សញ្ញាណាខ្លះបញ្ជាក់ថាអ្នកមានបញ្ហាខ្សោយតម្រងនោមស្រួចស្រាវ?
ជំងឺខ្សោយក្រលៀន (តម្រងនោម) គឺជាបញ្ហាចោទមួយធ្ងន់ធ្ងរផងដែរ។ ជាក់ស្តែង ប្រទេសកម្ពុជា ជំងឺខ្សោយក្រលៀនជាប្រធានបទក្តៅគគុកមួយដែលប្រជាជនកំពុងតែចាប់អារម្មណ៍ ហើយក៏មានការភ័យខ្លាចថែមទៀតផង។
តើអ្វីជាបញ្ហាខ្សោយតម្រងនោមស្រួចស្រាវ?
បញ្ហាខ្សោយតម្រងនោមស្រួចស្រាវគឺជាការថយចុះភ្លាមៗនូវមុខងារនៃការច្រោះទឹកនោម ( La baisse brutale du debit de filtration glomerulaire) បណ្តាលឲ្យមានការចាល់នូវសារធាតុពុលក្នុងរាងកាយ (Hyperuricémie, Hypercréatininémie…)។
អ្វីជាមូលហេតុចម្បង និងកត្តាជំរុញនៃបញ្ហាខ្សោយតម្រងនោមស្រួចស្រាវ?
• ការខ្សោយក្រលៀនស្រួចស្រាវដោយការស្ទះផ្លូវបង្ហួរនោម (IRA Obstructive) ក្រួសក្នុងប្រព័ន្ធបង្ហូរទឹកនោម។ ក្នុងនោះក៏មានករណីពិសេសមួយចំនួនផងដែរ ដូចជាក្រួសស្ទះបង្ហូរទឹកនោមនៃបុគ្គលដែលមានតម្រងនោមតែម្ខាងពីកំណើត(Rein Unique)។ មួយវិញទៀតគឺក្រួសស្ទះក្នុងផ្លូវបង្ហូរទឹកនោមទាំងសងខាងតែម្តង (Lithiases Urinaires Obstructives Bilaterales)
• ការខ្សោយក្រលៀនស្រួចស្រាវនៃមុខងារ (IRA Fonctionnelle) ការបាត់បង់ជាតិទឹកខាងក្រៅកោសិកាក្នុងករណីនេះមានដូចជា៖ បាត់បង់ជាតិទឹកតាមរយៈការក្អួត រាកខ្លាំង ការរលាកខ្លាំង ការនោមច្រើននៃអ្នកជំងឺទឹកនោមផ្អែម ឬការនោមច្រើនក្រោយពេលវះកាត់ក្រួសក្នុងប្រព័ន្ធផ្លូវបង្ហូរទឹកនោម (Syndrome de leve d’ostacle) ការថយចុះនៃបរិមាណឈាម ទឹកនោមប្រៃធ្ងន់ធ្ងរ ក្រិនថ្លើមធ្ងន់ធ្ងរ ការចុះសម្ពាធឈាម និងការព្យាបាលដោយថ្នាំបញ្ចុះទឹកនោមហួសកម្រិត ឬមិនបានទៅពិនិត្យតាមដានជាមួយវេជ្ជបណ្ឌិត
• ការខូចខាតទៅលើសាច់តម្រងនោមតែម្តង (IRA Organique)។
ក្រៅពីមូលហេតុចម្បងខាងលើ ក៏មានកត្តាជំរុញផ្សេងទៀតផងដែររួមមាន៖ ជំងឺដុំសាច់ប្រូស្តាត ដុំសាច់ប្លោកនោម មហារីកមាត់ស្បូន ឬដៃស្បូនដែលមានការរីករាលដាលស៊ីដល់ផ្លូវបង្ហូរទឹកនោម ឬអាចសង្កត់ទៅលើផ្លូវបង្ហូរទឹកនោម ព្រមទាំងមានការរលាកសាច់តម្រងនោមរុំារ៉ៃនិងការចុះខ្សោយក្រពេញលើតម្រងនោម (Insuffisance Surrénale)។ ក្នុងនេះផងដែរ គេសង្កេតឃើញថា បុគ្គលដែលងាយប្រឈមនឹងជំងឺនេះមានដូចជា៖
• ធ្លាប់មានប្រវត្តិកើតក្រួសក្នុងប្រព័ន្ធតម្រងនោម
• លើសជាតិអាស៊ីតអ៊ុយរិច (+/- Calcul acideuique)
• អ្នកជំងឺក្រិនថ្លើមធ្ងន់ធ្ងរ
• តំណពូជជាដើម។ល។
តើបញ្ហាខ្សោយតម្រងនោមស្រួចស្រាវនេះមានសញ្ញាសម្គាល់អ្វីខ្លះ?
យើងអាចកត់សម្គាល់នូវរោគសញ្ញាខាងក្រោមដើម្បីជាគន្លឹះដែលអាចសង្ស័យថាជាការខ្សោយតម្រងនោមស្រួចស្រាវ ដែលសញ្ញាទាំងនោះមានដូចជា៖
• ប្រវត្តិធ្លាប់មានក្រួសប្រព័ន្ធតម្រងនោម៖ ឈឺចុកចង្កេះដែលមានការរាលចាក់ទៅអវៈយវៈភេទខាងក្រៅដែលគេហៅថាចុកតម្រងនោម(Colique Néphrétique)
• អ្នកជំងឺអាចមានអាការៈលើសសម្ពាធឈាមឈឺក្បាល មិនឃ្លានបាយ ហត់ ក្អួតចង្អោរ ស្រវាំងភ្នែក ប្រកាច់ សន្លប់ ថយចុះនូវបរិមាណទឹកនោម (Oligurie<500ml/24H) ឬបាត់ទឹកនោមតែម្តងក៏មាន(Anurie<100ml/24H) និងហើមដៃជើង ឬពេញរាងកាយ
• នោមឈាម នោមញឹក ក្តៅខ្លួនលើបុគ្គលវ័យចំណាស់ដែលមានបញ្ហារីកក្រពេញប្រូស្តាត ឬរលាកក្រពេញប្រូស្តាត
• ទល់លាមករុំារ៉ៃដែលបណ្តាលមកពីជំងឺដុំសាច់ផ្សេងៗ ហើយមានការរីករាលដាលដល់ប្រព័ន្ធបង្ហូរទឹកនោម ឬសង្កត់លើបង្ហូរទឹកនោមតែម្តង។
តើបញ្ហាខ្សោយតម្រងនោមស្រួចស្រាវមានយន្តការបែបណា?
បញ្ហាអាចបណ្តាលមកពីក្រួសនៃប្រព័ន្ធបង្ហួរនោមដែលស្ទះបិទប្រព័ន្ធបង្ហូរទឹកនោមទាំងសងខាង និងការស្ទះទៅបុគ្គលដែលមានតម្រងនោមតែម្ខាងពីកំណើតដោយការស្ទះចាល់នៃទឹកនោមនឹងបណ្តាលឲ្យមានការកើនឡើងនូវសម្ពាធក្នុងតម្រងនោមផ្នែកខាងលើ។ បន្ទាប់ពីការស្ទះវាធ្វើឲ្យមានការប៉ះពាល់ទៅលើរូបរាងតម្រងនោម ហើយអាចបណ្តាលឲ្យថយចុះមុខងារច្រោះនៃប្រព័ន្ធតម្រងនោមដែលអាចនាំឲ្យមានការចាល់សារធាតុពុលទៅក្នុងឈាមនិងធ្វើឲ្យលំហូរឈាមដែលទៅចិញ្ចឹមតម្រងនោមមានការថយចុះដែលជាលទ្ធផលបណ្តាលឲ្យមានបញ្ហាខ្សោយតម្រងនោមស្រួចស្រាវ។
តើត្រូវធ្វើរោគវិនិច្ឆ័យរបៀបណា?
បន្ទាប់ពីលេចចេញនូវរោគសញ្ញាមិនប្រក្រតីអ្នកជំងឺត្រូវធ្វើការណាត់ជួបជាមួយគ្រូពេទ្យជាបន្ទាន់។ ករណីនេះដែរអ្នកជំងឺនឹងតម្រូវឲ្យធ្វើការត្រួតពិនិត្យតាម ២របៀបរួមមាន៖
១. រោគវិនិច្ឆ័យគ្លីនិក
ប្រវត្តិអ្នកជំងឺ
• ត្រូវសាកសួរពីប្រវត្តិអ្នកជំងឺថាធ្លាប់មានបញ្ហាជំងឺក្រួសតម្រងនោមទេ
• ធ្លាប់មានប្រវត្តិកើតជំងឺលើសជាតិអាស៊ីតអ៊ុយរិចទេ
• ស្លេកស្លាំង។
២. រោគវិនិច្ឆ័យអមគ្លីនិក
• ការថតឆ្លុះរកមើលក្រួសក្នុងប្រព័ន្ធតម្រងនោម
• អេកូសាស្រ្តរកមើលការរីកប្រព័ន្ធតម្រងនោមថាមានការប្រែប្រួលទេ
• ការពិនិត្យឈាមមានឡើងជាតិពុលក្នុងឈាម ឬកើនឡើង និងថយចុះអុីយ៉ុងក្នុងឈាមទេ
• ប៉ូតាស្យូមកើនឡើង (Hyperkaliémie)
• ផូស្វ័រកើនឡើង (Hyperphosphorémie)
• កាល់ស្យូមថយចុះ (Hypocalcémie)
• សូដ្យូមថយចុះ (Hyponatrémie)។
ចំពោះ ការឡើងជាតិពុល (Créatininémie) ក្នុងឈាមបង្ហាញពីការខូចតម្រងនោមស្រួចស្រាវដែលត្រូវបានចែកចេញជា ៣កម្រិតដូចជា៖
• កម្រិតស្រាល (Augmentation de plus de 26 micromoles de créatinine en 48h)
• កម្រិតមធ្យមលើសពី ២ដងនៅតម្លៃធម្មតា ហើយថយចុះទឹកនោម (Avec une diurese<0.5ml/kg/h pendant de 12h)
• កម្រិតធ្ងន់លើសពី ៣ដងនៃតម្លៃធម្មតា (Triplement de la créatinine ou augmentation de plus de 354 micromoles)។
បញ្ហាខ្សោយតម្រងនោមស្រួចស្រាវត្រូវព្យាបាលដូចម្តេច?
នៅពេលអ្នកជំងឺបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានបញ្ហាខ្សោយតម្រងនោមស្រួចស្រាវ គ្រូពេទ្យនឹងធ្វើការព្យាបាលដោយផ្អែកលើស្ថានភាពដោយឡែកៗនៃអ្នកជំងឺនៅពេលជួបពេទ្យ៖
• ការប្រើប្រាស់ថ្នាំ៖ ការព្យាបាលទៅលើរោគសញ្ញាដែលរំខានដល់អ្នកជំងឺហើយដែលអាចគំរាមកំហែងដល់អាយុជីវិតអ្នកជំងឺ
• ការវះកាត់ និងបំបែកក្រួស៖ ព្យាបាលទៅលើមូលហេតុគឺការយកក្រួសចេញពីបង្ហូរទឹកនោម។ ចំពោះការបំបែកក្រួសដោយប្រើម៉ាស៊ីនអង់ដូស្កុប (Lithotripsie par LASER) ជាវិធីសាស្រ្តទំនើប ចំណែកការវះកាត់បើកយកក្រួសជាវិធីសាស្រ្តបុរាណប៉ុណ្ណោះ។ ដោយឡែក ប្រសិនបើអ្នកជំងឺមានបញ្ហាធ្ងន់ធ្ងរនោះ អ្នកជំងឺអាចឈានទៅដល់ការលាងឈាមផងដែរ។
គួរបញ្ជាក់ថាករណីមិនបានព្យាបាលឲ្យទាន់ពេលវេលាអ្នកជំងឺអាចប្រឈមនឹងការលាងឈាមអស់មួយជីវិតនិងអាចធ្វើការវះកាត់ប្តូរតម្រងនោមចេញតែម្តង ហើយអាចប៉ះពាល់ដល់អាយុជីវិតផងដែរ។
តើអាចការពារពីបញ្ហាខ្សោយតម្រងនោមស្រួចស្រាវបានដែរទេ?
ជាទូទៅ ដើម្បីការពារខ្លួនពីបញ្ហាខ្សោយតម្រងនោមស្រួចស្រាវចំាបាច់ត្រូវការពារពីមូលហេតុដែលបង្កឲ្យមានបញ្ហានេះរួមមាន៖
• បរិភោគទឹកស្អាតហើយគ្រប់គ្រាន់ (២លីត្រ-២.៥លីត្រក្នុងមួយថ្ងៃ)
• ពេលដែលមានអាការៈមិនសូវស្រួលក្នុងខ្លួន ដូចដែលបានរៀបរាប់ខាងលើនេះត្រូវតែប្រញាប់រួសរាន់ទៅទទួលយកសេវាសុខភាពជាមួយវេជ្ជបណ្ឌិតឯកទេស
• ចំពោះបុគ្គលដែលមានជំងឺប្រចាំកាយ ដូចជាទឹកនោមផ្អែម លើសសម្ពាធឈាម ត្រូវពិនិត្យព្យាបាលឲ្យបានត្រឹមត្រូវ ព្រោះផលវិបាកនៃជំងឺទាំងនេះក៏អាចធ្វើឲ្យខូចតម្រងនោមផងដែរ។ លើសពីនេះទៅទៀតការប្រើប្រាស់ឱសថ ត្រូវមានវេជ្ជបញ្ជាព្រោះឱសថខ្លះអាចធ្វើឲ្យប៉ះពាល់ដល់មុខងារតម្រងនោមក៏មាន។
ប្រសិនអ្នកមាននូវអាការៈ ឬរោគសញ្ញាដែលបានរៀបរាប់ខាងលើ អ្នកត្រូវប្រឹក្សានិងពិនិត្យជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលមួយត្រឹមត្រូវទាន់ពេលវេលា ចំណាយថវិកាតិច ប្រកបដោយប្រសិទ្ធភាព និងជាសះស្បើយ។ ចំពោះគ្រូពេទ្យ ឬអ្នកប្រកបវិជ្ជាជីវសុខាភិបាល គួរធ្វើការព្យាបាលស្របតាមបច្ចេកទេស ពិសេសទៅតាមឯកទេសជាចម្បង និងការប្រើថ្នាំឲ្យបានត្រឹមត្រូវ។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ ប៊ុនថា ឯកទេសផ្នែកវះកាត់ប្រព័ន្ធទឹកមូត្រនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងជាប្រធានមន្ទីរសម្រាកព្យាបាល អុិនដ្រា
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ