ឫសដូងច្រមុះ មិនមែនមហារីកតែងាយនឹងលាប់ឡើងវិញ
ឫសដូងច្រមុះ ឬ Nasal Polyps ជាជំងឺដែលបណ្តាលមកពីការរលាករ៉ាំរ៉ៃ នៃប្រហោងឆ្អឹងមុខទាំងសងខាង ដោយបង្កើតជាដុំសាច់ដុះចេញពីប្រហោងឆ្អឹងមុខ ដល់រន្ធច្រមុះ។ លក្ខណៈពិសេស នៃឫសដូងច្រមុះមាន៤យ៉ាង រួមមាន ជំងឺរលាករ៉ាំរ៉ៃ ប្រែប្រួលកំហាប់ mucus ងាយលាប់ឡើងវិញ និងមានមូលហេតុច្រើន។ បច្ចុប្បន្ននេះ ពុំមានការសិក្សាណាមួយបញ្ជាក់ថាកម្ពុជាមានការកើនឡើងនូវជំងឺឫសដូងច្រមុះក្នុងកម្រិតណាមួយទេ ប៉ុន្តែបើតាមការអង្កេត និងបទពិសោធន៍ជាក់ស្តែងបង្ហាញថា វាមានការកើនឡើងច្រើនគួរឲ្យបារម្ភ។
មូលហេតុប្រឈម
គេមិនទាន់រកឃើញមូលហេតុពិតប្រាកដណាមួយដែលបង្កឲ្យមានឫសដូងច្រមុះនោះទេ វាស្ថិតនៅជាការលើកឡើងរបស់អ្នកប្រាជ្ញនៅឡើយ។ ក្នុងនោះផងដែរវាអាចទាក់ទងជាមួយនឹងបញ្ហាអាល្លែកហ្ស៊ី ការប៉ះជាមួយផ្សែងបារី ការញ៉ាំស្រាបរិយាកាសរស់នៅ ការរលាករ៉ាំរ៉ៃនៃប្រហោងឆ្អឹងមុខដោយបាក់តេរី ឬផ្សិត ការមានឆ្អឹងវៀច ឬសាច់ច្រមុះធំ និងទាក់ទងនឹងតំណពូជក្នុងករណីខ្លះផងដែរ។
ក្រៅពីមូលហេតុខាងលើ បុគ្គលដែលងាយនឹងប្រឈមខ្ពស់ផ្អែកលើកត្តា៣ រួមមាន៖
• កត្តាមនុស្ស៖ មនុស្សដែលមានសកម្មភាពការងារប្រឈមមុខច្រើន និងមានជំងឺប្រចាំកាយណាមួយពីមុន ពិសេសជំងឺហឺត
• កត្តាអាយុ៖ ប្រឈមខ្ពស់ក្នុងចន្លោះអាយុ ២០ទៅ៦០ឆ្នាំ ដែលជាមធ្យមគឺ៤២ឆ្នាំ
• កត្តាភេទ៖ ភាគច្រើនកើតលើបុរសច្រើនជាងស្ត្រី (៣/១)។
សញ្ញាសម្គាល់
អ្នកជំងឺនឹងមានលេចចេញជារោគសញ្ញាដូចជាអាការៈដែលអ្នកជំងឺគិតថាជាផ្តាសាយញឹកញាប់តឹងច្រមុះ ហៀរសម្បោររ៉ាំរ៉ៃ បាត់ការដឹងក្លិន តឹងច្រមុះសងខាង ឈឺក្បាលត្រង់ប្រជុំចិញ្ចើម ឬសម្បោរហៀរទៅបំពង់ក ដែលបង្កឲ្យក្អក កណ្តាស់ហឹងត្រចៀក និងធុំក្លិនមាត់ជាដើម។
ការធ្វើរោគវិនិច្ឆ័យ
ឫសដូងច្រមុះ ត្រូវធ្វើរោគវិនិច្ឆ័យដោយ៖
• សាកសួរពីប្រវត្តិអ្នកជំងឺ រកសញ្ញាដូចបានរៀបរាប់ខាងលើ
• ពិនិត្យតាម speculum ច្រមុះក្នុងករណីឫសដូងច្រមុះមានទំហំធំ
• ការពិនិត្យដោយប្រើ Endoscope ឬ Fibroscope ដើម្បីរកមើលដុំសដូចដុំខ្លាញ់លៀនចេញពីប្រហោងឆ្អឹងមុខ ដែលអាចមានលាយឡំជាមួយខ្ទុះ
• ការស្កេនប្រហោងឆ្អឹងមុខ
• ការធ្វើតេស្តអាល្លែកហ្ស៊ី
• ការយកសម្បោរមកពិនិត្យ
• ពិនិត្យដោយ MRI ក្នុងករណីចាំបាច់។
វិធីសាស្ត្រព្យាបាល
អ្នកជំងឺឫសដូងច្រមុះ ត្រូវព្យាបាលដំបូងដោយប្រើថ្នាំ ដែលត្រូវធ្វើឡើងនៅមុន និងក្រោយពេលវះកាត់៖
• Corticotherapy ៖ មានជាប្រភេទបាញ់ច្រមុះដែលអ្នកជំងឺអាចប្រើបានពី៣ ទៅ៦ខែ និងក្នុងករណីធ្ងន់ធ្ងរ គ្រូពេទ្យអាចតម្រូវឲ្យអ្នកជំងឺប្រើជាប្រភេទថ្នាំលេប ឬចាក់ មិនឲ្យលើសពី១០-១២ថ្ងៃ។
• អង់ទីប៊ីយ៉ូទិច៖ ប្រើក្នុងករណីមានការបង្ករោគដោយបាក់តេរី ឬមានការកើតជំងឺឫសដូងច្រមុះរួមជាមួយការរលាកឆ្អឹងមុខសងខាងច្រមុះរ៉ាំរ៉ៃ។
• សឺរ៉ូមប្រៃ៖ ប្រើដើម្បីលាងច្រមុះមុនពេលប្រើ Corticotherapy ដើម្បីសម្អាតស្លេស្ម។
• Anti-Histamine៖ ករណីអ្នកជំងឺឫសដូងច្រមុះមានមូលហេតុមកពីអាល្លែកហ្ស៊ី ដែលអាចប្រើចន្លោះពី១ទៅ៣ខែ។
• Antileukotriene៖ ករណីអ្នកជំងឺប្រើ Antihistamine គ្មានប្រសិទ្ធភាព ឬអាចប្រើរួមគ្នាដើម្បីបង្កប្រសិទ្ធភាព។
• Decongestant ៖ អ្នកជំងឺអាចប្រើជាគ្រាប់ ឬបន្តក់ ក្នុងរយៈពេលមិនលើសពី១០-១២ ថ្ងៃ ករណីអ្នកជំងឺមាន សញ្ញាតឹងច្រមុះ។ ប្រសិនបើមានការព្យាបាលត្រឹមត្រូវក្នុង រយៈពេលពី៣-៦ខែមិនមានការធូរស្រាលឬកាន់តែធំ នោះអ្នកជំងឺនឹងតម្រូវឲ្យធ្វើការព្យាបាលដោយវះកាត់ ក្នុងគោលបំណងធ្វើឲ្យអស់នូវឫសដូងច្រមុះ និងជួយឲ្យ អ្នកជំងឺអាចដកដង្ហើមបាននិងដើម្បីប្រើថ្នាំបាញ់បន្តព្រមទាំងកុំឲ្យជំងឺលាប់ឡើងវិញបាន។ ទោះជាយ៉ាងណាក៏ដោយក្រោយការវះកាត់អ្នកជំងឺត្រូវ៖
• ជួបតាមដានជាមួយគ្រូពេទ្យឲ្យបានទៀងទាត់
• ប្រើប្រាស់ថ្នាំ antihistamine បន្តពី១-៣ខែ តាមការណែនាំរបស់គ្រូពេទ្យ
• ប្រើស្ព្រៃយន៍ Corticoid បន្តពី៣-៦ខែ ឬមួយជីវិតតាមសភាពជាក់ស្តែង
• បញ្ឈប់មូលហេតុដែលបង្កឲ្យមានឫសដូងច្រមុះ ដូចជា ជក់បារី ឬភ្នាក់ងារអាល្លែកហ្ស៊ីនៅក្នុង និងក្រៅផ្ទះជាដើម។
ផលវិបាក
ករណីមិនមានការព្យាបាល ឬព្យាបាលមិនត្រឹមត្រូវអ្នកជំងឺអាចប្រឈមនឹងបញ្ហាមួយចំនួនដូចជា៖
• បញ្ហារលាកប្រហោងឆ្អឹងមុខរ៉ាំរ៉ៃ
• ឫសដូងច្រមុះនឹងវិវឌ្ឍកាន់តែធំ ធ្វើឲ្យដកដង្ហើមមិនរួច និងអាចកើតមានជំងឺបាត់ដង្ហើមគេងមិនលក់
• មានការដូរទ្រង់ទ្រាយមុខ ធ្លាក់ត្របកភ្នែក និងរហូតដល់រលាកស្រោមខួរ
• ស្ទះប្រហោងឆ្អឹងថ្ងាស បង្កឲ្យឈឺក្បាលធ្ងន់ធ្ងរ ហើយងាយនឹងលាប់ឡើងវិញ បើព្យាបាលមិនបានត្រឹមត្រូវ។
ការការពារ
ឫសដូងច្រមុះត្រូវការពារដោយផ្អែកលើ២កត្តាខាងក្រោម៖
កត្តាអ្នកជំងឺ
• យល់ឲ្យកាន់តែច្បាស់ពីឫសដូងច្រមុះ ដឹងថាវាមិនមែនជាជំងឺមហារីក យល់ពីមូលហេតុបង្ក ការព្យាបាល និងផលវិបាកនានាដូចបានរៀបរាប់ខាងលើ។
• បញ្ឈប់អាល្លែកហ្ស៊ី ដោយចៀសវាងអាល្លែកហ្សែន និងការប្រើប្រាស់ថ្នាំ
• គោរពតាមការណែនាំ និងការណាត់របស់គ្រូពេទ្យជំនាញ។
កត្តាគ្រូពេទ្យ
• ពន្យល់អ្នកជំងឺឲ្យយល់ច្បាស់ពីជំងឺឫសដូងច្រមុះ
• ធ្វើការតាមដានអ្នកជំងឺឲ្យបានទៀងទាត់ និងត្រឹមត្រូវ។
• ការវះកាត់មិនមែនជាដំណោះស្រាយចុងក្រោយទេ តែការប្រើថ្នាំបន្តជាដំណោះស្រាយចុងក្រោយ។
សូមកុំព្យាយាមព្យាបាលដោយខ្លួនឯង ប្រសិនអ្នកមានសញ្ញាដូចបានរៀបរាប់ខាងលើ ហើយត្រូវមកជួបប្រឹក្សាជាមួយគ្រូពេទ្យឯកទេស ត្រចៀកច្រមុះ បំពង់ក ឲ្យបានលឿន នៅតាមគ្លីនិកឯកទេស ក៏ដូចជានៅតាមមន្ទីរពេទ្យ ពិសេសមន្ទីរពេទ្យព្រះអង្គឌួង ផ្នែកត្រចៀក ច្រមុះ បំពង់ក។ ម៉្យាងទៀត ត្រូវដឹងថាឫសដូងច្រមុះមិនមែនជាជំងឺមហារីកទេ ប៉ុន្តែវាជាជំងឺមួយដែលងាយលាប់ឡើងវិញ និងទាមទារឲ្យអ្នកជំងឺព្យាយាមបញ្ឈប់មូលហេតុឲ្យបាន។
បកស្រាយដោយ ៖ សាស្ត្រាចារ្យ ថុង ម៉េងឡុង ឯកទេសត្រចៀក ច្រមុះ បំពង់កមានតួនាទីជានាយករងមន្ទីរពេទ្យព្រះអង្គឌួង
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ