គន្លឹះទាំង ៦មិនឲ្យមុនខ្ទុះកើតបាន

ឈរមុខកញ្ចក់ម្តងៗ ស្ទើរស្រក់ទឹកភ្នែក ពេលឃើញមុនធំៗនៅពាសពេញផ្ទៃមុខបែបនេះហើយមានខ្ទុះចេញមកក្រៅទៀត។ មើលហើយខ្ពើមខ្លួនឯង ចុះទម្រាំអ្នកដទៃវិញ??? ឃើញហើយគិតយ៉ាងម៉េចទៅលោក.....

ខ្មាសគេខ្លាំងណាស់មែនទេ? មិនដឹងធ្វើយ៉ាងម៉េចទើបមុនទាំងនោះឈប់កើតមានទៀតមែនទេ? ម៉ោះ! សាកល្បងវិធីទាំង ៦ខាងក្រោមធានាថាហ៊ានចេញក្រៅដោយមិនបាច់ពាក់ម៉ាសទៀតទេ។

១. លាងសម្អាតមុខឲ្យបានត្រឹមត្រូវ
លុបលាងមុខអ្នក២ដងក្នុងមួយថ្ងៃ ដើម្បីជម្រុះកោសិកាងាប់ និងជាតិខ្លាញ់ដែលលើសនៅផ្ទៃមុខចេញ ប៉ុន្តែអ្នកមិនគួរលាងមុខលើសពី ២ដងក្នុងមួយថ្ងៃទេ ព្រោះវាបែរជាធ្វើឲ្យមុខអ្នកមានបញ្ហាទៅវិញ។ អ្នកត្រូវប្រើទឹកក្តៅឧណ្ហៗនិងសាប៊ូដែលមានជាតិកាត់តិចបានហើយព្រោះសាប៊ូដែលមានជាតិកាត់ខ្លាំង អាចធ្វើឲ្យមុខអ្នកកាន់តែរលាកថែមទៀត។ ចៀសវាងការជូតមុខជាមួយក្រណាត់ខ្លាំងៗពេក អ្នកគួរតែធ្វើការជូតថ្នមៗហើយប្រើកន្សែងទន់ៗសម្រាប់ជូតមុខ។

២. ប្រើផលិតផលបំបាត់មុន
អ្នកអាចរកទិញផលិតផលទាំងនេះដោយខ្លួនឯងបានដោយមិនត្រូវការវេជ្ជបញ្ជា។ សារធាតុផ្សំរបស់ផលិតផលបំបាត់មុនភាគច្រើនមានដូចជា Benzoyl peroxide, Salicylic acid, Glycolic acid ឬ Lactic acid ដែលអាចការពារស្បែកមុខអ្នកពីមេរោគ និងធ្វើឲ្យស្បែកអ្នកស្ងួត។ អ្នកគួរតែប្រើផលិតផលទាំងនេះ ក្នុងបរិមាណតិចនៅពេលប្រើដំបូង ព្រោះវាអាចធ្វើឲ្យមុខស្ងួតខ្លាំងនិងឡើងកន្ទួលតិចៗ។ ក្រោយពីមុខអ្នកអាចស៊ាំនឹងផលិតផលទាំងនេះហើយ អ្នកអាចបង្កើនបរិមាណតាមតម្រូវការរបស់អ្នកបាន។ អ្នកក៏អាចប្រើផលិតផលមួយប្រភេទទៀតគឺ ជែល Retinoid ដែលមានប្រសិទ្ធភាពការពារមិនឲ្យមុនកើតឡើងវិញ។

៣. ផ្សើមផ្ទៃមុខ
ដោយសារផលិតផលបំបាត់មុនភាគច្រើនធ្វើឲ្យស្បែកមុខអ្នកស្ងួត ដូច្នេះហើយ អ្នកគួរតែប្រើឡេផ្តល់សំណើមដើម្បីការពារស្បែកមុខអ្នកពីភាពស្ងួតខ្លាំងនិងឡើងកន្ទួលតូចៗ។ អ្នកអាចស្វែងរកឡេផ្តល់សំណើមដែលមិនធ្វើឲ្យឡើងមុន ដោយមានដាក់“Noncomedogenic” នៅលើស្លាកផលិតផល។

៤. កាត់បន្ថយការប្រើគ្រឿងសម្អាង
ក្នុងពេលនេះ អ្នកគួរតែចៀសវាងប្រើម្សៅទ្រនាប់ ម្សៅផាត់ ឬគូល័រថ្ពាល់តែបើអ្នកចាំបាច់ត្រូវតែធ្វើការតុបតែងមុខ កុំភ្លេចលុបលាងគ្រឿងសម្អាងទាំងនោះចេញពេលដែលអ្នករួចការងារ។ ប្រសិនជាអាច គួរជ្រើសរើសគ្រឿងសម្អាងដែលមិនមានសារធាតុប្រេងដោយមិនមានសារធាតុបន្ថែមពណ៌។

៥. ប្រយ័ត្នប្រយែងចំពោះផលិតផលប្រើលើសក់
ចៀសវាងប្រើសារធាតុមានក្លិន ប្រេង ប៉ូម៉ាត ឬជែលនៅលើសក់ ព្រោះវាអាចប៉ះមកលើផ្ទៃមុខ ហើយធ្វើឲ្យបិទរន្ធខ្លាញ់ និងធ្វើឲ្យស្បែកមុខអ្នករលាក។ អ្នកគួរប្រើសាប៊ូ និងក្រែមបន្ទន់ដែលផ្តល់សំណើមដល់សក់។ ករណីសក់អ្នកសម្បូរប្រេង នោះវាក៏អាចធ្វើឲ្យស្បែកមុខអ្នកមានប្រេងច្រើនផងដែរ។ ដូចនេះត្រូវឧស្សាហ៍កក់សក់អ្នកឲ្យបានញឹកញាប់ ដើម្បីការពារការឆ្លងប្រេងពីសក់មកមុខ។

៦. ចៀសវាងយកដៃប៉ះមុខ
ដៃរបស់អ្នកមិនត្រឹមតែអាចចម្លងបាក់តេរីមកលើផ្ទៃមុខនោះទេ វាថែមទាំងអាចធ្វើឲ្យស្បែកដែលកំពុងរលាកកាន់តែមានស្ថានភាពធ្ងន់ធ្ងរទៀតផង។ មិនត្រូវញេចមុនដោយម្រាមដៃនោះទេ ព្រោះវាអាចបន្សល់នូវស្នាមនៅលើស្បែកមុខ និងអាចឆ្លងមេរោគផងដែរ។

អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Related Word


Comment