មិនសូវសម្បូរទឹកដោះបំបៅកូន គួរធ្វើបែបណា?
ជាទូទៅ អ្នកម្តាយគ្រប់រូបត្រូវបានផ្តល់ដំបូន្មានឲ្យធ្វើការបំបៅដោះកូនយ៉ាងតិច ៦ខែក្រោយសម្រាល ប៉ុន្តែ ចំពោះអ្នកម្តាយមួយចំនួនបែរជាជួបប្រទះជាមួយនឹង បញ្ហាកង្វះទឹកដោះក្នុងអំឡុងពេលដ៏សំខាន់នេះ។ តើបញ្ហាវាបណ្តាលមកពីកត្តាអ្វីខ្លះ ហើយត្រូវដោះស្រាយបែបណា?
សំណួរ៖ នាងខ្ញុំអាយុ ២៥ឆ្នាំ កម្ពស់ ១ម៉ែត្រ ៦៣ និងទម្ងន់ ៤៨ គីឡូក្រាម ជាបុគ្គលិកក្រុមហ៊ុនឯកជន។ នាងខ្ញុំទើបនឹងសម្រាលកូនបានប្រហែល៤ខែ និងមានបញ្ហាលំបាកមួយចំនួនក្នុងការបំបៅដោះកូន។ ខ្ញុំខ្លាចថាកូនបៅមិនឆ្អែត ដោយសារមិនសូវមានទឹកដោះចេញ។ ដោយឡែក កូនរបស់ខ្ញុំ មានការឡើងទម្ងន់ធម្មតា គ្រាន់តែគាត់បង្ហាញអាកប្បកិរិយាបៅមិនឆ្អែត ឬឃ្លានម្តងទៀតបន្ទាប់ពីបំបៅហើយ និងពេលខ្លះទឹកដោះលែងចេញ មុនពេលកូនរបស់ខ្ញុំបៅឆ្អែត។ តើខ្ញុំអាចបន្ថែមអាហារខាងក្រៅដល់កូនឬទេ ប្រសិនបើគាត់បៅមិនឆ្អែត? តើគួរធ្វើដូចម្តេចដើម្បីបង្កើនការបញ្ចេញទឹកដោះ? តើអ្វីខ្លះដែលខ្ញុំគួរធ្វើ និងចៀសវាងនៅអំឡុងពេលបំបៅដោះ?
ចម្លើយ៖ ជាការពិត ការបំបៅកូនដោយទឹកដោះម្តាយ ជាវិធីសាស្រ្តដែលងាយស្រួល ផ្តល់នូវសុខភាពល្អ ហើយថែមទាំងមិនចាំបាច់ចំណាយប្រាក់ទៀតផង។ អ្នកដឹងទេ? ទាំងម្តាយ និងកូនសុទ្ធតែទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីវិធីសាស្រ្តមួយនេះ។ ចំពោះកូន ពួកគេនឹងទទួលបាននូវអង្គបដិបក្ខ (អង់ទីករ) និងសារធាតុចិញ្ចឹមដ៏ប្រសើរពីម្តាយ ជាពិសេសតាមរយៈការបំបៅដោះដំបូងនោះតែម្តង។ ទឹកដោះម្តាយអាចការពារកូនពីជំងឺផ្តាសាយគ្រុនក្តៅ និងជំងឺ ដែលបង្ករោគមួយចំនួនទៀត។ លើសពីនេះទៀត វាថែមទាំងជួយកាត់បន្ថយនូវអត្រាប្រឈមនៃបណ្តុំរោគសញ្ញាស្លាប់ភ្លាមៗ (SIDS) របស់កុមារទៀតផង។ ការសិក្សាមួយបានបញ្ជាក់ថា កុមារដែលបំបៅដោយទឹកដោះម្តាយទំនងជាអាចមាននូវជំងឺហឺត រាក ជំងឺបង្ករោគនៅត្រចៀក និងជំងឺធាត់ តិចជាងកុមារដែលមិនបានទទួលនូវការបំបៅដោយទឹកដោះម្តាយ។ ចំពោះម្តាយវិញ វិធីសាស្ត្រនេះបង្កឲ្យមានលក្ខណៈងាយស្រួល ហើយថែមទាំងជួយកាត់បន្ថយនូវ ជំងឺមហារីកស្បូន ជំងឺមហារីកដោះ និងជំងឺទឹកនោមផ្អែមប្រភេទ២ទៀតផង។ គុណប្រយោជន៍ដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតសម្រាប់អ្នកម្តាយជំនាន់ថ្មីគឺ ការសម្រករាង ដោយសារវាអាចដុតបំផ្លាញកាល់ឡូរីបានយ៉ាងច្រើន។ ប៉ុន្តែ ប្រសិនបើម្តាយមិនមានទឹកដោះគ្រប់គ្រាន់ទេនោះ យើងក៏មានវិធីសាស្ត្រជាច្រើន ដើម្បីជួយបង្កើនទឹកដោះ។
ខាងក្រោមនេះ ជាដំណើរនៃការផលិតទឹកដោះ៖
• ទឹកដោះត្រូវបានផលិតនៅពេលមានតម្រូវការ នេះមានន័យថានៅពេលទឹកដោះត្រូវបានបញ្ចេញអស់ មិនថាតាមរយៈការបំបៅកូន ឬការច្របាច់ចេញនោះទេ ទឹកដោះនឹងផលិតថ្មីទៀតដើម្បីបំពេញទឹកដោះចាស់ដែលបាត់បង់។
• នៅពេលសុដន់សម្បូរទឹកដោះហើយ ការផលិតទឹកដោះថ្មីក៏មិនសូវធ្វើឡើងដែរដោយហេតុថាវានឹងបញ្ជូនជាសញ្ញាទៅកាន់ទីតាំងផលិតទឹកដោះ ឲ្យធ្វើការផលិត យឺតៗ។
• ផ្ទុយមកវិញ ពេលសុដន់គ្មានទឹកដោះ ការផលិតនឹងធ្វើឡើងកាន់តែលឿនជាងធម្មតា។ នេះបានបញ្ជាក់ថា មានការបំបៅកាន់តែច្រើន នោះការផលិត ក៏មានកាន់តែច្រើនដែរ ដោយសារពេលសុដន់គ្មានទឹកដោះកាន់តែញឹកញាប់ ទឹកដោះកាន់តែច្រើននឹងត្រូវបានផលិត។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការផ្គត់ផ្គង់នេះអាចប្រព្រឹត្តទៅយ៉ាងមានប្រសិទ្ធភាពក៏អាស្រ័យនឹងរបៀបដែលកូនប៉ះនឹងសុដន់ម្តាយ ឥរិយាបថត្រឹមត្រូវពេលបំបៅ និងអាហារូបត្តម្ភ ផងដែរ។ ប្រសិនបើកូនអ្នកបឺតជញ្ជក់ទឹកដោះមិនបានត្រឹមត្រូវទេ ការភ្ញោចទៅលើការផលិតទឹកដោះមកវិញក៏មិនបានល្អដែរ។
វិធីសាស្រ្តមួយទៀត ដើម្បីជំរុញការផលិតទឹកដោះគឺបំបៅ រួចច្របាច់ចោលបន្ថែមទៀត។ ជួនកាល ក្រោយពេលអ្នកបំបៅកូនហើយ សុដន់របស់អ្នក មិនអាចឲ្យជាសញ្ញាពេញលេញមួយថាអស់ទឹកដោះទេ ដូច្នេះអ្នកអាចច្របាច់ទឹកដោះអ្នកចេញបន្ថែមទៀត បន្ទាប់ពីកូនអ្នកបៅរួចហើយ។ ការដែលធ្វើបែបនេះ អាចរំញោចឲ្យរាងកាយរបស់អ្នកឲ្យផលិត និងផ្គត់ផ្គង់ទឹកដោះបានច្រើនជាងមុន បើទោះបីការច្របាច់ចេញនេះបានតែមួយទៅពីរតំណក់ក៏ដោយ។
* ម៉្យាង ការយកចិត្តទុកដាក់ថែរក្សាខ្លួនឯងក៏អាចជះឥទ្ធិពលលើការផ្គត់ផ្គង់ទឹកដោះ និងការផលិតទឹកដោះផងដែរ។ សូមព្យាយាមទទួលទាននូវ របបអាហារល្អៗ និងផឹកទឹកឲ្យបានច្រើន។ មិនតែប៉ុណ្ណោះ ត្រូវព្យាយាមរកពេលសម្រាកបន្ធូរបន្ថយអារម្មណ៍ និងយកចិត្តទុកដាក់លើខ្លួនឯងឲ្យបានច្រើន ដូចជាងូតទឹក គេងមួយស្របក់ អានសៀវភៅជាដើម។ វាអាចជារឿងមួយដែលពិបាកក្នុងការរកពេលវេលាមួយដើម្បីថែរក្សាខ្លួនឯង ប៉ុន្តែសូមចងចាំថា ថែរក្សាខ្លួនអ្នកគឺថែរក្សាកូនរបស់អ្នកផងដែរ។
* ប្រសិនបើការព្រួយបារម្ភរបស់អ្នកចំពោះការមានទឹកដោះតិចពេកហួសពីអ្វីដែលត្រូវបានណែនាំខាងលើនោះអ្នកអាចទៅរកអ្នកឯកទេសខាងបំបៅដោះកូនគឺ វេជ្ជបណ្ឌិត Anna ដែលធ្វើការនៅ Women Baby’s Center។ អ្នកឯកទេសបំបៅកូនដោយទឹកដោះម្តាយអាចជាជំនួយការដ៏ប្រសើរបំផុត ដើម្បីកំណត់ពីហេតុផលដែលទំនងកើតមានឡើងចំពោះបញ្ហានេះ ព្រមទាំងអាចផ្តល់នូវការពិភាក្សាស្តីពីផែនការថែទាំខ្លួនឯង ធ្វើយ៉ាងណាបង្កើនបរិមាណ ទឹកដោះឲ្យបានច្រើន អតិបរមាផងដែរ។ ដរាបណាកូនរបស់អ្នកមានភាពសប្បាយរីករាយ សុខភាពល្អ និងកំពុងលូតលាស់ អ្នកមិនចាំបាច់ព្រួយបារម្ភ អំពីការផ្គត់ផ្គង់ទឹកដោះម្តាយទេ។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តីនៃ Anna Woman and Baby’s Center
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ