អាហារ ៥យ៉ាងដែលកុមារងាយប្រឈមនឹងអាល្លែកហ្ស៊ី!
បញ្ហាអាល្លែកហ្ស៊ី ជាប្រតិកម្មកើតមានឡើងនៅពេលរាងកាយប្រឆាំងទៅនឹងប្រូតេអុីនដែលមានក្នុងចំណីអាហារ ស្តែងចេញជារោគសញ្ញានានា។ចំពោះកុមារជាវ័យដែលស្ថិតក្នុងដំណាក់កាលដំបូងក្នុងការចាប់ផ្តើមទទួលយកប្រភេទអាហារថ្មីៗជាច្រើនសម្រាប់ការលូតលាស់ នោះបញ្ហាអាល្លែកហ្ស៊ីអាចជាហានិភ័យដែលនឹងងាយកើតមានឡើង។ ខាងក្រោមជាចំណីអាហារ ៥ប្រភេទដែលគួរតែមានការយកចិត្តទុកដាក់ ដោយហេតុថាវាតែងបណ្តាលឲ្យមានប្រតិកម្មពីរាងកាយកុមារបង្កជាអាល្លែកហ្ស៊ី។
1. ទឹកដោះគោ
កុមារភាគច្រើនអាចមានបញ្ហាអាល្លែកហ្ស៊ីជាមួយផលិតផលទឹកដោះគោជាញឹកញាប់ ព្រោះវាជាសារធាតុប្រូតេអ៊ីនដំបូងដែលកុមារទទួលរងក្នុងបរិមាណច្រើនជាងគេ ជាពិសេសចំពោះការប្រើទឹកដោះគោជាប្រភេទកំប៉ុង។ កុមារអាចនឹងមានអាការៈដោយបង្ហាញជាការយំដែលមិនអាចគ្រប់គ្រងបាន ក្អួត ឬមានលេចឡើងជាកន្ទួលក្រហមនៅលើស្បែកជាដើម។ ក្នុងករណីកុមារតូចៗមិនអាចទទួលយកនូវទឹកដោះគោដែលជាប្រភពយ៉ាងសំខាន់នៃកាល់ស្យូម អ្នកក៏អាចជ្រើសរើសនូវរបបអាហារផ្សេងរួមបញ្ចូលដូចជា បន្លែដែលមានស្លឹកបៃតង ត្រី (សាល់ម៉ុន) ទឹកក្រូចស្រស់ តៅហ៊ូ។
2. ស៊ុត
កុមារភាគច្រើនអាចនឹងមានបញ្ហាអាល្លែកហ្ស៊ីជាមួយនឹងប្រូតេអ៊ីនផ្នែកសនៃស៊ុតដោយបង្ហាញជារោគសញ្ញាឡើងកន្ទួលក្រហមនៅលើស្បែក ឬមានជំងឺភ្លាមៗបន្ទាប់ពីការញ៉ាំ។ បើទោះបីផ្នែកសនៃស៊ុតអាចបង្កឲ្យមានបញ្ហា កុមារគួរចៀសឲ្យឆ្ងាយពីការបរិភោគស៊ុតទាំងមូលតែម្តង មួយវិញទៀត ផលិតផលជានំបុ័ងដែលរួមបញ្ចូលដោយស៊ុតក៏គួរត្រូវបានចៀសវាងផងដែរ ដរាបណាមានការអនុញ្ញាតពីអ្នកជំនាញពេលកុមារធំពេញវ័យ។ បើទោះបីស៊ុតមានចំណែកក្នុងការផ្តល់ជីវជាតិអ្នកក៏អាចជំនួសវាដោយអាហារជាប្រភេទសាច់ត្រីធញ្ញជាតិ និងសណ្តែកជាដើម ដែលវាមានសារជាតិប្រូតេអ៊ីនរ៉ែ និងវីតាមីនប្រហាក់ប្រហែលនឹងសារធាតុដែលមានក្នុងស៊ុត។
3. សណ្តែកដី និងគ្រាប់ផ្លែឈើ
ជារបបអាហារដែលអាចនឹងងាយចៀសវាងក្នុងករណីកុមារមានបញ្ហាអាល្លែកហ្ ស៊ីប៉ុន្តែកុមារអាចនឹងញ៉ាំអាហារប្រភេទនេះដោយមិនដឹងជាមុន ដោយហេតុតែវាអាចបង្កប់ ឬប្រើប្រាស់បន្ថែមទៅក្នុងផលិតផលអាហារមួយចំនួន។ ម៉្យាងទៀត វាមានភាពពិបាកក្នុងការបែងចែកថាកុមារមានប្រតិកម្មជាមួយគ្រាប់ផ្លែឈើណាមួយ ដោយសារតែគ្រាប់ផ្លែឈើអាចមានច្រើនប្រភេទ ដូច្នេះ ការចៀសវាងគួរអនុវត្តឡើងមិនថាចំពោះប្រភេទណាមួយនោះទេ។ កុមារអាចនឹងមានអាការៈនៅលើស្បែក ប្រព័ន្ធរំលាយអាហារ ឬអាចឈានដល់រោគសញ្ញាធ្ងន់ធ្ងរពាក់ព័ន្ធដល់ប្រព័ន្ធដង្ហើម និងបេះដូងផងដែរ។
4. សណ្តែកសៀង
សណ្តែកសៀងក៏ស្ថិតក្នុងរបបអាហារដែលរាងកាយរបស់កុមារងាយនឹងមានប្រតិកម្មផងដែរដោយវាអាចស្តែងចេញជាអាការៈកន្ទួលលើស្បែក ហៀរសំបោរ កណ្តាស់ រាក ឬក្អួតជា ដើម។ ក្នុងករណីដែលកុមារមានប្រតិកម្មជាមួយផលិត ផលទឹកដោះគោ ពួកគេអាចនឹងមានការប្រឈមខ្ពស់ទៅនឹងបញ្ហាអាល្លែកហ្ស៊ីជាមួយសណ្តែកសៀងដែលជាហេតុអ្នកជាអា ណាព្យាបាលគួរប្រើប្រាស់ផលិតផលដែលមានរូបមន្តសារជាតិ អាល្លែកហ្ស៊ីទាប ដូចជាអ៊ីដ្រូលីសប្រូតេអ៊ីន និងអាមីណូអាស៊ីត។
5. ស្រូវសាលី
ជាប្រភេទគ្រាប់ធញ្ញជាតិតែងបង្កឲ្យមានបញ្ហាអាល្លែកហ្ស៊ី ហើយវាឃើញមាននៅក្នុងអាហារដែលត្រូវបានគេផលិតមួយចំនួន។ បញ្ហាដែលកើតមានឡើងអាចស្តែងចេញជាពីរករណី ក្នុងនោះកុមារអាចប្រឈមទៅនឹងដុំកន្ទួលក្រហមលើស្បែក ឬដង្ហក់ភ្លាមៗ មួយផ្នែកទៀតប្រូតេអុីនដែលមាននៅក្នុងស្រូវសាលីអាចឲ្យកុមារលេចឡើងជាជំងឺceliacដែលជាជំងឺបណ្តាលមកពីប្រព័ន្ធការពាររាងកាយធ្វើឲ្យខូចខាតដល់កោសិកាពោះវៀនតូច និងមិនអាចស្រូបយកជីវជាតិបានល្អ។
រោគសញ្ញានៃបញ្ហាអាល្លែកហ្ស៊ីភាគច្រើនតែងកើតមានឡើងភ្លាមៗ និងមិនសូវបានចាប់អារម្មណ៍នោះទេ ប៉ុន្ តែទោះបីជាអាការៈស្តែងចេញមានភាពសាមញ្ញយ៉ាងណាក៏ដោយ អាណាព្យាបាលក៏មិនគួរធ្វើការធ្វេសប្រហែល ព្រោះថាបញ្ហាធ្ងន់ធ្ងរអាចនឹងកើតមាននៅពេលណាមួយ។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ