ខ្ញុំអាចមានបញ្ហាប្រព័ន្ធសរសៃប្រសាទទេបើឧស្សាហ៍ឈឺក្បាលយ៉ាងនេះ?
ឈឺក្បាល គឺជាអាការៈរោគដែលកើតញឹកញាប់លើបុគ្គលគ្រប់រូបពិសេសអ្នកដែលមានការងារមមាញឹក។ ប៉ុន្តែរោគសញ្ញាឈឺក្បាលនេះក៏អាចជាប់ពាក់ព័ន្ធទៅនឹងជំងឺមួយចំនួនផងដែរដូចជាបញ្ហាប្រព័ន្ធប្រសាទជាដើម។ ប៉ុន្តែប្រសិនការឈឺចាប់កើតឡើងនៅផ្នែកខាងក្រោយនៃក្បាលដែលសង្ស័យថាប៉ះពាល់ទៅនឹងប្រព័ន្ធប្រសាទ ករណីរបស់អ្នកប្រហែលជាអាចដូចទៅនឹងករណីខាងក្រោម៖
សំណួរ៖ ខ្ញុំបាទអាយុ ៣២ឆ្នាំ កម្ពស់ ១ម៉ែត្រ៧៦ ទម្ងន់ ៦៥ គីឡូក្រាម ជាវិស្វករអគ្គិសនី។ ខ្ញុំមានបញ្ហាឈឺក្បាលមួយចំហៀងផ្នែកខាងក្រោយដែលកើតឡើងយូរៗម្តងតែមិនងាយបាត់។ ពេលខ្លះអាចឈឺពេញមួយសប្តាហ៍ ហើយការឈឺនេះបានធូរស្រាលខ្លះនៅពេលគេង។ ខ្ញុំបានប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដែលមានផ្សំ Paracetamol និង Ibuprofene ៣ដងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃដោយខ្លួនឯងនៅពេលមានអាការៈនេះ។ តើអាការៈនេះប៉ះពាល់ប្រព័ន្ធសរសៃប្រសាទឬយ៉ាងណា? តើខ្ញុំគួរធ្វើដូចម្តេច?
ចម្លើយ៖ ចំពោះការឈឺក្បាលមួយចំហៀងផ្នែកខាងក្រោយ និងពេញមួយសប្តាហ៍ តែយើងមិនដឹងថាការឈឺនេះប៉ុន្មានថ្ងៃក្នុងមួយសប្តាហ៍ និងឈឺម្តងប៉ុន្មានម៉ោង។ ចំពោះការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់គ្រាន់តែជួយបន្ធូរការឈឺចាប់បណ្តោះអាសន្នប៉ុណ្ណោះ ម្យ៉ាងទៀតថ្នាំបំបាត់ការឈឺចាប់មានកម្រិតផ្សេងៗគ្នា និងមិនដឹងថាអ្នកជំងឺញ៉ាំ ៣ដងក្នុងមួយថ្ងៃក្នុងកម្រិតណាដែលមិនបាត់នោះទេ។ បើតាមការរៀបរាប់ខាងលើអាចទាក់ទងនឹងជំងឺប្រកាំងប៉ុន្តែលោកគួរតែជួបពិភាក្សាជាមួយគ្រូពេទ្យឯកទេសប្រព័ន្ធសរសៃប្រសាទខួរក្បាលដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវហើយបើមិនមានអ្វីពាក់ព័ន្ធនឹងផ្នែកខួរក្បាលទេលោកគ្រាន់តែទទួលការព្យាបាលឲ្យបានត្រឹមត្រូវនិងដោយទៀងទាត់ក្នុងរយៈពេល៣ខែនោះអាការៈលោកនឹងអាចមានភាពប្រសើរឡើង។
បកស្រាយដោយ៖ សាស្រ្តាចារ្យមហាបរិញ្ញា ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទសរសៃឈាមខួរក្បាល និងជានាយផ្នែកសរសៃប្រសាទខួរក្បាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ