ជំងឺខ្សោយបេះដូងមូលហេតុមួយនៃការបាត់បង់គុណភាពជីវិត
ជំងឺខ្សោយបេះដូងត្រូវបានដឹងថាអាចបង្កឲ្យមានគ្រោះថ្នាក់រហូតដល់ជីវិតរបស់អ្នកជំងឺ ឬយ៉ាងហោចណាស់ ធ្វើឲ្យគុណភាពជីវិតរបស់អ្នកជំងឺចុះអន់ថយប្រសិនបើមិនបានទទួលការព្យាបាលបានត្រឹមត្រូវដែលការព្យាបាលនេះផងដែរក៏ជាទូទៅមិនអាចជួយអ្នកជំងឺឲ្យជាសះស្បើយទាំងស្រុងឡើយ។ ហេតុនេះ ការកាត់បន្ថយកត្តាគ្រោះថ្នាក់ដែលធ្វើឲ្យអ្នកជំងឺប្រឈមមុខនឹងជំងឺខ្សោយបេះដូងពិតជាមានសារសំខាន់។
និយមន័យ
ជំងឺខ្សោយបេះដូង ជាបណ្តុំរោគសញ្ញាដែលបណ្តាលមកពីការខូចខាតទ្រង់ទ្រាយ ឬដំណើរការមិនល្អនូវមុខងាររបស់បេះដូង ដែលបណ្តាលឲ្យមានការថយចុះនូវការបំពេញឈាមក្នុងថតបេះដូង ឬការថយចុះនៃការច្របាច់ឈាមទៅចិញ្ចឹមសរីរាង្គកាយ។
ពីមុន ការបែងចែកនៃជំងឺខ្សោយបេះដូងអាច ធ្វើឡើងបានតាមច្រើនរបៀប ដោយក្នុងនោះ ជំងឺនេះត្រូវបាននិយមចែកជា ជំងឺខ្សោយបេះដូង ខាងឆ្វេង និងជំងឺខ្សោយបេះដូងខាងស្តាំ។ ក្រោយមក ជំងឺខ្សោយបេះដូងត្រូវបានគេបែងចែកជា ៣ ចំណាត់ថ្នាក់ដោយផ្អែកលើការកន្ត្រាក់របស់បេះដូង (Ejection Fraction Heart Failure) ដោយក្នុងនោះរួមមាន៖
- ការកន្ត្រាក់របស់បេះដូង ឬ Ejection Fraction ធំជាង ៥០% (EF> 50%) ឬ HF with preserved Ejection Fraction
- ការខ្សោយបេះដូងជាមួយនឹងការថយចុះនៃការកន្ត្រាក់របស់បេះដូង ឬ HF with reduced Ejection Fraction ដែលមាន EF តូចជាង ឬស្មើ ៤០% (EF ≤ 40%)
- ការកន្ត្រាក់បេះដូងដែលមាន EF នៅចន្លោះ ៤០% ទៅ ៥០% អាចត្រូវបានគេហៅថា Heart Failure With Mid-Range Ejection Fraction ។
រោគសញ្ញា
រោគសញ្ញា ២ ធំៗដែលជាទូទៅអាចងាយកំណត់សម្គាល់ដោយអ្នកជំងឺគឺ ការហត់ និងហើម ព្រមទាំងរោគសញ្ញាបន្ទាប់បន្សំដូចជា ការអស់កម្លាំងជាដើម។ យ៉ាងណាមិញ ជំងឺខ្សោយបេះដូងក៏អាចបង្ហាញជារោគសញ្ញាផ្សេងទៀតផងដែរ ដែលក្នុងនោះរួមមាន រោគសញ្ញាស្តែងអំពីមូលហេតុណាមួយនៃជំងឺដូចជាចុកទ្រូង (អាចមានន័យថាជាការខ្សោយបេះដូងដោយសារជំងឺស្ទះសរសៃឈាមបេះដូង) ញ័រទ្រូង (ដែលអាចទាក់ទងនឹងជំងឺវិបត្តិលើចង្វាក់បេះដូង) ជាដើម…។
មូលហេតុ
ជំងឺខ្សោយបេះដូងជាញឹកញាប់ត្រូវបានយល់ច្រឡំថាអាចបណ្តាលមកពីតំណពីឪពុកម្តាយ ឬជីដូនជីតា ស្របពេលដែលវាពុំមែនជាជំងឺតពូជឡើយ។ ការពិត ជំងឺខ្សោយបេះដូងមានទំនាក់ទំនងទៅនឹងការខូចខាតនៃមុខងាររបស់បេះដូង ឬទ្រង់ទ្រាយរបស់បេះដូង ដែលក្នុងនោះមូលហេតុ អាចមានដូចជា លើសសម្ពាធឈាម ស្ទះសរសៃឈាមបេះដូង វិបត្តិចង្វាក់បេះដូង រលាកសាច់បេះដូង ខូចប្រឹសបេះដូង ជំងឺបេះដូងពីកំណើត…។ ក្រៅពីនោះ កត្តាជំរុញមួយចំនួនក៏អាចបង្កឲ្យងាយប្រឈមមុខនឹងជំងឺខ្សោយបេះដូងផងដែរដូចជា ជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ការជក់បារីការពិសាគ្រឿងស្រវឹងក្នុងកម្រិតខ្ពស់ និងការប្រើប្រាស់ថ្នាំមួយចំនួនជាដើម។
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យចំពោះជំងឺខ្សោយបេះដូងត្រូវធ្វើឡើងគួបផ្សំគ្នារវាងការមើលលើប្រវត្តិអ្នកជំងឺការពិនិត្យអ្នកជំងឺ(Physical examination) ព្រមទាំងការរកមើលកត្តាប្រឈមរបស់អ្នកជំងឺ។ ជាមួយគ្នានេះ តេស្តផ្សេងៗទៀតដែលអាចជាជំនួយដល់ការធ្វើរោគវិនិច្ឆ័យក៏ត្រូវបានធ្វើឡើងផងដែរដោយក្នុងនោះរួមមាន ការធ្វើតេស្តឈាម (មើល BNP) ECG ការថតសួត ជាពិសេសការធ្វើអេកូបេះដូងដែលជាមធ្យោបាយមួយដែលជាក់លាក់ និងជួយសម្រួលដល់ការធ្វើរោគវិនិច្ឆ័យបានយ៉ាងពេញលេញ។
ការព្យាបាល
ទោះបីជាការព្យាបាលចំពោះជំងឺខ្សោយបេះដូងពុំអាចផ្តល់នូវភាពជាសះស្បើយទាំងស្រុង ក៏ប៉ុន្តែអ្នកជំងឺនៅតែត្រូវទទួលការព្យាបាលឲ្យបានត្រឹមត្រូវក្នុងគោលបំណងធំៗ ២ គឺ៖
- ចៀសវាងនូវរោគសញ្ញារំខាននានានៃជំងឺដូចជា ការហត់ និងហើមដែលមានន័យថាជាការជួយសម្រួលដល់ភាពស្រណុកសុខស្រួលដល់ជីវិតរបស់អ្នកជំងឺ ឬធ្វើឲ្យការរស់រានមានជីវិតបានប្រសើរឡើង
- ការព្យាបាលទាក់ទងនឹងPrognosisដែលមានន័យថាការព្យាបាលដែលជួយកាត់បន្ថយការស្លាប់ដោយសារជំងឺខ្សោយបេះដូង។ គួរបញ្ជាក់ថាដោយសារតែអ្នកជំងឺខ្សោយបេះដូងជាមួយនឹងReduced Ejection Fraction អាចមានអត្រា ស្លាប់ភ្លាមៗរហូតដល់ទៅ ៤៥% រីឯចំពោះជំងឺខ្សោយបេះដូងទូទៅ ការស្លាប់ក្នុងមួយឆ្នាំអាចមាន ទៅដល់ ២០% និងអាចកើនឡើងរហូតដល់ ៥០% នៅអំឡុងពេល ៥ ឆ្នាំបន្ទាប់ ដូចនេះហើយ ទើបការព្យាបាលត្រូវបានសង្កត់ធ្ងនលើការសម្រួលរោគសញ្ញាដើម្បីរក្សាគុណភាពនៃការរស់នៅរបស់អ្នកជំងឺ និងកាត់បន្ថយការស្លាប់ដោយសារជំងឺ។
ការការពារ
សម្រាប់ជំងឺខ្សោយបេះដូងការការពារ គឺជាជម្រើសក៏ដូចជាជាមធ្យោបាយដំបូងនិងមានប្រសិទ្ធភាពដែលអាចធ្វើឡើងដោយការអនុវត្តស្របតាមការណែនាំនៃ Life’s Simple 7 ៖
1. ការឈប់ជក់បារី
2. ការធ្វើលំហាត់ប្រាណ
3. ការទទួលទានអាហារសុខភាព (កុំពិសាប្រៃពេក ត្រូវពិសាបន្លែឲ្យបានគ្រប់គ្រាន់ជាដើម)
4. រក្សាលំនឹងសម្ពាធឈាមទៅតាមការណែនាំរបស់វេជ្ជបណ្ឌិត
5. ការបន្ថយជាតិខ្លាញ់
6. ចៀសវាងការលើសទម្ងន់
7. ព្យាបាល និងរក្សាលំនឹងជាតិស្ករឲ្យបានក្នុងកម្រិតទទួលយកបានចំពោះអ្នកជំងឺទឹកនោមផ្អែម។
គួរបញ្ជាក់ថា ការការពារគួរតែត្រូវបានអនុវត្តជាពិសេសចំពោះអ្នកដែលមានកត្តាប្រឈម និងងាយរងគ្រោះដោយជំងឺនេះដូចជាអ្នកជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមជាដើម ដើម្បីចៀសវាងការកើតមានជំងឺខ្សោយបេះដូងទៅថ្ងៃខាងមុខ។
ផលវិបាក
ប្រសិនបើអ្នកជំងឺខ្សោយបេះដូងពុំបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវឬមិនបានកាត់បន្ថយនូវកត្តាគ្រោះថ្នាក់ទាំងឡាយឲ្យបានត្រឹមត្រូវទេនោះ អ្នកជំងឺអាចប្រឈមនឹងគ្រោះថ្នាក់ដែលធ្ងន់ធ្ងររហូតដល់អាយុជីវិតតែម្តង។ដោយឡែក ផលវិបាកទៅលើភាពស្រណុកសុខស្រួលក្នុងការរស់នៅរបស់អ្នកជំងឺក៏អាចកើតមានផងដែរដូចជា ការរស់នៅមិនបានស្រួលដោយសារងាយនឹងហត់ឬហើម ព្រមទាំងអាចឈានដល់ការមានពិការភាពលើលទ្ធភាពការងារផងដែរ (ពុំមែនពិការសរីរាង្គណាមួយឡើយ)។ ជារួមមក ប្រសិនបើអ្នកជំងឺត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺខ្សោយបេះដូង ឬកំពុងមាន កត្តាប្រឈមទៅនឹងជំងឺនេះ សូមមេត្តាបញ្ជូនអ្នកជំងឺទៅកាន់វេជ្ជបណ្ឌិតឯកទេសឲ្យបានត្រឹមត្រូវដើម្បីកាត់បន្ថយការវិវឌ្ឍនៃជំងឺកុំឲ្យឈានដល់ដំណាក់កាលចុងក្រោយ ពោលគឺការវិវឌ្ឍទៅជា ជំងឺខ្សោយបេះដូងនេះតែម្តង។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ថេង យូដាលីន វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ