សារធាតុចិញ្ចឹមសម្រាប់ស្ត្រីដែលមានជំងឺមហារីកសុដន់
ស្ត្រីជាច្រើនជឿថា ការយល់ដឹងអំពីសារធាតុចិញ្ចឹម និងការបរិភោគប្រកបដោយសុខភាព គឺជាជំហានដ៏សំខាន់សម្រាប់ដំណើរជាសះស្បើយនៃជំងឺ ព្រមទាំងកាត់បន្ថយហានិភ័យនៃការលាប់ឡើងវិញនៃមហារីកសុដន់។ សំណួរសួរថា តើអ្នកជំងឺគួរប្រកាន់របបអាហារបែបណាសម្រាប់ករណីនេះ?
សំណួរ៖ អ្នកជំងឺម្នាក់ភេទស្រី អាយុ ៥៣ឆ្នាំ៖ “ខ្ញុំកំពុងមានជំងឺមហារីកសុដន់ និងបានធ្វើការកាត់ដុំសាច់មហារីកព្រមទាំងបានបញ្ចប់ការព្យាបាល
ដោយសារធាតុគីមីហើយផងដែរ។ តើខ្ញុំគួរប្រកាន់របបអាហារយ៉ាងដូចម្តេចបន្ទាប់ពីការព្យាបាល?”
ចម្លើយ៖ ការពិត ទាំងការសម្រកទម្ងន់ និងរបបអាហារដែលមានខ្លាញ់ទាបគឺមានសារសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃការលាប់ឡើងនៃមហារីកសុដន់។ ដោយឡែក របបអាហារដែលមានខ្លាញ់ទាប ក៏អាចធ្វើឲ្យមានការថយចុះនូវការប្រឈមនឹងជំងឺបេះដូង ព្រមទាំងអំណោយផលដល់ការសម្រកទម្ងន់បានជោគជ័យទៀតផង។
គន្លឹះក្នុងការជួយបង្កើតជម្រើសអាហារល្អៗសម្រាប់ស្ត្រីមានជំងឺមហារីកសុដន់៖
១. បរិភោគអាហារមានខ្លាញ់ទាប៖ ជាអាហារសម្បូរដោយបន្លែ ផ្លែឈើ សណ្តែក និងធញ្ញជាតិទាំងមូលគ្រប់ប្រភេទ (គ្រាប់បាឡី អង្ករសម្រូប ស្រូវអូតជាដើម)។ អាហារទាំងនេះសម្បូរដោយជាតិសរសៃ វីតាមីន និងសារធាតុបង្កដែលអាចកាត់បន្ថយហានិភ័យនៃការកើតឡើងនៃមហារីកបាន។ រុក្ខជាតិទាំងនេះក៏មានកាល់ឡូរី និងខ្លាញ់ទាបពីធម្មជាតិដែលមានអំណោយផលល្អដល់ការគ្រប់គ្រងទម្ងន់ផងដែរ។ គួរបញ្ជាក់ថា ការប្រកាន់របបអាហារពីបន្លែផ្លែឈើ មិនមានន័យថាអ្នកជំងឺត្រូវចៀសវាងអាហារធ្វើពីសាច់សត្វទាំងស្រុងឡើយ តែគួររួមបញ្ជូលនូវផលិតផលពីទឹកដោះគោ សាច់សត្វ ត្រី សាច់មាន់ជាដើមផងដែរ ក៏ប៉ុន្តែត្រូវកាត់បន្ថយទាំងបរិមាណ និងភាពញឹកញាប់ក្នុងការទទួលទានអាហារប្រភេទនេះ។
២. ទំហំអាហារដែលសមស្រប៖ ទោះជាអ្នកកំពុងបរិភោគអាហារដែលត្រឹមត្រូវក៏ដោយ ប៉ុន្តែប្រសិនបើអ្នកបរិភោគក្នុងបរិមាណច្រើនពេកក៏អាចជាបញ្ហាផងដែរ។ ដូចនេះ អ្នកជំងឺគួរធ្វើការថ្លឹងថ្លែងបរិមាណនៃអាហារសម្រាប់បរិភោគរៀងរាល់ពេលកំណត់ណាមួយ ព្រមទាំងយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក៏ដូចជាកម្រិតការបរិភោគអាហារដែលមានកាល់ឡូរីខ្ពស់ដូចជា សាច់សម្បូរខ្លាញ់ អាហារចៀន ឬឆា បង្អែម និងខ្លាញ់ដែលដាក់បន្ថែមក្នុងអាហារជាដើម។
៣. កម្រិតការបរិភោគប្រភេទភេសជ្ជៈដែលសម្បូរកាល់ឡូរី៖ រួមបញ្ចូលទាំងពី កាហ្វេ ភេសជ្ជៈផ្អែមៗដូចជា តែទឹកកក និងភេសជ្ជៈដែលមានរសជាតិផ្លែឈើជាដើម។
៤. បរិភោគអាហារដែលអ្នកចូលចិត្ត៖ ត្រូវប្រាកដថាអ្នកបានគិតគូរផងដែរលើកាល់ឡូរីរបស់អាហារ នៅពេលដែលអ្នកបំពេញចិត្តខ្លួនឯងជាមួយអាហារដែលខ្លួនចូលចិត្ត។
៥. ការបង្កើតកំណត់ត្រាប្រចាំថ្ងៃ៖ គឺជាមធ្យោបាយសម្រាប់បង្កើនភាពជោគជ័យជាមួយនឹងការបរិភោគប្រកបដោយសុខភាពជាងមុន (ដូចជាការបង្កើនការទទួលទានបន្លែ និងផ្លែឈើ) ឬការសម្រកទម្ងន់។ កំណត់ត្រានេះគួរមានសរសេរទុកនូវអាហារគ្រប់មុខដែលអ្នកបរិភោគ និងផឹកជារៀងរាល់ថ្ងៃ ឬក៏នៅរៀងរាល់ថ្ងៃកំណត់ណាមួយជាប្រចាំ។
៦. គួរចងចាំថាខ្លាញ់មួយចំនួនជាខ្លាញ់ជំនួយដល់សុខភាព៖ អ្នកត្រូវបានណែនាំឲ្យមានបញ្ចូលប្រភេទខ្លាញ់មិនឆ្អែតក្នុងបរិមាណតិចតួច (៣០ទៅ ៤៥ មីលីលីត្រ ឬ ២ ទៅ ៣ស្លាបព្រាបាយ) ទៅក្នុងរបបអាហារប្រចាំថ្ងៃ។ ខ្លាញ់ទាំងនេះរួមមានប្រេងសម្រាប់ចម្អិនម្ហូប និងប្រេងស្រូបលើសាឡាត់។ ប្រេងបន្លែដូចជា អូលីវ និងសណ្តែកសៀងត្រូវបានដឹងថាមានបរិមាណខ្លាញ់ឆ្អែតកម្រិតទាប ដែលជាជម្រើសប្រសើរជាងការប្រើប្រាស់ប័រចម្អិនអាហារ ហើយនឹងត្រូវបានណែនាំសម្រាប់ជំនួយសុខភាពទូទៅ។
៧. ត្រូវប្រាកដថាបានបរិភោគនូវប្រភេទបន្លែពណ៌បៃតងចាស់ និងពណ៌ទឹកក្រូចយ៉ាងហោចណាស់មួយជារៀងរាល់ថ្ងៃ។
៨. បរិភោគបន្លែដែលត្រូវបានចំហុយ ឬដុតជំនួសឲ្យបន្លែឆា។
៩. ទទួលទានបន្លែ ឬផ្លែឈើតែម្តងឲ្យបានញឹកញាប់ជាងបរិភោគតែទឹកកៀបចេញពីបន្លែ និងផ្លែឈើ។
១០. ជ្រើសយកផលិតផលអាហារដែលមានខ្លាញ់ ស្ករ ឬអំបិលទាប និងប្រសិនបើត្រូវបន្ថែមគ្រឿង គួរបន្ថែមតែក្នុងបរិមាណតិចប៉ុណ្ណោះ។
១១. ទទួលទានទឹកដោះគោឲ្យបាន ១ ទៅ ២%ជារៀងរាល់ថ្ងៃ ក្នុងបរិមាណ ៥០០មីលីលីត្រ (២កែវ) សម្រាប់ការទទួលបានវីតាមីនដេឲ្យបានសមស្រប តែត្រូវប្រាកដថាបានជ្រើសរើសទឹកដោះគោដែលមានខ្លាញ់ទាបដោយឆ្លាស់គ្នារវាងយ៉ាអួ និងឈីស។ ប្រសិនបើអ្នកមិនអាចទទួលទានទឹកដោះគោបាន អ្នកអាចទទួលទានភេសជ្ជៈជាទឹកសណ្តែកសៀងខាប់ជំនួស។
១២.ជ្រើសរើសបរិភោគត្រីដូចជា ម៉ាកែរ៉ែលសាល់ម៉ុន និងសាឌីន។
១៣.បរិភោគមុខអាហារដែលមានខ្លាញ់ទាប៖ អ្នកអាចដឹងពីរបៀបចម្អិនជាច្រើនប្រភេទទៅលើមុខអាហារដែលមាននៅក្នុងសៀវភៅមុខម្ហូបថ្មីៗ ដែលសៀវភៅភាគច្រើនក៏អាចមានរៀបរាប់អំពីការកាត់បន្ថយការប្រើខ្លាញ់ក្នុងមុខម្ហូបផងដែរ។
១៤.ជ្រើសរើសអាហារដែលមានខ្លាញ់ទាបនៅពេលញ៉ាំខាងក្រៅផ្ទះផងដែរ៖
• មុនពេលធ្វើការកុម្ម៉ង់ គួរធ្វើការអានការរៀបរាប់ពីមុខម្ហូបក្នុងបញ្ជីមុខម្ហូប ឬសួរទៅកាន់អ្នកបម្រើសេវាអាហារអំពីរបៀបនៃការចម្អិនផងដែរ។
• សុំឲ្យមានធ្វើការចម្អិនអាហាររបស់អ្នកដោយមិនមានបន្ថែមទឹកជ្រលក់ គ្រឿងបន្ថែម ប័រ ម៉ាយូណែស ឬឈីសក្នុងចាន ឬដាក់ក្នុងចានផ្សេង សម្រាប់ឲ្យអ្នកបន្ថែមខ្លួនឯង។
• សម្រាប់អាហារសម្រន់ អាចជ្រើសរើសយកប្រភេទបន្លែ ឬសាឡាត់ ជំនួសឲ្យដំឡូងបារាំង ឬខ្ទឹមបារាំងបំពង។
• ប្រសិនបើម្ហូបរបស់អ្នកមានបរិមាណច្រើនអ្នកអាចសុំឲ្យធ្វើការរំលែកទុកទៅផ្ទះ និងបរិភោគតែមួយចំណែក ជាមួយនឹងអាហារសម្រន់តែប៉ុណ្ណោះ។
• ចៀសវាងបរិភោគអាហារបុហ្វេ ប្រសិនបើអ្នកតែងតែបរិភោគលើសចំណុះនៅពេលមានជម្រើសមុខម្ហូបច្រើន។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសមហារីកចំពោះកុមារ និងមហារីកទូទៅ ព្រមទាំងជាប្រធានផ្នែកជំងឺមហារីក នៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ