ទារកក្ដៅខ្លួនខ្លាំងគួរធ្វើបែបណាខ្លះ?
កូនឈឺ ជាកង្វល់ដ៏ធំបំផុតសម្រាប់អាណាព្យាបាលគ្រប់រូប ជាក់ស្ដែងការកើនឡើងកម្តៅរាងកាយជា បញ្ហាដែលងាយនឹងកើតឡើងបំផុតលើកុមារតូចៗ និងជាក្តីបារម្ភចំពោះឪពុកម្តាយគ្រប់រូបផងដែរ។ ហេតុនេះហើយអត្ថបទខាងក្រោមនឹងបង្ហាញអំពីគន្លឹះសំខាន់ៗនិងដំណោះស្រាយខ្លះៗទាក់ទងនឹងការកើនឡើងកម្តៅរាងកាយលើកុមារដែលឪពុកម្តាយគួរធ្វើនិងមិនគួរធ្វើពេលដែលកូនតូចៗរបស់លោកអ្នកជួបនឹងបញ្ហានេះ។
ការកើនឡើងកម្តៅរាងកាយលើកុមារ
កម្តៅរាងកាយរបស់មនុស្សយើងប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ប៉ុន្តែទោះជាមានការប្រែប្រួលយ៉ាងណា សម្រាប់វេជ្ជសាស្រ្តពាក្យថា ការកើនឡើងកម្តៅរាងកាយគឺយកចាប់ពីស្មើ ឬលើស ៣៨អង្សាឡើងទៅ។ ក្មេងដែលមានកម្តៅរាងកាយកើនខ្ពស់ ច្រើនតែឡេះឡះ មិនគេង ថយចុះការលេង និងមិនញ៉ាំអាហារ។ល។ កម្តៅឡើងកាន់តែខ្ពស់ នោះអាការៈកាន់តែអាក្រក់យ៉ាងណាមិញការកើនឡើងកម្តៅរាងកាយខ្ពស់មិនមែនសុទ្ធតែធ្ងន់ធ្ងរនៅទេ ប៉ុន្តែវាអាស្រ័យលើកត្តាបង្កដែលកំណត់ថាធ្ងន់ធ្ងរ ឬអត់។
កត្តាបង្កធ្វើឲ្យក្មេងក្តៅខ្លួន
កត្តាដែលធ្វើឲ្យក្មេងក្តៅខ្លួនភាគច្រើនបណ្តាលមកពីការបង្ករោគដូចជាបាក់តេរី ឬវីរុសដូចជាផ្តាសាយជាដើម ប៉ុន្តែក៏រួមមានកត្តាផ្សេងទៀតដូចជា៖
• អាកាសធាតុក្តៅពេក ឬត្រជាក់ពេក
• ស្លៀកពាក់ក្រាស់ ឬច្រើនជាន់ពេក
• ការប្រើប្រាស់ថ្នាំមួយចំនួន
• ការចាក់វ៉ាក់សាំង
• ជំងឺមួយចំនួន
• អាល្លែកហ្ស៊ី។ល។
មានតែការវាស់កម្តៅតាមទែម៉ូម៉ែត្រប៉ុណ្ណោះដែលអាចឲ្យឪពុកម្ដាយដឹងថាក្មេងក្តៅខ្លួនកម្រិតណា។ ការយកដៃ ឬខ្នងដៃស្ទាបក្បាល ក ឬដងខ្លួន មិនត្រូវបានយកជាការដើម្បីកំណត់ពីកម្តៅរបស់ក្មេងឡើយ។ អ្នកអាចយកកម្តៅក្មេងតាម គូថ ត្រចៀក មាត់ ក្បាល ឬក្លៀកដោយប្រើប្រាស់ទែម៉ូម៉ែត្រអេឡិចត្រូនិក ឬទែម៉ូម៉ែត្របារ៉ត។
ការអនុវត្តនៅពេលក្មេងក្តៅខ្លួន
នៅពេលកូនតូចៗមានកម្តៅរាងកាយកើនឡើងខ្ពស់ អ្នកគួរប្រកាន់ខ្ជាប់ការអនុវត្តមួយចំនួនដូចជា៖
• ស្លៀកពាក់ខោអាវឲ្យក្មេងស្តើងៗ ចៀសវាងខោអាវក្រាស់ ឬគ្របភួយក្រាស់ៗព្រោះអាចធ្វើឲ្យកម្តៅកាន់តែកើនឡើង
• បើក្មេងក្តៅញាក់អាចដណ្តប់ភួយបាន ប៉ុន្តែត្រូវដកភួយចេញវិញពេលបាត់ញាក់
• ឲ្យក្មេងផឹកទឹកឲ្យបានច្រើន ដូចជាទឹកក្រូច ទឹកសណ្តែក ទឹកស៊ុបជាដើម
• អាចងូតទឹកឲ្យក្មេងបាន ប៉ុន្តែចៀសវាងទឹកត្រជាក់ពេក និងពិសេសកុំឲ្យក្មេងត្រាំទឹក
• កុំប្រើអាល់កុលជូតក្មេង
• អាចប្រើក្រណាត់សើមជូតខ្លួនឲ្យក្មេង ជាពិសេសត្រង់ក្លៀក កញ្ចឹងក និងខ្លួនប្រាណ
• កុំបង្ខំឲ្យក្មេងញុំា បើក្មេងមិនចង់ញុំា
• ឲ្យក្មេងសម្រាកបានច្រើន
• តាមពិតទៅក្មេងដែលមានសុខភាពល្អ នៅពេលក្តៅខ្លួនមិនគួរប្រើថ្នាំភ្លាមៗនោះទេ ដូចដែលយើងដឹងស្រាប់ទៅហើយថាថ្នាំជាអាវុធមុខពីរ។ ទោះជាយ៉ាងណាក៏ដោយ ឪពុកម្តាយអាចឲ្យជាថ្នាំបញ្ចុះកម្តៅតែគួរចងចាំដែរថា ថ្នាំបញ្ចុះកម្តៅមិនមានផលចំពោះការបង្ករោគនោះឡើយ ដែលថ្នាំទាំងនោះមានដូចជា៖
- ប៉ារ៉ាសេតាម៉ុល អាចឲ្យតាមគូថ ឬលេបតាមមាត់
- អុីប៊ុយប្រូហ្វែន អាចឲ្យលេបតាមមាត់។
កត្តាដែលគួរដឹងពេលប្រើថ្នាំបញ្ចុះកម្តៅ
• កុំប្រើលើសពី ៤ដងក្នុងមួយថ្ងៃ
• ក្មេងក្រោម ២ឆ្នាំមិនត្រូវបានប្រើទេ ដោយត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតបន្ថែម
• អានក្រដាសចង្អុលបង្ហាញមានស្រាប់ក្នុងប្រអប់ថ្នាំឲ្យបានច្បាស់លាស់
• ត្រូវវាល់ឲ្យបានត្រឹមត្រូវចំពោះថ្នាំទឹក ដោយអាចប្រើស្លាបព្រាដែលមានស្រាប់ក្នុងប្រអប់ជាជាងប្រើស្លាបព្រាផ្ទះបាយ
• ក្តៅខ្លួនលើក្មេងតូចជាង ៣ខែ គួរយកមកមន្ទីរពេទ្យជាជាងឲ្យថ្នាំនៅផ្ទះព្រោះក្មេងតូចក្តៅខ្លួនអាចជាសញ្ញានៃការបង្ករោគ
• មិនត្រូវប្រើថ្នាំអាស្ពីរីន ព្រោះវាអាចធ្វើឲ្យមានជំងឺមួយហៅថា Reye’s Syndrome ដែលជាជំងឺកាចសាហាវលើកុមារ និងអាចធ្ងន់ធ្ងរដល់ស្លាប់
• ថ្នាំប៉ារ៉ាសេតាម៉ុលគួរឲ្យជាមួយទឹកក្តៅឧណ្ហៗ មុនពេលងូតទឹក ព្រោះពេលងូតទឹកអាចធ្វើឲ្យក្មេងញាក់ ដែលនាំឲ្យកម្តៅកើនឡើង
• មិនត្រូវជូត ឬដុសខ្លួនក្មេងជាមួយអាល់កុល ឬងូតទឹកត្រជាក់ឡើយ។
តើសញ្ញាណាខ្លះដែលឪពុកម្តាយគួរប្រុងប្រយ័ត្ន?
វាជាការពិតណាស់ដែលមានកត្តាជាច្រើនធ្វើឲ្យមានកម្តៅរាងកាយកើនឡើង ប៉ុន្តែលើសពីនេះ អ្វីដែលសំខាន់នោះ តើក្មេងក្តៅខ្លួនឪពុកម្តាយគួរប្រុងប្រយ័ត្នអ្វីខ្លះ? ចំណុចទាំងនោះរួមមាន៖
• ក្តៅខ្លួនលើកុមារតូចជាង២ឆ្នាំ
• ក្មេងសន្លឹម
• ក្មេងប្រកាច់
• ពិបាកដកដង្ហើម ឬហត់
• មានហូរឈាមក្រោមស្បែកសណ្ឋានជា គ្រាប់ក្រហមៗតូចៗលើស្បែក
• ក្មេងយំជាប់មិនឈប់
• ក្មេងមានក្អួត ឬរាកជាប់មិនឈប់
• ឈឺក្បាល រឹងក ឬវង្វេងវង្វាន់សម្រាប់ក្មេងធំ។
ការកើនឡើងកម្តៅរាងកាយខ្លាំងអាចធ្វើឲ្យក្មេងបាត់បង់នូវជាតិទឹក និងសារធាតុរ៉ែ ដែលធ្វើឲ្យប៉ះពាល់ដល់សរីរាង្គកាយ និងការលូតលាស់របស់កូនៗលោកអ្នក។ បន្ថែមពីនោះត្រូវប្រុងប្រយ័ត្នចំពោះសញ្ញាគ្រោះថ្នាក់ និងគួរមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញភ្លាម ប្រសិនកម្តៅក្មេងមិនថយចុះដើម្បីអាចចៀសវាងផលវិបាកផ្សេងៗដែលអាចកើតមាន។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ