ឈឺក្បាល និងជ្រុះសក់ មួយណាជាហេតុ? មួយណាជាផល?
“អាការៈឈឺក្បាលធ្វើឲ្យអ្នកជ្រុះសក់ ឬបញ្ហាជ្រុះសក់ជាហេតុផលធ្វើឲ្យអ្នកឈឺក្បាល” នៅតែជាភាពស្រពេចស្រពិលមួយកើតមានឡើងសឹងតែបុគ្គលគ្រប់រូបទាំងអស់។ យ៉ាងណាមិញហេតុផលនៃបញ្ហាទាំងពីរខាងលើអាចបណ្តាលមកពីកត្តារួមផ្សំគ្នានៃស្ថានភាពជំងឺណាមួយ ដែលអ្នកអាចស្វែងយល់បន្ថែមតាមរយៈករណីខាងក្រោម៖
សំណួរ៖ ខ្ញុំមានការឈឺក្បាលតាំងពីអាយុ ១៣ឆ្នាំហើយសក់ខ្ញុំជ្រុះខ្លាំងណាស់រយៈពេល ១ឆ្នាំនេះ។ នាងខ្ញុំឧស្សាហ៍ឈឺក្បាល ថែមទាំងឈឺប្រកាំងទៀតផង។ ខ្ញុំធ្លាប់ទទួលបានការព្យាបាលដោយប្រើប្រាស់ឱសថប៉ារ៉ាសេតាម៉ុល តែឥឡូវការព្យាបាលហាក់គ្មានប្រសិទ្ធភាព។ តើគួរធ្វើដូចម្តេចចំពោះបញ្ហាសក់ជ្រុះនេះ?
ចម្លើយ៖ បើមានបញ្ហាទាក់ទងនឹងខួរក្បាល និងសរសៃប្រសាទ នោះការឈឺក្បាលអាចធ្វើឲ្យរង្គោះសក់ ហើយបើទាក់ទងនឹងផ្នែកសើស្បែកវិញសារធាតុពុលមួយចំនួនពីសាប៊ូកក់សក់ក៏ធ្វើឲ្យរង្គោះសក់បានដែរ។ ផ្ទុយមកវិញការគិតច្រើនពីបញ្ហាជ្រុះសក់ក៏ធ្វើឲ្យអ្នកមានការឈឺក្បាលដែរ ហេតុនេះគួរតែជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសសរសៃប្រសាទខួរក្បាល ដើម្បីដោះស្រាយកង្វល់ទាំងអស់ខាងលើចំណែកការប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុលមិនមែនជាជម្រើសសំខាន់នោះទេ។ បញ្ហាក្នុងករណីខាងលើនេះមិនទាន់ធ្ងន់ធ្ងរឡើយ តែគួរជួបពិភាក្សាជាមួយនឹងគ្រូពេទ្យផ្នែកខួរក្បាល និងគ្រូពេទ្យសើស្បែក ព្រោះយើងមិនអាចសន្និដ្ឋានបានថាតើអាការៈឈឺក្បាលនេះកើតមុនជ្រុះសក់ ឬជ្រុះសក់ហើយទើបបណ្តាលឲ្យឈឺក្បាល?
បកស្រាយដោយ៖ សាស្រ្តាចារ្យវេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាមខួរក្បាល និងជានាយផ្នែកសរសៃប្រសាទខួរក្បាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ