្បូរទៅដោយសារធាតុសរសៃវីតាមីន និងជាតិរ៉ែ ដែលសុទ្ធតែជាសារធាតុចិញ្ចឹមដ៏ចាំបាច់សម្រាប់សុខភាពរាងកាយ ហើយថែមទាំងអាចជាចំណែកមួយទៀតនៃការសម្រេចគោលដៅក្នុងការឡើងទម្ងន់របស់អ្នកផងដែរ។ សំខាន់បានញ៉ាំឆ្ងាញ់ ហើយល្អចំពោះសុខភាព និងទម្ងន់ទៀត…
ទឹកផ្លែស្រ្តប៊ែរីប៊័រ ចេក កិន
- ទឹកដោះគោស្រស់ ១/៤ កែវ
- យ៉ាអ៊ួ ៣/៤ កែវ
- ចេក ១ ផ្លែ
- ស្ត្រប៊ែរី៥-៦ផ្លែ
- ផ្លែប៊័រ ១/៤
- ទឹកស្ករ ឬទឹកស៊ីរ៉ូប៍១/៤ ស្លាបព្រាកាហ្វេ
វិធីធ្វើ៖ ចាក់ទឹកដោះគោ និងយ៉ាអ៊ួ ចូលក្នុងម៉ាស៊ីនកិន ហើយកិនឲ្យម៉ដ្ឋ (បើខាប់ពេកអាចបន្ថែមទឹកដោះគោបាន) រួចដាក់ចំណិតចេក និងប៊័រចូលរួចកិនម្តងទៀត។ ពេលចូលគ្នាសព្វហើយ ដាក់ស្ត្រប៊ែរីចូលទៅជាមួយនឹងទឹកស្ករ ឬទឹកស៊ីរ៉ូប៍កិនចូលគ្នាបន្ថែមទៀត។
ទឹកផ្លែស្ត្រប៊ែរី ប៊័រសណ្តែកដីចេក កិន
- យ៉ាអ៊ួ ៣/៤ កែវ
- ស្ត្រប៊ែរី ៥ ផ្លែ
- ចេក ១ ផ្លែ
- ប៊័រសណ្តែកដី២ ស្លាបព្រាបាយ
- ទឹកដោះគោ ២ ស្លាបព្រាបាយ
វិធីធ្វើ៖ ដាក់គ្រឿងផ្សំទាំងអស់ចូលក្នុងម៉ាស៊ីនកិន ហើយកិនឲ្យម៉ដ្ឋចូលគ្នា (បើអ្នកចូលចិត្តរាវបន្តិច អាចបន្ថែមទឹកដោះគោបាន)
ទឹកសូកូឡាចេក កិន
- ទឹកដោះគោ ១/៤ កែវ
- យ៉ាអ៊ួ ៣/៤ កែវ
- ចេក ១ ផ្លែ
- សូកូឡាខ្មៅ ៣ ដុំ ឬ ២-៣ស្លាបព្រាបាយ (គ្រាប់តូចៗ)
- ទឹកកក ១ កែវ
វិធីធ្វើ៖ ចាក់ទឹកដោះគោ ចេក សូកូឡា និងយ៉ាអ៊ួ កិនឲ្យសព្វ រួចសឹមដាក់ទឹកកកចូល ហើយកិនឲ្យម៉ដ្ឋ
*** គួរតែញ៉ាំភ្លាមៗក្រោយពេលកិនហើយ។ ក្នុងករណីដែលមានបរិមាណច្រើនពេក អ្នកអាចទុកខ្លះក្នុងទូរទឹកកកឲ្យត្រជាក់២-៣ម៉ោងសិនរួចសឹមញ៉ាំពេលក្រោយក៏បាន។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ