ក្រៅពីហាត់ប្រាណហើយត្រូវធ្វើអ្វីទៀតដើម្បីស្រកទម្ងន់?
ផែនការហាត់ប្រាណបានធ្វើរួចរាល់ហើយ តើអ្វីដែលត្រូវធ្វើតទៀតសម្រាប់ការសម្រកទម្ងន់? ជាក់ស្ដែងទម្លាប់ប្រចាំថ្ងៃ និងរបបអាហារក៏ជាកាតព្វកិច្ចដែលអ្នកត្រូវកំណត់ និងអនុវត្តជារៀងរាល់ថ្ងៃផងដែរក្រៅពីការធ្វើលំហាត់ប្រាណ។ ខាងក្រោមនេះជាការណែនាំនូវវិធីសាស្រ្តខ្លះៗ បូករួមទាំងរបបអាហារ និងទម្លាប់នៃការរស់នៅ ដែលជាគន្លឹះសម្រាប់អ្នកដែលមានបំណងចង់ទទួលបានរាងកាយដែលស្រឡូនស្អាតឡើងវិញ៖
ញ៉ាំអាហារយឺតៗ
ល្បឿននៃការញ៉ាំអាហារ ក៏អាចរារាំងដល់គោលដៅសម្រកទម្ងន់របស់អ្នកផងដែរ។ ជាក់ស្ដែង ការទំពាអាហារឲ្យបានល្អ និងញ៉ាំក្នុងកម្រិតយឺតល្មម អាចផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់ខួរក្បាលបញ្ជូនព័ត៌មានប្រាប់អ្នកពីការឆ្អែត។ ដំណើរការនេះ អាចធ្វើឲ្យអ្នកកាត់បន្ថយការញ៉ាំអាហារច្រើនដង និងច្រើនហួសប្រមាណ។ មិនថា អ្នកឃ្លានប៉ុណ្ណានោះទេព្យាយាមទំពាអាហារមួយម៉ាត់ៗរបស់អ្នកឲ្យបានយ៉ាងហោចណាស់ ១០វិនាទី។
ជ្រើសរើសអាហារប្រូតេអុីន
ប្រូតេអុីនគឺជាផ្នែកមួយដ៏សំខាន់នៃរបបអាហារដែលចាំបាច់សម្រាប់ការលូតលាស់និងជួយរំលាយអាហារប្រកបដោយប្រសិទ្ធភាព។ ប្រូតេអុីនអាចបង្កើនអារម្មណ៍ឆ្អែតនិងពន្យារពេលឃ្លាន។ ការសិក្សាតូចមួយលើស្ត្រីវ័យក្មេង បានរកឃើញថាការញ៉ាំទឹកដោះគោមានជាតិប្រូតេអុីនខ្ពស់ (ជាអាហារសម្រន់នៅពេលរសៀល) បានកាត់បន្ថយភាពឃ្លាន និងកម្រិតកាល់ឡូរីនៅពេលទទួលទានអាហារពេលក្រោយ។ វិធីសាមញ្ញក្នុងការបង្កើនបរិមាណប្រូតេអុីននៅក្នុងរបបអាហាររួមមានការបន្ថែមគ្រាប់ធញ្ញជាតិ ស៊ុតសាច់មាន់ និងត្រី នៅក្នុងផែនការចំណីអាហារ។
ទទួលទានអាហារមានជាតិសរសៃ
ប្រភេទអាហារដែលសម្បូរទៅដោយជាតិសរសៃដូចជា គ្រាប់ធញ្ញជាតិ អង្ករសម្រូប បន្លែនិងផ្លែឈើអាចជួយបង្កើនភាពឆ្អែតឲ្យនៅបានយូរ។ លើសពីនេះវាមានតួនាទីបង្កើនការស្រូបយកសារធាតុចិញ្ចឹម និងការពារពីការទល់លាមកផងដែរ។ តាមការសិក្សាក៏បានណែនាំឲ្យមានការញ៉ាំជាតិសរសៃឲ្យបានច្រើនសម្រាប់អ្នកដែលមានបំណងចង់សម្រកទម្ងន់ ជាពិសេសជាតិសរសៃម៉្យាងឈ្មោះថា Viscous ដែលអាចរកបាននៅក្នុងប្រភេទអាហារដូចជា សណ្ដែក គ្រាប់ធញ្ញជាតិ ទំពាំងបារាំង ឬផ្លែក្រូចជាដើម។ ជាក់ស្ដែង ជាតិសរសៃបែបនេះបានប្រែក្លាយទៅជាទម្រង់ជែលនៅពេលប៉ះជាមួយទឹកដែលមានសមត្ថភាពជំរុញការស្រូបយកជីវជាតិ និងធ្វើឲ្យអ្នកឆ្អែតបានយូរ។
ញ៉ាំទឹកឲ្យបានទៀងទាត់
ការទទួលទានទឹកអាចជួយអ្នកពីការញ៉ាំច្រើន និងស្រកទម្ងន់ប្រសិនអ្នកមានទម្លាប់ញ៉ាំទឹកមុនពេលបរិភោគអាហារម្ដងៗ។ ការសិក្សាលើមនុស្សពេញវ័យបានបង្ហាញថាការញ៉ាំទឹកកន្លះលីត្រ មុនញ៉ាំអាហារ៣០នាទី អាចជួយបន្ថយការឃ្លាន និងធ្វើឲ្យការស្រូបយកកាល់ឡូរីស្ថិតនៅកម្រិតទាប។ ជាក់ស្ដែងប្រសិនអ្នកមានទម្លាប់ញ៉ាំទឹកមុនពេលអាហារមានឱកាសស្រកទម្ងន់ក្នុងកម្រិត ៤៤% នៅ ១២សប្តាហ៍បើប្រៀបធៀបទៅនឹងអ្នកដែលមិនបានញ៉ាំទឹក។ ក្រៅពីនោះ អ្នកក៏គួរកាត់បន្ថយការញ៉ាំភេសជ្ជៈមានជាតិកាល់ឡូរីខ្ពស់ តែជំនួសដោយទឹកធម្មតាវិញទើបជាការប្រសើរ។
គេងឲ្យបានគ្រប់គ្រាន់
ការគេងស្កប់ស្កល់ បានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់គោលដៅសម្រកទម្ងន់របស់អ្នក។ ផ្ទុយទៅវិញប្រសិនអ្នកមិនបានគេងគ្រប់គ្រាន់ នោះវាអាចប៉ះពាល់ទៅដល់មុខងារអ័រម៉ូនសម្រាប់រក្សាតុល្យភាពរបបអាហារ ដូចជា Leptin (អ័រម៉ូនកំណត់ការឆ្អែត) និងGhrelin (អ័រម៉ូនធ្វើឲ្យឃ្លាន)។ នៅពេលមុខងាររបស់អ័រម៉ូនទាំងពីរប្រែប្រួលនោះវាអាចធ្វើឲ្យអ្នកកាន់តែឃ្លាន និងមានទំនោរញ៉ាំអាហារដែលគ្មានជីវជាតិត្រឹមត្រូវ។ សូមសាកល្បងបិទគ្រឿងអេឡិចត្រូនិចមួយម៉ោងមុនពេលចូលគេង និងបង្កើតទម្លាប់នៃការគេង និងភ្ញាក់នៅម៉ោងណាមួយជាទៀងទាត់។
រក្សាសុខភាពផ្លូវចិត្ត
ជាការពិត ការសម្រកទម្ងន់ក៏ប្រាស្រ័យទាក់ទងទៅលើសុខភាពផ្លូវចិត្តផងដែរ។ ការបរាជ័យពីអតីតកាលភាពតានតឹងនៅក្នុងផ្ទះ ឬកន្លែងធ្វើការ របៀបរស់នៅផ្សេងទៀត ឬបញ្ហាផ្លូវចិត្ត សុទ្ធតែជាការបិទផ្លូវនៅលើដំណើរការក្នុងការសម្រកទម្ងន់។ មុនពេលចាប់ផ្ដើមដំណើរការសម្រកទម្ងន់សូមចំណាយពេលក្នុងការគិតគូរពិចារណា កាត់បន្ថយភាពតានតឹង និងព្យាយាមសម្រេចឲ្យបាននូវរូបរាងកាយដែលអ្នករំពឹងទុកចង់បាន។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ