ចង់ឡើងទម្ងន់ដោយមិនប៉ះពាល់ដល់សុខភាព គួរ និងមិនគួរធ្វើរឿងអ្វីខ្លះ?
ប្រហែលជាមានពេលខ្លះ អ្នកអង្គុយច្រណែននឹងអ្នកដែលប្រឹងតមអាហារផង ហាត់ប្រាណផង ដើម្បីឲ្យតែស្រកទម្ងន់ ស្របពេលដែលខ្លួនអ្នកវិញបន់ឲ្យតែឡើងទម្ងន់ខ្លះហើយបើសិនជាអាច សឹងតែចង់សុំឲ្យគេរំលែកទម្ងន់ខ្លះមកឲ្យខ្លួនទៀត។ មិនថាប្រឹងញ៉ាំយ៉ាងណាក៏នៅតែមិនព្រមកើនទម្ងន់នឹងគេសោះមែនទេ៎? ការពិតទៅ អាចនឹងមានទង្វើខ្លះដែលអ្នកគិតខុសថានឹងផ្តល់នូវផលដែលអ្នកប្រាថ្នា ឬក៏អ្នកគិតត្រូវហើយ តែធ្វើមិនទាន់បានត្រឹមត្រូវ ទើបលទ្ធផលនៅតែមិនគាប់ប្រសើរ។ ទោះបីជាការឡើងទម្ងន់ជារឿងមួយសំខាន់ តែសុខភាពក៏នៅតែសំខាន់ជាងដែរ ហើយដើម្បីកុំឲ្យនៅតែអន់ចិត្តនឹងទម្ងន់មិនសូវច្រើនរបស់ខ្លួនឯងទៀតនោះ អ្នកអាចសិក្សាអំពីទង្វើគួរ និងមិនគួរធ្វើជាមួយគ្នាខាងក្រោមនេះបាន…
គួរ៖
• ញ៉ាំអាហារសម្រន់ដែលមានផ្ទុកនូវសារធាតុចិញ្ចឹមរួមមានប្រភេទសណ្តែកដីចម្រុះ ផ្លែឈើស្រស់ ដូចជាចេក ម្នាស់។ល។
• ញ៉ាំអាហារតូចៗឲ្យបានយ៉ាងតិច៣ដង ក្នុងមួយថ្ងៃ។
• ទទួលទានអាហារដែលផ្តល់នូវថាមពល រួមមាន បាយសម្រូប ដំឡូង បន្លែបៃតង ស៊ុត ផលិតផលទឹកដោះគោ ដែលសម្បូរទៅដោយកាបូអុីដ្រាតនិងប្រូតេអុីន ។
• ទទួលទានទឹកឲ្យបានច្រើន និងជាប្រចាំ ដើម្បីរក្សាជាតិទឹកក្នុងខ្លួន និងបញ្ចេញចោលនូវសារធាតុពុលពីក្នុងខ្លួនមកវិញ ។
• រៀបចំគម្រោងនៃការធ្វើលំហាត់ប្រាណ ឲ្យបានសមស្របទៅនឹងគម្រោងនៃការឡើងទម្ងន់របស់អ្នក ក៏ដូចជារបបអាហារដែលមានបរិមាណកាល់ឡូរីនិងប្រូតេអីុនខ្ពស់។
មិនគួរ៖
• ញ៉ាំអាហារកំប៉ុង ឬអាហារដែលរក្សាទុកបានយូរ ព្រមទាំងអាហារបែប Fast Food ដូចជា ប៊័រហ្គឺ ប្រភេទអាហារបំពង។ល។ ព្រោះអាហារទាំងនេះនឹងធ្វើឲ្យរាងកាយអ្នកស្តុកទុកជាតិខ្លាញ់មិនល្អច្រើននៅក្នុងរាងកាយ។
• ព្យាយាមញ៉ាំអាហារមានបរិមាណច្រើនក្នុងមួយពេលៗ ហើយញ៉ាំតិចដង។
• ប្រឹងញ៉ាំអាហារដែលមានជាតិផ្អែមច្រើនពេក ជាពិសេសអាហារដែលប្រើប្រាស់ស្ករសិប្បនិម្មិត ព្រោះវាអាចបង្កជាផលប៉ះពាល់ផ្សេងៗដល់សុខភាពរាងកាយរបស់អ្នក។
• ទទួលទានទឹក នៅមុន និងក្នុងអំឡុងពេលញ៉ាំអាហារ ព្រោះវានឹងធ្វើឲ្យឆាប់មានអារម្មណ៍ថាឆ្អែតហើយក៏អាចប៉ះពាល់ដល់ដំណើរការរំលាយអាហារផងដែរ។
• ធ្វើលំហាត់ប្រាណប្រភេទដែលបង្កើនចលនាចង្វាក់បេះដូង (Cardio exercises) ព្រោះជាទូទៅ វានឹងធ្វើឲ្យអ្នកស្រកទម្ងន់ ។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨២
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ