សន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំលើកទី៥នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា

នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ សមាគមគ្រូពេទ្យបេះដូងកម្ពុជាបានរៀបចំនូវមហាសន្និសីទប្រចាំឆ្នាំលើកទី៥របស់ខ្លួន ក្រោមប្រធានបទ «សិល្បៈនៃការព្យាបាលជំងឺបេះដូង និងសរសៃឈាមបេះដូង» នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ 

សន្និសីទរយៈពេល១ថ្ងៃពេញនេះ មានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈគ្រូពេទ្យជាតិកម្ពុជា និងជារដ្ឋលេខាធិការនៃក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឡា ម៉េងហួ អនុប្រធានក្រុមប្រឹក្សាភិបាលនៃគណៈគ្រូពេទ្យជាតិកម្ពុជា លោកសាស្រ្តាចារ្យ សុខ ជួរ ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា លោកសាស្រ្តាចារ្យ Anwar SANTOSO ប្រធានសមាគមគ្រូពេទ្យបេះដូង ប្រចាំតំបន់អាស៊ាន ឯកឧត្តម លោកជំទាវ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិតដែលជាសមាជិកនៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា និងសហភាតរៈទាំងអស់ ព្រមទាំងមានការចូលរួមយ៉ាងច្រើនលើសការរំពឹងទុកពីសំណាក់បងប្អូនសិស្សានុសិស្សប្រមាណជាង ៣០០នាក់ផងដែរ។ 

នាឱកាសនេះ លោកសាស្ត្រាចារ្យ សុខ ជួរ បានមានប្រសាសន៍ថា «គោលបំណងនៃការបង្កើតឲ្យមានសន្និសីទនេះឡើងជារៀលរាល់ឆ្នាំ គឺដើម្បីប្រមូលផ្តុំ សហភាតរៈទាំងអស់​ ក្នុងការចែករំលែកនូវចំណេះដឹង ចំណេះធ្វើរវាងគ្នា និងគ្នា បង្កើននូវសមត្ថភាពក្រុមគ្រូពេទ្យបេះដូងកម្ពុជា ក៏ដូចជាក្រុមគ្រូពេទ្យបេះដូង ក្នុងតំបន់ ក្នុងន័យចូលរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជាឲ្យកាន់តែប្រសើរឡើង តាមរយៈការពង្រឹងសមត្ថភាពធនធានមនុស្សតែម្តង»។ គួរបញ្ជាក់ម្តងទៀតថា អង្គសន្និបាតនេះ បានធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅពាក់ព័ទ្ធនឹងសិល្បៈនៃការព្យាបាលជំងឺបេះដូង និងសរសៃឈាម ដែលក្នុងនោះរួមមាន ជំងឺចំនួន ៤គឺ ជំងឺសរសៃឈាមបេះដូង ជំងឺប្រឹសបេះដូង ជំងឺស្ទះសរសៃឈាមផ្នែកខាងក្រៅ និងជំងឺបេះដូងពីកំណើត។ ក្នុងកម្មវិធីនេះផងដែរ ក៏មានការអញ្ជើញ ចូលរួមធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស ជាវេជ្ជបណ្ឌិតឯកទេសជាច្រើនរូប ព្រមទាំងបញ្ចប់ជាមួយនឹងចូលរួមនៅក្នុងវេទិកាសំណួរ-ចម្លើយ ពីអ្នកចូលរួមទាំងអស់ យ៉ាងសកម្ម និងប្រកបដោយលទ្ធផលយ៉ាងគួរឲ្យកត់សម្គាល់។  


©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Related Word


Comment